ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក លោកDonald Trump បានធ្វើឱ្យពិភពលោក ក៏ដូចជាសហគមនអន្តរជាតិមានការភ្ញាក់ផ្អើល ពិបាកនឹងយល់ និងនឹកស្មានមិនដល់ ចំពោះគោលនយោបាយការបរទេសប្លែកៗរបស់លោក។
ជាក់ស្តែង កាលពីថ្ងៃអង្គារទី៨ ឧសភា ២០១៨នេះ លោកប្រធានាធិបតី Donald Trump បានសម្រេចដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលមានបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបានរិះគន់កិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀង «មហន្តរាយ» ដែលនឹងមិនអាចទប់ស្កាត់ក្រុងតេហេរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែរ និងអាចបង្កគ្រោះថ្នាក់ដល់ពិភពលោក។
គោលនយោបាយនេះ មានភាពផ្ទុយគ្នាស្រឡះទៅនឹងគោលនយោបាយលោកអូបាម៉ា កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៥ សហរដ្ឋអាមេរិក បារាំង អងគ្លេស អឺរ៉ុប ចិន រុស្ស៊ី និងអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីអ៊ីរ៉ង់ ជាថ្នូរនឹងការបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែរ។

មែនទែនទៅតាមកិច្ចព្រមព្រៀងនោះ អ៊ីរ៉ង់បានអនុវត្តតាមនូវអ្វីដែលជាការលើកឡើងរបស់កិច្ចព្រមព្រៀងនោះទៅហើយដោយអ៊ីរ៉ង់បាន៖
១.អ៊ីរ៉ង់មានម៉ាស៊ីន centrifuges ចំនួន ២០,០០០ ប៉ុន្តែដោយយោងតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥ គឺអ៊ីរ៉ង់បានកាត់បន្ថយដោយមិនអនុញ្ញាត ឱ្យអ៊ីរ៉ង់ប្រើលើពី៥,០០០ បានទេ គឺប្រើតែអ្វីដែលមានពីមុនមកប៉ុណ្ណោះ។ ការកាត់បន្ថយគឺថា អ៊ីរ៉ងមានភាពលំបាកណាស់ក្នុងការបង្កើត និងចម្រាញ់ឱ្យទៅជាអាវុធនុយក្លេអ៊ែបាននោះ។
២. រដ្ឋាភិបាលអ៊ីរ៉ង់ បានរក្សាទុកជាតិអ៊ុយរ៉ាញ៉ូមត្រឹមតែ ៣,០០០ គ.ក ស្មើនឹង ៣,៦៧%តែប៉ុណ្ណោះ ពោលគឺ អ៊ីរ៉ង់បានបោះបង់ចោលនូវជាតិអ៊ុយរ៉ាញ៉ូមដែលខ្លួនផលិតបានចំនួន១០,០០០ គ.ក ស្មើនឹង៩៧% ។ ដើម្បីចម្រាញ់ចេញជានុយក្លេអ៊ែបាន ទាមទាឱ្យមានជាតិអ៊ូយរ៉ាញ៉ូមចំនួន៩០%។
៣. អ៊ីរ៉ង់ត្រូវបំផ្លាញចោលនូងរោចក្រចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមចាស់ ហើយត្រូវតំឡើងកន្លែងថ្មីមកជំនួសវិញ។

នេះបានបង្ហាញថា នៅមុនកិច្ចព្រមព្រៀងឆ្នាំ២០១៥ អ៊ីរ៉ង់អាចផលលិតអាវុធនុយក្លេអ៊ែបានដោយងាយ ដោយប្រើពេលត្រឹមតែ២ឬ៣ខែប៉ុណ្ណោះ ប៉ុន្តែនៅក្រោយកិច្ចព្រមព្រៀងបានបង្កើតឡើងហើយនោះ អ៊ីរ៉ង់មិនអាចផលិតអាវុធនុយក្លេអ៊ែរបានភ្លាមៗទេ គឺត្រូវការពេលវេលាប្រហែលជាមួយឆ្នាំទើបអាចផលិតអាវុធប្រភេទនេះបាន និងត្រូវការថវិការច្រើនទៀត។ ដូច្នេះ តើការបង្កើតកិច្ចព្រមព្រៀង និងការដកកិច្ចព្រមព្រៀងនេះ សេនារីយោរបស់អាមេរិកឬ?

ជាការពិតណាស់ អ៊ីរ៉ង់មានបំណងផលិតអាវុធនុយក្លអ៊ែរក្រោមរូបភាព២យ៉ាងគឺ៖ កត្តាទី១៖ សម្រាប់គោលបំណងការពារ ចំណែកកត្តាតទី២៖ សម្រាប់គោលបំណងវាយលុក ព្រោះថាកន្លងមក មេដឹកនាំអាមេរិក ក៏ដូចជាអ៊ីស្រាអ៊ែល តែងចិញ្ចឹមចិត្តគម្រាមវាយប្រហារលើប្រទេសអ៊ីរ៉ង់។ បរិការណ៍នេះ អ៊ីរ៉ង់ត្រូវតែមានអ្វីមួយ ដើម្បីជាទន់តថ្លៃនយោបាយជាមហាអំណាចអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់នេះ គឹវាមានភាពស្រដៀងគ្នាទៅនឹងកូរ៉េខាងជើងដែរ ដែលបានប្រើប្រាស់កម្មវិធីអាវុធនុយក្លេអ៊ែរនេះធ្វើជាអាវក្រោសការពារខ្លួន។

