តើបងប្អូនគូរសត្រូវទាំងពីរអាចល្អូកល្អឺនគ្នាវិញដែរឬទេ?

នេះជាសំនួរមួយ ដែលអ្នកវិភាគ សិក្សាស្រាវជ្រាវ ក៏ដូចជាអ្នកតាមដាន ព្រឹត្តិការណ៍អន្តរជាតិបានចោទសួរឡើងក្រោយពេលមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីនៃជំនួបថ្នាក់ដឹកនាំកំពូលក្នុងឧទ្វីបកូរ៉េ នៃប្រមុខដឹកនាំកូរ៉េទាំងពីរនាថ្ងៃទី២៧ មេសា ២០១៨កន្លងទៅនេះ។

វត្តមានលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើងក្នុងទឹកដីកូរ៉េខាងត្បូង ជារឿងមួយដែលពិភពលោកបានទន្ទឹងរង់ចាំអស់ពេលជាង៦៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីការបិទបញ្ចប់សង្គ្រាមកូរ៉េក្នុងឆ្នាំ១៩៥៣មក គឺទីនេះហើយដែលប្រទេសទាំងពីរធ្លាប់បានចុះហត្ថលេខាបញ្ចប់សង្គ្រាមក្នងសម័យអតីតកាល។ ចុះក្នុងឆ្នាំ២០១៨នេះវិញ តើទីកន្លែងដដែលនេះ អាចជាកន្លែងផ្សះផ្សាររវាងបងប្អូនទាំងពីរដែរឬមួយយ៉ាងណា? ហើយតើកូរ៉េខាងជើងនឹងបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឬទេ?

ជាការពិតណាស់ ការឈានជើងជាន់ដែនដីកូរ៉េខាងត្បូងពីសំណាក់លោកគីម ជុងអ៊ុនលើកនេះ វាហាក់បានបង្ហាញ សញ្ញាវិជ្ជមានមួយ ក្នុងការនាំយកប្រទេសបងប្អូនទាំងពីរត្រូវរ៉ូវគ្នាឡើងវិញ។ ហើយរឹតតែបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ណាស់ថា នយោបាយការបរទេសរបស់កូរ៉េខាងជើងមានការបន្ទន់ឥរិយាបថរបស់ខ្លួន និងបត់បែនខ្លាំងគួរឱ្យកត់សម្គាល់ ។

ក៏ប៉ុន្តែលទ្ធភាពនៃការខិតទៅរកគ្នា និងល្អូកល្អឺននឹងគ្នាវិញរបស់បងប្អូនទាំងពីរ និងការដាក់ចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងហាក់ស្ថតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ។ ភាពស្រពិចស្រពិលនេះកើតមានដោយសារកត្តាធំៗចំនួន៣។

ចំណុចទី១. កត្តាសេដ្ឋកិច្ច។ នរណាក៏ដឹងដែរថា កូរ៉េខាងត្បូងមានសេដ្ឋកិច្ចជឿនលឿន រីឯកូរ៉េខាងជើងវិញនៅដាច់ឆ្ងាយហៅមិនលឺ។ក្នុងឆ្នាំ២០១៦ កូរ៉េខាងត្បូងមានកម្រិត GDP ជាមធ្យមក្នុងម្នាក់ ២៧,១០៥ ដុល្លាអាមេរិក  ចំណែកកូរ៉េខាងជើងមានត្រឹម ៦៦៥ដុល្លារប៉ុណ្ណោះ។ ពេលដែលប្រទេសទាំងពីររួមគ្នា កូរ៉េខាងត្បូងត្រូវធ្វើការធ្ងន់ក្នុងការអូសទាញដង្ហើមសេដកិច្ចកូរ៉េខាងជើងឱ្យងើបចេញពីភាពទន់ខ្សោយ។ ម្យ៉ាងវិញទៀត បើទោះបីជាចេតនានៃអ្នកនយោបាយមានបំណងចង់ត្រូវរ៉ូវគ្នាក៏ដោយ ក៏ក្នុងស្រទាប់យុវជនកូរ៉េខាងត្បូង ដែលជាយុវជនសម័យទំនើបក៏ទំនងជាមិនសប្បាយចិត្តប៉ុន្មានដែរ នៅពេលដែលស្ទុះសេដ្ឋកិច្ចខ្លួនមានឱនភាព ដោយសារការអូសសេដ្ឋកិច្ចកូរ៉េខាងជើងនោះ។

រីឯទី២ កត្តាភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ គ្រប់គ្នាសុទ្ធតែបានដឹងថា កូរ៉េខាងត្បូងជាស្រោមដៃរបស់អាមេរិកនៅអាស៊ី ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នេះ ក៏ដូចជាការទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិន ខណៈពេលដែលចិនជាអ្នកនៅពីក្រោយខ្នងកូរ៉េខាងជើងជាមួយរុស្ស៊ី។ ពេលបងប្អូនទាំងពីរនេះត្រូវគ្នា តើអាមេរិកនៅមានឡេសអីទៀតក្នុងការបន្តវត្តមានកងទ័ពរបស់ខ្លួននៅកូរ៉េខាងត្បូង និងជប៉ុនបាន បើនៅតំបន់នេះអស់មានអ្នកគម្រាមកំហែងហើយនោះ។

