photo_2020-04-13_19-06-37.jpg

«សម្រស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប»

 

១.  ពេលព្រឹកព្រលឹមញញឹមសែនស្រស់        នឹកឡើងស្រណោះល្អអស់គូប្រៀប

ដើមឈើវាលស្មៅខៀវស្រស់រៀងរាប       ជើងមេឃបន្ទាបព្រោះលង់ស្នេហ៍ថ្លៃ។

២. រៀមបានជួបម្តងចិត្តប៉ងប្រាថ្នា            ឃើញស្រស់កន្និថាអារម្មណ៍មមៃ

រូបអូនស្អាតណាស់មិនថាយប់ថ្ងៃ          បងសែនអាល័យមិនចង់ឃ្លាតឆ្ងាយ។

៣. ឯឈ្មោះថ្លៃវិញទន្ទេញរាត់មាត់           បងចងចាំស្ទាត់ឈ្មោះស្រស់ឆោមឆាយ

ទោះវែងបន្តិចតែចិត្តមិនណាយ           បងមិនខ្វល់ខ្វាយខ្លាចគេច្រណែន។

៤.  អូនឈ្មោះឧទ្យានរាជបណ្ឌិត្យសភា        ហើយថែមកម្ពុជានិងតេជោសែន

ឫស្សីត្រឹបឈរនៅជិតព្រំដែន            ក្នុងផ្ទៃដីផែនខេត្តព្រះវិហារ។

៥.  មែនហើយអូនស្អាតព្រោះមានបុប្ឆា         រួមទាំងរុក្ខាច្រើនចម្រុះគ្នា

មានទាំងសត្វស្លាបច្រើនឥតគណនា        ម្រឹគីម្រឹគាមូលមីដេដាស់។

៦.  អ្វីដែលអស្ចារ្យគ្រប់គ្នាដឹងថា            ដោះគោជីវាឈ្ងុយឆ្ងាញ់ខ្លាំងណាស់

បើបានភ្លក្សហើយត្រាណត្រើយមិនផ្លាស់ គ្រប់គ្នាជាក់ច្បាស់ជារបស់ខ្មែរ។

៧.  ពេលដែលព្រះពាយបក់មកម្តងៗ          នាំឱ្យចិត្តបងចង់បីបមថែ

ចង់នៅជិតអូនស្ងួនកុំប្រួលប្រែ           ទោះរយឆ្នាំខែក៏បងសុខចិត្ត។

៨.  ឃើញអូនញញឹមបងសង្ឃឹមខ្ពស់         បងចង់នៅរស់ព្រោះតែវមិត្ត

ពិតណាស់អូនមានមហិទ្ធិឫទ្ធិ             មកចូលសណ្ឋិតក្នុងចិត្តរៀមហើយ។

៩.  ពេលព្រះអាទិត្យហៀបអស់ស្តង្គត         យើងឈរអត់ធ្មត់ច្បាស់ជាបានស្បើយ

ទុក្ខសោកចង្រៃគ្មាននៅទៀតឡើយ        យើងកុំកន្តើយមកលេងឧទ្យាន។

១០. នាពេលរាត្រីរឹតតែអស្ចារ្យ              ព្រោះមានដារាជាច្រើនរាប់លាន

បញ្ចេញពន្លឺក្នុងដែនឧទ្យាន             ភ្លឺខ្លាំងជាងទៀនគួរគាប់មេត្រី។

ដោយ៖ ខែក វីរៈ