«ឆាកល្ខោនមហាអំណាចនៅស៊ីរី»

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ ប្រជាជនស៊ីរីរាប់ម៉ឺននាក់ បានចុះផ្លូវតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។ សម្រាប់ស៊ិរី គឺមានរុស្ស៊ីជាបងធំជាអ្នកកាង ដូចអាមេរិកឡាទីនមានអាមេរិក នៅឥណ្ឌូចិនមានរៀតណាម។ ក្រោយការផ្ទុះសង្គ្រាម ប្រជាជនស៊ីរី បានភៀសខ្លួនទៅអឺរ៉ុប ដែលមានការលំបាកច្រើនក្នុងការរស់នៅក្នុងជីវភាពនៅអឺរ៉ុប។

វិបត្តិសង្គ្រាមស៊ីរីនេះគេឱ្យឈ្មោះថាជាសង្គ្រាមស៊ីវិល ប៉ុន្តែសង្គ្រាមស៊ីវិលទាល់តែក្នុងស្រុក ពោលគឺសង្គ្រាមដែលកើតឡើងរវាងគូបក្ខដិបក្សក្នុងប្រទេស។ ប៉ុន្តែសង្គ្រាមនេះ អ្នកចូលរួមផ្ទាល់មានជាង រុស្សី អាមេរិក បារាំង អង់គ្លេស តួគី ប្រទេស ចំណែកអ្នកចូលរួមដោយប្រយោលគឺ អ៊ីរ៉ង់ កាតា អារ៉ាប៊ីសាអ៊ូឌិត ហ្សកដានី ជាដើម។

វត្តមានប្រទេសជាច្រើនកើតមាននៅលើទឹកដីស៊ីរីគឺបណ្តាលមកពី ការសម្លឹងឃើញផលប្រយោជន៍នៃប្រទេសស៊ីរី ពីប្រទេសទាំងនោះ។ មហាជនទូទៅបានដឹងថា ស៊ីរីមានបងធំរុស្ស៊ីនៅពីក្រោយ ខណៈពេលក្រុមបក្សប្រឆាំងមានអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀតជួយគាំទ្រទាំងថវិការ និងសម្ភារសឹក។ តើស៊ីរីមានអ្វីសំខាន់ខ្លាំងបានជាប្រទេសជាច្រើនលូកដៃចូលទៅក្នុងវិបត្តស៊ីរី? ចម្លើយងាយយល់បំផុតនោះគឺមានកត្តា២យ៉ាង៖ ទីកត្តាភូមិសាស្ត្រនយោបាយ និងកត្តាផលប្រយោជន៍។

ភូមិសាស្ត្រនៃតំបន់មជ្ឈឹមបូព៌ានេះបានក្លាយទៅជាកន្លែងយុទ្ធសាស្ត្ររបស់មហាអំណាច ក្រោយពេលសណ្តាប់ធ្នាប់ពិភពលោកមានការប្រែប្រួល គឺក្រោយពេលមានការលេចចេញនូវពហុប៉ូលថ្មី របស់រុស្ស៊ី និងចិន ក្នុងការប្រជែងឥទ្ធិពលរបស់ខ្លួនជាមួយអាមេរិក។ ពហុប៉ូលនេះ ស្តែងឡើងតាមរយៈការងើបឈរឡើងវិញនូវឥទ្ធិពលរបស់រុស្ស៊ីនៅតំបន់អឺរ៉ុប។ ជាក់ស្តែងនៅឆ្នាំ២០០៩ រុស្ស៊ីបានវាយលុកចូលប្រទេសហ្សកស៊ី ដោយមិនខ្វល់ពីសហគមន៍អន្តរជាតិនោះទេ។ លើសពីនេះទៀត កាលពីឆ្នាំ២០១៤ រុស្ស៊ីបានកាត់យកទឹកដីគ្រីមៀពីប្រទេសអ៊ុយក្រែនមកជាដែនដីរបស់ខ្លួន។

