សេចក្តីផ្តើម

បើយើងមើលមួយជ្រុងឃើញថា ជម្លោះព្រំដែនកម្ពុជា–ថៃជាជម្លោះដណ្តើមដែនដីគ្នានាសម័យទំនើប ដែលតាមធាតុពិតឫសគល់ នៃជម្លោះរវាងជាតិសាសន៍ទាំងពីរនេះ គឺមានប្រភពនិងមានភាពប្រទាក់ក្រឡាគ្នាប្រកបដោយភាពស្មុគ្រស្មាញ នូវទិដ្ឋភាពជាច្រើន ដោយរាប់ទាំងទិដ្ឋភាព ប្រវត្តិសាស្ត្រ, មករតកអាណានិគមនិយម ការកំណត់ព្រំដែនតាមផែនទីនិងផែនដី និងចលនាជាតិនិយម ជាដើម។ ពីជ្រុងម្ខាងនៃជម្លោះយើងពិតជាបានយល់ថា ជម្លោះកម្ពុជា-ថៃ តែគឺមិនមែនជាជម្លោះនៃរដ្ឋទ្វេភាគីនោះទេ ប៉ុន្តែវា ក៏ជាជម្លោះនៃភូមិសាស្ត្រនយោបាយ ដែលបានភ្ជាប់ជាមួយអំណាចក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រព័ន្ធអន្តរជាតិថែមទៀតផង។
បន្ថែមពីលើនេះនៅចុងឆ្នាំ ២០២៥ ភាពតានតឹងខ្លាំងនៃរដ្ឋក្បែរខាងទាំងពីរ បានកើនឡើងវិញ ដោយជម្លោះមិនត្រឹមតែជាជម្លោះយោធាទេ ប៉ុន្តែរួមផ្សំទាំងជម្លោះនៃសង្គ្រាមព័ត៌មាន ចលនាជាតិនិយមនៃនយោបាយក្នុងស្រុក និងការទាក់ទាញការយកចិត្តទុកដាក់ពីក្របខណ្ឌអាស៊ាន ព្រមទាំងមហាអំណាច។
១. ប្រវត្តិសាស្ត្រ ព្រំដែន កម្ពុជា-ថៃ និងភូមិសាស្ត្រនយោបាយ
១.១.ព្រំដែនកម្ពុជា-ថៃមុនសម័យអាណានិគម
នៅមុនសម័យអាណានិគម ប្រទេសនីមួយៗនៅអាស៊ីអាគ្នេយ៍ នៅមិនទាន់មានព្រំដែនកំណត់ច្បាស់លាស់នៅឡើយទេ។ ដោយប្រទេសនីមួយៗកំណត់ដែនដី ទៅតាមបែបប្រពៃណី គឺស្ថិតតែក្រោមតំបន់ណា ដែលនៅក្រោមឥទ្ធីពល ឬដែនដីដែលខ្លួនកាន់កាប់ ឬមានឥទ្ធិពលលើប៉ុណ្ណោះ ហើយការកំណត់ទឹកដីនោះទៀតសោត ក៏មិនបានកំណត់អំពីខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ ឬជាខ្សែបន្ទាត់ព្រំដែនជាក់លាក់ដោយមានការទទួលស្គាល់ជាកម្រិតអន្តរជាតិឡើយ។ បរិបទនេះ គឺស្របទៅនឹងការលើកឡើងរបស់លោក Benedict Anderson ដែលបានពន្យល់ថា គោលគំនិតបញ្ជាក់ពី “ដែនដីរបស់រដ្ឋនីមួយៗ” ទើបត្រូវបានគេបង្កើតឡើងនៅក្នុងសម័យទំនើប ឬក្រោយសម័យអាណានិគមប៉ុណ្ណោះ។[1] ពិតណាស់កាលណាគេនិយាយពីដែនដីគឺ គេប្រើវាសម្រាប់ភ្ជាប់ជាមួយរដ្ឋអធិបតេយ្យ និងអត្តសញ្ញាណរបស់ជាតិសាសន៍ណាមួយ។ ទន្ទឹមនឹងនេះមុនសតវត្សទី១៩ គំនិតអំពីអ្វីដែលហៅថា “ព្រំដែន” នៅអាស៊ីអាគ្នេយ៍ មិនស្របគ្នានឹងគំនិតរដ្ឋអធិបតេយ្យសព្វថ្ងៃឡើយ។ នៅពេលនោះព្រំដែនត្រូវបានគេយល់ថា ព្រំដែនជាតំបន់ ដែលស្ថិតនៅក្រោមដែនឥទ្ធិពលរបស់ខ្លួន (zones of influence) គឺមិនមែនជាខ្សែបន្ទាត់រឹងមាំសម្រាប់កំណត់ព្រំដែនសីមារ របស់រដ្ឋនីមួយៗនោះទេ។[2] ជាក់ស្តែងកាលនោះ អាណាចក្រខ្មែរនិងសៀមមានទំនាក់ទំនងគ្នា តាមរយៈការបង់ពន្ធ ផ្តល់ជូននូវដង្វាយសួយសារអាករ ដល់រដ្ឋដែលមានអំណាចខ្លាំងជាង ដោយមិនមានការកំណត់បន្ទាត់ភូមិសាស្ត្រច្បាស់លាស់ និងមានភាពរឹងមាំដូចការកំណត់ព្រំដែនរដ្ឋ ក្នុងសម័យទំនើបនាពេលនេះឡើយ។ ទំនាក់ទំនងនេះ ត្រូវបានបង្កើតឡើងក្នុងបរិបទនៃ ប្រព័ន្ធអំណាចបែបឋានានុក្រម (hierarchical–mandala system) ដែលព្រំដែនមានលក្ខណៈមិនច្បាស់លាស់ (fluid) ហើយអធិបតេយ្យភាព នៃរដ្ឋទៀតសោត គឺត្រូវបានកំណត់តាមរយៈការទទួលស្គាល់អំណាចនៃរដ្ឋដែលខ្លាំងជាង ជាជាងការទទួលស្គាល់ដោយការកាន់កាប់ដែនដីជាក់ស្តែងឬការកំណត់ទទួលស្គាល់ជាបន្ទាត់សីមារច្បាស់លាស់។[3]
ដោយផ្អែកក្នុងប្រព័ន្ធនេះ គឺបានបង្ហាញឱ្យយើងឃើញថា អាណាចក្រខ្មែរនិងសៀម មានទំនាក់ទំនងគ្នាទាំងក្នុងរូបភាពនៃការប្រកួតប្រជែងផង និងរូបភាពនៃការពឹងផ្អែកគ្នាផង ដោយនៅក្នុងដំណាក់កាលខ្លះអាណាចក្រខ្មែរ មានឥទ្ធិពលខ្លាំងទាំងវប្បធម៌និងសាសនាលើសៀម។ ត្រង់នេះ សរបញ្ជាក់ច្បាស់ដូចដែលយើងអាចឃើញពីឥទ្ធិពលនៃ ភាសាសំស្ក្រឹត សិល្បៈខ្មែរ និងគំរូអង្គរក្នុងរចនាសម្ព័ន្ធរដ្ឋនិងនៅក្នុងព្រះរាជវាំងសៀម។[4] ប៉ុន្តែក្រោយមកពោលគឺនៅដំណាក់កាលបន្ទាប់ ជាពិសេសចាប់ពីសតវត្សទី១៥ អាណាចក្រសៀម (អយុធ្យា) បានរីកធំធាត់ឡើងនិងមានឥទ្ធិពលទាំងអំណាចយោធានិងនយោបាយ មកលើដែនដីនិងរដ្ឋបាលខ្មែរវិញ។[5]
ទំនាក់ទំនងនេះ ក៏មានលក្ខណៈជាប្រព័ន្ធ ទំនាក់ទំនងជារបបៀបអាណាព្យាបាល – អនុត្តរភាព(suzerainty–vassal relationship) នៅពេលខ្លះ ដោយមានការបង់ពន្ធ ការជូនសួយសារអាករ និងការទទួលស្គាល់សិទ្ធិអំណាច របស់អាណាចក្រដែលធំជាង ដោយរដ្ឋតូចត្រូវបង់សួយសារអាករ ឬបង់ពន្ធជូនដល់រដ្ឋដែលខ្លាំង និងមានឥទ្ធិពលដូចមុនសតវត្សទី១៩ដែលសៀមត្រូវបង់ជូនសួសាអាករ ដល់អាណាចក្រខ្មែរ។ ទោះជាយ៉ាងណា ទំនាក់ទំនងបែបនេះ មិនមែនមានន័យថា អាណាចក្រខ្មែរ ឬសៀម បាត់បង់អធិបតេយ្យភាពជាអចិន្ត្រៃយ៍នោះទេ ប៉ុន្តែបង្ហាញអំពី ការប្រែប្រួលអំណាចតាមស្ថានភាព នៃកម្លាំងយោធា និងនយោបាយក្នុងសង្គមខ្លួនតែប៉ុណ្ណោះ។[6]
សំខាន់ជាងនេះ ទំនាក់ទំនងរវាងអាណាចក្រខ្មែរនិងសៀម មុនសតវត្សទី១៩ មិនបានកំណត់ដោយព្រំដែនភូមិសាស្ត្ររឹងមាំឡើយ។ តំបន់ជាប់ព្រំដែនសព្វថ្ងៃ ដូចជា តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបនៅភាគខាងជើង ត្រូវបានគេយល់ថា ជាតំបន់អន្តរកាលដែលអំណាច និងឥទ្ធិពលអាចផ្លាស់ប្តូរតាមពេលវេលា។[7] ការខ្វះបន្ទាត់ព្រំដែនច្បាស់លាស់នេះ បានក្លាយជាមូលដ្ឋានសំខាន់មួយ សម្រាប់ជម្លោះព្រំដែននៅសម័យក្រោយ ពិសេសនៅពេលដែលគំនិតព្រំដែនបែបអឺរ៉ុបត្រូវបាននាំចូលដោយអាណានិគមនិយម។
ជាសរុបមក ទំនាក់ទំនងអាណាចក្រខ្មែរ–សៀម មុនសតវត្សទី១៩ គឺជាទំនាក់ទំនងអំណាចបែបប្រវត្តិសាស្ត្រ ដែលមានលក្ខណៈបត់បែន ផ្លាស់ប្តូរ និងមិនអាចបកស្រាយដោយផ្អែកលើគំនិតព្រំដែន និងអធិបតេយ្យភាពតាមបែបសម័យទំនើបបានទេ ហើយការមិនយល់ពីបរិបទប្រវត្តិសាស្ត្រនេះ នឹងធ្វើឱ្យការវិភាគជម្លោះព្រំដែនកម្ពុជា–ថៃសម័យថ្មី ខ្វះនូវមូលដ្ឋានប្រវត្តិសាស្ត្រ ដែលចាំបាច់យើងត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅលើទិដ្ឋភាពនេះ។
១.២.អាណានិគមនិយម និងការបម្លែងព្រំដែនទៅជាខ្សែបន្ទាត់ផ្លូវច្បាប់
វត្តមានរបស់អាណានិគមបារាំងនៅឥណ្ឌូចិន នាចុងសតវត្សទី១៩ និងដើមសតវត្សទី២០ បានធ្វើឱ្យរចនាសម្ព័ន្ធភូមិសាស្ត្រនយោបាយ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានការប្រែប្រួលយ៉ាងខ្លាំង។ អាណានិគមនិយមអឺរ៉ុប បាននាំយកជាមួយនូវគំនិតរដ្ឋសម័យទំនើបដែលផ្អែកលើ អធិបតេយ្យភាពដែនដី និងព្រំដែនច្បាស់លាស់ មកអនុវត្តនៅតំបន់នេះ។ [8]
សន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និង១៩០៧ គឺជាចំណុចរបត់សំខាន់មួយដែលបានកំណត់ព្រំដែនដោយផ្អែកលើផែនទី បន្ទាត់ភូមិសាស្ត្រ និងលក្ខណៈធម្មជាតិ ដូចជា ជួរភ្នំ និងខ្សែទឹក ជំនួសឱ្យទំនាក់ទំនងសង្គម និងនយោបាយបែបបុរាណ។[9] ការកំណត់ព្រំដែនបែបនេះ បានធ្វើឱ្យដែនដីត្រូវបានបម្លែងទៅជាវត្ថុច្បាប់ (legal object) ដែលអាចវាស់វែង គូសបន្ទាត់ និងការពារដោយរដ្ឋ។ ជាគោលគំនិតដើម ការបង្កើតព្រំដែនសីមាច្បាស់លាស់ គឺជារឿងល្អ ជារឿងមួយសមហេតុផល ដើម្បីបញ្ជាក់ពីសិទ្ធិក្នុងការគ្រប់គ្រង និងជាយន្តការរួមដើម្បីកាត់បន្ថយនូវទំនាស់ ប៉ុន្តែពេលខ្លះ វាក៏ជាប្រភពនៃជម្លោះផងដែរ ពិសេសការកំណត់មិនច្បាស់លាស់រវាងផែនទី និងផែនដីជាក់ស្តែង អាចនាំទៅឱ្យកើតមានវិបត្តរ៉ាំរ៉ៃទៅវិញ។ ត្រង់នេះលោក John Agnew បានអះអាងថា ការបង្កើតព្រំដែនបែបនេះ ជាផ្នែកមួយនៃអន្ទាក់ដែនដី “territorial trap” ដែលធ្វើឱ្យរដ្ឋទំនើប ត្រូវបានចងភ្ជាប់យ៉ាងតឹងរឹងជាមួយដែនដី និងធ្វើឱ្យដែនដីក្លាយជាមូលដ្ឋានគ្រឹះអំណាចនយោបាយ និងជម្លោះ។ [10] ជាក់ស្តែង ក្នុងករណីកម្ពុជា–ថៃ បន្ទាត់ព្រំដែនដែលត្រូវបានកំណត់ដោយអាណានិគម មិនត្រឹមតែបំប្លែងរបៀបយល់ដឹងអំពីអធិបតេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវ ភាពមិនច្បាស់លាស់រចនាសម្ព័ន្ធ (structural ambiguity) ដែលបានបន្តប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរយៈពេលវែង តមកសម័យក្រោយៗទៀត។
