សេចក្តីផ្តើម

ឆ្នាំ២០២៥ ជាខួបទី៧៥ឆ្នាំនៃចំណងការទូតផ្លូវការរវាងកម្ពុជា-ថៃ ក៏ប៉ុន្តែប្រទេសទាំងពីរនេះ មានប្រវត្តិទាក់ទងគ្នារាប់រយឆ្នាំមកហើយទាំងលើទិដ្ឋភាពប្រវត្តិសាស្ត្រ, វប្បធម៌ទំនៀមទំលាប់ប្រពៃណីនិងចំណងធម្មជាតិជាដើម។  ចំណងធម្មជាតិ គឺប្រទេសទាំងពីរចងភ្ជាប់ដោយទន្លេមេគង្គ និងជួរភ្នំដងរ៉ែក និងឈូងសមុទ្រដ៏ស្រស់បំព្រង។  ក្នុងនាមជាអ្នកជិតខាងនឹងគ្នា ក្នុងវរយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសទាំងពីរមានទាំងប្រវត្តិផ្អែមល្ហែមផងនិងប្រវត្តិជូរចត់ផង។ ភស្តុតាងដែលយើងមិនអាចប្រកែកបាន គឺក្រោយមានព្រឹត្តិការណ៍វិវាទកាលពីឆ្នាំ២០០៨ដល់២០១៣ នៅតំបន់ប្រាសាទព្រះវិហារបានធូរស្រាលមក ទំនាក់ទំនងកម្ពុជា-ថៃ ហាក់មានភាពល្អប្រសើរឡើងវិញច្រើនលើគ្រប់វិស័យ។ 

ក៏ប៉ុន្តែ កំដៅជាតិនិយមរវាងអ្នកនយោបាយនិងប្រជាជានវាងកម្ពុជានិងថៃ ហាក់បានកើតឡើងសាជាថ្មី ជាក់ស្តែងកាលពីព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅភូមិសាស្ត្រតំបន់មុំ៣  ដែលស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ បើយោងតាមសេចក្តីថ្លែងការរបស់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយនោះ បានបណ្តាលឱ្យយោធាកម្ពុជាម្នាក់បាត់បង់ជីវិត។ [1] ក្រោយផ្ទុះព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសពីរបានចេញបញ្ជាក់ជំហររៀងៗខ្លួន បន្ថែមពីលើនេះ ការបញ្ជូនកងទ័ព និងសម្ភារៈយោធាទៅកាន់តំបន់ព្រំដែននៃប្រទេសពីរក៏កើតមានឡើងជាបន្តបន្ទាប់។ លើសពីនេះទៅទៀត អ្នកស្រាវជ្រាវ និងអ្នកតាមដានព្រឹត្តការណ៍ ព្រមទាំងបណ្តាញសារព័ត៌មានជាច្រើនបានជជែកគ្នានិងធ្វើការផ្សព្វផ្សាយយ៉ាងផុលផុស អំពីស្ថានការណ៍នៅប្រទេសថៃ ដោយរំលេចឱ្យឃើញថានេះ ជាចេតនារបស់ថៃសុទ្ធសាធក្នុងការប្រើតាក់ទិច បង្វែរស្ថានការណ៍ពីនយោបាយផ្ទៃក្នុងរបស់ខ្លួនដែលកំពុងមានបញ្ហាឱ្យដើរឆ្ងាយចេញពីរាជធានីបាងកកមកព្រំដែនកម្ពុជា គឺស្រដៀងគ្នាកាលពីឆ្នាំ២០០៨ ដែលកាលនោះ សង្គមនយោបាយថៃបានជាប់គាំងនយោបាយ ហើយអូសកម្ពុជាចូលក្នុងវិបត្តិរបស់ខ្លួនយ៉ាងដូច្នោះដែរ។

ក្នុងន័យនេះ ដើម្បីស្វែងយល់អំពីស្ថានការណ៍នយោបាយនៅប្រទេសថៃ ដែលកំពុងកើតមានឡើងក្នុងពាក់កណ្តាលឆ្នាំ២០២៥ ថាតើអ្វីខ្លះជាប្រភពនៃបញ្ហាក្នុងសង្គមនយោបាយថៃបច្ចុប្បន្ននេះ,  យើងពិនិត្យមើលលើទិដ្ឋភាព៣រួមមាន ទិដ្ឋភាពប្រវត្តិនៃវិបត្តិនយោបាយថៃ, ទិដ្ឋភាពនយោបាយអំឡុងពេលមុននិងក្រោយពេលបោះឆ្នោតឆ្នាំ២០២៣ និងទិដ្ឋភាពសង្គមនយោបាយក្នុងពេលបច្ចុប្បន្ន (២០២៥) ពោលគឺ ក្រោយគ្រួសារលោកថាក់ស៊ីន ឈានជើងចូលសង្វៀននយោបាយសារជាថ្មី។ 

១. ទិដ្ឋភាពប្រវត្តិវិបត្តិនយោបាយថៃ

 ព្រះរាជាណាចក្រថៃ បានស្គាល់នូវរដ្ឋប្រហារដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងឆ្នាំ១៩៣២ ដែលកាលនោះជាបដិវត្តន៍ដែលដឹកនាំដោយ ខៈណា រ៉ាត់សាដន (Khana Ratsadon) [2]  ក្នុងគោលបំណង ដើម្បីផ្តួលរំលំរបបគ្រប់គ្រងពីរាជានិយមផ្តាច់ការ មកជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្ម-នុញ្ញ។ បើយើងរាប់ពីឆ្នាំ១៩៣២ ដល់ឆ្នាំ២០១៤ ប្រទេសថៃមានរដ្ឋប្រហារសរុបជាង២០លើករួចមកហើយ ក្នុងនោះរដ្ឋប្រហារដែលទទួលបានជោគជ័យមានចំនួន១៣លើក ហើយការប៉ុនប៉ងធ្វើរដ្ឋប្រហារតែមិនបានសម្រេចមានចំនួន៧លើក។

