កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ពិភពលោកមានការភ្ញាក់ផ្អើល ក្រោយឃើញព័ត៌មានចុះផ្សាយថា អ៊ុយក្រែនបើកការវាយប្រហារលើទីក្រុងមូស្គូ (Moscow) ដោយការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone)។   បើតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា មាន Drone ចំនួន៨គ្រឿងបានវាយប្រហារតំបន់នៅជាយក្រុងមូស្គូ ក៏ប៉ុន្តែ មិនបានបង្កឱ្យមានការខូចខាតធ្ងន់និងមានជនរងគ្រោះធ្ងន់ឡើយ។ អាជ្ញាធររុស្ស៊ី បានបញ្ជាក់ថា ការវាយប្រហារនេះជាទង្វើរបស់ទាហានអ៊ុយក្រែន តែខាងអ៊ុយក្រែនបានបដិសេធមិនទទួលខុសត្រូវ និងថាខ្លួនមិនពាក់ព័ន្ធក្នុងការវាយប្រហារនេះឡើយ([1])។  ការវាយប្រហារលើកនេះ គឺជាការវាយប្រហារលើកទីពីរចូលទឹកដីរុស្ស៊ី បន្ទាប់ពីការវាយប្រហារនៅតំបន់ Belgorod កាលពីអំឡុងខែមេសាឆ្នាំ២០២៣។

រូបភាពពីhttps://reurl.cc/K0bkjp   

ក្រោយមានហេតុការណ៍ វាយប្រហារមកលើទីក្រុងមូស្គូសាធារណជន មានការលើកឡើងនិងជជែកវែកញែកគ្នាជាច្រើនជុំវិញសមត្ថភាពរបស់កងព័ទអ៊ុយក្រែន ត្បិតគេសំអាងលើជំនួយបច្ចឹមប្រទេសលោកខាងលិច ដែលបានសម្រុកជាបន្តបន្ទាប់ផ្តល់ឱ្យអ៊ុយក្រែននូវគ្រឿងសព្វាវុធជាច្រើន។

ជាការពិតណាស់ រាល់ព្រឹត្តិការណ៍ដែលកើតឡើងរមែងតែងមានហេតុផលរបស់វា សំខាន់តើយើងមើលវាពីជ្រុងណាមួយនៃហេតុការណ៍នោះ ថាតើយើងមើលពីជ្រុងហេតុឬមើលពីជ្រុងផលរបស់វា?   ស្រដៀងគ្នានេះដែរ បើគ្រួសារមួយដែលឈ្លោះគ្នារវាងប្តីបិងប្រពន្ធ ប្រសិនបើយើងស្តាប់សម្តីរបស់ប្តី ច្បាស់ជាគាត់ត្រូវហើយប្រពន្ធជាអ្នកខុស ប៉ុន្តែបើយើងស្តាប់សម្តីប្រពន្ធវិញគឺថាប្តីទេជាអ្នកខុស។ ដូច្នេះ មុនពេលយើងវាយតម្លៃឬដាក់ចេញនូវសេចក្តីសន្និដ្ឋាន អំពីការវាយប្រហារនៅទីក្រុងមូស្គូកាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣ យើងគួរពិនិត្យមើលទិដ្ឋភាពមួយចំនួនជាមុនសិន។

ទី១ទិដ្ឋភាពភូមិសាស្ត្រ

អ៊ុយក្រែន និងរុស្ស៊ីមានព្រំដែនជាប់គ្នាសរុប​មានប្រមាណ ២,២៩៥ គីឡូម៉ែត្រ (១៤២៦ ម៉ាយ)  រីឯចម្ងាយពីទីក្រុងម៉ូស្គូទៅចំណុចជិតបំផុតនៅព្រំដែនអ៊ុយក្រែនគឺនៅតំបន់ភាគឦសានដែលមានចំងាយប្រហែល៤៥០ គីឡូម៉ែត្រ(២៨០ ម៉ាយ) ([2]) ។ ការណ៍នេះ នាំឱ្យគេគិតថា ការវាយប្រហារគឺអាចចេញពីចំណុចទាំងអស់នេះ ដែលគេប្រើប្រាស់ជាមូលដ្ឋាននៃការបញ្ជាDroneវាយប្រហារមកលើទីក្រុងមូស្គូ។ ប៉ុន្តែបើតាមប្រតិបត្តិការជាង១៥ខែក្រោយការចូលឈ្លានពានអ៊ុយក្រែន គឺទឹកដីជាប់ព្រំដែនជាច្រើនទីតាំង ភាគច្រើនជាទឹកដីដែលគាំទ្រដោយរុស្ស៊ី ។

