ជាប្រទេសដ៏តូចមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា និងស្ថិតនៅចុងខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ អ៊ីស្រាអែលមានផ្ទៃដីសរុបចំនួន២១.៦៤០គ.ម២ (៨.៣៥៥ម៉ែលការ៉េ) ។ នៅក្នុងឆ្នាំ ២០២១ អ៊ីស្រាអែលមានប្រជាជនសរុបចំនួន ៨.៧៧៣.២៦២ នាក់ ប្រជាជនអ៊ីស្រាអែលស្មើនឹង ០,១១% នៃចំនួនប្រជាជនពិភពលោកទាំងមូល រីឯដង់ស៊ីតេប្រជាជននៅអ៊ីស្រាអែលគឺ៤០០នាក់ក្នុង១គីឡូម៉ែត្រ ២ (១.០៣៦ នាក់ក្នុង១ ម ២) [1]។
អ៊ីស្រាអែលមានព្រំប្រទល់ភាគខាងជើងជាប់នឹងលីបង់, ឦសានជាប់នឹងប្រទេសស៊ីរី, នៅភាគខាងកើតនិងភាគអាគ្នេយ៍ជាប់ប្រទេសហ្សកដានី ហើយភាគនិរតីជាប់នឹងប្រទេសអេហ្ស៊ីបចំណែកនៅភាគខាងលិចដោយសមុទ្រមេឌីទែរ៉ាណេ[2]។

រូបភាពពី៖ https://www.britannica.com/place/Israel
បើគេមើលពីប្រវត្តិសាសស្ត្ររបស់អ៊ីស្រាអែល គេពិតជាមានការភ្ញាក់ផ្អើលជាក់ជាមិនខាន ព្រោះថារដ្ឋនៃជនជាតិជ្វីហ្វ (Jewish) មួយនេះ បានបាត់វត្តមានរបស់ខ្លួននៅលើផែនទីពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ គឺនៅក្រោយពេលដែលដែនដីមួយនេះ ស្ថិតក្រោមការគ្រប់គ្រងពីអាណាចក្រមួយទៅអាណាចក្រមួយដូចជា អាចក្ររ៉ូម, ប៊ីហ្សីនទីន(Byzantine),អ៊ីស្លាម, អូតូម៉ង់ និងក្រោយមកទៀតដោយចក្រភពអង់គ្លេស[3]។ ការណ៍នេះ បណ្តាលឱ្យជនជាតិ Jewish បានភាសខ្លួនទៅរស់នៅតាមប្រទេសផ្សេងៗ ហើយខ្លះទៀតបានបន្តរស់នៅលើដែនដីកំណើតមួយនេះជារៀងរហូតមក។
គេត្រូវរង់ចាំរហូតដល់សង្រ្គាមលោកលើកទី២បានបិទបញ្ចប់ ទើបរដ្ឋអ៊ីស្រាអែលបានបង្ហាញខ្លួនឡើងវិញនៅក្នុងផែនទីពិភពលោកវិញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ ពោលគឺត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក្រោយសេចក្តីសម្រេចស្វែងរកដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចបង្កើតរដ្ឋឯករាជ្យពីរដាច់ពីគ្នាគឺ អ៊ីស្រាអែលនិងប៉ាឡេស្ទីន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៤៧ តាមសេចក្តីសម្រេចលេខ១៨១[4]។ ហេតុផលមួយក្នុងចំណោមហេតុផលផ្សេងៗទៀតដែលជំរុញដល់ការបង្កើតរដ្ឋអ៊ីស្រាអែល គឺស្តែងឡើងក្រោយហេតុការណ៍នៃការសម្លាប់រង្គាលជនជាតិជ្វីហ្វដោយណាហ្ស៊ីអាល្លឺម៉ង់។ ការសម្លាប់រង្គាលនេះ ជាចលករក្នុងការរុញច្រានចលនាអន្តោប្រវេសន៍ ជនជាតិជ្វីហ្វចូលទៅក្នុងទឹកដីប៉ាឡេស្ទីនកាន់តែខ្លាំងឡើងៗ ជាងនេះទៅទៀត ការបង្កើតរដ្ឋឱ្យពួកជ្វីហ្វនៅប៉ាឡេស្ទីន ក៏ចាប់ផ្តើមទាក់ទាញនូវការគាំទ្រកាន់តែច្រើនពីសំណាក់បណ្តាប្រទេសនានានៅទូទាំងពិភពលោក ហើយជាពិសេស បណ្តាប្រទេសនៅអឺរ៉ុបដែលគិតថាខ្លួនមានចំណែកទទួលខុសត្រូវនៅក្នុងសោកនាដកម្មរបស់ពួកជ្វីហ្វ។