ករណីលោកត្រាំដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ទំនងមកពីកត្តា៦យ៉ាង៖ ទី១, អ៊ីងរ៉ង់តែងប្រឆាំងទៅនឹងអាមេរិកនៅតំបន់មជ្ឈឹមបូព៌ា ដូចជានៅស៊ីរី និងយាមែនជាដើម។ ដូច្នេះនេះជាការពញ្ញាក់អារម្មណ៍អ៊ីរ៉ង់មួយឱ្យដើរចេញពីការគាំទ្រប្រទេសទាំងនោះ ទី២, ការពង្រឹងឥទ្ធិពលអាមេរិកនៅក្នុងតំបន់ ព្រោះអ៊ីរ៉ងគឺជា គូសត្រូវនឹងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅក្នុងតំបន់ កិច្ចព្រើមព្រៀងនេះហាក់ជួយធ្វើឱ្យអ៊ីរ៉ង់តែដូចជាការដាក់សម្ពាធមួយទៅលើអ៊ីស្រាអែលទៅវិញ។ កត្តាទី៣, ត្រាំធ្វើដើម្បីបង្ហាញម្ចាស់ឆ្នោតនៅអាមេរិកថា ខ្លួនបានគោរពតាមពាក្យសន្យា ព្រោះកាលពីនៅក្នុងយុទនាការឃោសនា លោកត្រាំបានសន្យា លើកនឹងដកខ្លួនចេញពិកិច្ចព្រមព្រៀងនេះ។ ទី៤, ត្រាំទំនងជាចង់បញ្ជាក់ថា អាមេរិកនៅតែជាមហាអំណាចដ៏មាន៌ឥទ្ធិពលនៅក្នុងតំបន់នេះដដែល ពេលខ្លួនដកចេញសម្ពន្ធមិត្តរបស់ខ្លួន មាន អងង់គ្លេស បារាំង អឺរ៉ុប និងអាល្លឺម៉ង់ជាដើមនឹងងាកចេញទៅតាមខ្លួនដែរ។ ទី៥, លោកត្រាំអាចជាការបង្ហាញសាច់ដុំថ្មីបន្ថែមទៀតដល់មេដឹកនាំកូរ៉េខាងជើងមុននឹងការជួបគ្រោងមកដល់ពេលខាងមុខ។ និងទី៦ ដើម្បីទប់ឥទ្ធិពលរុស្ស៊ី នៅតំបន់ដើមបូ៌ពានេះ ព្រោះរុស្ស៊ីចាក់ឫសយ៉ាងជ្រៅនៅអ៊ីរ៉ង់និងស៊ីរី មួយរយៈចុងក្រោយនេះឥទ្ធិពលនៃក្រុមប្រឆាំងស៊ីរីដែលគាំទ្រដោយអាមេរិកនោះហាក់មានភាពធ្លាក់ចុះ ដូច្នេះអាមេរិកប្រើឡេសនេះដើម្បីយកឡេសវាយក្រុមអ៊ីរ៉ង់ដែលមានទីតាំងនៅទឹកដីស៊ីរី ដោយប្រើប្រាស់ប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
ជារួមមកនេះជានយោបាយការបរទេសអាមេរិកក្នុងការពង្រឹងឥទ្ធិពលខ្លួនប្រចាំតំបន់មជ្ឆឹមបូព៌ាកិច្ចព្រមព្រៀងនេះនឹងឈានទៅរកភាពឥតន័យក្រោមទស្សនវិស័យរបស់លោកត្រាំ។ វិធីសាស្ត្រនេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វបី។ ទី១ អាមេរិកអាចប្រើប្រាស់ការប្រឆាំងអ៊ីរ៉ង់ព្រោះអ៊ីរ៉ង់នេះតែងគាំទ្រយ៉ាងខ្លាំងទាំងទ័ពថវិការនិងសម្ភារៈសឹកដល់លោកអាសាដ ដើម្បីវាយបកឱ្យថមថយកម្លាំងរបស់រដ្ឋាភិបាលលោកអាសាដ។ ទី២. អាមេរិកកាត់បន្ថយកម្លាំងទ័ពខ្លួនដោយអូសដៃអ៊ីស្រាអែលមកចូលរួមដោយផ្ទាល់ក្នុងបញ្ហានេះ។ ទី៣. អាមេរិកចង់កាត់ដៃឆ្វេង និងដៃស្តាំរបស់រុស្ស៊ីនៅក្នុងតំបន់នេះ។ ដ្បិតអីមិត្តដ៏ជិតស្និទ្ធរបស់របស់រុស្ស៊ីនៅមជ្ឈឹមបូព៌ានេះ គឺស៊ីរី និងអ៊ីរ៉ង់នេះឯង។ ម្យ៉ាងវិញទៀត អាមេរិកជាប្រទេសដែលមានអាណត្តិប្រធានាធិបតីប្តូរវេន ដូចច្នេះ ប្រធានាធិបតីថ្មីអាចនឹងដោះដូរគោលនយោបាយថ្មីៗ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន។ ក្នុងន័យស្រដៀងគ្នានេះ យើងអាចនិយាបានថា ទំនាក់ទំនងមហាអំណាចមិនអាចកើតមានថិតថេរបាននោះទេ ដោយមហាអំណាចធ្វើគ្រប់រូបភាពដើម្បីបម្រើឱ្យផលប្រយោជន៍ប្រទេសខ្លួនតែប៉ុណ្ណោះ។
ដោយ ខែក វីរៈ

