ស្ថិតនៅក្នុងទ្វីបអាហ្វ្រិកខាងលិច និងជាប្រទេសដែលមិនមានព្រំដែនសមុទ្រ បួគីណាហ្វាសូ ជាប្រទេសមួយដែលមានផ្ទៃដីសរុបចំនួន ១០៤,៥៤២ គីឡូម៉ាល (២៧០,៧៦៤ គ.ម.ក្រឡា) និងមានប្រជាជនសរុបប្រមាណជាង ២៤,០៧១,០០០ នាក់។ [1] បួគីណាហ្វាសូ មានព្រំដែនខាងជើងនិងខាងលិចជប់ប្រទេសម៉ាលីខាង ជើងឈាងខាងកើត(តំបន់ឥសាន)ជាប់ប្រទេសនីហ្សេ ហើយតំបន់ភាគអាគ្នេយ៍ជាប់នឹងប្រទេសបេណាំង និងខាងត្បូងជាប់៣ប្រទេសមាន កូតឌីវ័រ ហ្កាណា និងកុងហ្គោ។ 

បើទោះបីជាប្រទេសនេះគ្មានព្រំដែនជាប់សមុទ្រក៏ដោយ ក៏ប្រទេសបួគីណាហ្វាសូបានក្លាយទៅជាតំបន់ទ្រនាប់មួយដែលរងនូវការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្មុគ្រស្មាញ និងពិបាកយល់រវាងបារាំង,រុស្ស៊ី,ចិន, សហរដ្ឋអាម៉េរិកនិងសហភាពអឺរ៉ុប។

ដូច្នេះ ដើម្បីមានមូលដ្ឋានក្នុងការវិភាគពីស្ថានការណ៍ប្រទេសបួគីណាហ្វាសូ ក៏ដូចជាកាប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសមួយនេះ យើងនឹងមើលលើទិដ្ឋភាព៣ គឺ ទិដ្ឋភាពប្រវត្តិសាស្ត្រនិងនយោបាយ,ស្ថានភាពសង្គមនិងនយោបាយផ្ទៃក្នុង, ឥទ្ធិពលបរទេសនិងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ។

រូបភាពពី ៖ https://www.britannica.com/place/Burkina-Faso

១. ទិដ្ឋភាពប្រវត្តិសាស្ត្រនិងនយិបាយរបស់ប្រទេសបួគីណាហ្វាសូ

កាលដើមឡើយ ពោលគឺ នៅសតវត្សន៍ទី១១ បួគីណាហ្វាសូ មានឈ្មោះដើមថា ព្រះរាជាណចក្រមូស៊ី (Mossi)  លុះដល់សតវត្សរ៍ទី១៩ រាជាណាចក្រមួយនេះ ស្ថិតនៅក្រោមអាណានិគមន៍បារាំងពីឆ្នាំ១៨៩៦ ដល់ឆ្នាំ១៩៦០ នាអំឡុងពេលនោះបារាំងបានដាក់ឈ្មោះថ្មីថា អាប់ភើវ៉ុលតា (Upper Volta/Haute-Volta) ។ ប្រធានាធិបតីដំបូងដែលដឹកនាំប្រទេសក្រោយទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦០ គឺលោក Maurice Yameogo ជាអកុសលលោកប្រធានាធិបតីទី១នេះ ត្រូវបានគេផ្តួលរំលំនៅឆ្នាំ១៩៦៦  ដោយសាររបបផ្តាច់ការនិងវិបត្តិសេដ្ឋកិច្ច។  ស្ថានភាពនៃការធ្វើរដ្ឋប្រហារនិងរដ្ឋាភិបាលស៊ីគឺកើតមានឡើងជាញឹកញាប់ពេញទសវត្សរ៍ឆ្នាំ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ១៩៨០។ [2]

ក្នុងឆ្នាំ១៩៨៣ រដ្ឋប្រហារមួយទៀតត្រូវបានដឹកនាំដោយលោកមេបញ្ជាការ Thomas Sankara។ ក្នុងនាមជាមេដឹកនាំថ្មី លោកបានធ្វើកំណែទម្រង់ស៊ីជម្រៅយ៉ាងខ្លាំង ដោយកត់សម្គាល់ដូចខាងក្រោម៖

  • នៅក្នុងឆ្នាំ១៩៨៤លោកបានដាក់ឈ្មោះប្រទេសនេះជាផ្លូវការថា«បួគីណាហ្វាសូ»។ 
  • គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់លោកគឺ ជំរុញការប្រឆាំងចក្រពត្តិនិយម, គោលនយោបាយជំរុញការភាពជាម្ចាស់លើខ្លួនឯង, គោលនយោបាយលើកកម្ពស់សិទ្ធិស្ត្រី, គោលនយោបាយជំរុញការការចាក់វ៉ាក់សាំង និងគោលនយោបាយលើយុទ្ធនាការបរិស្ថាន។
  • កាត់បន្ថយអំពើពុករលួយក្នុងជួររដ្ឋាភិបាល និងលុបបំបាត់អភ័យឯកសិទ្ធិឥស្សរជនជាច្រើន។ 

បើទោះបីជាលោកមានមហ្ឆិតាខ្លាំងចំពោះជាតិក៏ដោយ ក៏ការកាន់តំណែងរបស់លោកប្រធានាធិបតីThomas Sankara បានយូរឡើយ ដោយលោកThomas Sankaraត្រូវបានមនុស្សជំនិតរបស់លោកធ្វើឃាតនៅឆ្នាំ១៩៨៧[3] ក្នុងពេលធ្វើរដ្ឋប្រហារទំលាក់លោកចេញពីតំណែង ហើយអ្នកដែលសំលាប់លោកThomas Sankara គឺលោក Blaise Compaore បន្ទាប់មកលោក Blaise Compaoreបានឡើងកាន់អំណាចជាប្រធានាធិបតី បួគីណាហ្វាសូ។ លោក Blaise Compaore ហាក់កាន់តំណែងជាប្រធានាធិបតីបានយូរជាងគេ បើធៀបជាមួយប្រធានាធិបតីមុនៗ ដោយលោកបានកាន់តំណែងជាប្រធានាធិបតីអរស់រយៈពេល២៧ឆ្នាំ ពោលគឺពីឆ្នាំ១៩៨៧-២០១៤។ ការគ្រប់គ្រងអស់រយៈពេល២៧ឆ្នាំនេះ គឺហាក់ធ្វើឱ្យស្ថេរភាពនយោបាយនៅបួគីណាហ្វាមានលំនឹងបានល្អ ប៉ុន្តែការដឹកនាំរបស់គាត់ត្រូវបានគេសំគាល់ឃើញថា បានងាករេចង្កូតទៅទម្រង់របបផ្តាច់ការផងដែរ។ រីឯក្នុងវិស័យសេដ្ឋកិច្ចវិញ លោកCompaore បានធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលអនុញ្ញាតឱ្យមានការវិនិយោគបរទេសកាន់តែច្រើន។  លោកបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាច្រើនដង ក្នុងគោលបំណងដើម្បីបន្តអាណត្តិប្រធានាធិបតីរបស់ខ្លួន។ កាយវិការទាំងអស់នេះ ត្រូវបានរងការចោទ​ប្រកាន់​ពី​បទ​គាប​សង្កត់ និងការធ្វើឱ្យលំហរប្រជាធិបតេយ្យកាន់តែមានភាពរួមតូច។ ដូច្នេះហើយ ទើបនៅឆ្នាំ២០១៤លោកត្រូវបានពលរដ្ឋធ្វើបាតុកម្មទម្លាក់ចេញពីតំណែង បន្ទាប់ពីលោកព្យាយាមស្វែងរកវិធីដើម្បីអាណត្តិទីប្រាំរបស់គាត់។