រូបភាពពី៖ https://syr.us/g3w
ជាការពិតណាស់ ទម្រាំឈានដល់ការបង្កើតរដ្ឋជារឿងមួយដែលស្មុគស្មាញណាស់ទៅហើយ តែរឿងដែលស្មុគស្មាញមួយទៀតនោះគឺថា តើក្រោយការបង្កើតបានជារដ្ឋហើយនោះ អ៊ីស្រាអែលគួរថែរក្សាស្ថេរភាពនៅក្នុងតំបន់និងពិភពលោកបានយ៉ាងដូចម្តេចនោះ? គឺជារឿងមួយទៀតដែលអ៊ីស្រាអែលត្រូវរ៉ាប់រងយ៉ាងខ្លាំងផងដែរ ព្រោះថាខ្លួនជាប្រទេសថ្មីថ្មោងនៅក្នុងពិភពអារ៉ាប់ដែលសុទ្ធសឹងជាប្រទេសអ្នកមាន ហើយកម្លាំងយោធាក៏ខ្លាំង។
ការណ៍នេះនាំឱ្យគេចោទជាសំណួរថា តើអ៊ីស្រាអែល ជាសត្វចៀមនៅក្នុងហ្វូងចចក ឬមួយជាសត្វកាំប្រមារដែលខ្លានិងចចកមិនហ៊ានស៊ី? មុននឹងធ្វើការសន្និដ្ឋានបានថាយ៉ាងណានោះ យើងគួរគប្បីពិនិត្យមើលទិដ្ឋភាពចំនួន៧ជាមុនសិន៖
ទិដ្ឋភាពទី១- គឺស្ថេរភាពនយោបាយ, ចំណុចនេះគឺជាចលករសំខាន់ណាស់ក្នុងការរុញច្រានល្បឿនអភិវឌ្ឍក៏ដូចជាការនាំប្រទេសទៅរកភាពរីកចម្រើន ទាំងសេដ្ឋកិច្ច មនោគមន៍ និងយោធា។ ចំណុចនេះ អ៊ីស្រាអែលហាក់រក្សាបានល្អខ្លាំងណាស់ ដែលជាហេតុធ្វើឱ្យអ៊ីស្រាអែលបានស្គាល់នូវការវិវត្តន៍ខ្លួនយ៉ាងខ្លាំងតាំងពីពេលប្រកាឯករាជ្យ នៅឆ្នាំ១៩៤៨មក ហើយបើយើងធ្វើការប្រៀបធៀបទៅនឹងពួកប៉ាឡេស្ទីនវិញ គឺខុសគ្នាឆ្ងាយហៅមិនឮ ត្បិតវិបត្តផ្ទៃក្នុងរបស់ប៉ាឡេស្ទីនត្រូវបែកបាក់ជាពីរក្រុម គឺមួយក្រុមជាពួក Fatah ដែលជាក្រុមចង់ចរចារជាមួយពួកអ៊ីស្រាអែលដើម្បីស្វែងរកសន្តិភាព និងមួយក្រុមទៀតពួក Hamas ដែលជាពួកស្អប់អ៊ីស្រាអែលដល់ឆ្អឹងហើយមិនធ្វើការចង់ចចារជាមួយអ៊ីស្រាអែលឡើយ។ ពួក Hamas ត្រូវបាន ប្រទេសអ៊ីរ៉ង់ជាអ្នកទព់បំរ៉ុងទាំងហិរញ្ញវត្ថុនិងសព្វាវុធ[5]។
ទិដ្ឋភាពទី២- កត្តាជាតិនិយម, ពិតមែនហើយជាតិអ៊ីស្រាអែល (ជ្វីហ្វ) ជាសាសន៍មួយដែលស្រឡាញ់ជាតិនិយមខ្លាំង។ ចំណុចនេះស្តែងឡើងតាមរយៈក្រោយពេលខ្លួនប្រកាសឯករាជ្យភ្លាមក្នុងឆ្នាំ១៩៤៨ កាលនោះមានប្រទេសអារ៉ាប់ចំនួន៦ បានលើកទ័ពទៅវាយប្រហារក្នុងទឹកដីអ៊ីស្រាអែល ប៉ុន្តែប្រទេសអារ៉ាប់ទាំង៦នោះមិនអាចយកឈ្នះលើអ៊ីស្រាអែលបានដោសារផ្ទៃក្នុងអ៊ីស្រាអែលមានភាពរឹងមាំល្អមានការឯកភាពជាតិ មិនបែកបាក់ផ្ទៃក្នុង។ ជាងនេះទៅទៀត ក្រោយពេលសង្ក្រាមលោកលើកទីបាន២ចប់ទៅ ជនជាតិអ៊ីស្រាអែល (Jewish) ដែលរស់នៅតាមប្រទេសនានាក្នុងពិភពលោកបានចូលទៅរស់នៅកាន់តែច្រើនឡើងៗ នៅក្នុងដែនដីរបស់ខ្លួនដើម្បីពង្រឹងជាសាមគ្គីភាព។ លើសពីនេះទៅទៀត សកម្មភាពជាតិនិយមរបស់អ៊ីស្រាអែលកាន់តែមានខ្លាំងឡើងនៅក្រោមការដឹកនាំដោយគណបក្ស Likud ដែលមានលោកនាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ។ នៅក្នុងការប្រកួតប្រជែងការបោះឆ្នោតនាអាណត្តទី៥នេះ លោកនេតាន់យ៉ាហ៊ូ បានយកការពង្រីកទឹកដីអ៊ីស្រាអែលជាកម្មវិធីនយោបាយក្នុងការឃោសនា។ គ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ណាស់ថា លោកនេតាន់យ៉ាហ៊ូគឺអ្នកពង្រីកទឹកដីនិយមម្នាក់ ដែលបានធ្វើឱ្យកិត្យានុភាពរបស់អ៊ីស្រាអែលកាន់តែលេចត្រដែតឡើងនៅក្នុងតំបន់[6]។

រូបភាពពី៖ https://syr.us/4Bd
ទិដ្ឋភាពទី៣- អ៊ីស្រាអែលស្ថិតនៅលំដាប់ទី២៩ ក្នុងបញ្ជីប្រទេសល្អជាងគេក្នុងលោកក្នុងឆ្នាំ២០១៩[7]។ ប៉ុន្តែនៅក្នុងចំណាត់ថ្នាក់អំណាចវិញ អ៊ីស្រាអែលស្ថិតនៅក្នុងលំដាប់កំពូលទាំង ១០ គឺនៅពីក្រោយសហរដ្ឋអាម៉េរិក, រុស្ស៊ី, ចិន, អាល្លឺម៉ង់,អង់គ្លេស,បារាំង និងជប៉ុនតាមលំដាប់នោះ។ រីឯអារ៉ាប់ប៊ីសាអូឌីតនិងកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ៩និងទី១០ រីឯប្រទេសអារ៉ាប់រួមស្ថិតនៅលំដាប់លេខ១១។ ខណៈពេលអ៊ីរ៉ង់ដែលជាប្រទេសដៃគូប្រជែងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ាស្ថិតនៅលេខ១៣ ហើយប្រទេសទួរគីឈរនៅចំណាត់ថ្នាក់លេខ១៦។
ចំណាត់ថ្នាក់អំណាច គឺផ្អែកលើគុណលក្ខណៈ៥យ៉ាង៖ មេដឹកនាំប្រទេសឥទ្ធិពលសេដ្ឋកិច្ចឥទ្ធិពលនយោ បាយ សម្ព័ន្ធមិត្តអន្តរជាតិរឹងមាំនិងយោធា រឹងមាំ។
ទិដ្ឋភាពទី៤- កម្លាំងយោធា, សម្រាប់ឆ្នាំ ២០២១ យោធាអ៊ីស្រាអែលស្ថិតក្នុងចំណាត់ថ្នាក់ទី២០ ក្នុងចំណោម១៤០ប្រទេស ខណៈពេលដែលចំណាត់ថ្នាក់ប្រទេសក្បែរខាងអ៊ីស្រាអែល រួមមានស៊ីរីឈរនៅចំណាត់ថ្នាក់លេខ៦៥, ហ្សកដានីលេខ៧៤,លីបង់១១៦ និងអេហ្ស៊ីបលេខ ១៣[8]។

រូបភាពពី៖ https://syr.us/fzK
ទិដ្ឋភាពទី៥- កត្តាសម្ព័ន្ធមិត្ត, យើងដឹងហើយថា ប្រទេសអ៊ីស្រាអែល គឺជាប្រទេសតូចមួយនៅក្នុងចំណោមពិភពអារ៉ាប់ ហើយអារ៉ាប់ទាំងអស់នោះរមែងតែងតែចិញ្ចឹមចិត្តចង់វាយកម្ទេចចោល ដូចនេះអ៊ីស្រាអែលមិនមាន ជម្រើសអ្វីផ្សេង ក្រៅតែពីការពឹងពាក់ទាំងស្រុងទៅលើយន្តការពារពីខាងក្រៅនោះទេ ហើយជម្រើសដ៏ល្អបំផុតសម្រាប់អ៊ីស្រាអែលគឺចងសម្ព័ន្ធជាមួយសហរដ្ឋអាម៉េរិក។
ពិតមែនហើយ ឥទ្ធិពលអាម៉េរិកនៅមជ្ឈិមបូព៌ាក៏ចាប់ផ្តើមមានច្រើនដែរ ពោលគឺក្រោយពេលអាម៉េរិកបានបញ្ជូនកងទ័ពនៅក្នុងវិបត្តិសង្គ្រាមឈូងសមុទ្រពែក១៩៩១។

រូបភាពពី៖ https://syr.us/1ZU