រូបភាពពីhttps://reurl.cc/K0bkjp   

ទី២ ទិដ្ឋភាពDrone

បើតាមការវិភាគលើបំណែក Drone ដែលបានបាញ់ធ្លាក់ គឺថាDroneនោះ វាជាប្រភេទDrone UJ-22 ដែលផលិតដោយក្រុមហ៊ុនអ៊ុយក្រែនមានឈ្មោះថា Ukrjet Company.Drone។  ប្រភេទនេះ អាចផ្ទុកបានទំងន់២០គ.ម បញ្ជាដោយអ្នកបើកឬអ្នកបញ្ជាចំនួន៤នាក់ វាមានប្រវែងស្លាបសរុបចំនួន៥ម៉ែត្រ អាចហោះបានរយៈកម្ពស់ពី៥០ម៉ែត្រដល់៦ ០០០ ម៉ែត្រ វាមានសមត្ថភាពអាចហោះបានចំងាយ ៨០០ គ.ម ក្នុងល្បឿន ១២០ គ.ម និងអាចហោះបានរយៈពេល៧ម៉ោង ([3]) ។  Drone ប្រភេទនេះ អាចហោះប្រតិបត្តការបានទាំងពេលយប់និងពេលថ្ងៃ អាចប្រើសម្រាប់ទម្លាក់គ្រាប់ អាចផ្ទុកគ្រាប់ ៨២ ម.ម បានចំនួន៤គ្រាប់ ឬអាចផ្ទុក គ្រាប់PG-7VM បានចំនួន៦គ្រាប់តាមកាណុងបាញ់រ៉ុកកែត RPG-7។  បើយើងធ្វើការពិនិត្យលើរយៈចំងាយពីព្រំដែនអ៊ុយក្រែនទៅក្រុងមូស្គូ នៅត្រង់ចំណុចជិតបំផុត គឺមានចំងាយ៤៥០គ.ម។ ដូច្នេះបើDrone ហោះក្នុងល្បឿន ១២០ គ.មក្នុងមួយម៉ោង Drone ត្រូវការពេលវេលាដល់ទៅជាង៤ម៉ោង ទើបហោះដល់គោលដៅវាយប្រហារ។  ដូច្នេះតើ Drone            នេះអាចហោះបំបាំងកាយឬយ៉ាងណា? តើប្រព័ន្ធការពារដែនអាកាសរុស្ស៊ី មិនមានប្រសិទ្ធភាពទេឬ បានឱ្យDrone អ៊ុយក្រែនហោះចូលក្នុងដែនអាកាសរបស់ខ្លួនរហូតជាង៤ម៉ោង រួចបើកប្រតិបត្តិការវាយប្រហារដល់ទីក្រុងមូស្គូ ទើបអាចស្ទាក់និងបាញ់កំទេចបាន? តើប្រព័ន្ធការពារដែនអាកាស S-៤០០ បាត់ទៅណា? 

រូបភាពពីhttps://reurl.cc/K0bkjp   

ទី៣ ទិដ្ឋភាព ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី(S-៤00)

S-៤០០ ជាប្រព័ន្ធការពារដែនអាកាសដ៏មានប្រសិទ្ធភាពមួយរបស់រុស្ស៊ី ហើយត្រូវបានរៀបចំផលិតឡើងនៅក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០។ S-៤០០ ជាអ្នកបន្តវេនពីប្រព័ន្ធការពារដែនអាកាសS-២០០និងS-៣០០។ គេអាចនិយាយបានថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីទាំងអស់នេះ មានប្រសិទ្ធភាពខ្លាំងណាស់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។  S-៤០០ ត្រូវបានដាក់ឱ្យដំណើរលើកដំបូងនៅឆ្នាំ២០០៧ ដើម្បីការពារទីក្រុងមូស្គូ។ S-៤០០មានមីស៊ីល៤ប្រភេទមានរយៈ ចំងាយ៤០គ.ម, ១០០ គ.ម, ២០០គ.ម និង៤០០គ.ម ([4])