ឆ្នាំប្រភេទបរិយាយ
១៩៣២✅ ជោគជ័យបដិវត្តន៍សៀមដឹកនាំដោយលោក ខៈណា រ៉ាត់ សាដន ដើម្បីផ្តួលរំលំរបបគ្រប់គ្រងពីរាជានិយមផ្តាច់ការ មកជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
១៩៣៣❌ ប៉ុនប៉ងចលនា ​បះបោរ​រាជានិយម តែបរាជ័យ​ក្នុង​ការ​ស្ដារ​រាជាធិបតេយ្យ​ឡើង​វិញ​។
១៩៣៨✅ ជោគជ័យលោក Plaek Phibunsongkh ram បានទទួជ័យជំនះ និងក្លាយជាមេដឹកនាំដោយការរៀបចំតាក់ទិចនយោបាយ។
១៩៤៧✅ ជោគជ័យយោធា​បាន​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល ហើយអំណាចបានមកលើ​រាជានិយម​និង​យោធា​។
១៩៤៨✅ ជោគជ័យលោក Phibun បានប្រើឥទ្ធិពលយោធាដើម្បីកាន់កាប់អំណាច។
១៩៥១✅ ជោគជ័យរដ្ឋប្រហារស្ងាត់ (ការបះបោរនៅម៉ាន់ហាតាន់) ធ្វើឱ្យអំណាចគ្រប់គ្រងរបស់ប៉ូលីស និងយោធាមានឥទ្ធិពលឡើងវិញ។
១៩៥៧(កញ្ញា)✅ ជោគជ័យរដ្ឋប្រហាររៀបចំដោយដោយលោក សារិត ថាណារ៉ាត់ ដើម្បីទម្លាក់ លោកភីប៊ុន។
១៩៥៨(តុលា)✅ ជោគជ័យលោក សារិតបានធ្វើរដ្ឋប្រហារលើកទីពីរ ដើម្បីរារាំងការបោះឆ្នោតនិងប្រកាសច្បាប់អាជ្ញាសឹក។
១៩៧១✅ ជោគជ័យលោក Thanom Kittikachorn បានរំលាយសភា ហើយបានដឹកនាំទៅជារបបផ្តាច់ការវិញ។
១៩៧៦✅ ជោគជ័យបន្ទាប់​ពី​ការ​សម្លាប់​រង្គាល​និស្សិត​នៅ​សកលវិទ្យាល័យ Thammasat យោធា​បាន​ដណ្តើម​អំណាចយកមកគ្រប់គ្រង។
១៩៧៧✅ ជោគជ័យឧត្តមសេនីយ៍ Kriangsak Chomanan បានធ្វើរដ្ឋប្រហារបង្ហូរឈាមប្រឆាំងនឹងរដ្ឋាភិបាលយោធា។
១៩៨១❌ ប៉ុនប៉ងរដ្ឋប្រហាររបស់ក្រុមយុវជនបរាជ័យ ដោយលោក ព្រេម ទិនសុណនដា នៅតែកាន់អំណាច។
១៩៨៥❌ ប៉ុនប៉ងការ​ធ្វើ​រដ្ឋប្រហារ​មួយ​ទៀត​ដោយ​ក្រុម​យុវជន ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ព្រេម តែត្រូវ​បរាជ័យ។
១៩៩១✅ ជោគជ័យយោធាបានបណ្តេញនាយករដ្ឋមន្ត្រី Chatichai Choonhavan ហើយបានបង្កើតក្រុមប្រឹក្សារក្សាសន្តិភាពជាតិ។
១៩៩២❌ ប៉ុនប៉ងចលនាបះបោរ បង្ខំឱ្យឧត្តមសេនីយ ស៊ូ ចិន្តា លាលែងពីតំណែង តែត្រូវបរាជ័យ។
២០០៦✅ ជោគជ័យយោធា​បាន​បណ្តេញ​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ចេញទំតំណែង នៅ​ពេល​ដែលលោកតាក់ស៊ីន ជាប់​បេសកកម្មនៅ​បរទេស។
២០១៤✅ ជោគជ័យរដ្ឋប្រហារយោធាដឹកនាំដោយឧត្តមសេនីយ៍ Prayuth Chan-ocha បានទម្លាក់នាយករដ្ឋមន្ត្រី Yingluck Shinawatraចេញពីតំណែង ។

រដ្ឋប្រហារនៅប្រទេសថៃ គឺផ្តើមចេញវិបត្តជាប់គាំងខាងនយោបាយ ដែលពិបាកនឹងរកច្រកចេញឬមិនអាចសម្របសម្រួលផ្ទៃក្នុងគ្នាបាន។  ការណ៍នេះ បង្ហាញឱ្យឃើញពីភាពផុយស្រួយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមថៃ ម្យ៉ាងវិញទៀតវាក៏បានបង្ហាញឱ្យឃើញ ពីឥទ្ធិពលចាក់ស្រែះនៃអំណាចយោធានិងអំណាចរាជវាំងនៅក្នុងនយោបាយផ្ទៃក្នុងរបស់ថៃ។ គេមើលឃើញថា យោធាហាក់បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​ការពារ​រាជាធិបតេយ្យនិង​ស្ថិរភាព​ជាតិ។ ម្យ៉ាងវិញទៀត រដ្ឋប្រហារម្តងហើយម្តងទៀតរបស់យោធាចាប់តាំងពីឆ្នាំ១៩៣២មក ហាក់បានឆ្លុះបញ្ចាំងពីចេតនារបស់យោធា ក្នុងការរក្សាការត្រួតត្រាលើស្ថាប័នប្រជាធិបតេយ្យ ហើយពួកគេតែងចាត់ទុកអ្នកប្រជាធិបតេយ្យជាការគម្រោមកំហែងនៃឥទ្ធិពលយោធានិងរាជានិយមដែលជារចនាសម្ព័ន្ធអំណាចប្រពៃណីរបស់ថៃ។ ក្នុងសង្គមថៃរបបរាជានិយមត្រូវបានគោរពយ៉ាងជ្រាលជ្រៅ ហើយក៏ទទួលបានឥទ្ធិពលនយោបាយយ៉ាងសំខាន់នៅពីក្រោយឆាក។

ទន្ទឹមនឹងនេះ ទំនោរនៃប្រជាជនថៃហាក់មានការបែងចែករវាងទីក្រុង ជនបទ និងទំនោរយុវជនជាដើម។ ជាក់ស្តែងគណបក្សនយោបាយដូចជាគណៈបក្សភឿថៃ និងគណបក្សឆ្ពោះទៅមុខ (Move forward) ទទួលបានការគាំទ្រយ៉ាងច្រើនពីតំបន់ជនបទ និងក្រុមយុវជន ដោយសារគោលនយោបាយផ្តោតលើការជំរុញនិងស្តារសេដ្ឋកិច្ចឡើងវិញ កំណែទម្រង់និងវិមជ្ឈការជាដើម។ រីឯអ្នកអភិរក្សានិយម និងឥស្សរជននៅទីក្រុង អ្នកវណ្ណៈថ្នាក់កណ្តាលជាពិសេសនៅទីក្រុងបាងកក  ពួកគេគាំទ្រគណបក្សដែលគាំទ្រដោយយោធាឬរាជានិយម។ ទំនោរបែងចែកនេះហើយ ក៏ជាចលករមួយ ដែលបានរួមចំណែកក្នុងការ​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម ជា​ទ្រង់ទ្រាយ​ធំ ជាការ​តវ៉ា​ប្រឆាំង និង​ការ​ជាប់គាំង​នយោបាយ​ជា​បន្តបន្ទាប់។

សរុបមករដ្ឋប្រហារនៃសង្គមថៃ ពេលកន្លងមក គេតែងភ្ជាប់ហេតុផលអំពើពុករលួយ, ការគំរាមកំហែងដល់សន្តិសុខជាតិ, ការពាររាជវង្ស, និងភាពជាប់គាំងនយោបាយ ឬភាពចលាចលសង្គមជាដើម។ 

២.ទិដ្ឋភាពនយោបាយថៃអំឡុងពេលបោះឆ្នោតជាតិឆ្នាំ២០២៣

ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជាតិរបស់ថៃ ដែលមានគណបក្សសរុបជាង៧០ បានចូលរួមប្រកួតប្រជែងក្នុការបោះឆ្នោត។ ជាលទ្ធផលមានគណបក្សចំនួនចន្លោះពី៦ទៅ៨ប៉ុណ្ណោះ ដែលបានទទួលអាសនៈច្រើននៅក្នុងរដ្ឋសភា។ គណៈបក្សដែលទទួលបានអាសនៈក្នុងរដ្ឋសភាថៃរួមមានដូចខាងក្រោម ៖  [3]  