បន្ទាប់មកនៅចន្លោះឆ្នាំ២០១៥ ដល់២០២១ ស្ថនាភាពនយោបាយរបស់ប្រទេសបួគីណាហ្វសូ ក៏ហាក់ធ្លាក់ក្នុងភាពរប៉ាក់រប៉ើកជាថ្មីបន្តទៀត។ នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Roch Marc Christian Kaboré  រដ្ឋាភិបាលចុះឱនភាពខ្លាំងស្របពេលស្ថានភាពនយោបាយក្នុងតំបន់មានភាពតានតឹង គឺនៅចំពោះមុខការបះបោររបស់ពួកជីហាដ ដោយក្រុមនេះបានភៀសខ្លួនចេញពីប្រទេសម៉ាលី និងពីប្រទេសនីហ្សេ។ ក្រុមឧទ្ទាមជីហាដ​បាន​កាន់កាប់ទឹកដីនៅតាម​តំបន់​ជនបទ​ធំៗមួយចំនួន។ 

គឺផ្តើមចេញពីអស្ថេរភាពសង្គម ការបាត់បង់ទឹកដីនិងស្ថានភាពសេដ្ឋកិច្ចមិនអំណោយផលនេះហើយ វាបានក្លាយទៅជារបៀបវារៈនយោបាយសម្រាប់អ្នកស្នេហាជាតិប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាល ជាលទ្ធផលនៅក្នុងខែមករា ឆ្នាំ២០២២ លោកប្រធានាធិបតី Kaboré ត្រូវបានគេផ្ដួលរំលំដោយ រដ្ឋប្រហារយោធាដែលដឹកនាំដោយវរសេនីយ៍ទោ Paul-Henri Damiba ។ ហើយអ្វីដែលនឹកស្មានមិនដល់នោះ គឺនៅខែកញ្ញា ឆ្នាំ ២០២២ ដដែល លោកប្រធានាធិបតី Damiba ត្រូវបានបណ្តេញចេញពីតំណែងប្រធានាធិបតី ដោយរដ្ឋប្រហារយោធាមួយទៀតដឹកនាំដោយលោកមេបញ្ជាការ អ៊ីប្រាហ៊ីម ថោរ៉េ (Ibrahim Traoré) វ័យ៣៧ឆ្នាំ [4] ។ របប​យោធា​ថ្មីនេះ ​បានរឹតបន្តឹង​សន្តិសុខ​ និងយកបញ្ហាបណ្តេញ​កងកម្លាំង​បារាំងចេញពីប្រទេសជាកម្មវិធីនយោបាយ ដើម្បីទាញការគាំទ្រពីប្រជាពលរដ្ឋ និងបានបង្កើនភាពជិតស្និទ្ធ​ជាមួយ​ប្រទេសរុស្ស៊ី។ ម្យ៉ាងវិញទៀត លោកអ៊ីប្រាហ៊ីម ថោរ៉េ ក៏បានពន្យារពេល បោះឆ្នោតតាមលំនាំបែបប្រជាធិបតេយ្យថែមទៀតផង។   បើទោះបីជាធ្វើរដ្ឋប្រហារដោយយោធាក៏ដោយ កឺទឹកដីផ្នែកខ្លះនៃប្រទេសនេះវិញ គឺនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ពួកជីហាដដែល។

ជារួមមក តាំងពីសម័យប្រវត្តិសាស្ត្រមក ស្ថេរភាពសង្គមនិងនយោបាយប្រទេសបួគីណាហ្វាសូ គឺពោរពេញដោយអំពើហិង្សា ការធ្វើសង្គ្រាមផ្ទៃក្នុង និងការធ្វើរដ្ឋប្រហារ ដើម្បីដណ្តើមអំណាច។ ការណ៍នេះ ទើបធ្វើឱ្យប្រទេសមួយនេះ ក្លាយជាប្រទេសខ្សោយ ដើរទៅរកភាពរីកចម្រើនក្នុងល្បឿនមួយយឺត និងបានជំរុញឱ្យបរទេសពីខាងក្រៅមានឡេស ដើម្បីពង្រីកឥទ្ធិពលចូលមកក្នុងប្រទេសក៏ដូចជានយោបាយផ្ទៃក្នុងរបស់ខ្លួន។  

២.ទិដ្ឋភាពសង្គមនយោបាយប្រទេសបួគីណាហ្វាសូ ក្នុងឆ្នាំ២០២៥

នាដើមឆ្នាំ២០២៥នេះ ទិដ្ឋភាពនយោបាយរបស់ប្រទេស Burkina Faso គឺបន្តការគ្រប់គ្រងដោយយោធា ហើយបញ្ហាអសន្តិសុខវិញក៏មានការកើនឡើង រីឯនោយបាយការបរទេសការផ្លាស់ប្តូរសម្ព័ន្ធភាពអន្តរជាតិគួរឱ្យកត់សម្គាល់ផងដែរ។

២.១. ការដឹកនាំរបស់លោកប្រធានាធិបតី អ៊ីប្រហ៊ីម ថោរ៉េ (Ibrahim Traoré)