រូបភាពពីhttps://shorturl.at/dyIP6  

S-400 មានសមត្ថភាពបាញ់ទម្លាក់គោលដៅពីលើអាកាសជាច្រើន រួមទាំងយន្តហោះចម្បាំងបំបាំងកាយ យន្តហោះទម្លាក់គ្រាប់បែក នាវា និងមីស៊ីលផ្លោង (មីស៊ីលបាលីស្ទិក) និងសូម្បីតែយន្តហោះគ្មានមនុស្សបើក(UAVs) ([5]) ។ បើពិនិត្យទៅមើលសម្តថភាពរបស់ S-៤០០ ឃើញថា ជាបច្ចេកវិទ្យាមួយដែលអស្ចារ្យ និងមានសមត្ថភាពខ្លាំងណាស់ វាជារនាំងដែកការពារមូស្គូរាល់ការវាយប្រហារតាមដែនអាការ មកលើទីក្រុងមូស្គូ ហើយមីស៊ីលរបស់វាបាញ់បានដល់ទៅរយៈចំងាយ៤០០.គ.ម។  ដូច្នេះបើយើងមើលសតម្ថភាព Drone របស់អ៊ុយក្រែននៅចំណុចខាងលើគឺថា មិនអាចទៅរួចនោះទេជាមួយ S-400. ឬមួយនេះ ជំនួយបច្ចេកទេសរបស់ពួកបច្ចឹមប្រទេសខ្លាំង។

ទី៤ ទិដ្ឋភាព ជំនួយបច្ចឹមប្រទេស

ក្រោយពេលដែលរុស្ស៊ី បានចូលឈ្លានពានចូលទឹកដីអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២មក ប្រទេសលោកខាងលិចបានសន្យារផ្តល់សព្វាវុធ និងអាវុយុទ្ធភណ្ឌជាបន្តបន្ទាប់ដល់រដ្ឋាភិបាលក្រុងគីវ ជាពិសេស សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ប៉ូឡូញ និងអាល្លឺង់។

សហរដ្ឋអាម៉េរិក បានផ្តល់ជំនួយគិតជាទឹកប្រាក់អស់ចំនួនជាង៤៤,៣ ប៊ីលាន អឺរ៉ូ ([6]) ។ គ្រឿងសព្វាវុធដែលសហ     រដ្ឋាម៉េរិកផ្តល់ទៅអ៊ុយក្រែនមានដូចខាងក្រោម៖

រូបភាពពីhttps://shorturl.at/stwU0  

បន្ទាប់ពីសហរដ្ឋអាម៉េរិក គឺចក្រភពអង់គ្លេសដែលឈរលំដាប់លេខ២ ដោយបានផ្តល់ជំនួយមានទំហំទឹកប្រាក់ស្មើនឹង ២,៥ ប៊ីលាន អឺរ៉ូ    ក៏ប៉ុន្តែចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣មក ចក្រភពអង់គ្លេសបានឈរជាលំដាប់លេខ១ក្នុងការផ្តល់គ្រឿងសព្វាវុធ ក្រោយពីផ្តល់រថក្រោះទំនើប (Challenger 2s) ដល់អ៊ុយក្រែន([7])។ 

រូបភាពពីhttps://shorturl.at/stwU0  

ក្រៅពីនោះប្រទេសប៉ូឡូញ ផ្តល់ជំនួយយោធាមានចំនួនទឹកប្រាក់២.៤ពាន់លានអឺរ៉ូ រីឯអាល្លឺម៉ង់ផ្តល់ជាសម្ភារៈយោធាជាទំហំទឹកប្រាក់ស្មើនឹង២.៤ពាន់លានអឺរ៉ូ([8])។ 