ឈ្មោះគណបក្សទំនោរបក្សគោលនយោបាយគន្លឹះអាសនៈទទួលបាន
គណបក្សឆ្ពោះទៅមុខ (Move Forward Party (MFP)រីកចំរើននិយម, អ្នកកំណែទម្រង់យុវជន ប្រឆាំង​យោធា កំណែទម្រង់​ច្បាប់​រាជានិយម១៥១
គណបក្សភឿថៃ (Pheu Thai Party)ប្រជានិយម, កណ្តាលឆ្វេងពាក់ព័ន្ធ​នឹង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គោលនយោបាយ​គាំទ្រ​អ្នក​ក្រីក្រ១៤១
Bhumjaithai Partyអភិរក្សនិយម តំបន់និយមត្រូវបានគេស្គាល់សម្រាប់ការធ្វើឱ្យស្របច្បាប់នូវកញ្ឆា៧១
Palang Pracharath Partyគាំទ្រយោធា, អភិរក្សនិយមគាំទ្ររដ្ឋប្រហារឆ្នាំ ២០១៤; សម្ព័ន្ធមិត្តជាមួយយោធា៤០
United Thai Nation Partyជ្រុលនិយម, រាជានិយមដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា៣៦
Democrat Partyកណ្តាលស្តាំ គណបក្សចាស់វស្សាគណបក្សចំណាស់​ជាង​គេ​របស់​ប្រទេស​ថៃ​បាន​បន្ត​ធ្លាក់​ចុះការគាំទ្រ២៥
Chart Thai Pattana Partyកណ្តាលនិយម, តំបន់និយមខ្លាំងនៅខេត្តSuphan Buri១០

២.១. និតិវិធីនៃការបង្កើតរាជរដ្ឋាភិបាលថៃ

នៅក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសថៃឆ្នាំ២០១៧ ដែលត្រូវបានវិសោធនកម្មដោយរដ្ឋាភិបាលយោធានោះបានបញ្ជាក់ថា  ការបង្កើតរដ្ឋាភិបាលធ្វើឡើងតាមទម្រង់សភាកូនកាត់ និងពាក់កណ្តាលទៀតដោយការតែងតាំង ជាមួយនឹងលក្ខណៈសំខាន់ៗដែលហាក់បើកភ្លើងខៀវនិងជាផលអនុគ្រោះដល់ពួកយោធា និងពួកអភិរក្សនិយមច្រើន ហើយមានតំណាក់កាលដូចខាងក្រោម៖

២.១.១. អំពីសមាភាពសាមជិកសភា

  •  សមាជិកសភាសរុបមានចំនួន ៥០០រូប [4]  
  •  ៤០០រូប ជ្រើសរើសចេញពី​មណ្ឌល​បោះឆ្នោត ហើយ
  •  ១០០រូបផ្សេងទៀតជ្រើសរើសចេញពីតំណាងសមាមាត្រនៃបញ្ជីគណបក្ស។

២.១.២. ការតែងតាំងនាយករដ្ឋមន្ត្រី

  •  មុនពេលបោះឆ្នោត គណបក្ស​នីមួយៗជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រីតំណាងបក្សរបស់ខ្លួនមានចំនួន​៣​រូប។
  •  ក្រោយការបោះឆ្នោត បេក្ខជននាយករដ្ឋមន្ត្រីត្រូវតែទទួលបានសំឡេងច្រើនជាងពាក់កណ្តាល នៃអង្គបោះឆ្នោតសរុបដែលមានចំនួន៧៥០សំឡេងដែលក្នុងនោះ៖

សមាជិកសភាជាប់ឆ្នោត៥០០រូប (សភាតំណាងរាស្រ្ត)

. សមាជិកព្រឹទ្ធសភា២៥០រូប (ព្រឹទ្ធសភាជ្រើសរើសដោយរបបយោធា)

  •  សមាជិកសរុប = ៧៥០ រូប  ត្រូវការសំឡេងយ៉ាងតិច៣៧៦ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ [5]  

២.១.៣. ដំណើរការនៃការជ្រើសរើសនាយករដ្ឋមន្ត្រី

  •  ពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី គឺបោះរួមគ្នា រវាងសមាជីករដ្ឋសភា និងសមាជិកព្រឹទ្ធសភា ។
  •  ទោះបីជាគណបក្សមួយទទួលបានអាសនៈច្រើនជាងគេ (ដូចដែលគពក្សឆ្ពោះទៅមុខក្នុងឆ្នាំ២០២៣) វានៅតែអាចបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលដដែល ប្រសិនបើព្រឹទ្ធសភារារាំងបេក្ខជនរបស់ខ្លួននោះ។

២.១.៤. ការបង្កើតគណៈរដ្ឋមន្ត្រី

  •  នៅពេលដែលនាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសតាំងរួច បន្ទាប់មកបង្កើតគណៈរដ្ឋមន្ត្រី ។
  •  ចំពោះលក្ខខណ្ឌនៃសមាជិកគណៈរដ្ឋមន្ត្រីត្រូវបានកំណត់ថា ជាពលរដ្ឋថៃពីកំណើត,ហើយមិនអាចរើសចេញពី ជាសមាជិកព្រឹទ្ធសភា, ឬនៅក្នុងជួរកងកម្លាំង យោធា/ប៉ូលីឡើយ តែក៏មានករណីលើកលែងខ្លះដែរ។

ដោយផ្អែកតាមលក្ខខណ្ឌខាងលើត្រូវបានគេមើលឃើញថា ជាលក្ខខណ្ឌដែលរដ្ឋាភិបាលដឹកនាំដោយលោកអតីតនាយករដ្ឋមន្ត្រីយោធា ប្រាយុទ្ធ ចាន់អូចា ដែលបានតាក់តែងនិងបានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកច្រកឱ្យយោធាមានឥទ្ធិពលខ្លាំងក្នុងឆាកនយោបាយថៃ ពិសេសលើដំណើរការនៃការជ្រើសរើសនាយករដ្ឋ   មន្ត្រីតែម្តង។ ទាំងនេះ ត្រូវបានគេមើលឃើញថា ជារបត់នយោបាយថ្មីមួយទៀតនៃនយោបាយថៃ ហើយក៏វាជាចំណុចយុទ្ធសាស្ត្រមួយផង ដែរសម្រាប់ដាក់សម្ពាធលើគណបក្សនយោបាយណាមួយ ដែលមានទំនោរមិនស្របនិងក្រុមរបស់ខ្លួន ដែលបណ្តុំវិញ្ញាសាទាំងនេះ ពិតជាមិនងាយស្រួលប៉ុណន្មានទេដល់រដ្ឋាភិបាលចម្រុះ ហើយក៏ជាចំណុចដែលងាយនឹងធ្វើឱ្យនយោបាយជាប់គាំងផងដែរ។ 

២.២ ស្ថានភាពនយោបាយថៃក្រោយពេលបោះពេលឆ្នោតឆ្នាំ២០២៣

គណបក្សគណបក្សឆ្ពោះទៅមុខ (Move Forward Party (MFP) ទទួលបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាថៃដោយទទួលបានសំលេងសរុបចំនួន១៥១អាសនៈ នៃចំនួនអាសនៈ ប៉ុន្តែបើយោងតាមរដ្ឋធម្មនុញ្ញថ្មីរបស់ថៃ ទោះបីជាគណបក្ស MFP ទទួលបានអាសនៈច្រើនជាងគេយ៉ាងនេះក្តី ក៏បក្សនេះនៅមិនអាចបង្កើតរដ្ឋាភិបាលបាននោះដែរ ព្រោះច្បាប់តម្រូវឱ្យមានអាសនៈច្រើនជាងគេដាច់ខាត គឺត្រូវការរហូតដល់ទៅ៣៧៥ អាសនៈទើបអាចជ្រើសតាំងជានាយករដ្ឋមន្ត្រីនិងអាចបង្កើតគណរដ្ឋមន្ត្រីបាន នៅចំពោះមុខស្ថានភាពនេះ រដ្ឋាភិបាល

ចម្រុះ ដែលហាក់មិនមែនជារឿងងាយស្រួលប៉ុន្មានទេសម្រាប់គណបក្សនយោបាយថៃ។ មានហេតុផលមួយចំនួន ដែលហាក់បង្កជាឧបសគ្គនាំឱ្យនយោបាយថៃហាក់មានការរំជើបរំជួល និងមានភាពស្មុគ្រស្មាញក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។ 