មែនទែនទៅឥទ្ធិពលអាម៉េរិកនៅមជ្ឈិមបូព៌ា តាមរយៈសម្ព័ន្ធមិត្ត គឺដើម្បីតតាំងជាមួយឥទ្ធិពលសហភាពសូវៀតតាំងពីសម័យសង្គ្រាមត្រជាក់មក។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អាម៉េរិកប្រទេសអ៊ីស្រាអែល ទំនងជាតំបន់ទ្រនាប់មួយដ៏មានឥទ្ធិពល ដើម្បីទប់ទល់នឹងមហាអំណាចតំបន់មជ្ឈិមបូព៌ា គឺអ៊ីរ៉ង់និងអ៊ីរ៉ាក់ តែអ៊ីរ៉ាក់បានបាត់បង់នាទីជាមហាអំណាចតំបន់ ក្រោយពេលអាម៉េរិកចូលលុកលុយឆ្នាំ២០០៣។
បើយើងងាកទៅមើល ជំនួយរវាងប្រទេសទាំងពីរវិញ កាលពីឆ្នាំ២០១៦ សហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែលបានប្រកាសជាផ្លូវការថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយយោធារយៈពេល១០ឆ្នាំដែលមានទំហំទឹកប្រាក់ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាម៉េរិក។ កិច្ចព្រមព្រៀងដែលមានចែងនៅក្នុងអនុស្សរណនៃការយោគយល់គ្នានឹងមានតម្លៃ ៣៨ ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ដែលជាការកើនឡើងប្រហែល ២៧ ភាគរយលើប្រាក់ដែលបានព្រមព្រៀងកាលពីឆ្នាំ ២០០៧[9]។ ទំនាក់ទំនងព្រៃពឹងខ្លា ខ្លាពឹងព្រៃរវាងអាម៉េរិក និងអ៊ីស្រាអែលត្រូវបានគេមើលឃើញថា វាជាចំណែកមួយយ៉ាងសំ ខាន់ របស់អាម៉េរិក ក្រោមហេតុផលមួយចំនួនដូចជា[10]៖
- អ៊ីស្រាអែលបានដើរតួជារនាំងរារាំងចលនាជាតិនិយមនៅលីបង់និងហ្ស៊កដានីក៏ដូចជានៅប៉ាឡេស្ទីននាពេលកន្លងមក។
- អ៊ីស្រាអែលជាកន្លែងរាំងខ្ទប់ប្រទេសស៊ីរីដែលជាសម្ព័ន្ធមិត្តរបស់សហភាពសូវៀតអស់រយៈពេលជាច្រើនឆ្នាំ ពោលគឺតាំងពីសម័យសង្គ្រាមត្រជាក់មក។
- កងទ័ពអាកាសអ៊ីស្រាអែលមានភាពលេចធ្លោពាសពេញតំបន់។
- សង្គ្រាមជាញឹកញាប់របស់អ៊ីស្រាអែលបានផ្តល់ការសាកល្បងនៅសមរភូមិសម្រាប់អាវុធរបស់អាម៉េរិកជារឿយៗប្រឆាំងនឹងអាវុធសូវៀត។
- ទឹកដីអ៊ីស្រាអែល វាបានបម្រើជាមធ្យោបាយសម្រាប់មូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកក្នុងការគ្រប់គ្រងនិងការធ្វើប្រតិបត្តិការយោធារនានាក្នុងតំបន់។
- សេវាកម្មស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលបានជួយដល់សហរដ្ឋអាមេរិកក្នុងការប្រមូលព័ត៌មាននិងប្រតិបត្តិការសម្ងាត់។
- អ៊ីស្រាអែលមានមីស៊ីលដែលមានសមត្ថភាពឈានដល់អតីតសហភាពសូវៀត អ៊ីស្រាអែលមានឃ្លាំងអាវុធនុយក្លេអ៊ែររាប់រយអាវុធហើយ ការណ៍នេះ ជួយដល់ការសហការជាមួយឧទ្យានឧស្សាហកម្មយោធាអាមេរិកជាមួយនឹងការស្រាវជ្រាវនិងការអភិវឌ្ឍសម្រាប់យន្តហោះប្រយុទ្ធថ្មីនិងប្រព័ន្ធការពារមីស៊ីល។