លោកប្រធានាធិបតី Ibrahim Traoré បានក្លាយជាមេដឹកនាំប្រទេស Burkina Faso ក្រោយពេលដឹកនាំធ្វើរដ្ឋប្រហារក្នុងខែកញ្ញា ឆ្នាំ ២០២២មកដល់បច្ចុប្បន្ន(២០២៥)។ លោក បានប្រកាន់ជំហរអាហ្រ្វិកនិយម និងប្រកាន់នយោបាយប្រឆាំងលោកខាងលិច ដោយលោកយកគម្រូតាមអតីតមេដឹកនាំបដិវត្ត Thomas Sankara [5]។ មិនត្រឹមប៉ុណ្ណោះ រដ្ឋាភិបាលរបស់ Traoré បានបណ្តេញកងកម្លាំងបារាំងចេញពីប្រទេសរបស់ខ្លួន និងបានងាកចង្គូតប្រទេសទៅកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី។  ជាលត្ធផល បួគីណាហ្វាសូទទួលបានការគាំទ្រផ្នែកយោធាពីរុស្ស៊ី និងបានចូលរួមក្នុងការបណ្តាក់ទុនរួមគ្នាជាមួយគ្នា រួមទាំងគម្រោងរុករកធនធានរ៉ែផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលលោក Traoré ប្រឈមមុខនឹងការរិះគន់ពីបន្តាប្រទេសលោកសេរី ចំពោះការរំលោភសិទ្ធិមនុស្ស រួមទាំងការបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយ ការប្រឆាំងនយោបាយបក្សប្រឆាំង និងការបរាជ័យក្នុងការស្តារសន្តិសុខនៅក្នុងប្រទេស។

២.២ បញ្ហាសន្តិសុខ

បញ្ហាសន្តិសុខនៅប្រទេសបួគីណាហ្វាសូ ក៏មិនមានភាពល្អប្រសើរប៉ុន្មានដែរ បើទោះបីជាប្រទេសនេះគ្រប់គ្រងដោយរបបយោធាយ៉ាងក្តី ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន។  យ៉ាប់ យ៉ឺនដោយក្រុមប្រដាប់អាវុធអ៊ីស្លាមនិយមដូចជា Jama’ at  Nasr al-Islam wal-Muslimin (JNIM) បានធ្វើការវាយប្រហារយ៉ាងសាហាវនៅក្នុងទឹកដីបួគីណាហ្វាសូ។ ជាក់ស្តែងនៅក្នុងខែមីនា ឆ្នាំ២០២៥  ទាហានជាង៦០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Diapaga ហើយនៅក្នុងខែឧសភា មនុស្សជាង ១០០ នាក់បានស្លាប់នៅក្នុងការវាយប្រហារ លើតំបន់ Djibo [6]។ ម្យ៉ាងវិញទៀត យុទ្ធសាស្ត្រប្រឆាំងនឹងការបះបោររបស់រដ្ឋាភិបាលយោ ធារបស់លោកប្រធានាធិបតី ថោរ៉េ ក៏ត្រូវរងការរិះគន់ថា បណ្តាល ឱ្យមានជនស៊ីវិលស្លាប់និងរបួស និងជំរុញឱ្យមាន អំពើហិង្សាកាន់តែខ្លាំង។

២.៤ នយោបាយការបរទេសរបស់ប្រទេសបួគីណាហ្វាសូ 

ប្រទេស Burkina Faso ប្រទេសម៉ាលី និងនីហ្សេរីយ៉ា បានដកខ្លួនចេញពីសហគមន៍សេដ្ឋកិច្ច នៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS)  ហើយបានបង្កើតសម្ព័ន្ធភាពរដ្ឋ Sahel (AES) [7]។ ប្លុកថ្មីនេះ មានគោលបំណង ដើម្បីរក្សាស្ថិរភាពក្នុងតំបន់និងឯករាជ្យភាពខាងសេដ្ឋកិច្ច រួមទាំងផែនការបង្កើត កងកម្លាំងយោធារួម និងរូបិយប័ណ្ណរួមទៀតផង។ ជាមួយគ្នានេះ AES ក៏​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ដោយ​បាន​ឃ្លាតឆ្ងាយពី​ឥទ្ធិពល​លោកខាងលិច​ថែមទៀតផង។ 

ប្រទេស Burkina Faso បានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីយ៉ាងខ្លាំង ដោយស្វែងរកជំនួយផ្នែកយោធា និងភាពជាដៃគូសេដ្ឋកិច្ច។ ដោយមានទាំងការដាក់ពង្រាយទីប្រឹក្សាពីយោធា រុស្ស៊ី ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់រុករកធនធានរ៉ែលីចូមនិងអ៊ុយរ៉ាញ៉ូម[8]។ កិច្ចសហការនេះត្រូវបានពង្រឹងបន្ថែមទៀតក្នុងអំឡុងពេលវេទិកាសន្តិសុខនៅទីក្រុងមូស្គូ ជាកន្លែងដែលរុស្ស៊ីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្ររដ្ឋ Sahe។ 

ជារួមមក បួគីណាហ្វាសូ ហាក់កំពុងជំនះនឹងវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរដូចជា ការបះបោរភេរវករដែលកំពុងបន្តកើតមានឡើង ទី២អស្ថិរភាពនយោបាយក្រោមការគ្រប់គ្រងរបស់យោធាទី៣, វិបត្តិមនុស្សធម៌ (ការផ្លាស់ទីលំនៅ ភាពអត់ឃ្លាន) ទី៤វិបត្តិអាកាសធាតុ(គ្រោះរាំងស្ងួត លំហរវាលខ្សាច់) និងទី៥ហេដ្ឋារចនាសម្ព័ន្ធមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំ/ការថែទាំសុខភាពនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។

Sahel គឺជាទីតាំងភូមិសាស្ត្រអន្តរកាលមួយនៅក្នុងទ្វីបអាហ្រ្វិក ដែលមានទីតាំងនៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា និងភាគខាងជើងនៃវាលស្មៅសាវ៉ាណា (Savannah)។ វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងភូមិសាស្ត្រនយោបាយអាហ្រ្វិក ក៏ដូចជាបញ្ហាអាកាសធាតុ និងសន្តិសុខ។

តើអ្វីទៅជាបណ្តារដ្ឋ Sahel?