ដូចដែលយើងបានដឹងហើយថា បន្ទាប់ពីការបោះឆ្នោតសកលខែឧសភា ឆ្នាំ ២០២៣  គណបក្ស MFP ទទួលបានអាសនៈច្រើនជាងគេ ក៏ប៉ុនតែគណបក្សនេះបែជាបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះទៅវិញ។ រីឯគណបក្សភឿថៃ ដែលឈរនៅលំដាប់លេខ២ បានទទួលជោគជ័យក្នុងការបង្កើតក្រុមចម្រុះ វិញ ហេតុផលនោះគឺថា ដោយសារគណៈបក្សភឿថៃបានចង    សម្ព័ន្ធជាមួយអតីតគណបក្សគាំទ្រដោយយោធាចំនួន៥ គណបក្ស ដើម្បីមានសំឡេងគ្រាប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ កាយវិការរបស់គណបក្សភឿថៃ បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនហាក់មានការអាក់អន់ចិត្តខ្លះ ត្បិតសាធារណជណខ្លះគិតថា បក្សភឿថៃអាចចាប់ដៃជាមួយគណបក្ស MFP ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ព្រោះមានទំនោរប្រហាក់ប្រហែលគ្នា គឺមានចេតនាបន្ថយឥទ្ធិពលក្រុមយោធាដូចគ្នា។ តែដឹងអី អ្នកយោបាយភឿថៃមានការប្តូរតាក់ទិចលឿន  ដើម្បីកេងចំណេញលើទិដ្ឋភាពនយោបាយដោយបានទាត់ គណបក្ស MFP ចេញ (គណៈបក្សឆ្ពោះទៅមុខជាប់ក្តីក្តាំងរឿងប្រមាថព្រះមហាក្សត្រ) ហើយងាកទៅចាប់គណបក្សនានាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដូចជា៖

  1.  គណបក្ស Bhumjaithai Party មាន ៧១ អាសនៈបក្សនេះ មាននិន្នាបែប អភិរក្សនិយម, គណបក្សតំបន់; និងគោលនោយបាយ កញ្ឆាស្របច្បាប់។
  2.  គណបក្ស Palang Pracharath Party (PPRP)  មាន៤០ អាសនៈ, បក្សនេះក៏មាននិន្នាការ គាំទ្រដោយយោធា ដឹកនាំរដ្ឋាភិបាលឆ្នាំ២០១៩។ 
  3.  គណបក្ស United Thai Nation Party មាន៣៦ អាសនៈ បក្សនេះមាននិ្ននាការស្និទ លោក​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែល​ជានាយករដ្ឋមន្ត្រីយោធា(២០១៤-២០២៣)។
  4.  គណបក្ស Chart Thai Pattana មាន១០ អាសនៈ គោលជំហរគណបក្សនេះគឺ កណ្តាលនិយម,ជាគណបក្សតំបន់។
  5.  គណបក្សតូចៗផ្សេងទៀត ដែលមានអាសនៈតិចជាង១០អាសនៈ។ 

តាមរយៈសម្ព័ន្ធភាពនេះ បើយើងបូកសរុបទាំងអស់ គឺទទួលបាន ៣០០ អាសនៈ ក្នុងចំណោម ៥០០ អាសនៈ នេះមានន័យថា បក្សភឿថៃទទួលបានចំនួនអាសនៈគ្រប់គ្រាន់ក្នុងការបង្កើត រដ្ឋាភិបាលចម្រុះ។ 

២.២ ភាពវឹកវរនៃនយោបាយថៃក្រោយពេលបង្កើតរដ្ឋាភិបាលចម្រុះ 

ហេតុផលនៅពីក្រោយការទាត់គណបក្ស MFP ចេញពីរដ្ឋាភិបាលចម្រុះ គឺដោយកត្តា២យ៉ាងគឺ ទី១. ព្រឹទ្ធសភា​ប្រឆាំង​នឹង​គោលនយោបាយបក្សនេះ ដែលចង់​កំណែទម្រង់​របស់ខ្លួន (ជាពិសេស​មាត្រា ១១២ ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ)។ ចំពោះកត្តាទី២វិញ គឺ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃ ដែលបានរារាំងមេដឹកនាំ MFP គឺលោក Pita Limjaroenrat មិនឱ្យចូលរដ្ឋាភិបាលចម្រុះបាន។ ដើម្បចមទាំងនេះ នាំឱ្យបង្កើតជាបញ្ហាប្រឈមនានា ដែលអាចនឹងក្លាយជាវិញ្ញាសារសម្រប់រដ្ឋាភិបាលចម្រុះថៃដឹកនាំដោយលោកស្រីនាយករ្ដឋមន្ត្រី ផៃថងថានមានដូចខាងក្រោម៖

បញ្ហាប្រឈមទី១. រដ្ឋាភិបាលចម្រុះនេះ គឺផ្ទុយពីអ្វីដែលសាធារណជនធ្លាប់រំពឹងនាពេលកន្លងមកដែលគេរំពឹងថា គណបក្សកំណែទម្រង់ (MFP + Pheu Thai) នឹងបង្កើតរដ្ឋាភិបាលចម្រុះរួមគ្នា។ សម្ព័ន្ធភាពរបស់ភឿថៃជាមួយគណបក្ស ដែលចូលបក្សសម្ព័ន្ធយោធាត្រូវបានគេចាត់ទុកថា ជាការក្បត់ទំនុកចិត្តលើអ្នកគាំទ្ររបស់ខ្លួន។ ឈាន​ដល់​ការ​តវ៉ា​តាម​ដង​ផ្លូវ ជា​ពិសេស​ដោយ​ក្រុម​យុវជន និង​សង្គម​ស៊ីវិល។

បញ្ហាប្រឈមទី២. ការខ្វែងទស្សនៈ, សម្ព័ន្ធភាពរវាងបក្សភឿថៃ ដែលមានទំនោរបែបប្រជាធិបតេយ្យ និងគណបក្សដែលគាំទ្រដោយយោធា ដែលមានទម្រង់ ផ្តាច់ការ និងអភិរក្សនិយមនោះ គឺជាសម្ព័ន្ធភាពមិនយូអង្វែងនឹងគ្នាឡើយដែលហាក់មានការប្រឈមទស្សនគ្នាក្នុងកិច្ចគោលនយោបាយជាតិ។

បញ្ហាប្រឈមទី៣. ក្នុងនាមជាគណបក្សប្រឆាំងដ៏ធំបំផុត MFP អាចនឹងបន្តជំរុញឱ្យមានកំណែទម្រង់លើច្បាប់ដែលរឹតបន្តឹងចំពោះរាជាធិបតេយ្យ, កំណែទម្រង់លើឥទ្ធិពលយោធា, ពង្រឹងនូវស្ថាប័នប្រជាធិបតេយ្យ, ដែលបញ្ហាទាំងអស់ អាចនឹងក្លាយទៅជាទំងន់នយោបាយ ដើម្បីដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ចម្រុះ​ឲ្យ​ធ្វើ​កំណែទម្រង់ ឬចុះផ្លូវតវាក៏អាចថាបាន។