ទិដ្ឋភាពទី៦- សេដ្ឋកិច្ចនិងលំហូរសាច់ប្រាក់, បើយើងក្រឡេកមើលពីផលទុនសរុបសម្រាប់មនុស្សម្នាក់ប្រចាំឆ្នាំ(GDP per Capita) របស់អ៊ីស្រាអែលវិញ យើងឃើញមានចំនួន ៤៣,៥៨៨.៧១៣ ក្នុងឆ្នាំ២០១៩[11] ដែលជាតួលេខមួយខ្ពស់សម្បើមណាស់។

រូបភាពពី៖ https://syr.us/m59
ជាងនេះទៅទៀត បើនិយាយពីចំនួនសេដ្ឋីនៅក្នុងប្រទេសវិញ តាមរបាយការណ៍បានបង្ហាញថាអ៊ីស្រាអែលមានសេដ្ឋីរហូតទៅដល់ ១៣១.០០០ នាក់ ហើយទ្រព្យសម្បត្តិរបស់ខ្លួនកំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័ស រដ្ឋជ្វីហ្វស្ថិតនៅលំដាប់ទី ២៣ ទូទាំងពិភពលោកលើចំនួនអ្នកមានសរុប ហើយប្រជាជនអ៊ីស្រាអែលទទួលបានទ្រព្យសម្បត្តិច្រើនជាងឆ្នាំមុនៗគឺច្រើនជាងពលរដ្ឋនៃប្រទេសស្ទើរតែទាំងអស់។ របាយការណ៍ប្រចាំឆ្នាំក៏បានបង្ហាញផងដែរថា អ៊ីស្រាអែលស្ថិតនៅលំដាប់ទី ២៣ ទូទាំងពិភពលោកលើចំនួនសេដ្ឋីសរុបរបស់ខ្លួន ហើយនៅឆ្នាំ ២០២៤ គេរំពឹងថានឹងមានមហាសេដ្ឋី ១៧៣.០០០ នាក់ដែលតំណាងឱ្យអត្រាកំណើន ៣២ ភាគរយ[12]។
ម្យ៉ាងវិញទៀត អ្នកមានភាគច្រើនដែលរស់នៅលើទឹកដីអាម៉េរិកជាជនជាតិជ្វីហ្វនេះមានន័យថា ជនជាតិជ្វីហ្វបានក្លាយជាក្រុមសាសនាដែលមានជាងគេបំផុតនៅក្នុងសង្គមអាម៉េរិក គឺស្មើនឹង២% នៃចំនួនប្រជាជនអាមេរិក និងត្រូវជា២៥%នៃជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិខ្ពស់ទាំង៤០០ នាក់[13]។ ការណ៍នេះ បានសេចក្តីថា អ្នកវិនិយោគនិងអ្នកមាននៅក្រៅប្រទេសអ៊ីស្រាអែលជាប្រភពថវិកា យ៉ាងសន្ធឹកក្នុងការបង្ហូរចូលក្នុងប្រទេសអ៊ីស្រាអែល។
ទិដ្ឋភាពទី៧– ជាទិដ្ឋភាពប្រវត្តិសាស្ត្រ ពិតមែនហើយ បើនិយាយពីប្រវត្តិសាស្ត្រ គេពិតជាចាំបានច្បាស់ណាស់ថា មួយថ្ងៃបន្ទាប់ពីបានប្រកាសឯករាជ្យអ៊ីស្រាអែល ត្រូវបានប្រទេសអារ៉ាប់ជិតខាង និងអារ៉ាប់ផ្សេងទៀតនៅក្នុងតំបន់លើកគ្នាទៅអ៊ីស្រាអែល ប៉ុន្តែវាមិនមែនជាការមកដើម្បីអបអរលើកស្រាសំប៉ាញជាមួយពលរដ្ឋអ៊ីស្រាអែលអំពីឯករាជ្យភាពនោះទេ តែវាជាការលើកទ័ពរួមគ្នាមកម្ទេចអ៊ីស្រាអែលទៅវិញ។ ភ្ញៀវដែលមកទាំងមិនបានអញ្ជើញទាំងនោះរួមមាន កងទ័ពអារ៉ាប់មកពីប្រទេស អេហ្ស៊ីប ហ្សកដានី លីបង់ ស៊ីរី និងអ៊ីរ៉ាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធរបស់ប៉ាឡេស្ទីន[14] ។ គ្រាន់តែរាប់ពីចំនួនក៏គេឃើញដែរថា៦ទល់នឹង១ តែអ្វីដែលគេមិនស្មានដល់នោះ គឺ១យកឈ្នះ៦ ដែលមានន័យថា ប្រទេសអ៊ីស្រាអែលជាអ្នកឈ្នះលើសមរភូមិប្រយុទ្ធ៦ ទល់នឹង១នេះ ក្រោយការធ្វើសង្គ្រាមអស់រយៈពេល៩ខែ។ នេះជាភាពជូរចត់មួយសម្រាប់ប្រទេសអារ៉ាប់ ដែលបានទទួលមេរៀនដ៏អាម៉ាស់មួយនេះ ព្រោះថាប្រទេសអារ៉ាប់មិនត្រឹមតែមិនអាចកម្ចាត់អ៊ីស្រាអែលចេញពីតំបន់ដើមបូព៌ា ដូចក្តីបំណងនោះទេ តែថែមទាំងត្រូវអ៊ីស្រាអែលវាយបំបាក់ឲ្យបរាជ័យ ហើយពង្រីកទឹកដីបានកាន់តែធំលើសពីអ្វីដែលបានកំណត់នៅក្នុងសេចក្តីសម្រេចរបស់អ.