ពិតណាស់ ការគូសបន្ទាត់ព្រំដែនតាមផែនទីអាណានិគម មិនបានគិតគូរពេញលេញអំពី ការរស់នៅរួមគ្នា ប្រវត្តិសាស្ត្រ និងការប្រើប្រាស់ដែនដីរបស់សហគមន៍ជាមូលដ្ឋានឡើយ។ ពេលដែលភាគីណាមួយ (ថៃ-ខ្មែរ) មិនឯកភាព មិនគោរពប្រតិបត្តិតាមពេញលេញនូវកិច្ចព្រមព្រៀង ឬសន្ធិសញ្ញា នៃការបែងចែកទឹកដី នោះរដ្ឋទាំងពីរគួរស្វែងរកវិធីដោះស្រាយដោយវិធីណា? បញ្ហាឆកល្វែងទាំងអស់នេះហើយ ដែលបានធ្វើឱ្យព្រំដែនក្លាយជាតំបន់ងាយផ្ទុះជម្លោះ នៅពេលដែលរដ្ឋសម័យក្រោយអាណានិគម ប្រើបន្ទាត់អាណានិគមនោះ ជាមូលដ្ឋានសម្រាប់ការទាមទារអធិបតេយ្យភាព និងសន្តិសុខ។[11]
ដូច្នេះ អាណានិគមនិយម មិនត្រឹមតែបង្កើតព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកមរតកជម្លោះ ដែលបន្តបង្ហាញនូវឥទ្ធិពលរបស់វា រហូតដល់សតវត្សទី២១ ពិសេសនៅក្នុងទំនាក់ទំនងកម្ពុជា–ថៃនេះជាឧទាហរណ៍ស្រាប់។
១.៣.ផែនទីមាត្រដ្ឋាន ១/២០០,០០០ និងអំណាចនៃការគូសខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ
ផែនទីមាត្រដ្ឋាន ១/២០០,០០០ ដែលត្រូវបានបោះពុម្ពដោយអាណានិគមបារាំង នៅដើមសតវត្សទី២០ គេមើលឃើញថា មាត្រដ្ឋានផែនទីគឺជាឧបករណ៍សំខាន់បំផុតមួយ ក្នុងការកំណត់និងបកស្រាយនៃវិវាទព្រំដែនកម្ពុជា–ថៃ។ ផែនទីប្រភេទនេះ មិនត្រឹមតែមានតួនាទី ជាឧបករណ៍បច្ចេកទេសសម្រាប់ការវាស់ស្ទង់រវាងផែនទីនិងផែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយនយោបាយមួយ ដែលពួកអាណានិគមប្រើ ដើម្បីបម្លែងដែនដីភូមិសាស្ត្រទៅជាខ្សែបន្ទាត់មួយ ដែលមានប្រសិទ្ធភាពលើទិដ្ឋភាពច្បាប់ និងអធិបតេយ្យភាពរបស់រដ្ឋ។
របត់ថ្មីនៃការគូសខ្សែបន្ទាត់លើផែនទីសម្រាប់កំណត់ព្រំដែនរដ្ឋ បានធ្វើឱ្យប្រព័ន្ធនយោបាយអន្តរជាតិ សណ្តាប់ធ្នាប់នៅអាស៊ីអាគ្នេយ៍ ហើយជាពិសេសនៅតំបន់ឥណ្ឌូចិនមានការប្រែប្រួលខ្លាំង។ ជាការពិត ផែនទីបានផ្លាស់ប្តូរព្រំដែននៃរដ្ឋ ពោលគឺពីអ្វី ដែលមានលក្ខណៈស្រពិចស្រពិលមិនច្បាស់លាស់ ឱ្យទៅជាការកំណត់ច្បាស់លាស់ និងប្រែក្លាយពីការពំនាក់អាស្រ័យលើទំនាក់ទំនងអំណាចរវាងរដ្ឋនិងរដ្ឋ ឱ្យទៅជាខ្សែបន្ទាត់រឹងមាំដែលអាចយោង និងការពារដោយច្បាប់អន្តរជាតិ។[12]
ត្រង់នេះ លោក Halford J. Mackinder បានបញ្ជាក់ថា ភូមិសាស្ត្រ និងការតំណាងវានៅលើផែនទី គឺជាមូលដ្ឋានសំខាន់នៃអំណាចនយោបាយ ព្រោះផែនទីអនុញ្ញាតឱ្យរដ្ឋមួយ “មើលឃើញ” និង “គ្រប់គ្រង” ដែនដីរបស់ខ្លួន។[13] ក្នុងបរិបទនេះ ផែនទីមាត្រដ្ឋាន 1/200,000 មិនមែនជាឯកសារអព្យាក្រឹត (neutral document) នោះទេ ប៉ុន្តែជាការតំណាងអំណាចដែលបង្កើតន័យ និងការពិតផ្លូវច្បាប់(legal reality)សម្រាប់រដ្ឋសម័យទំនើប។
ក្នុងស្មារតីនេះ អ្នកស្រាវជ្រាវផែនទី ដូចជាលោក J. B. Harley បានអះអាងថា ផែនទីគឺជាទម្រង់នៃទំនាក់ទំនងចំណេះដឹង ដែលភ្ជាប់ជាមួយអំណាច (knowledge–power nexus) ដោយសារការជ្រើសរើសអ្វីត្រូវបង្ហាញនិងអ្វីត្រូវលាក់ ហើយបង្កើតនូវការយល់ដឹងជាក់លាក់មួយអំពីដែនដី។[14]ចំណែកឯករណី កម្ពុជា – ថៃវិញ គេមើលឃើញថា បន្ទាត់ព្រំដែនដែលត្រូវបានគូសលើផែនទីអាណានិគមនេះ គឺមិនត្រឹមតែបង្ហាញព្រំដែននោះទេ ដែលជាហេតុបង្កើតឱ្យមាននូវភាពចម្រូងចម្រាស់ និងបានបង្កើតឱ្យមានមូលដ្ឋានសម្រាប់ការទាមទាអធិបតេយ្យភាពរវាងរដ្ឋក្បែរខាងទាំងពីរ និងការប្រកួតប្រជែងនយោបាយនាសម័យក្រោយអាណានិគម។
ជាងនេះទៅទៀត ផែនទីមាត្រដ្ឋាន 1/200,000 ត្រូវបានយកមកប្រើជាភស្តុតាងសំខាន់ ក្នុងករណីជម្លោះប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២។ ការទទួលយក និងការបង្ហាញអាកប្បកិរិយារដ្ឋ (state conduct) របស់សៀមចំពោះផែនទីនេះ ត្រូវបានតុលាការយកជាមូលដ្ឋានសម្រេចចិត្តផ្លូវច្បាប់។ បរិការណ៍នេះបង្ហាញថា ផែនទីអាណានិគម អាចបម្លែងពីឯកសារបច្ចេកទេស ទៅជាឧបករណ៍ផ្លូវច្បាប់ និងនយោបាយ ដែលមានអានុភាពយូរអង្វែង។[15]
ដោយហេតុផលនេះហើយ ទើបមាត្រដ្ឋានផែនទី 1/200,000 មានអ្នកខ្លះយល់ថា ផែនទីនេះ មិនត្រឹមជាការឆ្លុះបញ្ចាំង ពីភាពពិតប្រាកដនៃភូមិសាស្ត្រតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលទ្ធផលនៃអំណាច ការជ្រើសរើស និងបរិបទអាណានិគមផងដែរ។
ស្របជាមួយគ្នានោះដែរ មរតកផែនទីនេះ បានបន្តបង្កើតភាពមិនច្បាស់លាស់ និងជម្លោះនៅតំបន់ព្រំដែនរវាងកម្ពុជា–ថៃ រហូតដល់សតវត្សទី២១ ដែលបង្ហាញថា ការគូសបន្ទាត់លើផែនទី គឺលាយលំគ្នានិងទិដ្ឋភាពនយោបាយ ហើយការកំណត់ផែនទី គឺមិនមែនជាកិច្ចការបច្ចេកទេសសុទ្ធសាធនោះឡើយ។[16]
សរុបមក នៅក្នុងបរិបទជាក់ស្តែង បើទោះបីជា ប្រទេសយើងមានមាត្រដ្ឋានផែនទីរួចហើយ និងមានការគាំទ្រផ្នែកផ្លូវច្បាប់អន្តរជាតិយ៉ាងណាក្តី ក៏បញ្ហាជម្លោះព្រំដែនកម្ពុជាថៃនៅជាចំណុចក្តៅដដែល ពីមួយសម័យកាល ទៅមួយសម័យកាលនៃជាតិសាសន៍ទាំងពីនេះ ដោយគេតែងធ្វើការវាយប្រហារដើម្បីជាផលប្រយោជន៍ខាងនយោបាយ និងដុតកំហឹងជាតិនិយម ដូចធ្លាប់បានធ្វើកាលពីឆ្នាំ១៩៦២, ២០០៣,២០០៨-២០១៣ និងក្នុងពេលបច្ចុប្បន្នក្នុងឆ្នាំ២០២៥នេះតែម្តង។
១.៤ ភូមិសាស្ត្រយោធា នៃជួរភ្នំដងរែក និងជួរភ្នំក្រវាញ
សណ្ឋានដីកម្ពុជា មានរាងជាបាតខ្ទះដែលភូមិសាស្ត្រនេះផ្តល់នូវផលវិជ្ជមាន និងអណោយផលជាច្រើនសម្រាប់កម្ពុជា។ បើយើងមើលពីជ្រុងនៃយុទ្ធសាស្ត្រយោធាវិញជាក្រវាត់ការពារមួយយ៉ាងអស្ចារ្យ។ ភូមិសាស្ត្រយោធានៃប្រទេសកម្ពុជា ត្រូវបានកំណត់យ៉ាងខ្លាំងដោយ ជួរភ្នំដងរែក ដែលស្ថិតនៅភាគខាងជើង និង ជួរភ្នំក្រវាញ ស្ថិតនៅភាគខាងលិច–និរតី ដែលជួរភ្នំទាំងពីរនេះបង្កើតបានជាខ្សែក្រវាត់ធម្មជាតិ យ៉ាងសំខាន់សម្រាប់សន្តិសុខជាតិ និងជាយុទ្ធសាស្ត្រសម្រាប់ការពារជាតិផងដែរ។ ជាងនេះទៅទៀត ជួរភ្នំទាំងនេះ មិនត្រឹមតែជាជួរភ្នំពុះចែកទឹកដីរវាងកម្ពុជា-ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងអំណោយផលដល់វិស័យយោធា (military space) ប្រកបដោយប្រសិទ្ធភាពថែមទៀតផង។ ការណ៍នេះ ពិតជាចាំបាច់និងតម្រូវឱ្យរដ្ឋាភិបាលក៏ដូចជាខាងយោធា ត្រូវគិតគូរយុទ្ធសាស្ត្រតាមលក្ខណៈភូមិសាស្ត្រដែលមានស្រាប់។