បញ្ហាប្រឈមទី៤. ករណីដែលកំពុងបន្តប្រឆាំងនឹងភាគី និងមេដឹកនាំ (រួមទាំង MFP) អាចបង្កឱ្យមានអស្ថិរភាពផ្នែកច្បាប់។ តុលាការធម្មនុញ្ញ និងគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅតែអាចរំលាយ ឬហាមឃាត់គណបក្ស ដូចដែលបានធ្វើនាពេលកន្លងមក។ ស្ថានភាពនេះ ពេលដែលតុលាការធម្មនុញ្ញថៃរំលាយគណបក្ស MFP ហាក់បង្ហាញឱ្យឃើញពីការជ្រៀតជ្រែក របស់ប្រព័ន្ធតុលាការទៅក្នុងកិច្ចការនយោបាយ ហើយអ្នកគាំទ្រគណបក្ស ដែលទទួលបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាហើយភាគច្រើនជាយុវជន និងជាអ្នកនៅទីក្រុងបាងកកផងនោះ ច្បាស់ជានឹងមិនពេញចិត្តចំពោះសេចក្តីសម្រេច របស់តុលាកាឬធម្មនុញ្ញថៃឡើយ ដែលពួកគេអាចនឹងចុះផ្លូវតវាប្រឆាំងនឹងរដ្ឋាភិបាលចម្រុះ ដែលជាចំណុចឈឺក្បាលមួយទៀតដល់រដ្ឋាភិបាលចម្រុះថៃ។

បញ្ហាប្រឈមទី៥. ការបាត់ទំនុនកចិត្តពីមហាជនថៃ, ចំនួនអ្នកទៅបោះឆ្នោតមានចំនួនច្រើន ដែលអ្នកបោះឆ្នោតជាង ៣៩ លាននាក់ (៧៥.២២% អ្នកទៅបោះឆ្នោត) [6] ដែលបង្ហាញពីការសាទរតាមលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​ការ​រៀបចំ​ដោយ​ព្រឹទ្ធសភា​ដែល​បាន​តែងតាំង ​និង​ការ​បង្ខិតបង្ខំ​របស់​បក្ស​នាំ​ឱ្យ​មានការ​មិន​ពេញចិត្តពីសាធរណជន​។ ម្យ៉ាងវិញទៀតហានិភ័យនៃការកើនឡើងនៃការផ្លាស់ប្តូរយុវជន ការធ្វើចំណាកស្រុក ឬយុវជនកាន់តែច្រើនឡើងអាចនឹងងាកចូលរឿងនយោបាយ។

ជារួមមក រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ ត្រូវតែធ្វើឱ្យមានតុល្យភាពគ្នា រវាងការគ្រប់គ្រងការអនុវត្តជាក់ស្តែង និងអ្វីដែលជាចមណាប់អារម្មណ៍រាបស់សាធារណៈជនចំពោះកំណែទម្រង់។ ការបរាជ័យក្នុងការដោះស្រាយវិសមភាពសេដ្ឋកិច្ច ការទាមទាររបស់យុវជន ឬឥទ្ធិពលយោធាអាចបង្កឱ្យមានភាពចលាចលនយោបាយជាថ្មីក្នុងសង្វៀននយោបាយថៃ។

ទន្ទឹមនឹងនេះ MFP នៅតែជានិមិត្តសញ្ញាដ៏មានអានុភាពនៃអ្នកស្រលាញ់ប្រជាធិបតេយ្យ ដែលទំនងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងពេលបោះឆ្នោតនាពេលអនាគត បើសិនជាមិនមានការគៀបសង្កត់ផ្នែកនយោបាយណាមួយមកលើបក្សនេះសារជាថ្មីទេនោះ។

២.២.១. ផ្ទៃក្នុងគណបក្សភឿថៃ

គណៈបក្សភឿថៃ ពីដំបូងឡើយក្នុងសម័យលោកថាក់ ស៊ីនស៊ីណាវ៉ាត្រា មានឈ្មោះថា ថៃរ៉ាក់ថៃ។ ក្រោយពេលបង្កើតរដ្ឋាភិបាលចម្រុះ គណបក្សភឿថៃ បានតែងតាំងលោក សេដ្ឋាថាវីស៊ីន ជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកកាន់តំណែងបានតែជាង១ឆ្នាំ [7]   ប៉ុណ្ណោះលោកក៏ត្រូវបានគេដកតំណែងនាយករដ្ឋមន្ត្រី គឺភ្លាមៗបន្ទាប់ពីការរំលាយគណបក្ស MFP ។ លោកនាយករដ្ឋមន្ត្រី ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញបណ្តេញចេញពីតំណែង ដោយសារការតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីដែលជាប់ទោសព្រហ្មទណ្ឌ។ ការ​សម្រេច​ចិត្ត​នេះ​ ពិតបាន​បញ្ជាក់​ពី​ឥទ្ធិពល​យ៉ាង​សំខាន់​របស់​តុលាការ​លើ​កិច្ចការ​នយោបាយ​របស់​ប្រទេស​ថៃ។

ក្រោយពីការដកតំណែងលោកថាវីស៊ីន កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី Paetongtarn Shinawatra ត្រូវបានតែងតាំងដោយគណបក្សភឿថៃ និងបានអនុម័តដោយសភាតំណាងឱ្យធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ ក្នុងខែសីហា ឆ្នាំ២០២៤ ។ គោលនយោបាយសំខាន់ៗរបស់នាយករដ្ឋមន្ត្រី Paetongtarn  មានជាអាទ៍ គំនិតផ្តួចផ្តើមគោលនយោបាយ ផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញ រួមទាំងការស្នើសុំថវិកាចំនួន ៣.៧៨ពាន់ពាន់លានបាត (១១៥.៥ពាន់លានដុល្លារ) ក្នុងគោលបំណងជំរុញកំណើន ស្របពេលមានសម្ពាធពាណិជ្ជកម្មខាងក្រៅ ។ [8]  គេបានព្យាករណ៍កំណើនសេដ្ឋកិច្ចចន្លោះពី២.៣% ទៅ ៣.៣% សម្រាប់ឆ្នាំ ២០២៥ និងឆ្នាំ២០២៦។

សកម្មភាពនេះត្រូវបានគេមើលឃើញថា ផ្ទៃក្នងរបស់គណបក្សភឿថៃខ្លួនឯង ក៏ទំនងជាមានភាពមិនសូវស្រួលនឹងគ្នាប៉ុន្មានទេ ព្រោះការដកតំណែងនាយករដ្ឋមន្ត្រីថាវីស៊ីន ហើយតែងតាំងកូនស្រីលោកថាក់ស៊ីន អាចបង្ហាញថាក្បាលម៉ាស៊ីននៅផ្ទៃក្នុងរបស់គណបក្សភឿថៃហាក់មិនសូវមានភាពស៊ីសង្វាក់គ្នាប៉ុន្មានទេ។ ម្យ៉ាងវិញទៀត អ្នកគាំទ្របក្សភឿថៃមួយចំនួនក៏ហាក់មិនសូវសប្បាយចិត្តនឹងគណបក្សខ្លួនប៉ុន្មានដែរ ក្រោយពេលគណបក្សមួយនេះ បានទៅចាប់ដៃជាមួយគណបក្សដែលមានឥទ្ធិពលយោធានៅពីខាងក្រោយ ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះនោះ ព្រោះថា បក្សទាំងពីរនេះមានទំនោរផ្សេងគ្នា គឺទំនោរបែបប្រជាធីបតេយ្យនិងបែពផ្តាច់ការនិយម។ ការណ៍នេះជាការប្រឈមទស្សនគ្នាសម្បើមណាស់ក្នុងរង្វង់អ្នកគាំទ្ររបស់ខ្លួន។  

៣. ករណីប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតំបន់មុំបីខេត្តព្រះវិហារ

       ទំនាក់ទំនងកម្ពុជា-ថៃហាក់បានដើរថយក្រោយវិលទៅរកសភាពការណ៍កាលពីឆ្នាំ២០០៨វិញ ក្រោយពេលមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពប្រទេសទាំងពីរ នៅតំបន់ព្រំដែនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក។ ក្នុងព្រឹត្តិការណ៍ បាញ់គ្នាពេលនោះ បានបណ្តាលឱ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត។ ក្រោយមានហេតុការណ៍នេះ សំនួនវោហារជាតិនិយមជាច្រើនបានផ្ទុះឡើងពេញផ្ទៃរាជាណាចក្រទាំងពីរ ទាំងខាងភាគីកម្ពុជាក៏ដូចជានៅប្រទេសថៃ។