រូបភាពពីhttps://shorturl.at/stwU0  

បើទោះអាវុធច្រើនបែបនេះ ក៏ពិតមែន ប៉ុន្តែអាវុធធ្ងន់ដែលអ៊ុយក្រែនចង់បាន និង​យន្តហោះ​ចម្បាំង​អាមេរិក F16 ប្រទេស​លោកខាងលិច នៅតែ​រារែកនៅឡើយ([9])។ មិនផ្តល់ព្រោះប្រទេសលោកខាងលិច បារម្ភអាចទាញខ្លួនឯង​ឲ្យជាប់ពាក់ព័ន្ធ​កាន់តែខ្លាំង​ ក្នុងសង្រ្គាមអ៊ុយក្រែន និង​អាច​បង្កើតជា​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ផ្ទាល់ ជាមួយ​រុស្ស៊ី ដែលអាច​បង្ក​ជា​សង្រ្គាមលោកលើកទី៣ ក៏ដូចជាសង្រ្គាមនុយក្លេអ៊ែរជាដើម។

ម្យ៉ាងវិញទៀត ​ស្តុកសព្វាវុធ​របស់​ប្រទេស​លោកខាងលិច​ដែល​កាន់តែ​ខើច ដោយ សារ​តែ​យកទៅជួយ​អ៊ុយក្រែន និង​ការផលិតមិនទាន់ពេលវេលា។ លើសពីនេះទៅទៀតបញ្ហា ​Logistic ក៏ទំនងជាមូលហេតុចំបងមួយដែរ។ ប្រទេស​លោកខាងលិច​យល់ថា យន្តហោះចម្បាំង​មិនមែនជា​ដំណោះស្រាយ​នៅចំពោះមុខទេ ព្រោះវា​ត្រូវការ​ចំណាយពេលវេលាយូរ ជាពិសេស ក្នុងការហ្វឹកហាត់​ពីឡុតអ៊ុយក្រែន​ឲ្យចេះ បើកយន្តហោះចម្បាំង​F-16 របស់​អាមេរិក ដែល​ត្រូវការ​ហ្វឹកហាត់​ដល់​ទៅ ៦ខែ​យ៉ាងតិច([10])

តាមរយៈគ្រឿងសព្វាវុធទាំងអស់នេះ យើងឃើញថាកម្លាំងទ័ព និងគ្រឿងសព្វាវុធអ៊ុយក្រែនហាក់នៅឆ្ងាយនៅឡើយបើយើងប្រៀបធៀបទៅនឹងកងទ័ពរុស្ស៊ី។ ដូច្នេះ តើអ៊ុយក្រែន មានសមត្ថភាពយ៉ាងណាហើយ ក្រោយទទួលបាននូវសព្វាវុធទាំងអស់នោះ ពីប្រទេសលោកខាងលិច?

រូបភាពពីhttps://shorturl.at/stwU0  

ទី៥ ទិដ្ឋភាព សមត្ថភាពកងទ័ពអ៊ុយក្រែន

ធ្លាប់ជារដ្ឋចំណុះរុស្ស៊ីក្នុងសម័យសហភាពសូវៀត អ៊ុយក្រែន ក៏ជាប្រទេសមួយដែលមានឧស្សាហកម្មផលិតអាវុធ និងមានសមត្ថភាពខ្លាំងមួយដែរនៅអឺរ៉ុបខាងកើត។កងទ័ពអ៊ុយក្រែនបានរាប់ចំនួនបុគ្គលិកយោធាប្រមាណ ៥០០ពាន់នាក់គិតត្រឹមឆ្នាំ ២០២៣នេះ ([11]) ។ ក្នុងនោះ ២០០ ពាន់នាក់ គឺជាបុគ្គលិកយោធាសកម្ម ហើយទាហាន ២៥០ ពាន់នាក់ គឺជាផ្នែកនៃកងកម្លាំងបម្រុងរបស់ប្រទេស។

ត្រង់នេះ បើយើងធ្វើការប្រៀបធៀប ជាមួយរុស្ស៊ីវិញ គឺថាប្រទេសរុស្ស៊ីមានយោធាសកម្មជាងច្រើនជាងអ៊ុយក្រែន ដល់ទៅ៤ដង តែចំនួនយោធាបម្រុងគឺមានចំនួនស្មើគ្នា។ ចំនួនទាហានសកម្មរបស់រុស្ស៊ីគឺធំជាងគេទី ៥ នៅទូទាំងពិភពលោក([12])។ បើយើងក្រឡេកមកមើលសព្វាវុធវិញ គឺថា អ៊ុយក្រែនមានរថក្រោះតិចជាងរុស្ស៊ី គឺមានចំនួន ១,៩ ពាន់គ្រឿងគិតត្រឹមឆ្នាំ ២០២៣ ដែលចំនួននេះ គឺតិចជាងចំនួនរុស្ស៊ីចំនួន៦ដង។