ស.ប កាលពីឆ្នាំ១៩៤៧ទៅទៀត។ សម្រាប់ប៉ាឡេស្ទីនវិញ រដ្ឋឯករាជ្យក៏មិនអាចបង្កើតឡើងបាន ដោយទឹកដីមួយផ្នែកត្រូវអ៊ីស្រាអែលកាត់យក ចំណែកឯទឹកដីដែលនៅសេសសល់ត្រូវស្ថិតក្រោមការកាន់កាប់របស់ប្រទេសអារ៉ាប់គ្នាឯង គឺតំបន់ហ្កាហ្សាស្ថិតក្រោមការកាន់កាប់របស់អេហ្ស៊ីប ចំណែកតំបន់ West Bank ឬ Cisjordanie ត្រូវស្ថិតក្រោមការកាន់កាប់របស់ហ្សកដានី[15]។ ប្រជាជនប៉ាឡេស្ទីនជាង ៧០ម៉ឺននាក់ ដែលរត់ភៀសខ្លួនក្នុងអំឡុងសង្រ្គាម ក៏មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានដោយស្រុកភូមិរបស់ពួកគេត្រូវក្លាយជាទឹកដីអ៊ីស្រាអែល។
បន្ទាប់មកទៀតនៅឆ្នាំ១៩៥៦[16] ពោលគឺក្នុងពេលដែលពិភពលោកកំពុងរងនូវឥទ្ធិពលនៃសង្គ្រាមត្រជាក់សហរដ្ឋអាម៉េរិក និងមហាអំណាចអឺរ៉ុប គឺបារាំង អង់គ្លេស ដោយឃើញនយោបាយប្រឹសពីររបស់អេហ្សីបដែលដឹកនាំដោយលោក Gamal Abdel Nasser ដែលទទួលជំនួយទាំងសងខាងគឺទាំងពីខាងសហភាពសូវៀត និងពីខាងសហរដ្ឋអាម៉េរិក ពេលនោះអ៊ីស្រាអែលដោយមានការសហការជាមួយបារាំង និងអង់គ្លេសក៏បានទៅលេងទឹកដីអេហ្ស៊ីបវិញម្តង។ នៅក្នុងសង្រ្គាមនេះអ៊ីស្រាអែល អង់គ្លេស និងបារាំង គឺជាអ្នកទទួលជោគជ័យ ដោយអាចវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗរបស់អេហ្ស៊ីប ជាពិសេស អ៊ីស្រាអែលបានវាយដណ្តើមកាន់កាប់តំបន់ស៊ីណៃ ។ ថ្វីត្បិតតែឈ្នះប្រទេសអេហ្សីបមែន តែសហគមន៍អន្តរជាតិ សហភាពសូវៀត និងសហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្តក៏រិះគន់សកម្មភាពឈ្លានពានទៅលើអេហ្ស៊ីបនេះដែរ។
ប្រទេសអារ៉ាប់នៅតែបន្តចិញ្ចឹមចិត្តចង់គម្ទេចអ៊ីស្រាអែលដដែល ហើយសង្រ្គាមអ៊ីស្រាអែល-អារ៉ាប់លើកទី៣ ក៏បានចាប់ផ្តើមឡើងពីថ្ងៃទី៥ដល់១០ ខែមិថុនា ឆ្នាំ១៩៦៧ គឺជាសង្គ្រាមដែលមានរយៈពេលតែ៦ថ្ងៃប៉ុណ្ណោះ[17]។ មិនខុសពីលើកមុនទេ សង្គ្រាមលើកទី៣នេះ គឺអ៊ីស្រាអែលជាអ្នកទទួលជោគជ័យ ដោយបានវាយដណ្តើមកាន់កាប់ទឹកដីហ្កាហ្សា និង West Bank/Cisjordanie របស់ប៉ាឡេស្ទីន តំបន់ស៊ីណៃរបស់អេហ្ស៊ីប និងតំបន់ខ្ពង់រាប Golan របស់ស៊ីរី។
ក្រោយមកទៀតនៅឆ្នាំ១៩៧៣ សង្គ្រាមលើកទី៤ ក៏បានកើតឡើងរវាង អេហ្ស៊ីប និងស៊ីរី វាយប្រហារទៅលើអ៊ីស្រាអែល ក្នុងគោលដៅដណ្តើមតំបន់ស៊ីណៃ និងខ្ពង់រាប Golan ពីអ៊ីស្រាអែលមកវិញ តែត្រូវបានកងទ័ពអ៊ីស្រាអែលវាយបកទៅវិញ[18]។