តំបន់Sahel ជាតំបន់ពាក់កណ្តាលស្ងួត មានប្រវែងប្រហែល ៥,៤០០ គីឡូម៉ែត្រ និងទទឹង ៥០០-៧០០ គីឡូម៉ែត្រ បង្កើតជាខ្សែក្រវាត់មួយរវាងវាលខ្សាច់សាហារ៉ា (ភាគខាងជើង) និងវាលសាវ៉ាណា (នៅភាគខាងត្បូង)។ វាលាតសន្ធឹងពីខាងលិចទៅអាហ្វ្រិកខាងកើត  មានប្រទេសចំនួន រួមមានសេណេហ្គាល់, ម៉ូរីតានី, ម៉ាលី, ប៊ូគីណាហ្វាសូ, នីហ្សេរីយ៉ា, ឆាដ, ស៊ូដង់ និងប្រទេស អេរីទ្រា។ 

Sahel គឺជាផ្លូវដ៏សំខាន់មួយសម្រាប់ជនចំណាកស្រុកដែលធ្វើដំណើរទៅកាន់អាហ្វ្រិកខាងជើង និងអឺរ៉ុប ជាញឹកញាប់ឆ្លងកាត់ប្រទេសលីប៊ី។ ការធ្វើចំណាកស្រុកត្រូវបានជំរុញដោយភាពក្រីក្រ ជម្លោះ និងការដួលរលំនៃបរិស្ថាន។

មិនត្រឹមប៉ុណ្ណោះតំបន់នេះ បានក្លាយជាតំបន់ប្រកួតប្រជែងគ្នារបស់មហាអំណាច បារាំង រុស្ស៊ី អាមេរិក និងចិន ប្រកួតប្រជែងដណ្តើមឥទ្ធិពលនៅទីនេះ។ ប្រតិបត្តិការ Barkhane របស់បារាំង (២០១៤-២០២២) និងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យមានស្ថិរភាពក្នុងតំបន់។ រីឯ  រុស្ស៊ីក៏​បាន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន ​តាមរយៈ​ភាពជា​ដៃគូ​យោធា​ក្នុង​ប្រទេស​ម៉ាលី និង​ប៊ូគីណាហ្វាសូនេះឯង។

រូបភាពពី ៖ https://shorturl.at/ko3rf

៣.ឥទ្ធិពលបរទេសនិងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងប្រទេសបួគីណាហ្វាសូ

ភូមិសាស្ត្រនយោបាយប្រទេស Burkina Faso ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយសារ កត្តាទីតាំងភូមិសាស្រ្តរបស់ខ្លួននៅតំបន់ Sahelដែលជាតំបន់ទ្រប់កណ្តាលរវាងអេកូឡូស៊ីវាលខ្សាច់សាហារា និងតំបន់វាលស្មៅសាវ៉ានណា (Savannah), កត្តាអស្ថិរភាពនយោបាយផ្ទៃក្នុង, កត្តាអំពើភេរវកម្មនិងការបះបោរ, ព្រមទាំងកត្តាប្រកួតប្រជែងឥទ្ធិពលគ្នារបស់មហាអំណាចពីខាងក្រៅនៅតំបន់អាហ្វ្រិកខាងលិច។  មិនត្រឹមតែប៉ុណ្ណោះ បួគីណាហ្វាសូ ក៏បានក្លាយជាតំបន់ទ្រនាប់រវាងអាហ្វិ្រកខាងជើង និងអនុតំបន់វាលខ្សាច់សាហារ៉ាផងដែរ ការណ៍នេះនាំឱ្យប្រទេសនេះក្លាយជាទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងទិដ្ឋភាពសន្តិសុខតំបន់។

លើសពីនេះទៅទៀត ការចងសម្ព័ន្ធថ្មីរវាងម៉ាលី នីហ្សេ និងបួគីណាហ្វាសូ ដោយប្រើប្រាស់រូប័យប័ណ្ណរួមនិងយោធារួមគ្នា គឺជាសញ្ញាននៃរបត់ថ្មីមួយ ដែលសម្ព័ន្ធមិត្តថ្មីនេះ ហាក់ជាការប្រកួតប្រជែងមួយនៅក្នុងតំបន់រដ្ឋ Sahel ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការអាហ្វ្រិក។ របត់ថ្មីនេះ ប្រៀបបានទៅនឹងការទះកំភ្លៀងអំណាចលោកខាងលិចនិងសហរដ្ឋអាម៉េរិកផងដែរ។ ម្យ៉ាងវិញទៀត សម្ព័ន្ធមិត្តថ្មីនេះបានចាប់យករុស្ស៊ីជាខ្នងបង្អែកនិងចាប់យកចិនជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជានយោបាយពហុប៉ូលថ្មីមួយទៀត ដែលហាក់ជាចំណុចរបត់ថ្មីនៃភូមិសាស្ត្រនយោបាយមហាអំណាចនៅទ្វីបអាហ្វ្រិក ដែលពោរពេញដោយភាពប្រទាក់ក្រឡានិងស្មុគ្រស្មាញ។  

៣.១. ឥទ្ធិពលប្រទេសបារាំង

ដោយផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្ត្រ បារាំងបានជាន់ដែនដី បួគីណាហ្វាសូ ដំបូងនិងបានដាក់អាណានិគមន៍ប្រទេសនេះនៅសតវត្សរ៍ទី១៩ ពោលគឺឆ្នាំ១៨៩៦ ហើយបានប្រគល់ឯករាជ្យ ឱ្យប្រទេសបួគីណាហ្វាសូវិញនៅឆ្នាំ១៩៦០។ បន្ទាប់ពីប្រទេស Burkina Faso ទទួលបានឯករាជ្យពីប្រទេសបារាំង ប្រទេសបារាំងបានរក្សាទំនាក់ទំនងយោធា និងនយោបាយយ៉ាងជិតស្និទ្ធជាមួយប្រទេសនេះដដែល ដូចជា ការបណ្តុះបណ្តាល និងការគាំទ្រសម្រាប់កងកម្លាំង Burkinabe , ការ​ចូល​រួម​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រឆាំង​អំពើ​ភេរវកម្ម​ក្នុង​តំបន់, ការចូលទៅកាន់មូលដ្ឋានទ័ព និងអាកាសយានដ្ឋាន។ 

ម្យ៉ាងវិញទៀត កងកម្លាំងបារាំងមានវត្តមានជាចម្បងសម្រាប់ជាផ្នែកមួយនៃប្រតិបត្តិការ Barkhane ដែលជាប្រតិបត្តិការប្រឆាំងភេរវកម្មដ៏នៅក្នុងSahel។ ក្នុងឆ្នាំ២០១៤ ប្រទេសបារាំងបានចាប់ផ្តើមប្រតិបត្តិការ Barkhane ដែលជាប្រតិបត្តិការប្រឆាំងការបះបោរដែលផ្តោតលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅទូទាំងតំបន់ Sahel ។ ជាផ្នែកនៃប្រតិបត្តិការនេះ កងកម្លាំងពិសេសរបស់បារាំងប្រមាណ ៤០០នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេស Burkina Faso ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ ដូចជា Jama’at Nasr al-Islam wal-Muslimin (JNIM) និងក្រុមរដ្ឋអ៊ីស្លាមនៅ Greater Sahara (ISGS)។  ទោះបីជា Burkina Faso មិនមែនជាមូលដ្ឋានសំខាន់ក៏ដោយក៏ដោយចុះ ក៏ប្រទេសបារាំងបានពង្រាយវត្តមានកងទ័ពអង្គភាពគាំទ្រការស៊ើបការណ៍សម្ងាត់ វត្តមានកងទ័ពប្រតិបត្តិការពិសេស ការសម្របសម្រួលជាមួយBurkinabe និងកងកម្លាំងអន្តរជាតិជាដើម នៅលើទឹកដីបួរគីណាហ្វាសូនេះ។ 