ក្រោយមានការកាត់ទឹកដីនេះ ទៅជាដែនដីរុស្ស៊ីរួចមក សហគមន៍អន្តរជាតិ រួមមានអាមេរិក និងអឺរ៉ុបបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលលោកពូទីន។ ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនបានធ្លាក់មកជាហូរហែ ដែលនាំឱ្យប្រទេសរុស្ស៊ីមានបញ្ហាប្រឈមទៅនិងវិបត្តិសេដ្ឋកិច្ចជាតិ។ ប៉ុន្តែការដាក់គំនាបពីអឺរ៉ុបហាក់មិនសូវមានប្រសិទ្ធភាពនោះទេ។ ប្រការណ៍នេះ បណ្តាលមកពីបណ្តាប្រទេសនៅអឺរ៉ុប បានប្រើប្រាស់ថាមពលហ្គាសរបស់រុស្ស៊ី។ អឺរ៉ុបបានប្រើប្រាស់ហ្កាសរុស្ស៊ីមានជាង៨០% គឺមានប្រមាណជា១/៤ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីកំដៅ ការដាំស្ល និងសកម្មភាពផ្សេងៗ។ ហេតុនេះ អឺរ៉ុប នឹងត្រូវជួបវិបត្តិធំ បើសិនរុស្ស៊ី បញ្ឈប់ផ្គត់ផ្គង់ហ្គាសនោះ។ ដូច្នេះហើយរុស្ស៊ីខ្លួននៅមានឥទ្ធិពលខ្លាំងនៅអឺរ៉ុបហើយអាចតថ្លៃតម្លៃនយោបាយជាមួយអឺរ៉ុបដោយមិនបារម្ភពេកនោះឡើយ។

ដើម្បីកាត់បន្ថយឥទ្ធិពលរុស្ស៊ីនៅអឺរ៉ុបបាន លុះត្រាតែកាត់បន្ថយការផ្គត់ផ្គង់ហ្គាសរបស់រុស្ស៊ីទៅកាន់ទីផ្សារអឺរ៉ុប។ ពេលនោះអាមេរិក ក្នុងនាមជាដៃគូជិតស្និទ្ធនឹងអឺរ៉ុប ត្រូវស្វែងរកប្រភពការផ្គត់ផ្គង់ហ្គាសថ្មីទៅឱ្យអឺរ៉ុបដើម្បីធ្វើឱ្យមានតុល្យភាពអំណាចឥទ្ធិពលរវាងរុស្ស៊ី និងអាមេរិកក្នុងតំបន់អឺរ៉ុប។ អាមេរិក បានសម្លឹងមកមើលប្រភពប្រេងនៅតំបន់ងជ្ឈឹមបូព៌ាដើម្បីបង្វែការនាំឧស្ម័នពីតំបន់នេះទៅកាន់អឺរ៉ុប។

ក្នុងតំបន់នេះ ស្រោមដៃរបស់អាមរិក គឺប្រទេសកាតា និងអារ៉ាប៊ីសាអូឌីត ជាប្រទេស ដែលមានឧស្ម័នច្រើន មិនអាចនាំទៅលក់នៅទីផ្សារអឺរ៉ុបបានទេ ព្រោះកាតាគ្មានបំពង់បង្ហូរដូចរុស្ស៊ីឡើយ ហេតុនេះឧស្ម័នដែលនាំចេញពីកាតាទៅលក់នៅអឺរ៉ុបគឺមានតម្លៃខ្ពស់ជាងតម្លៃឧស័្មនរបស់រុស្ស៊ី។ ដើម្បីកាត់បន្ថយតម្លៃបានលុះត្រាតែកាតា តបំពង់ភ្ជាប់ពីកាតាទៅអឺរ៉ុបដោយកាត់តាមប្រទេស អារ៉ាប៊ីសាង៊ូឌីត ស៊ីរី ហ្សកដានី និងតួគី។
Screen-Shot-2016-11-05-at-7.42.35-PM