ជួរភ្នំដងរែក មានតួនាទីយុទ្ធសាស្ត្រខ្ពស់ ដោយសារវាជាតំបន់ខ្ពស់ (high ground) ដែលអាចគ្រប់គ្រងច្រកចេញចូល ពីខ្ពង់រាបពីភាគខាងជើង (Khorat Plateau) ចូលទៅកាន់ទឹកដីកណ្ដាលកម្ពុជា។ តាមយុទ្ធសាស្ត្រយោធា ការកាន់កាប់តំបន់ខ្ពស់ ផ្តល់អត្ថប្រយោជន៍ច្រើន ដូចជា ការឃ្លាំមើលនូវការការចេញចូលឬការចល័តទព័របស់សត្រូវ ការការពារធម្មជាតិ និងការទប់ស្កាត់ចលនាយោធារបស់សត្រូវជាដើម។ ទីតាំងប្រាសាទព្រះវិហារដែលស្ថិតនៅលើខ្នងភ្នំដងរែក បង្កើនតម្លៃយុទ្ធសាស្ត្រខ្លាំងណស់សម្រាប់តំបន់នេះ ដោយវាបានភ្ជាប់ភូមិសាស្ត្រយោធា ជាមួយអត្តសញ្ញាណប្រវត្តិសាស្ត្រ និងអធិបតេយ្យភាពជាតិ។ ដូច្នេះហើយ ជួរភ្នំដងរែក ក្លាយជាតំបន់ងាយផ្ទុះជម្លោះជាទីបំផុត ព្រោះវាជាចំណុចប្រសព្វរវាងទីតាំងខ្ពស់ ច្រកព្រំដែនចេញចូល, និងជានិមិត្តរូបនៃអត្តសញ្ញាណជាតិ។[17]
ខុសពីដងរែក ជួរភ្នំក្រវាញ មានតួនាទីយុទ្ធសាស្ត្រផ្សេងមួយទៀត ប៉ុន្តែក៏មានសារសំខាន់មិនចាញ់គ្នាប៉ុន្មានដែរ។ ជួរភ្នំក្រវាញ បង្កើតជាខ្សែក្រវាត់ភ្នំក្រាស់និងព្រៃជ្រៅ ដែលបានដើរតួនាទីជាខ្សែក្រវាត់ការពារធម្មជាតិ (natural defensive barrier) សម្រាប់ភាគខាងលិចនៃកម្ពុជា។ ក្នុងប្រវត្តិសាស្ត្រសង្គ្រាមសម័យទំនើប ជាពិសេសសង្គ្រាមស៊ីវិល និងសង្គ្រាមត្រជាក់ ជួរភ្នំក្រវាញត្រូវបានប្រើជាតំបន់លាក់កម្លាំង មូលដ្ឋានយោធា និងផ្លូវផ្គត់ផ្គង់ ដែលធ្វើឱ្យរដ្ឋអំណាចខ្មែរសម័យនោះមានការលំបាកក្នុងការគ្រប់គ្រងតំបន់ជួរភ្នំនេះបានពេញលេញល្អ។ លក្ខណៈភូមិសាស្ត្រដាច់ស្រយាល និងការចូលដំណើរការលំបាក បានធ្វើឱ្យតំបន់នេះ មានសារៈសំខាន់ក្នុងយុទ្ធសាស្ត្រការពារទាំងសន្តិសុខផ្ទៃក្នុង (internal security) និងទាំងការគ្រប់គ្រងចំពោះ ការវាយលុកពីខាងក្រៅចូលមកខាងក្នុងប្រទេសថែមទៀតផង។[18]
ទីតាំងយុទ្ធសាស្ត្រល្អបែបនេះ បើតាមលោកRobert D. Kaplan បានពិពណ៌នាថា ទីតាំងភូមិសាស្ត្រអាច “បង្ខំ” (constrains) នយោបាយ និងយុទ្ធសាស្ត្រ ដោយហេតុផលថា វាកំណត់ជម្រើសដែលរដ្ឋមួយអាចធ្វើបាន។[19] ក្នុងករណីកម្ពុជា ជួរភ្នំដងរែក បង្ខំឱ្យរដ្ឋត្រូវផ្តោតលើសន្តិសុខព្រំដែន និងការទប់ស្កាត់ការលុកលុយពីខាងជើង ខណៈជួរភ្នំក្រវាញ បង្ខំឱ្យរដ្ឋត្រូវផ្តោតលើការគ្រប់គ្រងផ្ទៃក្នុង ស្ថិរភាព និងការតភ្ជាប់ពីភ្នំទៅឆ្នេរ។ ទាំងពីរបង្ហាញថា ភូមិសាស្ត្រមិនត្រឹមតែជាផ្ទៃខាងក្រោយនៃនយោបាយទេ ប៉ុន្តែជាអង្គធាតុសកម្ម ដែលបង្កើតទិសដៅយុទ្ធសាស្ត្រ និងអាទិភាពសន្តិសុខរបស់រដ្ឋ។
ដោយសារតែជួរភ្នំដងរែក និងជួរភ្នំក្រវាញ មានតួនាទីយោធាផ្សេងគ្នា ប៉ុន្តែបំពេញគ្នា តំបន់ទាំងពីរ បានក្លាយជាស្នូលនៃភូមិសាស្ត្រយោធាកម្ពុជា។ ជម្លោះព្រំដែននៅដងរែក និងបញ្ហាសន្តិសុខផ្ទៃក្នុងនៅក្រវាញ បង្ហាញថា កម្ពុជាត្រូវប្រើយុទ្ធសាស្ត្រចម្រុះ ដែលរួមបញ្ចូល ការការពារព្រំដែន ការគ្រប់គ្រងអវកាសខាងក្នុង និងការភ្ជាប់ភូមិសាស្ត្រជាមួយអត្តសញ្ញាណជាតិ។ ក្នុងន័យនេះ បញ្ហាព្រះវិហារ និងភូមិសាស្ត្រយោធានៃកម្ពុជា មិនមែនជាបញ្ហាច្បាប់តែមួយមុខឡើយ ប៉ុន្តែជាបញ្ហាសន្តិសុខ និងយុទ្ធសាស្ត្រជាក់ស្តែង ដែលបន្តប៉ះពាល់ដល់ការគិតគូរនយោបាយរបស់រដ្ឋរហូតដល់សតវត្សទី២១។[20]
សរុបមកកម្ពុជា មិនអាចបាត់បង់ការគ្រប់គ្រងទីតាំងខ្ពស់នៅតាមបណ្តោយជួរភ្នំក្រវាងនិងួរភ្នំដងរែក ដែលជាខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃនោះឡើយ ក្រៅតែពីតម្លៃសម្រាប់អត្តសញ្ញាណជាតិ ទីតាំងទាំងនេះ គឺត្រូវការពារឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ព្រោះវាជាទីតាំយុទ្ធសាស្ត្រ សម្រាប់សន្តិសុខផ្ទៃក្នុង និងជាទីតាំងមានប្រៀបលើសមរភូមិយោធា ក្នុងការទប់ទល់ជាមួយថៃ ពុំនោះទេ រាល់ពេលការចល័តសកម្មភាពយោធាណាមួយ នៅពេលអនាគតនឹងត្រូវស្ថិតនៅក្រោមការឃ្លាំមើលពីសំណាក់កងទព័ថៃទាំងអស់ គឺដោយសារចំណុចនេះហើយ ទើបថៃមានចេតនារំកិលព្រំដែនគោក ឱ្យផុតពីជួរភ្នំទាំងពីរនេះ ទោះបីជារាល់ការរំកិលខ្សែបន្ទាត់ទាំងនោះ ផ្ទុយនឹងច្បាប់អន្តរជាតិយ៉ាងណាក៏ដោយ។
២. ប្រាសាទព្រះវិហារ និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) — ច្បាប់ អំណាច និងនយោបាយ
២.១. ប្រាសាទព្រះវិហារ : អត្តសញ្ញាណដែនដី និងអធិបតេយ្យភាព
ពិតមែនហើយ ប្រាសាទព្រះវិហារមិនមែនជាសំណង់បុរាណធម្មតា ដែលមានតម្លៃត្រឹមតែសិល្បៈ និងសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កប់នូវ និមិត្តសញ្ញាភូមិសាស្ត្រនយោបាយ (geopolitical symbol) ដែលភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នាជាច្រើន និងពោរពេញទៅដោយភាពស្មុគ្រស្មាញរវាង ដែនដី អធិបតេយ្យភាព និងអត្តសញ្ញាណព្រលឹងជាតិ។ នៅក្នុងទ្រឹស្តី territoriality ដែនដីមិនត្រឹមតែជាទីតាំងផ្ទាល់ខ្លួន ដែលរដ្ឋគ្រប់គ្រងតាមច្បាប់ទេ ប៉ុន្តែជាកន្លែងដែលផ្ទុកនូវអត្ថន័យប្រវត្តិសាស្ត្រ សាសនា អត្តសញ្ញាណរួម ព្រមទាំងស្មារតីជាតិថែមទៀតផង។ដោយឈលើគុណតម្លៃនេះហើយ ទើបធ្វើឱ្យបញ្ហាដែនដីក្លាយជាកម្មវត្ថុនយោបាយមួយដ៏រសើប។[21]
ចំពោះ ទីតាំងភូមិសាស្ត្ររបស់ប្រាសាទព្រះវិហារដែលស្ថិតនៅលើខ្នងភ្នំដងរែក បានបង្កប់នូវសក្តានុពលនៃតម្លៃភូមិសាស្ត្រយោធា និងចិត្តសាស្ត្រ ទៅលើគុណតម្លៃវប្បធម៌ផងដែរ។ ពីទីតាំងប្រាសាទនេះ បើយើងមើលចុះទៅកាន់ទឹកដីកម្ពុជាស្ថិតនៅទីតាំងច្រាក់ថ្មខ្ពស់ តែបើមើលពីខាងថៃគឺសណ្ឋានភូមិសាស្ត្រល្អ មានផ្លូវចូលសំខាន់ពីខាងដីថៃមកវិញ ការណ៍នេះបានធ្វើឱ្យវាក្លាយជាចំណុចប្រសព្វរវាង ទីតាំងខ្ពស់, ដែនដីពិសិដ្ឋ, និងអធិបតេយ្យភាព។ ក្នុងបរិបទនេះ ការគ្រប់គ្រងប្រាសាទព្រះវិហារ គឺមានន័យថា មិនត្រឹមតែជាការគ្រប់គ្រងសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាការគ្រប់គ្រងលើអត្ថន័យអធិបតេយ្យភាព និងភាពស្របច្បាប់ខាងប្រវត្តិសាស្ត្ររបស់រដ្ឋផងដែរ។
សម្រាប់កម្ពុជា ប្រាសាទព្រះវិហារ ត្រូវបានយល់ថាជា ភស្តុតាងរស់ នៃអរិយធម៌ខ្មែរ និងការតភ្ជាប់ប្រវត្តិសាស្ត្រពីសម័យអង្គរ មករដ្ឋសម័យទំនើប។
នៅក្នុងបរិបទក្រោយអាណានិគម និងក្រោយសង្គ្រាម ប្រាសាទនេះ បានក្លាយជាសញ្ញានៃ ការរស់រានមានជីវិតរបស់ជាតិ និងការទាមទារអធិបតេយ្យភាពបានឡើងវិញស្របតាមច្បាប់អន្តរជាតិ។ ពិសេសសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលឆ្នាំ ១៩៦២ និងការបកស្រាយបន្ថែមក្នុងឆ្នាំ២០១៣ បានពង្រឹងនូវអត្ថន័យនេះជាមូលដ្ឋាន ដោយធ្វើឱ្យជ័យជំនះនៃប្រាសាទព្រះវិហារ ក្លាយជាសញ្ញានៃជ័យជម្នះផ្លូវច្បាប់និងការតស៊ូជា ប្រវត្តិសាស្ត្ររបស់កម្ពុជាលើសត្រូវឈ្លានពាន។ [22]
ផ្ទុយពីភាពសាទរ និងភាពត្រេកអររបស់កម្ពុជា សម្រាប់ខាងភាគីថៃឯណោះវិញ ការបាត់បង់សិទ្ធិគ្រប់គ្រងប្រាសាទព្រះវិហារ និងតំបន់ជុំវិញបរិវេណប្រាសាទទាំងមូល គឺជាបញ្ហាធំដែលក្រុមជ្រុលនិយមថៃយល់ច្រលំនិងបន្តអះអាងថា សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺប្រគាល់ឱ្យកម្ពុជាតែតួប្រាសាទ ចំណែកឯតំបន់ជុំវិញប្រាសាទ គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។ ប្រការទាំងនេះហើយដែលតម្រូវឱ្យមានការបកស្រាយនៅក្នុងបរិបទជាតិនិយមនិងការពារដែនដី (territorial defense nationalism)។ ពីខាងថៃ ការបាត់បង់អធិបតេយ្យភាពលើប្រាសាទព្រះវិហារ ត្រូវបានសារព័ត៌មាននិងក្រុមអ្នកនយោបាយថៃខ្លះ បកស្រាយថា ជាការបាត់បង់ដែនដី និងការរងការគំរាមកំហែងដល់ សន្តិសុខនៃជាតិថៃទាំងមូល។