ក៏ប៉ុន្តែស្ថានភាពបានវិវត្តថ្មី ពោលគឺនៅដើមឆ្នាំ ២០២៣ របបយោធារបស់ Burkina Faso លោកមេបញ្ជាការ Ibrahim Traoré បានបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយបារាំង ដោយបានបណ្តេញកងទ័ព និងបុគ្គលិកបារាំងទាំងអស់ចេញពីប្រទេស, ហើយបិទបេសកកម្មយោធាបារាំង ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Ouagadougou។ ការណ៍នេះ ​ជា​ផ្នែក​មួយ​នៃ​ជំហរ​ប្រឆាំង​បារាំង​កាន់តែ​ទូលំទូលាយនៅក្នុងតំបន់នៃរដ្ឋ Sahel ដោយទំនោរនេះមានផងដែរនៅប្រទេសម៉ាលលី និងប្រទេសនីហ្សេ [9]។ បារាំងបានពង្រាយពទ័របស់ខ្លួននៅប្រទេស ម៉ាលី នីហ្សេ និង បួគីណាហ្វាសូ គឺមិនមែនជារឿងចៃដន្យឡើយ ព្រោះថាប្រទេសទាំងបីនេះ ហាក់ប្រៀបបានជាសសរស្តំយុទ្ធសាស្ត្រទាំងបីនៅក្នុងតំបន់Sahel។

ទាំងអស់នេះ សរបញ្ជាក់ឱ្យឃើញពីការធ្លាក់ចុះនៃឥទ្ធិពលបារាំងនៅក្នុងបណ្តាប្រទេស Sahel និយាយជារួម ជាពិសេសក្នុងប្រទេសបួគីណាហ្វាសូនិយាយដោយឡែក។  

ផ្ទុយពីបារាំង រុស្ស៊ីហាក់ពង្រីកឥទ្ធិពលកាន់តែនៅក្នុងតំបន់ក៏ដូចជា ជាមួយប្រទេសបួគីណាហ្វាសូ ព្រោះថារដ្ឋាភិបាល Burkinabe បានពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយស្វែងរកជំនួយផ្នែកយោធា និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរ។ ទន្ទឹមនឹងនេះ ក្រៅពីប្រទេស Burkina Faso ក៏នៅមានប្រទេសម៉ាលី និងនីហ្សេរីយ៉ា បានបង្កើតសម្ព័ន្ធភាពនៃរដ្ឋ Sahel (AES) ក្នុងគោលបំណងសម្របសម្រួល និងការដោះស្រាយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។

៣.២. ឥទ្ធិពលប្រទេសរុស្ស៊ី

ប្រទេសរុស្ស៊ីតាមរយៈ Wagner Group បានកសាងទំនាក់ទំនងជាមួយរបបយោធាជាមួយរដ្ឋាភិបាលយោធា បួគីណាហ្វាសូ ដោយរុស្ស៊ី បានផ្តល់ការបណ្តុះបណ្តាលយោធា អាវុធ និងការគាំទ្រផ្សេងទៀត។ ទាំងនេះត្រូវបានគេមើលឃើញថា វាជាផ្នែកនៃយុទ្ធសាស្ត្រទូលំទូលាយរបស់រុស្ស៊ីនៅអាហ្វ្រិក ដើម្បីជំនួសឥទ្ធិពលរបស់លោកខាងលិចដែលធ្លាប់មានកន្លងមក ដូចជានៅប្រទេសម៉ាលី អាហ្វ្រិកកណ្តាល និងប៊ូគីណាហ្វាសូជាដើម។ 

កាលពីខែមេសា ឆ្នាំ ២០២៥  រុស្ស៊ីបានសន្យាផ្គត់ផ្គង់សព្វាវុធ និងការហ្វឹកហ្វឺនដល់កងកម្លាំងរួម ៥,000 នាក់[10] ដែលសុទ្ធសឹងជាកងកម្លាំងទើបបង្កើតថ្មី ដែលបង្កើតឡើងរួមគ្នា រួមមានប្រទេសម៉ាលី នីហ្សេរីយ៉ា និងបួគីណាហ្វាសូ ដែលត្រូវបានគេស្គាល់ថាជាសម្ព័ន្ធភាពនៃរដ្ឋ Sahel (AES) ។ ការប្តេជ្ញាចិត្តនេះ ហាក់បញ្ជាក់ពីឥទ្ធិពលរបស់រុស្ស៊ី ក៏ដូចជាតួនាទីយ៉ាងសំខាន់របស់រុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោរនៅក្នុងតំបន់នេះ។

បើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ចវិញ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឆ្នាំ២០២៣[11]  ក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី នៅលើទឹកដីបួគីណាហ្វាសូ ក្នុងគោលបំណងដោះស្រាយតម្រូវការថាមពលរបស់ប្រទេស។ លើសពីនេះទៀត ប្រទេសរុស្ស៊ីបានបង្កើនការគាំទ្រផ្នែកអប់រំរបស់ខ្លួន ដោយបង្កើនកូតាអាហារូបករណ៍ទ្វេដងសម្រាប់និស្សិត បួរគីណាហ្វាសូ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដែលមានសិស្ស បួរគីណាហ្វាសូ ប្រមាណ ៣,៥០០ នាក់បានទទួលការអប់រំនៅក្នុងប្រទេសរុស្ស៊ី។

៣.៣ ឥទ្ធិពលសហរដ្ឋអាម៉េរិកនិងសភាពអឺរ៉ុប 

ទំនាក់ទំនងជាប្រពៃណីរវាងអាម៉េរិកនិងបួរគីណាហ្វាសូគឺមានយូរមកហើយ គឺចាប់តាំងពីប្រវត្តិសាស្ត្រមកម្លេះ ដោយសហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកយោធា និងការហ្វឹកហ្វឺនដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស Burkina Faso ស្ទើរជាប្រចាំដោយផ្តោតលើការប្រឆាំងភេរវកម្ម និងស្ថិរភាពក្នុងតំបន់។ ក៏ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរ ពោលគឺបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២២ ដោយសហរដ្ឋអាមេរិកបានកាត់បន្ថយឥទ្ធិពលយោធារបស់ខ្លួននៅក្នុងប្រទេស Burkina Faso និងប្រទេសជិតខាងនៃរដ្ឋ Sahel ។

