ចរន្តពិភពលោកមានការប្រែប្រួលឆាប់រហ័សគួរឱ្យកត់សម្គាល់ នយោបាយការបរទេសនៅក្នុងតំបន់និងពិភពលោកហាក់បានប្រែពណ៌យ៉ាងលឿន។ ជាក់ស្តែងព្រឹត្តការណ៍នៃការជំនួបរវាងមេដឹកនាំកូរ៉េខាងជើងនិងកូរ៉ខាងត្បូង ព្រមទាំងគម្រោងនៃជំនួបរវាងប្រមុខដឹកនាំអាមេរិក និងលោកគឹម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉ខាងជើងនាខែឧសភា ឬមិថុនាខាងមុខនេះ។ ទាំងនេះជាសញ្ញាវិជ្ជមានចំពោះស្ថានភាពនៅឧបទ្វីបកូរ៉េ ហើយប្រហែលជាអាចឈានទៅរកភាពធូស្រាលខ្លះរវាងទំនាក់ទំនងកូរ៉េទាំង២ ក៏ដូចជាទំនាក់កូរ៉េខាងជើង និងអាមេរិក។
កន្លងមកកូរ៉េខាងជើង និងអាមេរិកមើលមុខគ្នាមិនសូវចំទេ ជុំវិញកម្មវិធីអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង ដោយកូរ៉េខាងជើងបានយកកម្មវិធីអាវុធនុយក្លែអ៊ែរធ្វើជាខែលការពារខ្លួន។ យើងអាចនិយាយបានថា វាជាជញ្ជាំងដែកថែបយ៉ាងរឹងមាំដែលបានការពារកូរ៉េខាងជើងអស់ពេលជាង៦៥ឆ្នាំមកហើយ គឺចាប់តាំងពីការបិទបញ្ចប់សង្គ្រាមកូរ៉េនាឆ្នាំ១៩៥៣មក។
ក៏ប៉ុន្តែ មួយរយៈចុងក្រោយនេះ កូរ៉េខាងជើងបែជាងាកទៅរក កូរ៉េខាងត្បូង និងអាមេរិកទៅវិញ ។ តាមរយៈជំនួបកាលពីថ្ងៃទី២៧ កន្លងទៅនេះលោកគឹម ជុងអ៊ុន បានជួបលោកមូនជែអ៊ីន ប្រមុខដឹកនាំកូរ៉ាខាងត្បូង នៅតំបន់គ្នានទ័ពដែលខ័ណ្ឌចែករវាងប្រទេសទាំងពីរ ហើយកាលពីថ្ងៃទី៣០ មេសា ២០១៨កន្លងទៅនេះដែរ លោកត្រាំបានសរសេរនៅលើធ្វីធ័ររបស់ខ្លួនថា វិមានសរ ឬវិមានសន្តិភាព អាចជាកន្លែងល្អប្រសើរជាងប្រទេសទីបី សម្រាប់ការជួបរវាងលោក(ត្រាំ) និងលោកគឹម ជុងអ៊ុន ។
ក្នុងជំនួបនោះ អាមេរិកអាចលើកយកបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាកម្មវត្ថុនៃកិច្ចពិភាក្សា ហើយកូរ៉ាខាងជើងក៏ទំនងជាអាចយកបញ្ហានេះ មកតថ្លៃដើម្បីកេងចំណេញ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញដែរ ដ្បិតកន្លងមកនេះ សហគមន៍អន្តរជាតិ រួមទាំងចិនផងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចច្រើនទៅលើប្រទេសកុំមុយនីស្តមួយនេះជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ ក៏ដូចជាការសាកល្បងមីស៊ីល(កាំជ្រួច)ប្រភេទមធ្យម និងកម្មជ្រួចអន្តរទ្វីប(បាលីស្ទិក)របស់ខ្លួន។
តាមរយៈព្រឹត្តិការណ៍ថ្មីៗនេះ នាំឱ្យមានការសង្ស័យថា តើលោកគីម ជុងអ៊ុន បោះដៃទៅរកអាមេរិកដើម្បីជំនួសតួនាទីរបស់ចិនឬ? ត្រង់កន្លែងនេះវាងហាក់ដូចជាលឿនពេកក្នុងការវាយតម្លៃថា អ្នកដឹកនាំវ័យក្មេងរបស់កូរ៉េ (ឬបុរសរ៉ុកកែត) កំពុងលេងល្បែងនយោបាយគ្រោះថ្នាក់ ឬនយោបាយឆ្លាតវៃនោះ។