រីឯសង្គ្រាមលើកទី៥ កើតឡើងឆ្នាំ ១៩៨២ វាគឺជា សង្គ្រាមជាមួយលីបង់នៅថ្ងៃទី៥ ខែមិថុនាឆ្នាំ ១៩៨២ ជា សង្គ្រាមដែលមានរយៈពេលតិចជាង៦សប្តាហ៍ បន្ទាប់ពី. អ៊ីស្រាអែលដកខ្លួនចេញពីស៊ីណៃ ការកើនឡើងភាពតាន តឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានបណ្តាលឱ្យមានការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅទីក្រុងបេរូត និងភាគខាងត្បូងលីបង់ជាកន្លែងដែលអង្គការរំដោះប៉ាឡេស្ទីន (PLO) ដែលដឹកនាំដោយលោក Yasser Arafat [19]។ នៅថ្ងៃបន្ទាប់អ៊ីស្រាអែលបានលុកលុយលីបង់ហើយនៅថ្ងៃទី១៤ ខែមិថុនាកងកម្លាំងអ៊ីស្រាអែល បានវាយទៅដល់ជាយក្រុង Beirut ប៉ុន្តែរដ្ឋាភិបាលអ៊ីស្រាអែលបានយល់ព្រមបញ្ឈប់ការឈានទៅមុខរបស់ខ្លួនហើយ ចាប់ផ្តើមចរចាជាមួយ PLO ។ នៅទីបំផុតកងទ័ពអ៊ីស្រាអែលបានដកថយពីភាគខាងលិចបេរូត ហើយកងទ័ពអ៊ីស្រាអែលបានដកទ័ពទាំង ស្រុងចេញពីប្រទេសលីបង់នៅខែមិថុនាឆ្នាំ ១៩៨៥ ។
សង្គ្រាមលើកទី៦ នៅខែកក្កដា ២០០៦ ហេសបូឡាបានបើកប្រតិបត្តិការប្រឆាំងនឹងអ៊ីស្រាអែលក្នុងការប៉ុនប៉ងដាក់សម្ពាធឱ្យប្រទេសនេះ ដោះលែងអ្នកទោសលីបង់ដោយបានសម្លាប់ទាហានអ៊ីស្រាអែលជាច្រើននាក់។ អ៊ីស្រា- អែលបានបើកការវាយលុកចូលភាគខាងត្បូងប្រទេសលីបង់ ដើម្បីស្វែងរកទាហានដែលបានចាប់ខ្លួន។ សង្រ្គាមមាន រយៈពេល ៣៤ ថ្ងៃប៉ុន្តែបានធ្វើឱ្យប្រជាជនលីបង់ជាងមួយពាន់នាក់ស្លាប់ និងប្រហែលមួយលាននាក់ផ្សេងទៀតបានផ្លាស់ទីលំនៅ។
មេដឹកនាំអារ៉ាប់មួយចំនួនបានរិះគន់ហេសបូឡាចំពោះការញុះញង់ឱ្យមានជម្លោះ។ ទោះយ៉ាងណាសមត្ថ-ភាពរបស់ហេសបូឡាក្នុងការប្រយុទ្ធប្រឆាំងនឹងកងកំលាំងការពារជាតិអ៊ីស្រាអែល ដើម្បីទទួលបានការកោតសរសើរពាសពេញពិភពលោកអារ៉ាប់។ តាមពិតទៅ ហេស្បូឡា ជាចលនានយោបាយនិកាយឈីអ៊ីតនៅលីបង់។ ចលនានេះលេចជារូបរាងឡើងនៅឆ្នាំ១៩៨២ និងមានឈ្មោះជាផ្លូវការនៅឆ្នាំ១៩៨៥ ដើម្បីប្រឆាំងនឹងការឈ្លានពានអ៊ីស្រាអែលលើលីបង់។
ជារួមមក យើងអាចនិយាយបានថា អ៊ីស្រាអែល ថ្វីត្បិតតែជាប្រទេសតូច និងជាប្រទេសថ្មីថ្មោងនៅពិភពអារ៉ាប់មែន តែអ៊ីស្រាអែលជាប្រទេសតូចហើយខ្លឹម ប្រៀបបានដូចជាសឹង្ហនៅក្នុងព្រៃ ដែលមហាអំណាចក្នុងតំបន់មិនអាចមើលស្រាលបានឡើយ។
[1] worldometer, Israel Population (Live), avilable in https://www.worldometers.info/world-population/israel-population/, aceessed on May 18 ,2021 at 9. 30 am.