បើគិតត្រឹមខែឧសភា ឆ្នាំ២០២៥ សហរដ្ឋអាមេរិករក្សាវត្តមានយោធាតិចតួចបំផុត នៅក្នុងប្រទេសប៊ូគីណាហ្វាសូ។ ដោយរក្សាទុកតែ ​កង​កម្លាំង​ប្រតិបត្តិការ​ពិសេស​មួយ​ចំនួន​តូច​ដែល​ចូល​រួម​ក្នុង​តួនាទី​បណ្ដុះបណ្ដាល និងជា​ទីប្រឹក្សាផ្នែកយោធាតែប៉ុណ្ណោះ។ ចំនួន​ទាហាន​អាមេរិក​បច្ចុប្បន្ន​នៅ Burkina Faso មិន​មានចំនួនជាក់លាក់ណាមួយទេ ប៉ុន្តែ​គេ​ជឿ​ថា ​មាន​បុគ្គលិក​តិច​ជាង ១០០ នាក់តែប៉ុណ្ណោះ [12] ។

សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងក្រោយរដ្ឋប្រហារឆ្នាំ២០២២ គឺព្រួយបារម្ភចំពោះរដ្ឋាភិបាលដឹកនាំដោយរបបយោធារបស់ប្រទេស Burkina Faso ក្រោមការដឹកនាំរបស់លោកមេបញ្ជាការ Ibrahim Traoré។ ក្រៅតែពីរិះគន់ចំពោះ បញ្ហាសិទ្ធិមនុស្សនិងការងាកទៅស្អិតរមួតជាមួយនឹងរុស្ស៊ី សហរដ្ឋអាមេរិកថែមទាំងកាត់បន្ថយ និងបានផ្អាកជំនួយផ្នែកសន្តិសុខនិងសេដ្ឋកិច្ច ព្រមទាំងដាក់ទ័ណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់របស់របបយោធាប្រទទេសបួគីណាហ្វាសូថែមទៀតផង ។

ដើម្បីរក្សាបាននូវឧត្តមភាព ក៏ដូចជាឥទ្ធិពលរបស់ខ្លួននៅចំពោះមុខ ការបណ្តេញកងកម្លាំងបារាំង និងសហរដ្ឋអាមេរិកចេញពីប្រទេស Burkina Faso និងប្រទេសជិតខាងក្នុងតំបន់Sahel សហរដ្ឋអាមេរិកបានពង្រាយយោធារបស់ខ្លួននៅអាហ្វ្រិកខាងលិច[13]  ដោយសហរដ្ឋអាម៉េរិកបានជួសជុលអាកាសយានដ្ឋានក្នុងទីក្រុងប្រទេ Benin បានដាក់ពង្រាយនៅតំបន់ Green Berets ក្នុងប្រទេសកូតឌីវ័រ និងការចរចាជាមួយប្រទេសឆាដសម្រាប់មូលដ្ឋានយោធា ក្រោមហេតុផលដើម្បីទប់ទល់នឹងការគំរាមកំហែង របស់ពួកសកម្មប្រយុទ្ធអ៊ីស្លាម។

ដោយឡែក ចំពោះសហភាពអឺរ៉ុប(EU)វិញ ទោះបីជាទំនាក់ទំនងនយោបាយមានភាពតានតឹងក៏ដោយ  ក៏EUនៅតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ Burkina Faso ដដែល ។ កម្មវិធីសូចនាករពហុឆ្នាំរបស់ EU (២០២១-២០២៧) នៅប្រទេសបួគិណាហ្វាសូនៅតែបន្ត កម្មវិធីនោះបានផ្តោតលើការគាំទ្រគំនិតផ្តួចផ្តើម ស្តីពី អភិបាលកិច្ច ការអប់រំ សុខភាព និងសន្តិសុខស្បៀង[14] ។ សហភាពអឺរ៉ុបបានកំពុងស្វែងរកយ៉ាងសកម្មដើម្បីរក្សាការសន្ទនាជាមួយអាជ្ញាធរនៃប្រទេស Burkina Faso ។

 កន្លងមកតំណាងសហភាពអឺរ៉ុប ក៏បានចូលរួមក្នុងកិច្ចពិភាក្សាក្នុងគោលបំណងពង្រឹងភាពជាដៃគូ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការចំពោះ បញ្ហាសំខាន់ៗ សម្រាប់ប្រជាជនបួគីណាហ្វាសូ ដូចជាផ្តល់ជំនួយអភិវឌ្ឍន៍ និងបញ្ហាសន្តិសុខស្បៀងជាដើម។ បើទោះបីជា អឺរ៉ុបមានកិច្ចមនុស្សធម៌ក៏បដោយ ក៏ហាក់ពិបាកចូលកៀកនឹងរដ្ឋភិបាលថ្មីបានណាស់ត្បិតរបបនេះ ជារបបយោធាដែលហាក់នៅឆ្ងាយពីរបៀបវារៈ ដែលសហភាពអឺរ៉ុបចង់បាន  ម្យ៉ាងចំណុចទាំងនេះ ក៏ហាក់មិនសូវជាមានសម្ពាធនយោបាយសម្រាប់ការចចារជាមួយនឹងរដ្ឋាភិបាលបួគីណាហ្វាសូទៀតផង។

ជារួមមក សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានដើរតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រនៅក្នុងវិស័យអភិវឌ្ឍន៍ និងសន្តិសុខរបស់ប្រទេស Burkina Faso ប៉ុន្តែឥទ្ធិពលរបស់ពួកគេបានធ្លាក់ចុះដោយសារតែការផ្លាស់ប្តូរនូវរបៀបវារៈនយោបាយថ្មី សម្ព័ន្ធភាពថ្មី និងការអភិវឌ្ឍន៍នយោបាយផ្ទៃក្នុងរបស់ប្រទេស។ ទន្ទឹមនឹងនេះ ទាំងអាម៉េរិកនិងសហភាពអឺរ៉ុប អាចពិចារណាឡើងវិញនូវយុទ្ធសាស្រ្តរបស់ពួកគេ ដើម្បីចាប់យកនិងស្តារឥទ្ធិពលខ្លួនឡើងវិញ គឺនៅចំពោះមុខនៃការវិវត្តនៃសក្ដានុពលភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ Sahel ទាំងមូល។