ជាងនេះទៅទៀត ចិនក៏ទំនងជាមិនព្រមឱ្យប្រទេសកូរ៉រខាងជើងស្និទ្ធជាមួយកូរ៉េខាងត្បូងពេកនោះដែរ ដ្បិតអីកូរ៉េខាងជើងនេះឯងជាជន្ទល់មួយរបស់ចិនក្នុងការគោះសហរដ្ឋអាមេរិក ឬជាជញ្ជីញនយោបាយរបស់ចិនសម្រាប់ទប់ទល់ ដូចអ្វីដែលអាមរិកយកកោះតៃវ៉ាន់សម្រាប់គោះចិនអញ្ចឹងដែរ។ ថ្មីៗនេះលោកគឹម ជុងអ៊ុនបានទៅបំពេញទស្សនកិច្ចនៅចិន ត្រូវបានថ្នាក់ដឹកនាំចិនទទួលយ៉ាងកក់ក្តៅ រីឯលោកត្រាំ នៅពេលបានខ្ចីដៃកូរ៉េខាងត្បូងជាអ្នកចែចូវកូរ៉េខាងជើងមុន ពេលជំនួបរវាង ប្រមុខដឹកនាំអាមេរិក និង កូរ៉េខាងជើង ។ អាមេរិកក៏បាន បញ្ចេញសាច់ដុំខ្លះដែរដាក់កូរ៉េខាងជើង តាមរយៈការវាយប្រហារនៅស៊ីរីក្នុងដើមខែមេសានេះ។

ដោយឡែកចំណុចចុងក្រោយនោះគឺឆន្ទៈនយោបាយរបស់កូរ៉េខាជើងតែម្តង កូរ៉េខាងជើងប្រហែលជាមិនអាចបោះបង់កម្មវិធីអាវុធនុយក្លែអ៊ែររបស់ខ្លួនបានទេ ព្រោះកម្មវិធីនេះហើយ ជាអាវក្រោសសម្រាប់ការពារខ្លួនអស់រយៈពេលជាង៦៥ឆ្នាំមកហើយ បើកូរ៉េខាងជើងគ្មានអាវុធនុយក្លែអ៊ែរ ម្លេះអាមេរិកវាយប្រទេសនេះជាយូរមកហើយ នឹងមិនទុកឱ្យប្រទេសនេះបង្កភាពឈឺក្បាលដល់ខ្លួនជាច្រើនឆ្នាំនោះទេ។ ដូច្នេះកូរ៉េខាងជើងអាចរស់ដោយភាពហ៊ំព័ទសេដ្ឋកិច្ចយូរឆ្នាំមកហើយ កូរ៉េក៏ទំនងជាមិនប្រថុយប្រថានខ្លាំងពេកនោះដែរ។

ជារួមប្រទេសទាំងពីរនៅត្រូវការពេលវាលាច្រើនឆ្នាំទៅទៀត សម្រាប់ពេលនេះប្រហែលជាត្រូវគ្នាក្នុងរយៈពេលខ្ប៉ុណ្ណោះ ព្រោះនៅមានពេលវេលាយូរបន្ថែមទៀត ទើបប្រទេសទាំងពីរទំនងជាអាចខិតជិតស្និទ្ធជាងនេះ ហើយកម្មវិធីអាវុធនុយក្លែអ៊ែរទំនងki 3១៣៣៣៣នៅតែបន្តជាជម្ងឺរ៉ាំរ៉ៃ ដើម្បីកូរ៉េខាងជើងទាញផលប្រយោជន៍នយោបាយពីបញ្ហានេះ មួយវិញទៀតកូរ៉េខាងត្បូងត្រូវរៀបចំខ្លួនយ៉ាងហ្មត់ចត់បំផុតនិងប្រសើរជាងពេលនេះ ក្នុងការស្តារសេដ្ឋកិច្ចកូរ៉េខាងជើង ក៏ដូចជាប្រយុទ្ធលើស្មារតីសតិអារម្មណ៍ប្រជាជនខ្លួន។ រីឯរបបថ្មីក្រោយពីប្រទេសទាំង២ត្រូវគ្នា តើគួរប្រកាន់យករបបមួយណា កុំមុយន្នីស ឬប្រជាធិបតេយ្យ ហើយខាងណាសម្បទានឱ្យខាងណា។ដោះស្រាយស្មារតីប្រជាជនយ៉ាងណាដែរ? លើសពីនេះទៅទៀត ការដើរចេញពីរបស់មហាអំណាចពីររឿងបងប្អូនទាំងពីរ ទើបឈានទៅរកការផ្សះផ្សារពិតប្រាកដ ពុំនោះទេ មេដឹកនាំប្រទេសទាំងពីរ នឹងមិនអាចស្តារទំនាក់ទំនងគ្នានបានឡើយ ពោលគឺត្រឹមថតរូបស៊ែលហ្វីទុកសម្រាប់ប្រវត្តិសាស្ត្រប៉ុណ្ណោះ។

ដោយ៖ ខែក វីរៈ