ដោយផ្អែកលើទស្សនៈបែបអវិជ្ជមានរបស់ជនជាតិថៃមួយចំនួននេះហើយ បានធ្វើឱ្យប្រាសាទព្រះវិហារ ក្លាយជាកម្មវត្ថុនៃការកេងចំណេញនយោបាយ ក្នុងការប្រកួតប្រជែងអំណាចក្នុងស្រុកថៃ និងការរឹតត្បិតតួនាទីយោធា។ [23]
ពិតណាស់ មនុស្សពីរនាក់ដណ្តើមគ្នាដេកកណ្តាល គឺពិតជាពិបាក ក្នុងន័យនេះ ការបកស្រាយខុសគ្នារវាងភាគីទាំងពីរ បានបង្កើតឱ្យមានការខ្វែងទស្សនៈគ្នា (symbolic incompatibility) ដែលធ្វើឱ្យការសម្របសម្រួលនយោបាយ និងការទូតមានភាពលំបាក។
សម្រាប់កម្ពុជា ប្រាសាទព្រះវិហារ ជាសញ្ញានៃអធិបតេយ្យភាព ដែលត្រូវបានទទួលស្គាល់តាមច្បាប់អន្តរជាតិ ខណៈសម្រាប់ថៃ វាជាសញ្ញានៃដែនដីដែលត្រូវ “ការពារ” តាមស្មារតីជាតិនិយមថៃទាំងមូល។ ភាពមិនត្រូវគ្នានៃអត្ថន័យនេះ បានធ្វើឱ្យប្រាសាទក្លាយជាចំណុចប៉ះទង្គិចយូរអង្វែងនិងរ៉ាំរៃ ដែលងាយត្រូវបានគេប្រើប្រាស់នៃមូលដ្ឋានជម្លោះនេះ ដោយបម្លែងទៅជាវិបត្តិនយោបាយ និងយោធា នៅពេលមានសម្ពាធក្នុងស្រុក(ថៃ) ឬបរិបទតំបន់មិនស្ថិរភាព។
ដោយសារធាតុផ្សំទាំងអស់នេះហើយ រាល់ការស្វែងយល់ពីជម្លោះប្រាសាទព្រះវិហារ មិនអាចត្រូវបានវិភាគត្រឹមតែ ផ្នែកសើរខាងលើ ឬដោយន័យត្រង់ថា ជាជម្លោះបេតិកភណ្ឌវប្បធម៌ ឬជម្លោះច្បាប់អន្តរជាតិទេ តែធាតុពិតវាគឺជាសំណុំប្រសព្វរវាង ទឹកដីនិយម, ជាតិនិយម, ភូមិសាស្ត្រនយោបាយ,ភូមិសាស្ត្រយោធា (territoriality, nationalism, geopolitics and military geography) ដែលបង្ហាញថា ដែនដី គឺជាកន្លែងផ្ទុកនូវអត្ថន័យរបស់ជាតិសាសន៍មួយ និងអំណាច។[24] យើងយល់ ពីអត្ថន័យនិងឫសគល់នេះ ជាមូលដ្ឋានគ្រឹះនិង ជាគន្លឹះសំខាន់ សម្រាប់ការវិភាគសង្គ្រាម៥ថ្ងៃកលាពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅ និងលើកទី២នេះក្នុងខែធ្នូចុងឆ្នាំ២០២៥ ។
សរុបសេចក្តីមក ប្រាសាទព្រះវិហារ គឺជាដួងព្រលឹងនិងជាអត្តសណ្ណាណនៃវប្បធម៌ខ្មែរ ដែលភ្ជាប់ជាមួយនូវគុណតម្លៃដ៏មហាសាល ដែលមិនអាចកាត់ថ្លៃបានឡើយ។ ក្រៅពីក្បូរក្បាច់រចនាដែលមាននៅលើប្រាង្គប្រាសាទ អត្ថន័យនៃការឧទ្ទិសថ្វាយដល់ទេវៈ ទីតាំងរបស់ប្រាសាទនេះ ក៏មានតម្លៃជាយុទ្ធសាស្ត្រសំខាន់ផងដែរ ដែលជាដើមចមជំរុញឱ្យប្រាសាទព្រះវិហារ ក្លាយជាគោលដៅនៃការឈ្លានពានរបស់ថៃអស់រយៈពេលជាច្រើនទស្សវត្សរ៍ ហើយបន្តចិញ្ចឹមចិត្ត បំប៉នមហិច្ឆតាលេបត្របាក់ទឹកដីខ្មែរ និងប្រាសាទនេះជាប្រចាំ។
២.២ សេចក្តីសម្រេច ICJ ឆ្នាំ ១៩៦២: ឥទ្ធិពលផ្លូវច្បាប់អន្តរជាតិ និងអំណាចផែនទី
សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice – ICJ) នៅឆ្នាំ១៩៦២ ក្នុងករណី ប្រាសាទព្រះវិហារ រវាងកម្ពុជានិងថៃ(Cambodia v. Thailand) គឺជាចំណុចបត់សំខាន់មួយ ក្នុងប្រវត្តិសាស្ត្រច្បាប់អន្តរជាតិ ក៏ដូចជាការគ្រប់គ្រងជម្លោះព្រំដែននៅអាស៊ីអាគ្នេយ៍។ តុលាការ បានសម្រេចថា ប្រាសាទព្រះវិហារ ស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយផ្អែកជាចម្បងលើ ការទទួលស្គាល់ និងការប្រព្រឹត្តរបស់រដ្ឋ របស់សៀម/ថៃ ចំពោះផែនទីមាត្រដ្ឋាន 1:200,000 ដែលបោះពុម្ពដោយបារាំង ក្នុងដំណាក់កាលអាណានិគម។[25]
សារៈសំខាន់និងតម្លៃនៃសេចក្តីសម្រេចនេះ គឺការបញ្ជាក់ថា ផែនទី គឺមិនមែនត្រឹមតែជាឯកសារបច្ចេកទេសសុទ្ធសាធនោះទេ ប៉ុន្តែផែនទីក៏អាចក្លាយជាឧបករណ៍ច្បាប់យ៉ាងសំខាន់ផងដែរ។ ICJ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាកប្បកិរិយារដ្ឋរបស់ថៃ ក្នុងទិដ្ឋភាពវិវាទកម្ពុជា–ថៃ។ កត្តាដូចជា ការទទួលយកផែនទី ការប្រើប្រាស់ផែនទីក្នុងឯកសារផ្លូវការ និងការខ្វះខាតក្នុងការជំទាស់ជាផ្លូវការជាយូរអង្វែង បានក្លាយជាមូលដ្ឋានសំខាន់សម្រាប់សេចក្តីសម្រេចរបស់តុលាការ។ លើសពិនេះទៅទៀត សេចក្តីសម្រេចនេះ ក៏បានបង្ហាញផងដែរថា ក្នុងច្បាប់អន្តរជាតិ ការអនុវត្តជាក់ស្តែង (practice) និងការរក្សាភាពស្ងៀមស្ងាត់ដែលមានន័យជាការយល់ព្រម (acquiescence) អាចមានទម្ងន់ស្មើ ឬលើសសន្ធិសញ្ញាជាលាយ លក្ខណ៍អក្សរទៀតផង។[26]
ម្យ៉ាងវិញទៀត ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោ បាយ សេចក្តីសម្រេចឆ្នាំ១៩៦២ ក៏បានបង្ហាញពី អំណាចនៃការកំណត់ទីតាំងតាមផែនទី។ បើទោះបីជាផែនទី 1:200,000 ដែលត្រូវបានគូសបន្ទាត់នៅសម័យអាណានិគមក៏ពិតមែន ប៉ុន្តែវានៅរក្សាបាននូវគុណតម្លៃរបស់វា បានបន្តមានអានុភាពផ្លូវច្បាប់ ក្នុងបរិបទក្រោយអាណានិគម ដោយបម្លែងទីតាំងភូមិសាស្ត្រ ទៅជាទីតាំងស្របច្បាប់ (legal space) ដែលអាចដោះស្រាយបានដោយតុលាការអន្តរជាតិ។ បរិបទនេះ គឺស្របតាមទស្សនៈរបស់លោក J. B. Harley ដែលបានអះអាងថា ផែនទី គឺជាការតំណាងអំណាច និងចំណេះដឹង ដែលអាចបង្កើតបាននូវ “ការពិត” មួយសម្រាប់រដ្ឋ និងច្បាប់។[27]
ទោះយ៉ាងណា សេចក្តីសម្រេច ICJ ឆ្នាំ១៩៦២ក៏មានដែនកំណត់ដោយបានបន្សល់នូវភាពឆកល្វែង ដែលបានបន្តឱ្យមានការបកស្រាយផ្សេងគ្នានៅពេលក្រោយមកទៀតផងដែរ។ យោងតាមសេចក្តីសម្រេចនោះ តុលាការ មិនបានកំណត់ព្រំដែនជុំវិញប្រាសាទព្រះវិហារឲ្យបានលម្អិតនោះទេ ពោលគឺ បានផ្តោតត្រឹមស្ថានភាពអធិបតេយ្យភាពលើតួរប្រាសាទតែប៉ុណ្ណោះ។ ការខ្វះការកំណត់បរិវេណជុំវិញប្រាសាទនេះ បានបង្កើតអ្វីដែលអ្នកវិភាគហៅថា “ភាពខ្វះចន្លោះរបស់ច្បាប់” (legal ambiguity) ដែលបន្តបង្កើតការបកស្រាយខុសគ្នា និងភាពតានតឹងយោធា នៅតំបន់ជុំវិញប្រាសាទ នារយៈកាលក្រោយៗមកទៀត ដូចជានៅឆ្នាំ២០០៨-២០១៣ និងនៅឆ្នាំ២០២៥ ជាឧទាហរណ៍ស្រាប់។[28]
ជាការពិតណាស់ ភាពខ្វះចន្លោះរបស់ច្បាប់នេះ បានបង្ហាញពីការប៉ះទង្គិចរវាង ច្បាប់អន្តរជាតិ និង ភូមិសាស្ត្រយោធា។ ទោះបីជាច្បាប់អាចកំណត់អធិបតេយ្យភាពលើសំណង់បុរាណបានក៏ដោយ ការគ្រប់គ្រងជាក់ស្តែងលើតំបន់ខ្ពស់ និងការគ្រប់គ្រងលើច្រកចូលចេញ នៅតែជាបញ្ហាសន្តិសុខ ដែលមិនអាចដោះស្រាយបានដោយសាលក្រម តែមួយមុខនោះឡើយ។ ការណ៍នេះ គឺជាមូលហេតុសំខាន់ដែលធ្វើឱ្យករណីប្រាសាទព្រះវិហារ បន្តក្លាយជាកម្មវត្ថុនៃបញ្ហានយោបាយ និងយោធា នៅសតវត្សទី២០ និងដើមសតវត្សទី២១ រហូតដល់ការសុំបកស្រាយសេចក្តីសម្រេចឡើងវិញនៅឆ្នាំ ២០១៣។
ជាសរុបមក សេចក្តីសម្រេច ICJ ឆ្នាំ១៩៦២ មិនត្រឹមតែជាករណីច្បាប់អន្តរជាតិទេ ប៉ុន្តែជាគំរូសំខាន់ ដែលបង្ហាញថា ផែនទី ការប្រព្រឹត្តរបស់រដ្ឋ និងអំណាចប្រវត្តិសាស្ត្រ អាចបញ្ចូលគ្នា បង្កើតបាននូវផលប៉ះពាល់យូរអង្វែងលើអធិបតេយ្យភាព និងសន្តិសុខ។
២.៣ ការបកស្រាយឆ្នាំ២០១៣ និងការបន្តជម្លោះរវាងកម្ពុជា-ថៃ
ការសម្រេចមិនដាច់ស្រេចរបស់មនុស្សជំនាន់មុន បានបន្តឱ្យកូនចៅជំនាន់ក្រោយផ្ទុះជម្លោះសាជាថ្មី រវាងកម្ពុជា-ថៃ ជូមវិញបញ្ហាព្រះវិហារដដែល ដែលធាតុពិតបានកើតឡើងម្តងរួចមកហើយ ពោលគឺតាំងពីឆ្នាំ១៩៦២មកនោះ។ ប៉ុន្តែនៅឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសេចក្តីសម្រេចលើ សំណើសុំបកស្រាយ (Request for Interpretation) សេចក្តីសម្រេចឆ្នាំ១៩៦២ ក្នុងករណីប្រាសាទព្រះវិហារ សារជាថ្មី។ សេចក្តីសម្រេចនេះ មិនមែនជាការកាត់ក្តីថ្មីឡើយ ប៉ុន្តែជាការបកស្រាយអត្ថន័យ និងវិសាលភាពនៃសាលក្រមដើម ដើម្បីដោះស្រាយភាពមិនច្បាស់លាស់ ដែលបានបន្តបង្កើតភាពតានតឹងយោធា និងនយោបាយអស់រយៈពេលជាច្រើនទស- វត្សរ៍រវាងប្រទេសក្បែរខាងទាំងពីរ កម្ពុជា-ថៃ។[29]