៣.៤. ឥទ្ធិពលរបស់ប្រទេសចិន 

Burkina Faso និងសាធារណៈរដ្ឋប្រជាមានិតចិន (PRC) បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ ១៩៧៣។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ១៩៩៤ Burkina Faso បានបង្កើតទំនាក់ទំនងឡើងវិញជាមួយតៃវ៉ាន់ ដែលនាំទៅដល់ការផ្អាកទំនាក់ទំនងជាមួយសាធារណៈរដ្ឋប្រជាមានិតចិន។ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៨ ប្រទេស Burkina Faso បានបន្តទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញ ដោយប្រកាន់យកគោលនយោបាយចិនតែមួយ ។ 

នៅខែកញ្ញា ឆ្នាំ២០២៤[15]ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងរបស់ ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដោយបានបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើវិស័យផ្សេងៗជាច្រើន។ 

បន្ទាប់ពីមានទំនាក់ទំនងតានតឹង ជាមួយបណ្តាប្រទេសលោកខាងលិច បួគីណាហ្វាសូបានស្វែងរកការធ្វើពិពិធកម្មភាពជាដៃគូសន្តិសុខរបស់ខ្លួន។ ស្របពេលចិន​បាន​ឈាន​ជើង​ចូល​បំពេញ​ចន្លោះ​នេះ ​ដោយចិនបាន​​ផ្គត់ផ្គង់​សម្ភារៈ​យោធា និង​ការ​ហ្វឹកហ្វឺន​ដល់​កម្លាំងបួគីណាហ្វាសូ [16]។ កិច្ចសហការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់ចិន ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ Sahel ក្នុងទ្វីបអាហ្វ្រិក។ សម្ព័ន្ធមិត្តរវាង Burkina Faso ជាមួយប្រទេសចិនហាក់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់បួគីណាហ្វាសូ ឆ្ពោះទៅរកសម្ព័ន្ធភាពដែលមិនមែនលោកខាងលិច។ ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃនិន្នាការទូលំទូលាយក្នុងចំណោមប្រជាជាតិ នៃបណ្តាររដ្ឋក្នុងតំបន់Sahel ដែលស្វែងរកការបញ្ជាក់ជាថ្មីនូវ អធិបតេយ្យភាពកាន់តែច្រើន និងធ្វើពិពិធកម្មភាពជាដៃគូអន្តរជាតិរបស់ពួកគេ។ ការចូលរួមរបស់ចិននៅ Burkina Faso ដែលត្រូវបានកំណត់លក្ខណៈដោយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាឧទាហរណ៍នៃការរីកចម្រើននៃឥទ្ធិពលរបស់ចិននៅក្នុងទ្វីបអាហ្វ្រិក។

ចំពោះទិដ្ឋភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិញ ប្រទេសចិនបានក្លាយជាដៃគូនាំចូលដ៏ធំបំផុតរបស់ Burkina Faso និងជាទិសដៅនាំចេញដ៏សំខាន់ នៅក្នុងខែមីនា ឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៧៣.៨ លានដុល្លារ[17] ដោយប្រទេស Burkina Faso បាននាំចេញទំនិញមានតម្លៃ ១២.៩ លានដុល្លារទៅកាន់ប្រទេសចិន ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់។

សេចក្តីសន្និដ្ឋាន

សរុបមក ស្ថានភាពប្រទេស Burkina Faso ទំនងជានឹងមិនមានស្ថេរភាពបានយូអង្វែងទេ ក្រោមហេតុផលមួយចំនួន គឺ ដោយសារការបន្តពឹងផ្អែកលើការគ្រប់គ្រងយោធា និងសម្ព័ន្ធភាពប្រឆាំងលោកខាងលិច។ ការបង្កើនការគំរាមកំហែងសន្តិសុខរបស់ពួកជីហាដ ដែលឥទ្ធិពលពួកភាវរនិយមជីហាដអាចថយចុះ ល្គិកណាមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ Sahel ទាំងមូលមានភាពប្រសើរជាងនេះ, ក្រៅពីនោះក៏នៅមានភាពមិនច្បាស់ លាស់ខាងសេដ្ឋកិច្ច ដែលប្រឈមនឹងវិបត្តិមនុស្សធម៌កាន់តែខ្លាំង ហើយនយោបាយផ្ទៃក្នុងហាក់ផុយស្រួយនឹង ងាយឆាបឆេះដោយការធ្វើរដ្ឋប្រហារ ឬការងើបបះបោរបន្តទៀត ប្រសិនបើក្រុមខាងណាដុតកំហឹងមហាជនកើតឡើង។ អនាគតរបស់ប្រទេសនេះពឹងផ្អែកនោះ គឺថា តើរបបយោធាអាចការរក្សាស្ថិរភាពសន្តិសុខ គ្រប់គ្រងលំនឹងសេដ្ឋកិច្ច និងស្វែងរកភាពឯកោខាងការទូត ឬប្រឈមមុខនឹងការបែកបាក់ផ្ទៃក្នុងបានកម្រិតណា។

ទន្ទឹមនឹងនេះ ភូមិសាស្ត្រនយោបាយរបស់ Burkina Faso ក្នុងពេលបច្ចុប្បន្ននេះ ក៏ហាក់បានឆ្លុះបញ្ចាំងពីភាពផុយស្រួនិងការវិវត្តថ្មីដែរ គឺស្តែងឡើងតាមរយៈគំរូថ្មីមួយដែលរដ្ឋាភិបាលដឹកនាំដោយយោធាអាហ្រ្វិកមួយនេះ បានផ្តាច់សម្ព័ន្ធភាពជាលោកខាងលិចដែលជាទំនាក់ទំនងបែបជាប្រពៃណី ហើយការបន្ស៊ីខ្លួនក្នុងការទទួលយកនូវឥទ្ធិពលពហុប៉ូល ដោយការបង្កើនសម្ព័ន្ធមិត្តជាមួយមហាអំណាចមិនមែនលោកខាងលិច ដែលមហាអំណាចពហុប៉ូលថ្មី។ ម្យ៉ាងវិញទៀត សម្ព័ន្ធមិត្តរដ្ឋ Sahel រវាង ប្រទេសម៉ាលី នីហ្សេ និងបួគីណាហ្វាសូ អាចជាកកត្តាគ្រោះថ្នាក់មួយដែរ ព្រោះវាហាក់ប្រឈមនឹងស័ម្ព័ន្ធភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាហ្វ្រិកផង រួមទាំងបណ្តាររដ្ឋSahel គ្នាឯងផង។ នេះមិនទាន់រាប់ពីសេរីយោប្រឆាំងលោកខាងលិចនិងអាម៉េរិកនោះទេ។ កត្តាទាំងនេះ គឺជាវិញ្ញសារមួយដ៏សែនស្មុគ្រស្មាញ និងប្រទាក់ក្រលាគ្នាយ៉ាងស្អិតប្រៀបដូចជាដុំអំបោះមួយដុំដែលយើងហាក់មិនងាយនឹងយល់បានឡើយ។