៣.១. សេនារីយោនៅពីខាងក្រោយការប៉ះទង្គិចនៅព្រំដែនតំបន់មុំបី

            ស្ថានការណ៍នយោបាយនៅបាងកក ហាក់ពើបប្រទះនឹងភាពជាប់គាំងសាជាថ្មី  ត្បិតបញ្ហាស្តែងឡើងដែលយើងអាចមើលឃើញដូចខាងក្រោម៖

  1. ក្រោយការចូលកាន់ដំណែងរបស់លោកស្រី ផៃថងថាន លោកស្រីបានចាប់ដៃជាមួយគណបក្សដែលមាននិន្នាការស្និទ្ធនឹងយោធានិងរាជវាំង ដែលជាហេតុនាំឱ្យមានការមិនពេញចិត្តចំពោះលោកស្រីពីអ្នកគាំទ្រគណបក្សភឿថៃ។
  2. រដ្ឋាភិបាលចម្រុះ ដែលមាននិន្នាការមិនសូវស្របគ្នាអាចបង្កឱ្យមានផលលំបាកក្នុងអនុវត្តគោលនយោបាយ អាចនាំឱ្យរដ្ឋាភិបាលងាយប្រឈមនឹងទស្សនគ្នាជុំវិញការដឹកនាំ និងការអភិវឌ្ឍប្រទេស។
  3.  ចុងឆ្នាំ២០២៤ កន្លងទៅតុលាការធម្មនុញ្ញថៃបានប្រកាសរំលាយគណបក្សដែលទទួលបានអសនៈច្រើនជាងគេ គឺគណបក្សឆ្ពោះទៅមុខ (Move Forward Party, MFP) និងបានដាក់បម្រាមមិនឱ្យលោកភីថា ដែលជាប្រធានគណបក្សមិនឱ្យចូលសង្វៀននយោបាយរយៈពេល១០ឆ្នាំ។ ទង្វើនេះ នាំឱ្យអ្នកគាំទ្រគណបក្សនេះ ដែលភាគច្រើនជាអ្នកប្រជាធិបតេយ្យនិយម,ជាយុវជន និងជាអ្នករស់នៅតាមទីប្រជុំជន មិនសប្បាយចិត្តងាយនឹងចុះផ្លូវធ្វើបាតុកម្មតវា នាំឱ្យសង្គមមួយនេះ ប្រឈមនឹងអស្ថិរភាពគ្រប់ពេល។ 
  4. ស្ថានភាពសេដ្ឋកិច្ចនៅថៃហាក់មិនទាន់បានប្រសើរឡើង ដូចអ្វីដែលលោកស្រីនាយករដ្ឋមន្ត្រីផៃថងថាន បានសន្យារកាលពីចូលកាន់តំណែង ដែលជាហេតុបើកឱ្យក្រុមប្រឆាំងរដ្ឋាភិបាលលោកស្រី ផៃថងថាន ដាក់សម្ពាធ ក៏ដូចជាទម្លាក់ប្រជាប្រិយភាពរដ្ឋាភិបាល។
  5. ក្រុមប្រឆាំងនឹងរដ្ឋាភិបាលថៃ បានដុតរោលបញ្ហាជាតិនិយម ដើម្បីដាក់បន្ទុកដល់រដ្ឋាភិបាលថៃលើបញ្ហាព្រំដែនជាមួយកម្ពុជាដោយគេបានផ្តើម ឆ្កឹះចេញពីបញ្ហា កោះគុដ, ក៏ប៉ុន្តែបញ្ហានេះត្រូវរដ្ឋាភិបាលទាំងពីរបានពន្លត់សភាពការណ៍ទាន់ពេល ម្យ៉ាងជាតំបន់កោះហាក់មិនសូវទាក់ទាញចំណាប់អារម្មណ៍ខ្លាំងប៉ុន្មានទេ,  គេបានប្តូរតាក់ទិច ដោយដុតរោលព្រំដែនគោកវិញម្តង គឺនៅតំបន់ប្រាសាទតាមាន់,តាក្របី បិតច្រកអានសេះដោយឯកតោភាគី និងទីបំផុតក៏មានហេតុការផ្ទុះអាវុធនៅតំបន់មុំបី តែម្តង។ 
  6. ក្រុមប្រឆាំង ឬក្រុមនយោបាយថៃលេងសេនារីយោនេះ ជាតាក់ទិចបង្វែស្ថានការណ៍ (Distract Tactics) ចេញពីវិបត្តនយោបាយផ្ទៃក្នុងប្រទេសខ្លួនមកតំបន់ព្រំដែន ព្រោះគេដឹងថា ទំនាក់ទំនងនៃថ្នាក់ដឹកនាំកម្ពុជានឹងថៃស្និទ្ធមួតខ្លាំងទាំងលើទិដ្ឋភាពជាតិនិងគ្រួសារ។

ជារួមមក ក្រុមប្រឆាំងឬក្រុមអ្នកនៅពីក្រោយយុទ្ធសាស្ត្រនេះ គេមានភាពចំណេញច្រើនលើសេនារីយោមួយនេះ ក្នុងនោះ៖

ទី១. បង្វែរស្ថានការណ៍ដែលកំពុងតានតឹងខ្លាំងរវាងអ្នកនយោបាយផ្ទៃក្នុងឱ្យងាកមកចាប់អារម្មណ៍រឿងព្រំដែន ដើម្បីទុលពេលជជែកទ្វារក្រោយ ឬមានការសម្របសម្រួលខាងនយោបាយ។

ទី២.  បង្វែរចំណាប់អារម្មណ៍របស់សាធាណជនថៃ កុំផ្តោតលើរឿងនយោបាយខ្លាំងពេក កុំនាំគ្នាបាតុកម្មឬតវាប្រឆាំងរដ្ឋាភិបាល ដំណាក់កាលនេះ គឺដំណាក់កាលឯកភាពជាតិនិងការឯកភាពទឹកដី។

ទី៣. យុទ្ធសាស្រ្តនេះ ថៃហាក់ចំណេញច្រើនជាង បើឈ្នះបានដីបន្ថែម, ឈ្នះទឹកចិត្តប្រជាជានថៃ,  ហើយបើចរចារមិនព្រមជាមួយកម្ពុជា ទឹកដីនៅដដែល, កំហុសគឺ  រដ្ឋាភិបាលថៃធ្វើឱ្យថៃបាក់មុខលើឆាកតំបន់និងនយោបាយការទូត, ឯអាយុជីវិតទាហាននិងប្រជាជន គឺជាតួរចំណាយសម្រាប់យុទ្ធសាស្ត្រនេះ។