ICJ បានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីសម្រេចឆ្នាំ១៩៦២ មិនត្រឹមតែផ្តល់អធិបតេយ្យភាពលើសំណង់ ប្រាសាទព្រះវិហារ ប៉ុន្តែថែមទាំងមានន័យថា តំបន់ជុំវិញប្រាសាទ ដែលចាំបាច់សម្រាប់ការចូលដំណើរការ ការគ្រប់គ្រង និងការការពារ (vicinity of the Temple) ត្រូវស្ថិតក្រោមអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ការបកស្រាយនេះ បានបដិសេធការអះអាងថា សាលក្រមឆ្នាំ១៩៦២ មានវិសាលភាពកំណត់ត្រឹមសំណង់ប្រាសាទប៉ុណ្ណោះ និងបានពង្រឹងមូលដ្ឋានច្បាប់សម្រាប់ការដកកម្លាំងយោធាថៃចេញពីតំបន់ជុំវិញ។[30]
ក្នុងន័យច្បាប់អន្តរជាតិ សេចក្តីសម្រេចឆ្នាំ ២០១៣ មានសារៈសំខាន់យ៉ាងខ្លាំង ព្រោះវាបានបង្ហាញថា ការបកស្រាយសាលក្រម អាចមានតួនាទីដូចជាការបំពេញបន្ថែមលើចំណុខ “ខ្វះចន្លោះរបស់ច្បាប់” (legal ambiguity) ដែលសាលក្រមដើមមិនបានបញ្ជាក់លម្អិត។ ទោះជាយ៉ាងណា តុលាការ នៅតែមិនបានគូសបន្ទាត់ព្រំដែនយ៉ាងច្បាស់ជាលេខកូអរដោនេ ឬផែនទីថ្មីឡើយ ដោយទុកឱ្យភាគីទាំងពីរ អនុវត្តសេចក្តីសម្រេចតាមរយៈការចរចាទ្វេភាគី និងការសម្របសម្រួល។ នេះបង្ហាញពីដែនកំណត់របស់ច្បាប់អន្តរជាតិ នៅពេលវាត្រូវប្រឈមមុខនឹងភូមិសាស្ត្រយោធា និងនយោបាយក្នុងស្រុក នៅតែបើកច្រកឱ្យប្រទេសគូជម្លោះចរចារទ្វេរភាគី និងសម្របសម្រួលគ្នាដដែល។[31]
ទោះបីជាសេចក្តីសម្រេចឆ្នាំ២០១៣ បានពង្រឹងយ៉ាងច្បាស់នូវមូលដ្ឋានច្បាប់របស់កម្ពុជា ក៏ដោយ ប៉ុន្តែវាមិនបានបញ្ចប់ជម្លោះនយោបាយ និងស្មារតីជាតិនិយមឡើយ។ នៅក្នុងបរិបទនយោបាយក្នុងស្រុកថៃ បញ្ហាប្រាសាទព្រះវិហារ នៅតែត្រូវបានបន្តប្រើជាឧបករណ៍ជាតិនិយម ដើម្បីបង្កើនការគាំទ្រនិងការកេងចំណេញនយោបាយ សម្រាប់បញ្ចេញវោហារសាសន៍ និងជាការដាក់សម្ពាធលើរដ្ឋាភិបាល និងស្ថាប័នតុលាការ ឬពង្រឹងតួនាទីយោធា ក្នុងនាមជាអ្នកការពារដែនដីជាតិ។ ការបកស្រាយផ្ទៃក្នុងដែលផ្ទុយពីសេចក្តីសម្រេច ICJ បានធ្វើឱ្យសាលក្រមអន្តរជាតិ មិនអាចផ្លាស់ប្តូរជម្លោះនយោបាយបានដោយស្វ័យប្រវត្តិបានឡើយ។[32]
បើយើងមើលពីជ្រុង នៃទិដ្ឋភាពភូមិសាស្ត្រនយោបាយវិញ ករណីឆ្នាំ២០១៣ បង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិ និងជាតិនិយម មិនដំណើរការនៅលើកម្រិតតែមួយឡើយ។ ខណៈដែលច្បាប់ព្យាយាមបិទជម្លោះតាមរយៈការបកស្រាយអត្ថន័យ និងការទាមទារអធិបតេយ្យភាព ជាតិនិយមវិញ អាចបើកជម្លោះឡើងវិញ តាមរយៈការបកស្រាយន័យដែនដី និងអត្តសញ្ញាណជាតិ។ នេះជាហេតុដែលធ្វើឱ្យករណីប្រាសាទព្រះវិហារ បន្តជាឧទាហរណ៍សំខាន់មួយនៃការខ្វះសមកាលកម្មរវាងច្បាប់ សន្តិសុខ និងនយោបាយក្នុងស្រុក។
សរុបសេចក្តីមក ការបកស្រាយសាលក្រម ICJ ឆ្នាំ ២០១៣ បានបិទឬបានបំពេញចន្លោះលើផ្លូវច្បាប់សំខាន់មួយ ប៉ុន្តែមិនបានបិទបញ្ចប់នៃចន្លោះនយោបាយនិងចិត្តសាស្ត្រជាតិនិយមឡើយ។ វាបានបង្ហាញថា ការដោះស្រាយជម្លោះព្រំដែនដោយច្បាប់អន្តរជាតិ ត្រូវការការគាំទ្រពី យន្តការនយោបាយ ទូត និងការគ្រប់គ្រងជាតិនិយម ដើម្បីឲ្យសេចក្តីសម្រេចមានអានុភាពជាក់ស្តែង។
២.៤. ច្បាប់អន្តរជាតិ និងដែនកំណត់នៃសន្តិភាព
ករណីប្រាសាទព្រះវិហារ បង្ហាញថា ច្បាប់អន្តរជាតិ ជាលក្ខខណ្ឌចាំបាច់ ប៉ុន្តែមិនមែនជាលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់សន្តិភាពទេ ព្រោះសណ្តាប់ធ្នាប់អន្តរជាតិ អាស្រ័យលើការយល់ព្រម និងការអនុវត្តរបស់រដ្ឋជាចម្បង។ សាលក្រម ICJ ឆ្នាំ ១៩៦២ និងការបកស្រាយឆ្នាំ ២០១៣ បានផ្តល់ភាពច្បាស់លាស់លើទិដ្ឋភាពផ្លូវច្បាប់ ចំពោះស្ថានភាពអធិបតេយ្យភាពលើប្រាសាទ និងតំបន់ជុំវិញដែលចាំបាច់សម្រាប់ការគ្រប់គ្រង។ ទោះជាយ៉ាងណាក៏ដោយ ការបន្តមានភាពតានតឹងនិងការផ្ទុះជម្លោះយោធាជាក់ស្តែង បង្ហាញថា សន្តិភាព មិនអាចកើតឡើងដោយច្បាប់តែឯកឯងមួយមុខបានឡើយ។
ការណ៍នេះ បើយោងតាមទស្សនៈរបស់លោក Hedley Bull បានលើកឡើងថា សណ្តាប់ធ្នាប់អន្តរជាតិ (international order) សណ្តាប់ធ្នាប់អន្តរជាតិ អាស្រ័យលើការយល់ព្រមរដ្ឋ មិនមែនច្បាប់សុទ្ធសាធ អាចធ្វើទៅរួចនោះទេ។[33] ពិតណាស់ ត្រង់កន្លែងនេះ ច្បាប់អន្តរជាតិហាក់អាចកំណត់លើទិដ្ឋភាពបច្ចេកទេស និងក្របខណ្ឌនៃឥរិយាបថរបស់រដ្ឋមួយ ប៉ុន្តែមិនអាចបង្ខំឱ្យរដ្ឋមួយទទួលយកអនុវត្តទាំងស្រុង ជាអមតៈបានទេ ប្រសិនបើឥទ្ធិពលច្បាប់អន្តរជាតិនោះ វាមានចំណែកឈានទៅធ្វើឱ្យប៉ះពាល់ដល់ នយោបាយក្នុងស្រុក និងប៉ះទង្គិចដល់កំហឹងឬផ្ទុះចលនាជាតិនិយម។[34] ដូចគ្នានេះ ក្នុងករណីកម្ពុជា–ថៃ ទោះមានសេចក្តីសម្រេចផ្លូវច្បាប់ក៏ដោយ ការទទួលយកនូវអន្តន័យនៃសាលក្រមក៏ហាក់មានដែនកំណត់ដែរ ព្រោះវានៅតែពឹងផ្អែកលើបរិបទនយោបាយ និងការបកស្រាយផ្ទៃក្នុងរបស់ភាគីទាំងពីរដដែលទេ។ ក្នុងន័យនេះ បើតាមទស្សនៈអ្នកប្រាកដនិយម – ស្ថាប័ននិយម (Realist–Institutionalist) ច្បាប់អន្តរជាតិ ត្រូវបានមើលថា វាត្រឹមជាឧបករណ៍សម្របសម្រួលអំណាចប៉ុណ្ណោះ ច្បាប់មិនមែនជាឧបករណ៍ដែលគេប្រើ សម្រាប់បង្កើតសន្តិភាពដោយឯករាជ្យដោយអាស្រ័យលើច្បាប់តែមួយមុខនោះឡើយ គឺសន្តិភាពអាចកើតមានទៅបាន អាស្រ័យដោយមានធាតុផ្សំច្រើនផ្សេងទៀត។
ពិតហើយ ច្បាប់អាចជួយកាត់បន្ថយភាពមិនច្បាស់លាស់ និងផ្តល់ជាច្រកផ្លូវមួយសម្រាប់ជាវេទិកាសម្រាប់ការទូត ប៉ុន្តែវាមិនអាចលុបបំបាត់បានទាំងស្រុងនូវបញ្ហា បញ្ហាសន្តិសុខ (security dilemma) ឬ ការប្រកួតប្រជែងអធិបតេយ្យភាពបានឡើយ ជាពិសេសនៅពេលដែលដែនដី នៃជម្លោះណាមួយត្រូវបានភ្ជាប់ជាមួយអត្តសញ្ញាណនិងសញ្ញាជាតិ។[35] ជាក់ស្តែង ក្នុងករណីប្រាសាទព្រះវិហារ ជាឧទាហរណ៍ស្រាប់ ដែនដីមិនត្រឹមតែជាវត្ថុច្បាប់ទេ ប៉ុន្តែវាជាស្មារតីជាតិនិយមនិងនយោបាយ ដែលធ្វើឱ្យសាលក្រមអន្តរជាតិទាំងមូលមានប្រសិទ្ធភាពកំណត់។
បន្ថែមពីនេះ ករណីនេះ បង្ហាញពី ភាពមិនស៊ីសង្វាក់គ្នា (asymmetry) រវាងល្បឿននៃច្បាប់ និងល្បឿននៃនយោបាយ។ ច្បាប់អន្តរជាតិ ដំណើរការយឺត តាមរយៈនីតិវិធី និងការបកស្រាយយ៉ាងប្រុងប្រយ័ត្ន ខណៈនយោបាយក្នុងស្រុក និងជាតិនិយម ដំណើរការលឿន តាមរយៈសារព័ត៌មាន អារម្មណ៍ទស្សនមហាជន និងការប្រកួតប្រជែងអំណាច។ ភាពមិនស៊ីមេទ្រីគ្នានេះ ធ្វើឱ្យសេចក្តីសម្រេចច្បាប់ មិនអាចទប់ស្កាត់ការផ្ទុះជម្លោះបានភ្លាមៗ នៅពេលមានសម្ពាធនយោបាយខ្លាំង។ ពេលខ្លះគេមើលឃើញថា អធិបតេយ្យភាព និងច្បាប់ តែងត្រូវបានប្រើតាមអំណាចនយោបាយទៅវិញ។ [36]
ជារួម ករណីប្រាសាទព្រះវិហារ បង្ហាញថា ច្បាប់អន្តរជាតិ គឺជាលក្ខខណ្ឌចាំបាច់ (necessary condition) សម្រាប់សន្តិភាព ប៉ុន្តែមិនមែនជាលក្ខខណ្ឌគ្រប់គ្រាន់ (sufficient condition) នោះទេ។ សន្តិភាពប្រកបដោយនិរន្តរភាព ត្រូវការការភ្ជាប់រវាងច្បាប់ អំណាចនយោបាយ ការទូត សន្តិសុខ និងការគ្រប់គ្រងបាននូវចលនាជាតិនិយមជ្រុល។