ក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២២មក ប្រទេសលោកខាងលិចមួយចំនួនបាន ប្រគល់រថក្រោះទៅឱ្យអ៊ុយក្រែន រួមមាន Leopard 2, Challenger 2 និង M1 Abrams ។ លើសពីនេះ អ៊ុយក្រែន បានទទួលរថពាសដែកប្រភេទផ្សេងទៀត ពីប្រទេសលោកខាងលិច ដូចជារថពាសដែក M133 ពីសហរដ្ឋអាមេរិក និងរថយន្តល្បាតការពារ Mastiff (6×6) ពីចក្រភពអង់គ្លេសផងដែរ([13])។ តារាងខាងក្រោមនេះ បង្ហាញអំពីការប្រៀបធៀបកម្លាំងទ័ពរវាងរុស្ស៊ីនិងអ៊ុយក្រែន។

រូបភាពពីhttps://shorturl.at/stwU0  
រូបភាពពីhttps://shorturl.at/stwU0  

ក្រៅពីចំនួននិងសមត្ថភាព ទ័ពរបស់រុស្ស៊ីដែល លើសប្រទេសអ៊ុយក្រែន មូស្គូនៅមានប្រវត្តិយ៉ាងអស្ចារ្យដែលគេមិនអាចវាយបំបែកបានឡើយរាប់តាំងពីសម័យបុរាណកាលមក។

ទី៦ទិដ្ឋភាព ប្រវត្តិសង្គ្រាមនៅទីក្រុងមូស្គូ

រុស្ស៊ី ជាប្រទេសមួយដែលរឹងមាំនិងខ្លាំងមិនមែនទើបតែពេលបច្ចុប្បន្ននេះទេ គឺមានសមត្ថភាពខ្លាំងតាំងពីអតីតកាលមកម្លេះ។  ស្តែងឡើងតាមរយៈព្រឹត្តិការណ៍ដែលបងធំនៅអឺរ៉ុបមានបំណងចង់វាយចូលទីក្រុងមូស្គូ គឺថ្នាក់ដឹកនាំបារាំងនៅឆ្នាំ ១៨១២ ណាប៉ូឡេអុងទី១បានលើកទ័ពវាយចូលទីក្រុងមូស្គូ ហើយនៅឆ្នាំ១៩៤១ ដោយអាល្លឺម៉ង់។

នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ១៨១២ ណាប៉ូឡេអុងទី១ បានឈ្លានពានប្រទេសរុស្ស៊ី([14]) ។ ក៏ប៉ុន្តែបារាំងមិនអាចយកជ័យជម្នះលើរុស្ស៊ីបានឡើយដោយសារ ការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញរបស់រុស្ស៊ី ហើយនៅក្នុងរដូវត្រជាក់កងទ័ពណាប៉ូឡេអ៊ុង ការខ្វះខាតការផ្គត់ផ្គង់ និងទីជំរក បូករួមនឹងការប្រយុទ្ធជាបន្តបន្ទាប់ ដោយកងកម្លាំងប្រយុទ្ធរបស់រុស្ស៊ីបានអូសបន្លាយដល់រដូវរងារធ្វើណាប៉ូឡេអុង មិនអាចយកឈ្នះបាន កងទ័ពបារាំងក៏បានចាប់ផ្តើមការដកថយទីវិញនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ១៨១២([15])

រូបភាពពី
https://shorturl.at/yPWZ7

រីឯសមរភូមិទីក្រុងមូស្គូ ជាសមរភូមិប្រយុទ្ធរវាងណាស៊ីអាល្លឺម៉ង់ និងសហភាពសូវៀត ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ១៩៤១ ដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៤២ ក្នុងអំឡុងសង្គ្រាមលោកលើកទី២។ អាឡឺម៉ង់បានវាយលុកទីក្រុងមូស្គូក្នុងខែកញ្ញាឆ្នាំ១៩៤១ បានពើបប្រទះនិងបញ្ហាដោយសារតែលក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់([16])