ទី៤.  ករណីបញ្ហាជម្លោះនេះ មិនបានដូចអ្វីគេចង់បាន នោះគេនឹងដាក់បន្ទុកឱ្យខ្លាំងលើរដ្ឋាភិបាលថៃ ដុតកំហឹងសាធារណជនឱ្យពុះកញ្ជ្រោលឡើង គឺបន្ថែមសាំងលើកំហឹងយុវជនដែលគាំទ្រគណបក្ស MFP ដែលខឹងនឹងការរំលាយគណបក្ស ខឹងនឹងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនល្អប្រសើរ ពេលវេលាអំណោយផល គេនឹងចុះផ្លូវធ្វើបាតុកម្ម ដើម្បីទម្លាក់លោកស្រី ផៃថងថាន ពេលនោះ  រដ្ឋាភិបាលលោកស្រីនឹងប្រើប្រាស់កងកម្លាំង ដើម្បី        បង្ក្រាបភាពវឹកវរនិងស្ថេរភាពសង្គម  ហើយបើស្ថានការណ៍ទំជោរខ្លាំង កងទ័ពនឹងចេញមក ដើម្បីគ្រប់គ្រងសភាពការណ៍ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន នឹងអាចឈានបង្កើតរដ្ឋាភិបាលថ្មី ដែលទិដ្ឋភាពនេះ ធ្លាប់កើតមានច្រើនដងរួចមកហើយនៅក្នុងសង្គមថៃ គឺប្រជាធិបតេយ្យមិនអាចាក់ឫសបានល្អប៉ុន្មានទេ ព្រោះឥទ្វិពលយោធានិងរាជវាំងនៅតែមានតួរនាទីខ្លាំងក្នុងនយោបាយថៃ។

ជាការឆ្លើយតបទៅនឹងស្ថានការណ៍ព្រំដែន កម្ពុជាបានបញ្ជូនកងទ័ព និងបានបង្កើតឱ្យមានចលនាមូលនិធិគាំទ្រដល់កងទ័ពសមរភូមិជួរមុខថែមទៀត។ លើសពីនេះ រដ្ឋាភិបាលកម្ពុជា ថែមទាំងបង្ហាញជំហរប្តឹងបញ្ហាជម្លោះព្រំដែន ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ [9]  គឺកម្ពុជារៀបសេនារីយោដូចគ្នាទៅនឹងព្រឹត្តិការណ៍ឆ្នាំ២០០៨ ជុំវិញវិវាទតំបន់ប្រាសាទព្រះវិហារ។ 

ទន្ទឹមនឹងនេះ យើងក៏ត្រូវដឹងពីរដ្ឋាភិបាលថៃយ៉ាងដូច្នោះដែរ គឺថា ថៃបានទទួលស្គាល់ ICJ និង ICC តែរដ្ឋាភិបាលថៃមិនទាន់បានផ្តល់បច្ចាប័នលើករណីនោះទេ មានន័យថាថៃទទួលស្គាល់យោត្ថាធិការ ICJ ដោយអន្លើៗ ឬដោយករណីប៉ុណ្ណោះ ហើយក៏មិនមានស្ថាប័នណា អាចចាប់បង្ខំថៃឱ្យអនុវត្តបាននោះដែរ។ ត្រង់នេះយើងអាចមើលឃើញថា ថៃហាក់បានត្រៀមខ្លួនរួចហើយ គឺថាបញ្ហាព្រំដែនជាមួយប្រទេសជិតខាង និងផ្ទៃក្នុងរដ្ឋាភិបាលខ្លួនរដ្ឋប្រហារញឹកញាប់ ថៃក៏មិនដើរនយោបាយចូលជ្រោះដោយខ្លួនឯងនោះដែរ។ 

ជាការពិត ប្រទេសថៃជាសមាជិកនៃអង្គការសហប្រជាជាតិ ហើយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាស្ថាប័នតុលាការដ៏សំខាន់របស់អង្គការសហប្រជាជាតិ។ ថៃ​ទទួល​ស្គាល់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ជា​ស្ថាប័ន​ស្រប​ច្បាប់​សម្រាប់​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃមិនបានទទួលយកយុត្តាធិការជាកំហិតរបស់ ICJ ដែលមានន័យថា ខ្លួនជ្រើសរើសតាមករណីនីមួយៗប៉ុណ្ណោះ ហើយថាតើត្រូវចូលរួមដែរឬយ៉ាងណា។ [10]

ចំពោះ ករណី ICC  ប្រទេសថៃបានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម(សន្ធិសញ្ញាដែលបង្កើតICC) ក្នុងឆ្នាំ ២០០០។ ទោះបីជាយ៉ាងណាក៏ដោយ ថៃមិនដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះទេ មានន័យថា ប្រទេសថៃមិនមែនជាសមាជិកពេញសិទ្ធិរបស់ ICCឡើយ  និងមិនមានក្របខ័ណ្ឌស្របច្បាប់ដោយយុត្តាធិការរបស់ខ្លួននៅដែរ។[11]  ប្រទេសថៃមិនព្រមក្រោមហេតុផលនានាដូចជា ការ​ព្រួយ​បារម្ភ​អំពី​អធិបតេយ្យភាព​ជាតិ, ការលាតត្រដាងផ្នែកច្បាប់ និងនយោបាយដែលមានសក្តានុពលរបស់មេដឹកនាំថៃ ឬឥស្សរជនយោធាក្នុងអំឡុងពេលនៃចលាចលផ្ទៃក្នុង, បញ្ហានេះ ក៏បាននាំឱ្យមានការជជែកដេញដោលគ្នាក្នុងស្រុកអំពីថាតើ ICC នឹងជ្រៀតជ្រែកប្រព័ន្ធតុលាការរបស់ប្រទេសថៃ ឬបញ្ហាទាក់ទងនឹងការបះបោរនៅភាគខាងត្បូង និងការបង្ក្រាបនយោបាយនៅថៃដែរឬយ៉ាងណា។

សេចក្តីសន្និដ្ឋាន

       ដោយផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រ និងស្ថានភាពនយោបាយផ្ទៃក្នុងថៃបច្ចុប្បន្ន គឺស្ថិតនៅក្នុងភាពផុយស្រួយព្រោះថា អំណាចយោធា និងរាជវាំងនៅបន្តមានឥទ្ធិពលក្នុងនយោបាយថៃ សម្ព័ន្ធភាពរវាងយោធា និងបក្សប្រជាធិបតេយ្យហាក់នឹងមិនអាចនៅយូរឡើយ ដ្បិតមានទស្សននយោបាយប្រឈមគ្នា, ម្យ៉ាងវិញទៀត ការបន្តឱ្យអ្នកប្រជាធិបតេយ្យនិយមនៅកាន់អំណាចយូរ ជាការបង្កគ្រោះថ្នាក់ដល់ឥទ្វិពលយោធា នៅពេលអនាគត ដែលជាអំណាចប្រមូលផ្តុំ ក្នុងនយោបាយថៃជាច្រើនសតវត្សរ៍មកហើយនោះ។ 

ជាមួយគ្នានេះ ប្រទេសក្បែរខាងថៃ ពិសេសកម្ពុជាគួរគប្បីស្វែងយល់ឱ្យបានច្បាស់ពីស្ថានការណផ្ទៃក្នុងរបស់ថៃ តើត្រូវឆ្លើយតបបែបណា ចំពោះសភាពការវិវត្តថ្មីៗតាមបណ្តោយព្រំដែន បើមិនអញ្ជឹងទេ យើងនឹងក្លាយទៅជា កូនអុកនៃនយោបាយផ្ទៃក្នុងរបស់ថៃជាក់ជាមិនខានឡើយ។  ជាមួយគ្នានេះ ក្រោយពីលោកអ្នកបានរួចសូមចូលរួមពិចារណាសំនួរទាំងនេះ ហើយយល់យ៉ាងណាដែរ