នៅឆ្នាំ២០០៩ កាតាបានលើកគម្រោងការតបំពង់ឧស្ម័ននេះឡើង តែប្រទេសតែមួយគត់ដែលបដិសេដនោះគឺប្រទេសស៊ីរី។ ស៊ិរីជាសម្ព័ន្ធមិត្តជិតស្និត នឹងរុស្ស៊ី ដូច្នេះតិចឬច្រើន ស៊ីរីត្រូវការទុកមុខឱ្យរុស្ស៊ីក្នុងបញ្ហាទំនាក់ទំនង បើរុស្ស៊ីបាត់បង់ដែនដីនេះមែន រុស្ស៊ីមិនត្រឹមតែបាត់ឥទ្ធិពលរបស់ខ្លួននៅមជ្ឈឹមបូព៌ាប៉ុណ្ណោះទេ ថែមទាំងមិនអាចមានឥទ្ធិពលនៅអឺរ៉ុបថែមទៀតផង ព្រោះខ្លួនអាចធ្វើភ្យុះធ្វើភ្លៀងបានតាមរយៈនយោបាយហ្គាសនេះ។ ដូច្នេះ ទឹកដីស៊ីរី សម្រាប់រុស្ស៊ីមានសារៈសំខាន់ណាស់មិនអាចបាត់បង់បានជាដាច់ខាត ។ រុស្ស៊ីត្រូវតែរក្សាលោកអាសាដឱ្យនៅកាន់តំណែងនេះ។

ក្រោយមានការដិសេដរបស់ស៊ីរី រដ្ឋាភិបាលលោកអាសាដចាប់ផ្តើមប្រឈមទៅនឹងការតវ៉ាពីប្រជាជនក្រោមរូបភាពប្រឆាំងរបបផ្តាច់ការ ទាមទារដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ក្រុមប្រឆាំងស៊ីរី មានអាមេរិក កាតា អារ៉ាប៊ីសាអ៊ូឌីត ជាអ្នកជួយទប់នុបបម្រុង ទាំងថវិការ និងសម្ភារៈសឹកដើម្បីផ្តួលរលំលោកអាសាដ ព្រោះថាដរាបណាអាសាដនៅកាន់់កាប់ប្រទេសស៊ីរីនោះ អាសាដនឹងមិនអនុញ្ញាតឱ្យមានការតភ្ជាប់បំពង់ហ្គាសពីមជ្ឈឹមបូពាទៅអឺរ៉ុបនោះឡើយ។ ឆ្អឹងទទឹងការគឺមានតែអាសាដ បើអាសាដដួលរលំអ្វីៗនឹងមានភាពធូស្រាល។

មហាអំណាចមួយក្រុមគាំទ្ររដ្ឋាភិបាល ហើយមួយក្រុមទៀតគាំទ្រក្រុមប្រឆាំង។ ហេតុនេះ ស៊ីរីជាជនរងគ្រោះ ជាកន្លែងដែលមហាអំណាចប្រើប្រាស់ដើម្បីទប់ទល់ទៅនឹងឥទ្ធពលគ្នាទៅវិញទៅមក ដើម្បីបម្រើផលប្រយោជន៍របស់គេរៀងៗខ្លួន គេមិនគិតអ្វីទាំងអស់ធ្វើយ៉ាងណាឱ្យតែមានប្រៀបឈ្នះលើដៃគូរ។ តែអ្នកដែលខាតបង់គឺប្រជាជនស៊ិរី រស់នៅដោយព្រាត់ប្រាស់គ្នា ប្រទេសខ្ទិចខ្ទីដោយាសារការជ្រៀតជ្រែកពីបរទេសខាងក្រៅ វិបត្តនៅស៊ីរីនេះទំនងជានៅតែជាជំងឺរ៉ាំរ៉ៃជាច្រើឆ្នាំទៀតដែលពិបាកនឹងរកផ្លូវបញ្ចាប់នៃសង្គ្រាមនេះបានណាស់។ ស៊ីរីបានសុខផុតសង្គ្រាម លុះត្រាតែអ្វីៗទុកឱ្យពលរដ្ឋស៊ីរីស្លួនឯងជាអ្នកសម្រេចលើជោគវាសនារបស់ខ្លួន និងមហាអំណាចនិងប្រទេសពាក់ព័ន្ធឯទៀតដកខ្លួនចេញពីបញ្ហាស៊ីរី។

ដោយ៖ ខែក វីរៈ

ស៊ិរី
Syrian-Refugees
3F0BC79E00000578-4392058-image-a-46_1491615425806