ឯកសារពិគ្រោះ

  1. Burkina Faso summary,Britannica, available in https://www.britannica.com/place/Burkina-Faso, acessed on May26, 2025 at 12:00 pm.
  2. Financial Times, The cult of Saint Traoré’: how a Russia-backed junta leader became an icon, updated on May 22, 2025, available in goo.gd/luklr, acessed on May 29,2025 at 17:00 .
  3. AP, Burkina Faso’s military leaders turn to ‘Africa’s Che Guevara’ to rally struggling country, updated 5:45 PM GMT+7, May 21, 2025, available in https://surli.cc/bbjbgw, acessed on May 29,2025 at 16:00 .
  4. The Africa Insight, The Sub-Saharan Security Review, updated, April9, 2025, available in goo.gd/jjlfr, acessed on May 29,2025 at 16: 51.
  5. Reuters, West Africa bloc announces formal exit of three junta-led states, updated, January 29, 2025, available in goo.gd/lk1lg, acessed on May 29,2025 at 16: 51.
  6. Stratfor,Sub-saharan Afric: Russia To Increase Military Support to Mali,Niger and Burkinafaso, updated,April4, 2025, available in https://shorturl.at/y73CR, acessed on May 30,2025 at 11: 25 am. 
  7. Universidad de Navarra,Global Affairs, The presence of the French Military in the Sahel: A lasting commitment or a distant fantasy?,updated, May 19, 2025, available in goo.gd/squa6, acessed on May 30,2025 at 11: 25 am. 
  8. Military Africa: Russia to support 5000-strong joint AES force,updated, April 7, 2025, available in: goo.gd/5diex, acessed on May 30,2025 at 15: 25 pm.
  9. IDN-InDepthNews, Burkina Faso Forging Stronger Partnership with Russia ,updated, May 11, 2025, available in: goo.gd/bkhxj, acessed on May 30,2025 at 16: 25 pm. 
  10. DEFENSESCOOP, U.S. military posture in Africa shifts while terrorist threats intensify,updated, May 29, 2025, available in: goo.gd/nfvtb, acessed on May 30,2025 at 17: 25 pm. 
  11. WSJ, U.S. Forces Try to Regroup as al Qaeda, Islamic State Sow Terror in West Africa,updated, September 11, 2024, available in: goo.gd/dqo8j, acessed on May 30,2025 at 17: 40 pm. 
  12. European Commison, International Partnership, Burkina Faso, available ingoo.gd/g5mhe, acessed on May 30,2025 at 18: 25 pm. 
  13. Ministry of Foreign Affairs The People’s Republic of China,China and  Burkina Faso, available in : goo.gd/2ibk3, acessed on May 30,2025 at 19: 25 pm. 
  14. South China Morning Post, How China is filling a weapons supply gap in Africa’s Sahel left by France and Russia, available in : https://shorturl.at/CyKdU, acessed on May 30,2025 at 19: 00 pm. 
  15. FMSO’s Military DIMEªM-DIME) Research Project,Instruments of Chinese Military Influence in Burkina Faso,January 2024, available in : https://shorturl.at/rjEJY, acessed on May 30,2025 at 19: 00 pm. 

[1] Burkina Faso summary,Britannica, available in https://www.britannica.com/place/Burkina-Faso, acessed on May26, 2025 at 12:00 pm.

[2] Burkina Faso summary,Britannica, available in https://www.britannica.com/place/Burkina-Faso, acessed on May26, 2025 at 12:00 pm.

[3] Burkina Faso summary,Britannica, available in https://www.britannica.com/place/Burkina-Faso, acessed on May26, 2025 at 12:00 pm.

[4] Financial Times, The cult of Saint Traoré’: how a Russia-backed junta leader became an icon, updated on May 22, 2025, available in goo.gd/luklr, acessed on May 29,2025 at 17:00 .

[5] AP, Burkina Faso’s military leaders turn to ‘Africa’s Che Guevara’ to rally struggling country, updated 5:45 PM GMT+7, May 21, 2025, available in https://surli.cc/bbjbgw, acessed on May 29,2025 at 16:00 .

[6] The Africa Insight, The Sub-Saharan Security Review, updated, April9, 2025, available in goo.gd/jjlfr, acessed on May 29,2025 at 16: 51.

[7] Reuters, West Africa bloc announces formal exit of three junta-led states, updated, January 29, 2025, available in goo.gd/lk1lg, acessed on May 29,2025 at 16: 51.

[8] Stratfor,Sub-saharan Afric: Russia To Increase Military Support to Mali,Niger and Burkinafaso, updated,April4, 2025, available in https://shorturl.at/y73CR, acessed on May 30,2025 at 11: 25 am. 

[9] Universidad de Navarra,Global Affairs, The presence of the French Military in the Sahel: A lasting commitment or a distant fantasy?,updated, May 19, 2025, available in goo.gd/squa6, acessed on May 30,2025 at 11: 25 am. 

[10] Military Africa: Russia to support 5000-strong joint AES force,updated, April 7, 2025, available in: goo.gd/5diex, acessed on May 30,2025 at 15: 25 pm.

[11] IDN-InDepthNews, Burkina Faso Forging Stronger Partnership with Russia ,updated, May 11, 2025, available in: goo.gd/bkhxj, acessed on May 30,2025 at 16: 25 pm. 

[12] DEFENSESCOOP, U.S. military posture in Africa shifts while terrorist threats intensify,updated, May 29, 2025, available in: goo.gd/nfvtb, acessed on May 30,2025 at 17: 25 pm. 

[13] WSJ, U.S. Forces Try to Regroup as al Qaeda, Islamic State Sow Terror in West Africa,updated, September 11, 2024, available in: goo.gd/dqo8j, acessed on May 30,2025 at 17: 40 pm. 

[14] European Commison, International Partnership, Burkina Faso, available ingoo.gd/g5mhe, acessed on May 30,2025 at 18: 25 pm. 

[15] Ministry of Foreign Affairs The People’s Republic of China,China and  Burkina Faso, available in : goo.gd/2ibk3, acessed on May 30,2025 at 19: 25 pm. 

[16] South China Morning Post, How China is filling a weapons supply gap in Africa’s Sahel left by France and Russia, available in : https://shorturl.at/CyKdU, acessed on May 30,2025 at 19: 00 pm. 

[17] FMSO’s Military DIMEªM-DIME) Research Project,Instruments of Chinese Military Influence in Burkina Faso,January 2024, available in :https://shorturl.at/rjEJY, acessed on May 30,2025 at 19: 00 pm.