ក្នុងខែតុលា កងទ័ពអាឡឺម៉ង់បានឡោមព័ទ្ធកងកម្លាំងសូវៀតដ៏ ធំនៅ Viazma ប៉ុន្តែសូវៀតនៅតែប្រយុទ្ធដោយពន្យារពេលការរុលទៅមុខរបស់ណាស៊ី។ ទាហានអាឡឺម៉ង់បានទម្លុះខ្សែការពារហើយបានរុលទៅមុខទៅកាន់តែកៀកទីក្រុងមូស្គូ ពោលគឺក្នុងចម្ងាយ ១៥ ម៉ាយល៍ (២៤ គីឡូម៉ែត្រ)ប៉ុណ្ណោះ។

ទាហានអាឡឺម៉ង់បានជីករថក្រោះដែលជាប់គាំងនៅក្នុងព្រិលនាសមរភូមិ នៅសហភាពសូវៀតក្នុងខែធ្នូឆ្នាំ 1941។

រូបភាពពី ៖ https://shorturl.at/dAFTY

ក៏ប៉ុន្តែនៅដើមខែវិច្ឆិកា កងទ័ពអាឡឺម៉ង់មិនអាចតស៊ូប្រយុទ្ធបានមានការលំបាកក្នុងការបាញ់កាំភ្លើងដែលកក ព្រោះត្រជាក់ ក៏បានដកទ័ពថយចំងាយពី ១០០ ទី២០០ គ.ម ពីមូស្គូ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៤២។

ជារួមមក បើយើងផ្អែកមើលលើទិដ្ឋភាពទាំង៦ខាងលើយើងអាចសន្និដ្ឋានបានថា ការវាយប្រហារដោយ Drone នៅទីក្រុងមូស្គូកាលពីថ្អៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ទំនងជាការរៀបចំឈុតឆាកសម្តែងដែលគេរៀបចំឡើងដើម្បី បង្វែរការចាប់អាឬម្មណ៍របស់ប្រជាជនរុស្ស៊ីនៅទីក្រុងមូស្គូ, ឬអាចយកឡេសនេះ ដើម្បីបង្កើនការវាយប្រហារលើអ៊ុយក្រែនវិញ។

គន្ថនិទ្ទេស

  1. BBC:Moscow drone attack: Putin says Ukraine trying to frighten Russians,available in https://shorturl.at/hquXZ, aceessed on June 2 ,2023 at 14:30 pm.
  2. Distance Between Moscow and Ukraine Border,available in https://shorturl.at/opJP5 aceessed on June 2 ,2023 at 14:30 pm.
  3. The Guardian: Large-scale drone attack hits Moscow for first time in Ukraine war,available in https://reurl.cc/dDWVAk, aceessed on June 2 ,2023 at 14:30 pm.
  4. businessline: Explainer: The S-400 Triumf Russian missile system,available in  https://shorturl.at/dyIP6, aceessed on June 2 ,2023 at 14:30 pm.
  5. euronews.: Which countries are sending heavy weapons to Ukraine, and is it enough? available in https://shorturl.at/stwU0, aceessed on June 9 ,2023 at 9:00 am.
  6. ឈាង បុប្ផា, សម្ព័ន្ធមិត្តអ៊ុយក្រែនជួបប្រជុំគ្នានៅអាល្លឺម៉ង់សាជាថ្មីដើម្បីនិយាយពីការផ្តល់អាវុធ​ទៅជួយអ៊ុយក្រែន, វិទ្យុបារាំងអន្តរជាតិ (rfi) ចុះផ្សាយថ្ងៃទី ២១ មេសា ២០២៣, available in https://shorturl.at/aeCG4, , aceessed on June 9 ,2023 at 9:00 am.
  7. statista.: Comparison of military capabilities of Russia and Ukraine 2023, available in https://shorturl.at/lnrC0, aceessed on June 9 ,2023 at 9:00 am.
  8. History: Why Napoleon’s Invasion of Russia Was the Beginning of the End ? ,available https://www.history.com/news/napoleons-disastrous-invasion-of-russia, aceessed on June 9 ,2023 at 9:00 am.
  9. Britannica: History of Moscow, available in https://shorturl.at/evxKM, aceessed on June 9 ,2023 at 9:00 am.
  10. https://shorturl.at/dAFTY
  11. https://shorturl.at/yPWZ7