ជាការពិតណាស់ ទោះបីជាកូរ៉េខាងជើង ចង់មានទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងអាមេរិកក៏ដោយក៏ គឹម ជុងអ៊ុននៅតែត្រូវការ និងគោរព ព្រមទាំងឱ្យតម្លៃខ្ពស់លើចិន ដែលជាសម្ព័ន្ធមិត្តចាស់វស្សាវរបស់កូរ៉េខាងជើងដដែល ។ ភស្តុតាងមួយដែលយើងមិនអាចប្រកែកបាននោះ ស្តែងឡើងតាមរយៈដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយរបស់លោក គឹម ជុងអ៊ុន ទៅប្រទេសចិន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៨ កន្លងទៅនេះ ពោលគឺលោកគឹម ជុង អ៊ុនបានទៅទស្សនកិច្ចមួយខែមុនពេលដែលលោកគឹម ជុងអ៊ុន ជួបជាមួយលោក មូន ជេអ៊ីន នាថ្ងៃទី២៧ មេសា ២០១៨។ នេះបង្ហាញថា កូរ៉េខាងជើងនៅតែគោរពចិនជាសម្ព័ន្ធមិត្តមួយមិនអាចមើលរំលងបាននោះឡើយ។
តឹកតាងមួយទៀតនោះ នៅថ្ងៃទី២២ មេសា ២០១៨ លោកគឹម ជុងអ៊ុន បានអញ្ជើញទៅដល់ស្ថានទូតចិនប្រចាំទីក្រុងព្យុងយ៉ាងដើម្បីសំដែងភាពសោកស្តាយ និងរំលែកទុក្ខ ទេសចរណ៍ចិន៣២ នាក់ដែលបានស្លាប់ដោយសារក្រឡាប់ឡានលើទឹកដីកូរ៉េខាងជើង។
លើសពីនេះទៅទៀត នរណាក៏ដឹងច្បាស់ដែរថាអំណាចទាំងមូល នៅកូរ៉េខាងជើង គឺស្ថិតនៅក្នុងកណ្ដាប់ដៃ គឹម ជុងអ៊ុន ទាំងអស់ទាំងសេដ្ឋកិច្ច រដ្ឋាភិបាល និងយោធា។ ដូច្នេះ ក្នុងករណីកូរ៉េខាងជើងមានភាពចុះសម្រុងល្អជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិចនោះ គឹម ជុងអ៊ុន នឹងមិនអាចបន្តអំណាចបែបនេះបានទេ។ មរតកនៃដំណែងនេះបានបន្តតាំងពីជីតា ឪពុកហើយបានបន្តមកដល់លោកទៀត ហេតុនេះច្បាស់ណាស់ គឹម ជុងអ៊ុននឹងមិនដើរនយោបាយដើម្បីសម្លាប់ខ្លួនឯងនោះទេ ពេលនេះគឹម ជុងអ៊ុនកំពុងកាន់អំណាចពេញក្នុងដៃ នឹងមិនលែងអំណាចនេះជាដាច់ខាត។ មែនទែនទៅ ជំនួបរវាង កូរ៉េខាងជើង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានត្រឹមតែលាងភាពអាប់អួរឱ្យមានភាពស្រស់ថ្លាខ្លះប៉ុណ្ណោះ។
ក្នុងបរិបទនេះ វាគ្មានអ្វីចម្លែកទេដែល លោក គឹម ជុងអ៊ុន ត្រូវតែចាប់ដៃលោក ស៊ី ជីនពីង ដែលជាប្រទេសកាន់របបដូចគ្នាដើម្បីរក្សាអំណាចនោះ។ និយាយបែបផ្សេង គឹម ជុងអ៊ុន នឹងធ្វើអ្វីៗទាំងអស់ដើម្បីបន្តនិងរក្សាអំណាចដល់ត្រកូលគឹម។ សូមរំលឹកថា បើគឹម ជុងអ៊ុនមិនស្រឡាញ់អំណាច ម្លេះក៏គ្មានព្រឹត្តិកាណ៍សម្លាប់បងប្រុសរបស់លោក គឺ លោកគីម ជុងណាំ កាលពីថ្ងៃទី១៣ កុម្ភៈ ២០១៧ នៅកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនោះដែរ។ 