  1. តើលោកអ្នកយល់ថា រដ្ឋាភិបាលកម្ពុជានឹងមានភាពចំណេញ-ខាត អ្វីខ្លះលើទិដ្ឋភាពនយោបាយ? ទិដ្ឋភាពពាណិជ្ជកម្មនិងការទូត?
  2. ក្នុងករណីវិវាទព្រំដែនកាន់តែធ្ងន់ធ្ងរ តើលោកអ្នកយល់ថា ចិននឹងរក្សាជំហរយ៉ាងណាគាំទ្រកម្ពុជា ? ផ្តល់ជំនួយយោធារ ? ឬជួយសេដ្ឋកិច្ច ? បើជញ្ជីងពាណិជ្ជកម្មវាងចិននិងថៃ ហាក់ធំជាងជញ្ជីងពាណិជ្ជកម្មចិននិងកម្ពុជា? តើចិននិងរើសមួយណា ?  តើចិនពិតជាចត្រូវការកម្ពុជា ខ្លាំងទេនៅក្នុងអាស៊ាន ? បើចិននៅមានសន្លឹកអាត់ច្រើន ដូចជាភូមា និងឡាវជាដើម ? ល្មមអាចមានទំងន់ក្នុងទិដ្ឋភាពអាស៊ានលើបញ្ហាកុងសង់ស៊ីសនៅអាស៊ានឬទេ? 
  3. ប្រសិនបើ កម្ពុជារអិលជ្រុលចូលដល់ចលនាពហិការទំនិញថៃ តើវាជាគ្រោះថ្នាក់ឬទេសម្រាប់កម្ពុជា ?  ព្រោះកម្ពុជា ជាប្រទេសអ្នកហូបមិនមែនប្រទេសអ្នផលិត តែពលរដ្ឋកម្ពុជាបានទៅធ្វើការនៅថៃក៏មានចំនួនច្រើនដែរ, ករណីនេះក៏ធ្លាប់មានហើយ កាលពីថ្ងៃទី៣០ កក្កដា ២០១៤ ដែលរដ្ឋាភិបាលលោក ប្រាយុទ្ធចាន់អូចា បញ្ជូនពលករកម្ពុជាខុសច្បាប់មកកម្ពុជាវិញ។ បើពិតជាមានចលនាពហិការមិនប្រើទំនិញថៃ តើកម្ពុជានឹងនាំចូលទំនិញពីខាងណាមកបំពេញតម្រូវការខ្លួន? វៀតណាម?ចិន? …
  4. នៅលើឆាកអន្តរជាតិ តើអំណាចទន់ឬ Soft power របស់ថៃនិងកម្ពុជាមួយណាមានទំងន់ជាង ? ហើយថាតើប្រទេសណាមានមិត្តភ័ក្រអន្តរជាតិច្រើនជាង ? 
  5. តើកម្ពុជាគួរកំដរថៃលេងសេនារីយោនេះ ដើម្បីហេតុផលនយោបាយ ឬទេ ? ហើយគួរធ្វើយ៉ាងណា ? ហេតុអ្វី?  

ឯកសារពិគ្រោះ

  1. Fresh News. (2025, May 28). ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសអំពីហេតុការណ៍ប៉ះទង្គិចខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី… Available at: https://shorturl.at/pSeFX. Accessed on June 1, 2025, at 11:00 a.m.
  2. Wongcha-Um, P., & Johnson, K. (2020, December 18). Timeline: Thailand’s Coups, Kings, and Protests. Reuters. Available at: https://shorturl.at/gB1KI. Accessed on June 4, 2025, at 12:00 p.m.
  3. Chambers, P. (2024, January 2). Defective democracy defines Thailand’s political future. Naresuan University. Available at: https://shorturl.at/8eCtx. Accessed on June 4, 2025, at 12:00 p.m.
  4. Petty, M. (2023, July 13). Explainer: How will Thailand’s parliament choose the next PM? Reuters. Available at: https://short-link.me/-xm5. Accessed on June 4, 2025, at 1:00 p.m.
  5.  ANFREL. (2025, August 15). 2023 Thai General Election: Democracy at a crossroads. Available at: https://anfrel.org/2023-thai-general-election-democracy-at-a-crossroads/. Accessed on June 3, 2025, at 3:00 p.m.
  6. CNA. (2024, August 15). Srettha Thavisin’s dramatic rise and fall in Thai politics. Available at: https://shorturl.at/OsXgK. Accessed on June 3, 2025, at 5:00 p.m.
  7. Reuters. (2025, May 28). Thai PM presents $115 billion budget to parliament to support the lacklustre economy. Available at: https://shorturl.at/JsKhC. Accessed on June 3, 2025, at 5:30 p.m.
  8. ស្រីពេជ្រ, អ. (2025, June 3). ប្រមុខការទូតថៃ៖ ការប្តឹងរឿងជម្លោះព្រំដែនកម្ពុជា-ថៃទៅតុលាការ ICJ នឹងមិនរំខានដល់កិច្ចចរចាទ្វេភាគី. RFI. Available at: https://short-link.me/13BtZ. Accessed on June 4, 2025, at 1:30 p.m.
  9. The Nation. (2025, June 4). Thailand rejects ICJ jurisdiction, reaffirms national sovereignty: Phumtham. Available at: https://www.nationthailand.com/news/politics/40050805. Accessed on June 4, 2025, at 1:50 p.m.
  10. Kittichaisaree, K. (2023, July 26). Thailand and the International Criminal Court. Bangkok Post. Available at: https://short-link.me/-xpi. Accessed on June 4, 2025, at 1:50 p.m.

[1] Freshnews,  ក្រសួងការពារជាតិកម្ពុជា ចេញសេចក្តីប្រកាសអំពីហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី បណ្តាលឲ្យទាហានកម្ពុជាស្លាប់ម្នាក់ដោយសារទាហានថៃបាញ់មុន, 2025-05-28 , available https://shorturl.at/pSeFX, acessed on June1, 2025 at 11:00 am.

[2] Panu Wongcha-Um and Kay Johnson, Reuters,  Timeline: Thailand’s Coups, Kings and Protests,Decmber 18,2020 , available in https://shorturl.at/gB1KI, acessed on June4, 2025 at 12:00 pm.

[3] Paul Chambers, Naresuan University,  Defective democracy defines Thailand’s political future, 02 January 2024, available in https://shorturl.at/8eCtx, acessed on June4, 2025 at 12:00 pm.

[4] Martin Petty, Reuters, Explainer: How will Thailand’s parliament choose the next PM?, July 13, 2023, available in https://short-link.me/-xm5, acessed on June4, 2025 at 13:00 pm.

[5] Martin Petty, Reuters, Explainer: How will Thailand’s parliament choose the next PM?, July 13, 2023, available in https://short-link.me/-xm5, acessed on June4, 2025 at 13:00 pm.

[6] ANFREL, 2023 Thai General Election: Democracy at a Crossroads, 15-August,2025 , available https://anfrel.org/2023-thai-general-election-democracy-at-a-crossroads/, acessed on June3, 2025 at 15:00 pm.

[7] CNA,Srettha Thavisin’s dramatic rise and fall in Thai politics, 15-August,2024, available in https://shorturl.at/OsXgK, acessed on June3,2025 at 17:00 pm.

[8] Reuters, Thai PM presents $115 billion budget to parliament to support lacklustre economy , 28-May,2025, available in https://shorturl.at/JsKhC,acessed on June3, 2025 at 17:30 pm.

[9] អោ ស្រីពេជ្រ, rfi , ប្រមុខការទូតថៃ៖​​ការប្តឹងរឿងជម្លោះ​​​​ព្រំដែនកម្ពុជា-ថៃទៅ​តុលាការICJនឹងមិនរំខានដល់កិច្ចចរចា​ទ្វេភាគី, 03/06/2025, available in https://short-link.me/13BtZ,acessed on June4, 2025 at 13:30 pm.

[10]The Nation, Thailand rejects ICJ jurisdiction, reaffirms national sovereignty: Phumtham, June 4 2025, available in https://www.nationthailand.com/news/politics/40050805,acessed on June4, 2025 at 13:50 pm.

[11] Kriangsak Kittichaisaree,Bangkok Post, Thailand and the International Criminal Court, 26 Jul 2023, available in https://short-link.me/-xpi,acessed on June4, 2025 at 13:50 pm.