៣. ជាតិនិយមនិងនយោបាយក្នុងស្រុកកម្ពុជា–ថៃ
៣.១. ជាតិនិយមថៃ និងតួនាទីយោធា
ពេលយើងនិយាយពីបញ្ហាជាតិនយម គឺរាល់ជាតិសាសសន៍ទាំងអស់ រមែងតែងមាននូវស្មារតីជាតិនិងឧត្តមភាពជាតិខ្លួនជានិច្ច។ ចំពោះជាតិនិយមថៃ វិញហាក់មានលក្ខណៈពិសេសខុសពីប្រទេសជាច្រើនក្នុងអាស៊ីអាគ្នេយ៍ សម្រាប់ថៃ ជាតិនិយមត្រូវបានកសាងឡើងដោយការរួមផ្សំតួអង្គ៣យ៉ាងគឺ សម្ព័ន្ធភាពរវាងជាតិ យោធា និងស្ថាប័នព្រះមហាក្សត្រ។ ក្នុងប្រវត្តិសាស្ត្ររដ្ឋសម័យទំនើបរបស់ថៃ យោធា មិនត្រឹមតែជាឧបករណ៍ការពារជាតិទេ ប៉ុន្តែជាអ្នកកសាង និងថែរក្សាអត្តសញ្ញាណជាតិ និងសណ្តាប់ធ្នាប់នយោបាយផ្ទៃក្នុងថែមទៀតផង។ គឺផ្តើមចេញពីទំនាក់ទំនងជិតស្និទ្ធនេះហើយ ដែលបានធ្វើឱ្យជាតិនិយមថៃ មានលក្ខណៈជាសណ្ឋាននៃជាតិនិយមបែបយោធានិយម ឬ militarized nationalism ដែលពួកគេតែភ្ជាប់បញ្ហាព្រំដែន និងអធិបតេយ្យភាពជាមួយនឹងភាសាសន្តិសុខជាតិ និងការការពារជាតិ។
បើយោងតាមអ្នកប្រវត្តិសាស្ត្រថៃដ៏ល្បីល្បាញ អ្នកប្រាជ្ញផ្នែកសិក្សាអាស៊ីអាគ្នេយ៍ និងជាអតីតសកម្មជននិស្សិត ដែលត្រូវបានគេស្គាល់ដោយសារស្នាដៃដ៏មានឥទ្ធិពលរបស់លោកលើជាតិនិយមថៃគឺ លោក ថងឆៃ វីនីចគុល (Thongchai Winichakul) បាននិយាយថា ការកសាង “ភូមិសាស្ត្រជាតិ” (geo-body) របស់ថៃ នៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០ បានបម្លែងគ្នា ពីការយល់ដឹងអំពីបញ្ហាទឹកដី ឬពីតំបន់រសើបណាមួយ ទៅព្រឹលឹងជាតិ ដែលមានន័យថាព្រំដែនត្រូវតែរឹងមាំនិងអាចការពារ។[37] ដែនដី ក្នុងន័យនេះ គឺមិនមែនត្រឹមតែជាទីតាំងភូមិសាស្ត្រទេ ប៉ុន្តែជាផ្នែកនៃអត្តសញ្ញាណជាតិ ហើយការបាត់បង់ ឬការប្រឈមចំពោះដែនដី ជនជាតិថៃយល់ថា វាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់គេទាំងមូល។ ការយល់ដឹងបែបនេះ បានធ្វើឱ្យបញ្ហាព្រំដែន ជាពិសេសករណីប្រាសាទព្រះវិហារ បានក្លាយជាបញ្ហាស្មុគ្រស្មាញ ត្បិតសម្រាប់ថៃការដណ្តើមទីតាំងប្រាសាទព្រះវិហារ គឺមិនមែនជាវិវាទត្រឹមតែធ្វើជាម្ចាស់កម្មសិទ្ធប៉ុណ្ណោះទេ តែវិសាលភាពរបស់វាលើសពីក្របខណ្ឌច្បាប់នៃកម្មសិទ្ធទៅទៀត ព្រោះជនជាតិថៃយល់ថាអត្ថន័យនៃការធ្វើជាម្ចាស់ប្រាសាទព្រះវិហារ ក៏បានបង្កប់នូវអត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ជាតិគេថែមទៀតផង។
ចំណែកនៅក្នុងបរិបទនយោបាយផ្ទៃក្នុងថៃវិញ គឺគេតែងភ្ជាប់បញ្ហា ជម្លោះព្រះវិហារ ជាចំណុចរសើបមួយដែលពួកអ្នកនយោបាយថៃ តែងតែប្រើជម្លោះប្រាសាទព្រះវិហារ ធ្វើជាឧបករណ៍នយោបាយសម្រាប់កេងចំណេញនយោបាយ បង្រួមការគាំទ្រជាតិនិយម និងស្តារឬពង្រឹងតួនាទីយោធាក្នុងឆាកនយោបាយថៃ។ ជាក់ស្តែងនៅពេលមានវិបត្តិនយោបាយផ្ទៃក្នុង ឬការប្រកួតប្រជែងអំណាចរវាងក្រុមនយោបាយ បញ្ហាព្រំដែនជាមួយកម្ពុជា តែងតែត្រូវបានលើកឡើង ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណៈថៃ និងបង្ហាញថា មានតែពួកយោធាទេ ដែលជាអ្នកការពារដែនដីនិងជាតិថៃបានរឹងមាំល្អ។[38] ក្នុងលក្ខណៈនេះ ជាតិនិយមថៃ មិនត្រឹមតែជាស្មារតីសតិអារម្មណ៍ក្នុងសង្គមថៃទាំងមូលទេ ប៉ុន្តែវាក៏ជាយន្តការនយោបាយមួយផងដែរ ដែលពួកគេអាចបំលែងទៅជាអំណាចស្ថាប័ន។
រីឯតួនាទីយោធា ក្នុងជាតិនិយមថៃ ក៏ត្រូវបានពង្រឹងដោយការចូលរួមជាបន្តបន្ទាប់ ក្នុងនយោបាយថៃផងដែរ តាមរយៈរដ្ឋប្រហារនិងការគ្រប់គ្រងរដ្ឋ។ នៅក្នុងសង្គមថៃ មានការអះអាងថា ពួកយោធាជា “អ្នកការពារជាតិ សាសនា និងព្រះមហាក្សត្រ” ។ ការណ៍នេះ ពួកយោធាត្រូវបានគេផ្តល់ភាពស្របច្បាប់ខាងនយោបាយ (political legitimacy) សម្រាប់ការចូលមកអន្តរាគមន៍ក្នុងវិបត្តិនយោបាយ។ ក្នុងបរិបទនេះ ជម្លោះព្រះវិហារ បានផ្តល់ឱកាសឲ្យយោធា បង្ហាញតួនាទីក្រោមរូបភាពរក្សាសន្តិសុខ និងពង្រឹងការគាំទ្រពីចលនាជាតិនិយមសាធារណៈ។
ចំណែកពីខាងជ្រុង ភូមិសាស្ត្រនយោបាយវិញ យើងមើលឃើញថា បញ្ហាជាតិនិយមថៃ និងតួនាទីយោធា បង្កើតបាន វដ្តអន្តរកម្ម (feedback loop) ដែលបញ្ហាព្រំដែន បង្កើនឱ្យមានបញ្ហាជាតិនិយម,ពេលមានចលនាជាតិនិយម វាបានបង្កើននូវតួនាទីយោធា ហើយតួនាទីយោធានេះហើយ ដែលបង្កើនភាពផុយស្រួយ ឬងាយឈានដល់ការផ្ទុះជម្លោះជាមួយប្រទេសជិតខាង ពិសេសលើករណីប្រាសាទព្រះវិហារតែម្តង។ ពិតណាស់គឺវដ្តនេះហើយ ដែលធ្វើឱ្យជម្លោះព្រះវិហារ មានលក្ខណៈអចិន្ត្រៃយ៍ និងពិបាកដោះស្រាយ តាមវិធីសាស្ត្រច្បាប់ ឬការទូតតែមួយមុខ។ ម្យ៉ាងវិញទៀត ជាតិនិយមថៃ ហាក់ងាយបង្កើនកំហឹងនិងជាតិនិយមណាស់ បើសិនជាពាក់ព័ន្ធនឹងកម្ពុជា ខ្លាំងជាងជម្លោះព្រំដែនរវាងថៃ ជាមួយមីយ៉ាន់ម៉ា,ឡាវ ម៉ាឡេស៊ី។ ងាយបង្កើនជាតិនិយម ក្រោមហេតុផលថា កម្ពុជាថៃ គឺមាន វប្បធម៌ ទំនៀមទំលាប់ ប្រៃណី ស្រដៀងគ្នាណាស់ ហើយចំណុចខ្លះ គឺដូចគ្នាតែម្តង។ លើសពីនេះទៅទៀត,មរតកប្រវត្តិសាស្ត្រ មានប្រជាជនថៃជាច្រើនដែលនិយាយភាសាខ្មែរ គឺខ្មែរសុរិន ពួកគេគឺមានឈាមជ័រជាខ្មែរដូចគ្នា តែសម័យទំនើបពួកគេត្រូវបានគេអប់រំ និងលាងការគិតឱ្យនៅឆ្ងាយពីខ្មែរដើមបន្តិចម្តងៗ។
សរុបមក ជាតិនិយមថៃ មិនអាចបំបែកចេញពីតួនាទីយោធានិងស្ថាប័នរដ្ឋថៃបានឡើយ។ ករណីប្រាសាទព្រះវិហារ បង្ហាញថានៅពេលដែលដែនដីឬទឹកដីត្រូវបានបម្លែងទៅ ជម្លោះអត្តសញ្ញាណជាតិឬបង្កើនបញ្ហាជាតិនិយម នោះយោធាត្រូវបានដាក់ជាអ្នកការពារអធិបតេយ្យ គឺពេលនោះហើយដែលជម្លោះព្រំដែន នឹងងាយត្រូវបានប្រើជាឧបករណ៍នយោបាយ ហើយស្ថានភាពនេះនឹងបន្តមានជីវិតយូរអង្វែង។ ការយល់ដឹងពីលក្ខណៈនេះ គឺជាគន្លឹះសំខាន់ សម្រាប់ការវិភាគការផ្ទុះជម្លោះ និងការរកមធ្យោបាយកាត់បន្ថយតួនាទីជាតិនិយមយោធា នៅចំណុចបន្តបន្ទាប់ដែលមានក្នុងសៀវភៅនេះ។
៣.២. ជាតិនិយមកម្ពុជា និងដំបៅប្រវត្តិសាស្ត្រ
នៅក្នុងបរិបទនៅកម្ពុជា ចំពោះបញ្ហាជាតិនិយមកម្ពុជា ត្រូវបានកសាងឡើងលើមូលដ្ឋាននៃ មរតកប្រវត្តិសាស្ត្រដ៏ឈឺចាប់ ដែលរួមមាន ការបាត់បង់ដែនដី ការគ្រប់គ្រងអាណានិគម សង្គ្រាម និងអំពើហិង្សានយោបាយក្នុងសតវត្សទី២០។ បរិបទប្រវត្តិសាស្ត្រឈឺចាប់ទាំងអស់នេះ បានបង្កើតបាននូវស្មារតីជាតិមួយដែលផ្អែកលើ ការការពារ និងការរស់រានមានជីវិត ជាជាងការពង្រីកទឹកដី ឬការបំពានអំណាចលើប្រទេសដទៃ។ ដែនដី ក្នុងន័យនេះ មិនត្រឹមតែជាកម្មវត្ថុជាផ្លូវច្បាប់នោះទេ ប៉ុន្តែជាកម្មវត្ថុនៃមរតកមួយ ដែលផ្ទុកអត្ថន័យអំពីរឿងរ៉ាវ អតីតកាល និងសេចក្តីថ្លៃថ្នូររបស់ជាតិ។
ស្របជាមួយគ្នានេះ ក្នុងបរិបទប្រាសាទព្រះវិហារ ហាក់ត្រូវបានជនជាតិខ្មែរយល់ថា វាគឺជាសញ្ញានៃការការពារអធិបតេយ្យភាព និងការទាមទារសេចក្តីថ្លៃថ្នូរជាតិវិញ បន្ទាប់ពីធ្លាប់មានបទពិសោធន៍បាត់បង់ និងការរងការបំពានពីអំណាចខាងក្រៅ។ សាលក្រម ICJ ឆ្នាំ ១៩៦២ និងការបកស្រាយឆ្នាំ២០១៣ បានបន្ថែមអត្ថន័យថ្មីឲ្យប្រាសាទប្រាសាទព្រះវិហារ ដោយធ្វើឱ្យវាក្លាយជាសញ្ញាឬជានិមិត្តរូបនៃ ជ័យជម្នះផ្លូវច្បាប់ និងសមត្ថភាពរដ្ឋកម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពជាតិ។[39] ចំពោះការយល់ឃើញនៃសាធារណៈជនខ្មែរវិញ គឺថា ប្រាសាទព្រះវិហារ មិនត្រឹមតែជាបេតិកភណ្ឌវប្បធម៌ទេ ប៉ុន្តែជាភស្តុតាងថា ប្រទេសតូចមួយ អាចរកយុត្តិធម៌តាមវេទិកាអន្តរជាតិបាន។