ទន្ទឹមនឹងនេះ ចិនក៏ទំនងមិនបណ្តោយឱ្យកូរ៉េខាងជើងបានទៅអាមេរិកនោះដែរ ព្រោះអីចិនតែងទទួលបានផលលាភច្រើណាស់ដែរ ពីកូរ៉េខាងជើង។ ពោលគឺបញ្ហាអាវុធនូយក្លេអ៊ែរនេះឯងដែលមហាយក្សចិនតែងតែមានប្រៀបក្នុងការកេងចំណេញនយោបាយការបរទេសនៅក្នុងតំបន់ជាមួយជប៉ុន កូរ៉េខាងត្បូង ដែលជាស្រោមដៃអាមេរិកប្រចាំនៅអាស៊ី។
ក្រៅពីនេះចិនក៏បានយកកូរ៉េខាងជើងជាក្រឡាអុកឬជាជញ្ជីញនយោបាយទប់ទល់ជាមួយអាមេរិកផងដែរ ព្រោះថា អាមេរិកបានប្រើប្រាស់ទឹកដីកោះតៃវ៉ាន់ ធ្វើជាសម្ព័ន្ធមិត្តជិតស្និទរបស់ខ្លួន និងបានយកកោះតៃវ៉ាន់នេះ ដើម្បីឆ្កឹះចិនជារឿយៗ។
នយោបាយការបទេសលោកគឹម ជុងអ៊ុន ពេលនេះ ហាក់មានភាពទន់ភ្លន់ដោយបានបង្កប់ភាពវ័យឆ្លាតនិងការប្រយត្ន័ប្រយែងខ្ពស់បំផុត ព្រោះវាទំនងជាជំនួបដើម្បីចំណេញក្នុងការអូសទាញមកវិញនូវការស្តារសេដ្ឋកិច្ចកូរ៉េខាងជើង ដែលពេលនេះកំពុងជួបភាពវឹកវរ និងមានឱនភាពសេដ្ឋកិច្ចក្នុង សង្គម បើតាមតួរលេខរបស់ CIA ក្នុងឆ្នាំ២០១៦ កូរ៉េខាងជើងមានកម្រិត GDP ជាមធ្យមក្នុងម្នាក់ មានត្រឹម ៦៦៥ដុល្លារប៉ុណ្ណោះ។ កន្លងមកពេលខ្លួនជួបវិបត្តិម្តងៗ កូរ៉េខាងជើងតែងងាកទៅរកការចរចារដើម្បីដោះដូរមកវិញនូវប្រយោជន៍សេដ្ឋកិច្ច។ តួយ៉ាង កាលពីឆ្នាំ ២០០៥ កូរ៉េខាងជើងបានយល់ព្រមដាក់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ជាថ្នូនឹងផលប្រយោជន៍សេដ្ឋកិច្ច ចំណែកឆ្នាំ២០១២ ក៏ធ្លាប់យល់ព្រមដាក់កម្មវិធីអាអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងជំនួយស្បៀងអាហារជាមួយសហគមន៍អន្តរជាតិ អាមេរិក និងកូរ៉េខាងត្បូងជាដើម។
ដូចនេះ កូរ៉េខាងជើងកំពុងប្រើភាពបត់បែនក្នុងនយោបាយការបរទេសដើម្បី ទាញយកផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះ ហើយកូរ៉េខាងជើងមិនអាចទៅចាប់ដៃជាមួយនឹងកូរ៉េខាងត្បូង និងអាមេរិក ដែលជាប្រទេសសេរីបានទេ ព្រោះវាជានយោបាយនាំទៅរកជ្រោះមរណៈ ឬជានយោបាយសម្លាប់ខ្លួនឯង។ ទោះក្នុងកាលៈទេសៈណាក៏ដោយ កូរ៉េខាងជើងនិងមហាយក្សចិននៅតែត្រូវការគ្នាជាចាំបាច់ ដូចព្រៃពឹងខ្លា ខ្លាពឹងព្រៃអញ្ចឹងដែរ។ តែការផ្លាស់ប្តូរសេដ្ឋកិច្ច ទៅជាសេដ្ឋកិច្ចទីផ្សារសេរី ទំនងជាជម្រើសដ៏ប្រសើរមួយសម្រាប់លោកគឹម ជុងអ៊ុន ក្នុងការទាញសេដ្ឋកិច្ចប្រទេសងើបចេញពីឱនភាព។
ដោយ៖ ខែក វីរៈ