[2] Britannica, Israel, available in https://www.britannica.com/place/ Israel, aceessed on May 18 ,2021 at 9. 30 am.
[3] Adam Zeidan, Article History: Israel, revised 13 May 2021, available in https://www.britannica.com/place/Israel/additional-info#history , aceessed on May 18 ,2021 at 9. 30 am.
[4] សេង ឌីណា, នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅថ្ងៃអាទិត្យនេះ សេង ឌីណា សូមលើកឡើង អំពីដំណើររឿងនៃការបង្កើតរដ្ឋអ៊ីស្រាអែល នៅឆ្នាំ១៩៤៨, វិទ្យុបារាំងអន្តរជាតិ, ចុះផ្សាយថ្ងៃទី២ ខែកុម្ភៈ ២០១៥, available in : https://syr.us/1t5, accessed on May 17, 2021 at 10: 30 am។
[5] THE ISRAEL TIMES, Barghouti calls for Palestinian leadership primaries as heat turns up for Israel, https://syr.us/j5L,accessed on May 20, 2021 at 9: 30 am.
[6] ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ,កម្រងការស្រាវជ្រាវនិងវិភាគឆ្នាំ២០១៩, ភ្នំពេញ ២០២០, ទំព័រ១៧៤។
[7] THE TIME OF ISRAEL, Israel ranked world’s 8th most powerful country; no longer in Top 10‘movers,available in https:// syr.us /reL,accessed on May 19, 2021 at 19: 30 pm.
[8] GFP,2021 Israel Military Strength available in https://syr.us/Eqt, accessed on May 19, 2021 at 19: 30 pm.
[9] The Atlantic, Why Does the United States Give So Much Money to Israel?,on December16, 2016, available inhttps://www. The atlantic.com/interna tional/archive/ 2016/09/united-states-israel-memora ndum-of-understanding-military-aid/500192/ accessed on May 20, 2021 at 19: 30 pm.
[10] Institute of Policy Studies,Why US. support Israel, available in https://ips-dc.org/why_the_us_supports_israel/, accesed on May 20, 2021 at 11.30 am.
[11] The WORLD BANK,GDP per capita (current US$)- Israwl , avaialble in https://data.worldbank.org/indicator/ NY. GDP. PCAP. CD?locations=IL, accesed in May 20,2021 at 13. 30 pm.
[12] THE TIMES ISRAEL, Israel has 131,000 millionaires, and its wealth is growing quickly, report finds, October 22,2019, avaialble in https://syr.us/gDj, accesed in May 20,2021 at 13. 30 pm.
[13] Bussiness & Finance, How did American Jews get so rich?, available in https://syr.us/VAf, accesed in May 20,2021 at 13. 30 pm.
[14] Britannica, Arab-Israeli wars, available in https://syr.us/9vp, aceessed on May 18 ,2021 at 11:30 am.
[15] សេង ឌីណា, សង្រ្គាមរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់,វិទ្យុបារាំងអន្តរជាតិ, ចុះផ្សាយថ្ងៃទី៨ ខែកុម្ភៈ ២០១៥, available in :https://syr.us/yrH, accessed on May 18, 2021 at 11: 50 am
[16] Britannica, Arab-Israeli wars, available in https://www.britannica.com/event/Arab-Israeli-wars, aceessed on May 18 ,2021 at 16:30 pm.
[17] Britannica, Arab-Israeli wars, available in https://syr.us/9vp, aceessed on May 18 ,2021 at 16:30 pm.
[18] ibid
[19] History,PLO, available in https://syr.us/yfV, aceessed on May 18 ,2021 at 18:30 pm.