ទន្ទឹមនឹងនេះ ការភ្ជាប់រវាងជាតិនិយម និងអនុស្សាវរីយ៍ដ៏ឈឺចាប់នៃមរតកប្រវត្តិសាស្ត្រ ក៏បង្ហាញថា ជាតិនិយមកម្ពុជា មានលក្ខណៈជា «ជាតិនិយមការពារ» ឬ defensive nationalism។ ជាតិនិយមខ្មែរ ផ្អែកលើការចងចាំអំពីការរងគ្រោះដ៏ឈឺចាប់ និងការបាត់បង់ ជាជាងការបង្កើតអត្តសញ្ញាណតាមរយៈអំណាចយោធា។ ក្នុងន័យនេះ បញ្ហាព្រំដែនជាមួយប្រទេសជិតខាង តែងតែត្រូវបានបកស្រាយថា វាជាការគំរាមកំហែងដល់ការរស់រានមានជីវិត របស់ជាតិ និងសមិទ្ធផលប្រវត្តិសាស្ត្រដែលទើបតែរកបាន។
បន្ថែមពីនេះ នៅក្នុងទិដ្ឋភាពនយោបាយផ្ទៃក្នុងសង្គមកម្ពុជាវិញ ការលើកឡើងអំពីជម្លោះព្រំដែន និងប្រាសាទព្រះវិហារ មិនត្រឹមតែជាបញ្ហាឈ្លានពានរបស់រដ្ឋបរទេសទេ ប៉ុន្តែជាយន្តការសម្រាប់ការបង្កើតនូវស្មារតីឯកភាពជាតិ (national cohesion)។ ម្យ៉ាងវិញទៀត ការបង្ហាញសេចក្តីស្រឡាញ់ដែនដី និងការគាំទ្រដល់អធិបតេយ្យភាព ត្រូវបានប្រើដើម្បីបង្រួមសង្គម ដែលធ្លាប់បែកបាក់ដោយសង្គ្រាម និងវិបត្តិនយោបាយ។ នៅក្នុងបរិបទនេះ បញ្ហាជាតិនិយម អាចមានតួនាទីវិជ្ជមាន ក្នុងការបង្កើតបាននូវស្មារតីជាតិនិយម សាមគ្គីភាព និងការឯកភាពជាតិទាំងមូល ប៉ុន្តែវាក៏អាចក្លាយជាបញ្ហាផងដែរ ប្រសិនបើវាត្រូវបានប្រើប្រាស់ក្នុងការបង្កើនភាពតានតឹងជាមួយប្រទេសជិតខាងតាមរយៈទិដ្ឋភាពនេះវាក៏ផ្តល់នូវរូបភាពអវិជ្ជមានផងដែរ។[40] ពិតណាស់ វាអាចក្លាយជាអាវុធមុខពីរ ក្រោមហេតុផលថា បើមានក្រុមជ្រុលនិយមណាមួយរុញបញ្ហានោះទៅជារលកនយោបាយ ឬបង្កឱ្យមានពពុះនយោបាយ ដោយបន្ថែមបន្ទុកនៃការបាត់បង់ទឹកដីដោយសារការដឹកនាំរបស់រដ្ឋាភិបាល។
បើសិនជាយើងប្រៀបធៀបអំពី បញ្ហាជតិនិយមឃើញថា ជាតិនិយមកម្ពុជា ខុសពីជាតិនិយមថៃ ត្រង់ថា ជាតិនិយមខ្មែរមិនផ្អែកខ្លាំងលើតួនាទីយោធា ឬការអះអាងអំណាចក្នុងតំបន់ទេ ប៉ុន្តែផ្អែកលើ អនុស្សាវរីយ៍ឈឺចាប់ ការរងគ្រោះ និងការការពារ។ ភាពខុសគ្នានេះ បង្កើតការប៉ះទង្គិចនៃន័យ (clash of meanings) នៅពេលដែលបញ្ហាព្រះវិហារ ត្រូវបានបកស្រាយដោយភាគីទាំងពីរតាមទស្សនៈជាតិនិយមខុសគ្នា។ ខណៈដែលកម្ពុជា មើលឃើញប្រាសាទ ជាសញ្ញានៃការការពារនិងការស្វែងរកយុត្តិធម៌ តែពីខាងប្រទេសថៃ វិញ គឹអាចមើលឃើញថា វាជាបញ្ហានៃការការពារ ភូមិសាស្ត្រ (geo-body)។ ម្យ៉ាងវិញទៀត បញ្ហាជាតិនិយមនៅកម្ពុជា ពេលខ្លះហាក់មានភាពផុយស្រួយឬមានភាពជាភ្លើងចំបើង គឺមានមួយប្រាយក៏ថមថយទៅវិញ ហាក់មិនសូវខ្លាំងនិងយូរអង្វែងដូចជាចលនាជាតិនិយមរបស់ថៃទេ។ ការណ៍នេះប្រហែល បណ្តាលមកពី កត្តាសង្គ្រាមព្រោះអី សង្គមកម្ពុជាបានឆ្លងកាត់សង្គ្រាមរាំរៃច្រើនឆ្នាំ ពលរដ្ឋភាគច្រើនមានប្រឈមជំងឺចិត្តសាស្ត្រ ការភ័យបាក់ស្បាត មិនសូវមានសុខភាពផ្លូវចិត្តរឹងមាំល្អ ហើយប្រព័ន្ធអប់រំហាក់មិនទាន់មានភាពរឹងមាំល្អ ដូចប្រទេសដទៃក្នុងតំបន់ក៏អាចថាបាន។
សរុបមក បញ្ហាជាតិនិយមកម្ពុជានិងអនុស្សាវរីយ៍ប្រវត្តិសាស្ត្រដ៏ឈឺចាប់ បានផ្តល់ន័យជ្រាលជ្រៅដល់ករណីប្រាសាទព្រះវិហារដែលវាមានន័យលើសពីជម្លោះទិដ្ឋភាពច្បាប់ ឬយោធា។ វាបង្ហាញថា ដែនដី គឺជាកន្លែងផ្ទុកការចងចាំ និងអត្តសញ្ញាណ ដែលអាចបង្កើតទាំស្មារតីភាពជាតិក្នុងសង្គម និងភាពតានតឹងក្នុងទំនាក់ទំនងអន្តរជាតិ។ ជាមួយគ្នានេះ ការយល់ដឹងអំពីលក្ខណៈជាតិនិយមកម្ពុជា ដូច្នេះ គឺជាគន្លឹះសំខាន់ សម្រាប់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រសន្តិភាព ដែលគិតគូរទាំងទិដ្ឋភាពច្បាប់ ស្មារតីជាតិ និងប្រវត្តិសាស្ត្រ។
៣.៣. នយោបាយក្នុងស្រុក និងការកើនឡើងនៃជម្លោះ
ពីមុំនៃទិដ្ឋភាពនយោបាយ ហាក់បានរំលេចឱ្យយើងឃើញពី កត្តាចំនួនពីរដែលជះឥទ្ធិពលគ្នាទៅវិញទៅមក នោះគឺកត្តានយោបាយផ្ទៃក្នុងពិតជាបានជះឥទ្ធិពលលើនយោបាយតំបន់ ហើយពេលខ្លះនយោបាយតំបន់ ក៏អាជះឥទ្ធិពលដល់នយោបាយក្នុងស្រុកវិញដែរ។ ក្នុងន័យស្រដៀងគ្នានេះ បើយើងវិភាគលើជម្លោះព្រំដែនកម្ពុជា–ថៃ បង្ហាញយ៉ាងច្បាស់វាជាជម្លោះនៃលក្ខណៈសណ្ឋាននៃ «ល្បែងពីរកម្រិត» two-level game ដូចអ្វីដែល Robert D. Putnam បានពន្យល់ថា ការសម្រេចចិត្តនៃនយោបាយការបរទេសរបស់រដ្ឋមួយ មិនអាចបំបែកចេញ ពីនយោបាយក្នុងស្រុកបានឡើយ។ នៅកម្រិតទីមួយ (Level I) រដ្ឋត្រូវចរចានិងប្រកួតប្រជែងជាមួយរដ្ឋផ្សេងៗ ខណៈនៅកម្រិតទីពីរ (Level II) ក្នុងបរិបទអន្តរជាតិ រដ្ឋត្រូវបង្កើតការយល់ព្រម និងភាពស្របច្បាប់នយោបាយ ក្នុងសង្គមខ្លួនឯង។[41] បរិការណ៍នេះ គឺវាស្របគ្នា ក្នុងករណីកម្ពុជា–ថៃ ដែល ការចរចា ឬការអនុវត្តសាលក្រមអន្តរជាតិ តែងតែត្រូវបានកំណត់ដោយសម្ពាធនយោបាយក្នុងស្រុក រួមមានការប្រកួតប្រជែងអំណាច ការបង្ហាញភាពរឹងមាំជាតិ និងទស្សនៈមហាជន។
ពិតមែនហើយ ពេលខ្លះ ភាពតានតឹងតាមព្រំដែនតែងតែ កើនឡើងនៅពេលមានវិបត្តិនយោបាយក្នុងស្រុក។ នៅក្នុងស្ថានភាពដែលរដ្ឋាភិបាលមួយ ប្រឈមមុខនឹងការតវ៉ា ការបាត់បង់ភាពស្របច្បាប់ ឬការបែងចែកអំណាចខាងក្នុង ការលើកឡើងអំពីជម្លោះជាមួយប្រទេសជិតខាង អាចដើរតួនាទីជាវិធីសាស្ត្រមួយ ដើម្បីបង្វែរការយកចិត្តទុកដាក់របស់សាធារណៈជន និងទាញបាននូវថ្មារតីបង្រួមការឯកភាពជាតិ។ ក្នុងបរិបទនេះ គំនិត “សត្រូវក្រៅ” (external enemy) មិនចាំបាច់ជាសត្រូវយោធាពិតប្រាកដទេ ប៉ុន្តែជាគំនិតនយោបាយ ដែលអាចប្រើសម្រាប់ការបង្កើតការឯកភាពគ្នា និងការពង្រឹងតួនាទីស្ថាប័នសន្តិសុខ។¹³ ស្ថានភាពនេះ គេយើងតែងឃើញកើតមានជាញឹកញាប់នៅក្នុងជម្លោះរវាងកម្ពុជាថៃ ជាក់ស្តែងឆ្នាំ១៩៦២,២០០៣,២០១៣ និងបច្ចុប្បន្ននេះ ២០២៥។
បើយោងតាមទស្សនៈ «ទ្រឹស្តីបង្វែរសង្គ្រាម» ឬ diversionary theory of war អ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅពេលរដ្ឋាភិបាលដែលប្រឈមមុខនឹងបញ្ហាផ្ទៃក្នុង ងាយនឹងប្រើវិបត្តិបរទេស ឬជម្លោះព្រំដែន ដើម្បីបង្វែរការយកចិត្តទុកដាក់ និងបង្កើនការគាំទ្រពីមតិសាធារណៈ។ [42] ក្នុងករណីកម្ពុជា–ថៃ ទោះមិនអាចនិយាយថា ជម្លោះត្រូវបានបង្កើតឡើងដោយចេតនាទាំងស្រុងក៏ដោយ ក៏បរិបទនយោបាយក្នុងស្រុកថៃ បានបង្កើតលក្ខខណ្ឌឲ្យជម្លោះងាយត្រូវបានបំផ្លើស ឬប្រើប្រាស់ជាឧបករណ៍នយោបាយ។
លើសពីនេះទៅទៀត បើយោងតាមទ្រឹស្តី two-level game ក៏បង្ហាញថា ការអនុវត្តសាលក្រមអន្តរជាតិ មិនមែនជាបញ្ហាបច្ចេកទេស ឬច្បាប់សុទ្ធសាធនោះទេ ប៉ុន្តែជាបញ្ហានយោបាយក្នុងស្រុកតែម្តង។ សាលក្រម ICJ ឆ្នាំ ១៩៦២ និងការបកស្រាយឆ្នាំ ២០១៣ ទាមទារឲ្យមានការដកកម្លាំង និងការសម្របសម្រួលតាមទ្វេភាគី ប៉ុន្តែការអនុវត្តជាក់ស្តែង ត្រូវបានកំណត់ដោយ កិច្ចព្រមព្រៀងឈ្នះៗ ឬ “win-set[43]” នៃនយោបាយផ្ទៃក្នុងរបស់ភាគីទាំងពីរ។ នៅពេល win-set តូច ឬពិបាកទទួលយក នោះសាលក្រមអន្តរជាតិ នឹងជួបឧបសគ្គក្នុងការអនុវត្ត។[44]
សរុបសេចក្តីទៅ នយោបាយផ្ទៃក្នុង គឺជាតួរអង្គធាតុសំខាន់មួយ ដែលពន្យល់ពី ការកើនឡើង និងការថយចុះនៃភាពតានតឹង ក្នុងជម្លោះព្រំដែនកម្ពុជា–ថៃ។ ការយល់ដឹងអំពីលក្ខណៈ two-level game និងតួនាទីសត្រូវក្រៅ បង្ហាញថា សន្តិភាពតាមព្រំដែន មិនអាចពឹងផ្អែកលើច្បាប់អន្តរជាតិ ឬការទូតតែមួយមុខបានឡើយ។ វាត្រូវការការគ្រប់គ្រងនយោបាយផ្ទៃក្នុង ការប្រាស្រ័យទាក់ទងជាមួយសាធារណៈ និងការកាត់បន្ថយការប្រើជាតិនិយមជាឧបករណ៍នយោបាយ។
