«នឹកឃើញរឿងដើម ឆ្អើមកូរ៉ូណា»
១. មេឃមីស្រទុំចិត្តខ្ញុំមមៃ នឹកឃើញដល់វ័យកាលពីកុមារ
ធ្លាប់ដើរដេញគោរត់កាត់ចំការ នឹកឡើងកាលណាចិន្តាសង្វេក។
២. មេឃចាប់កក់ខែភ្លឺស្រែពេញទឹក អារម្មណ៍រលឹកនឹកគ្រែធ្លាប់ដេក
នឹកកំប៉ុងនុយវល្លិ៍ជុយគុម្ពចេក រឿងចាស់ច្រើនស្អេកនៅស្រុកកំណើត។
៣. នឹកក្រោយមេឃភ្លៀងត្រួយល្ងៀងលាស់ខ្ចី ខ្ញុំដើរឆ្លុះត្រីនាស្រែខាងកើត
ដើរពីរនាក់បងខ្លាចផងខែខ្នើត ទីទួលចំតើតដើរដួលពេកក្រៃ។
៤. នឹកគោឆ្កែឆ្មាបុប្ផាស្រុកស្រែ បងធ្លាប់លួចញ៉ែម៉ែតាមដេញវ៉ៃ
បងរត់កាត់ស្រែម៉ែអើយកូនភ័យ អារម្មណ៍រំពៃស្រម័យភត្រ្តា។
៥. អូនញញឹមស្រស់សម្រស់ឥតល្អៀង កូនអ្នកស្វាយរៀងល្អដូចអប្សរា នឹកសំឡេងនាងស្រដៀងទេវតា បានស្តាប់ពេលណាឱរាអាល័យ។
៦. នឹកដល់រឿងដើមថ្លៃថ្លើមគ្រាំចិត្ត ដូចផ្កាព្រលឹតក្រៀមស្វិតពេលថ្ងៃ
អូនចូលរោងការសង្សារស្ទើរក្ស័យ ចិត្តកាយស្រមៃគ្មានពេលភ្លេចឡើយ។
៧. នឹកវាលឃ្វាលគោនឹកអូរអូសត្រី បងឈរក្បែរស្រីជល់ស្មៅកន្ត្រើយ
តែពេលនេះខានបានយល់ទៀតហើយ ពេលនេះត្រាណត្រើយកៀកកើយស្វាមី។
៨. ពេលនេះនឹកស្រុកនឹកម៉ែនឹកពុក នឹកត្រីប្រហុកជាមួយស្វាយខ្ចី
បានហូបកាលណានេត្រារំពៃ លាយម្ទេសដប់ម្ភៃបាយកកគ្មានសល់។
៩. ១៣មេសាថ្ងៃចូលឆ្នាំខ្មែរ បានជួបពុកម៉ែចិត្តគ្មានច្របល់
ជួបជុំបងប្អូនសប្បាយគ្មានខ្វល់ ញ៉ោះគ្នាឡើងវ៉ល់បាត់អស់ទុក្ខា។
១០. ប្លែកអីឆ្នាំនេះបែស្ងាត់ជ្រងំ ខានបានជួបជុំព្រោះកូរ៉ូណា
មេរោគថ្មីនេះអប្រិយឫស្យារ វាមកប្រហារគ្រប់គ្នារង្គ្រោះ។
១១. រដ្ឋចេញបម្រាមហាមចរយាត្រា ក្រៅក្នុងរដ្ឋាអនាម័យខ្ពស់
ទើបជីវិតយើងអាចនៅបានរស់ ពីមេរោគឈ្មោះកូវីដចង្រៃ។
ដោយ៖ ខែក វីរៈ