៤. ភូមិសាស្ត្រនយោបាយ និងក្របខណ្ឌវិភាគជម្លោះកម្ពុជា-ថៃក្នុងឆ្នាំ២០២៥
៤.១.បញ្ហាប្រឈមផ្នែកសន្តិសុខនិងសង្គ្រាមកំណត់
ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ មានប្រវែងជាង ៨០០ គ.ម[45] ដោយរាប់ពីតំបន់មុំបីរហូតដល់ព្រំដែនសមុទ្រ។ តាមបណ្តោយខ្សែព្រំដែនដ៏វែងនេះ ការកើនឡើងនៃសមត្ថភាពយោធា នៅតំបន់ព្រំដែនកម្ពុជា–ថៃ បង្កើតបានលក្ខខណ្ឌនៃបញ្ហាសន្តិសុខ (security dilemma) ពោលនៅពេលដែលភាគីម្ខាង យល់ថា ការកើនឡើងនៃសមត្ថភាពយោធាជាសកម្មភាពខ្លួនជាការពារខ្លួនឯង (defensive measures) គឺសមហេតុផលនិងចាំបាច់ផំបុតដែលត្រូវធ្វើ ប៉ុន្តែត្រូវបានភាគីម្ខាងទៀត យល់ផ្សេងថា កើនឡើងនៃសមត្ថភាពយោធានៅតាមព្រំដែន គឺជាការគំរាមកំហែងទៅវិញ។ ត្រង់នេះស្របទៅនឹងអ្វីដែលលោក Robert Jervis បានបញ្ជាក់ថា security dilemma[46] អាចនឹងកើតឡើងនៅពេលដែល យើងមិនអាចញែកដាច់ពីគ្នា រវាងសកម្មភាពការពារ និងសកម្មភាពវាយប្រហារ ហើយលទ្ធផលនៃការយល់ច្រឡំដូចនេះ គឺជាការប្រកួតប្រជែងអាវុធ និងការកើនឡើងហានិភ័យនៃជម្លោះ។[47]
ជាមួយគ្នានេះ ស្ថានភាពនៅតំបន់ព្រំដែន ដែលមានលក្ខណៈភូមិសាស្ត្រខ្ពស់ និងតូចចង្អៀត ដូចជាជួរភ្នំដងរែកនិងជួរភ្នំក្រវាញ រាល់សកម្មភាពយោធាតូចៗ ដូចជា ការដាក់កម្លាំង ការសាងសង់ផ្លូវ ការកែលម្អប៉ុស្តិ៍ ឬការធ្វើលំហាត់យោធា អាចមានន័យថា ជាយុទ្ធសាស្ត្រប្រុងជើងការខ្ពស់ និងបង្កការឆ្លើយតបភ្លាមៗពីភាគីម្ខាងទៀត។ ក្នុងបរិបទនេះ ការកើនឡើងនៃសមត្ថភាពយោធា មិនចាំបាច់មានគោលបំណងវាយប្រហារក៏ដោយ ក៏វាបានបង្កនូវការមិនទុកចិត្ត ឬ spiral of mistrust ដែលធ្វើឱ្យភាគីទាំងពីរ បង្កើនការត្រៀមកម្លាំងជាបន្តបន្ទាប់។
ជាងនេះទៅទៀតស្ថានភាព security dilemma នៅព្រំដែនកម្ពុជា–ថៃ ក៏ត្រូវបានពង្រីកដោយ នយោបាយក្នុងស្រុក និងបញ្ហាជាតិនិយមផងដែរ។ ការបង្ហាញភាពរឹងមាំយោធា ក៏ត្រូវបានគេយល់ផងដែរថា វាជាសញ្ញានៃការការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរជាតិ ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីការដើរថយក្រោយនូវយន្តការ ជជែក សម្របសម្រួលគ្នា។ ជាលទ្ធផលនោះគឺ ភាគីទាំងពីរ ត្រូវបានជាប់គាំងនៃស្ថានភាពតានតឹង ក្នុងវដ្តនៃការកើនឡើងយោធា បើទោះបីជាពេលខ្លះ ភាគីទាំងពីរមិនមានចេតនាប្រយុទ្ធពេញលេញក៏ដោយ ក៏ពេលខ្លះការបង្កើនសកម្មភាពយោធាចាំបាច់ត្រូវបានបង្កើន និងជាបង្ហាញសាច់ដុំដាក់គ្នាផងដែរ ដើម្បីទាញផលប្រយោជន៍ពីនយោបាយក្នុងស្រុក។
លក្ខខណ្ឌនេះ បានបង្កើតមូលដ្ឋានសម្រាប់ សង្គ្រាមកំណត់ (limited war) ដែលមានគោលដៅកំណត់ និងការប្រើកម្លាំងយោធា តាមកម្រិតដែលគេគិតថា គេអាចគ្រប់គ្រងស្ថានការណ៍បាន។ ត្រង់នេះ លោក Thomas C. Schelling បានពន្យល់ថា សង្គ្រាមកំណត់ គឺជាការប្រើកម្លាំង ដើម្បីជាការបញ្ជូនសារ (signaling)និងបង្កើតនូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ ដោយជៀសវាងការពង្រីកជម្លោះទៅជាសង្គ្រាមពេញលេញ។[48] ពិតណាស់នៅក្នុងបរិបទ នៃឈ្លានពានតាមព្រំដែនកម្ពុជា-ថៃនាឆ្នាំ២០២៥ ពីសំណាក់កងពទ័ថៃ ត្រូវបានគេយល់ថា វាជាការប៉ះទង្គិចតាមព្រំដែន ដែលត្រូវបានគ្រប់គ្រងស្ថានការណ៍បាន ព្រមទាំងដោយការគិតគូរល្អិតល្អន់ថា ការកើនឡើងនៃចំនួនសមរភូមិជម្លោះគឺត្រូវមានដែនកំណត់ ដើម្បីមិនអាចឱ្យការប៉ះទង្គិចទាំងនោះរីករាលដាល ឬប៉ះពាល់ដល់ស្ថិរភាពតំបន់ទាំងមូលបាន និងការចូលរួមរបស់អំណាចក្រៅនោះឡើយ។
ទោះជាយ៉ាងណា សង្គ្រាមកំណត់ មិនមែនមានហានិភ័យទាបនោះទេ។ បើយោងតាមទស្សនៈយុទ្ធសាស្ត្រ ការប៉ះទង្គិចតូចៗ បានព៌ណនាថា វាអាចមានហានិភ័យខ្ពស់ ដោយប្រការអចេតនាណាមួយ(risk of inadvertent escalation) ប្រសិនបើ ករណីមានការវាយតម្លៃសភាពការខុស ឬគណនាខុស ឬកើតហេតុការណ៍លើសពីការរំពឹងទុក។ ត្រង់នេះ លោក Barry Posen បានបញ្ជាក់ថា នៅក្នុងបរិបទដែលមាន security dilemma ខ្លាំង គឺត្រូវមានការគ្រប់គ្រងការកើនឡើងខ្ពស់ដែរ ពោលគឺ ត្រូវការមានយន្តការទំនាក់ទំនង និងការយកចិត្តទុកចិត្តខ្ពស់ ដែលជាញឹកញាប់មានភាពខ្វះចន្លោះអាចកើតមានឡើង ពិសេសេនៅតាមតំបន់ព្រំដែន ដែលមានប្រវត្តិជម្លោះយូរអង្វែង បើមិនអញ្ចឹងទេ លទ្ធផលអាចពិបាកនឹងប៉ានស្មានបានណាស់។[49]
ជារួមយមកដោយផ្អែកលើ security dilemma បានផ្តល់ជាធាតុមួយជ្រុង សម្រាប់ជួយយើងក្នុងការវិភាគ និងការយល់អំពី មូលហេតុដែលជម្លោះព្រំដែនកម្ពុជា–ថៃ អាចកើនឡើងទៅជាសង្គ្រាមកំណត់បាន បើទោះបីជាគ្មានការតាំងចិត្តជាចេតនាច្បាស់លាស់នៃសង្គ្រាម ពីភាគីណាមួយក៏ដោយ។ វាបង្ហាញថា ការបង្កើតសន្តិភាពប្រកបដោយនិរន្តរភាព ត្រូវការការកាត់បន្ថយការយល់ច្រឡំ យុទ្ធសាស្ត្រ ការបង្កើតយន្តការទំនាក់ទំនងយោធា និងការគ្រប់គ្រងជាតិនិយមក្នុងស្រុក ពោលគឺមិនមែនត្រឹមតែការពឹងផ្អែកលើច្បាប់អន្តរជាតិ ឬការទូតផ្លូវការតែមួយជ្រុងនោះទេ។
៤.២. ភូមិសាស្ត្រនយោបាយព្រំដែន និងការគ្រប់គ្រងជម្លោះ
ព្រំដែន គឺមិនមែនជាខ្សែបន្ទាត់ស្ងៀមស្ងាត់ ដែលគ្រាន់តែប្រើសម្រាប់សំដៅដល់ការបែងចែករវាងដែនដីនៃរដ្ឋពីរប៉ុណ្ណោះទេ ប៉ុន្តែវាជាទីតាំងនៃភូមិសាស្ត្រនយោបាយ (border geopolitics) ដែលមានការប្រកួតប្រជែងអំណាច ការបង្ហាញអធិបតេយ្យភាព និងការគ្រប់គ្រងសន្តិសុខជាបន្តបន្ទាប់ផងដែរ។ ក្នុងន័យនេះ លោក John Agnew បានបញ្ជាក់ថា ព្រំដែនគឺជាផ្នែកមួយនៃ អន្ទាក់ដែនដី “territorial trap” ដែលធ្វើឱ្យរដ្ឋមួយយល់ថា អធិបតេយ្យភាពរបស់រដ្ឋត្រូវតែបង្ហាញ និងការពារតាមរយៈការគ្រប់គ្រងដែនដីយ៉ាងតឹងរឹងបំផុត។[50]ក្នុងបរិបទនេះ ព្រំដែនកម្ពុជា–ថៃ មិនមែនជាទីតាំងអព្យាក្រឹតទេ ប៉ុន្តែវាក៏ជាគន្លឹះនយោបាយនិងយុទ្ធសាស្ត្រផងដែរ ដែលបញ្ហាព្រំដែនអាចបំលែងទៅជាជម្លោះបានគ្រប់ពេល។
ជាការពិតណាស់ ព្រំដែន បើយើងពិនិត្យមើលពីទស្សនៈនៃជ្រុង border geopolitics អត្ថន័យនៃ ព្រំដែន គឺសំដៅដល់កន្លែងដែលជាករកំណត់នូវអធិប តេយ្យភាពដែលរដ្ឋមានភារកិច្ចត្រូវការពារ នូវអធិបតេយ្យភាពខ្លួន សកម្មភាពនៃការការពារតាមរយៈ ប៉ុស្តិ៍យោធា ការដាក់កងកម្លាំង អត្តសញ្ញាណរដ្ឋ និងការត្រួតពិនិត្យចលនាចេញចូលនានា។ ពេលខ្លះការបង្ហាញអធិបតេយ្យភាពនៅតំបន់ព្រំដែន ដូច្នេះ មិនមែនជាសកម្មភាពបច្ចេកទេសទេ ប៉ុន្តែជាសកម្មភាព នយោបាយ ដែលអាចត្រូវបានភាគីម្ខាងទៀត បកស្រាយថា ជាការគំរាមកំហែង។ លទ្ធផលគឺ ព្រំដែនក្លាយជាទីតាំងមួយ ដែលមានភាណតានតឹងដោយ សារតែការប្រកួតប្រជែងនិងអំណាច។
ការគ្រប់គ្រងជម្លោះនៅតំបន់ព្រំដែន (border conflict management) ត្រូវការយន្តការចម្រុះ ដែលរួមបញ្ចូលទាំង ការទំនាក់ទំនងយោធា ការទូតទ្វេភាគី ការសម្របសម្រួលតាមតំបន់ និងការគ្រប់គ្រងសាធារណៈ។ ទោះជាយ៉ាងណា ករណីកម្ពុជា–ថៃ បង្ហាញថា ការខ្វះយន្តការដែលមានប្រសិទ្ធភាព និងមានអំណាចអនុវត្តជាក់ស្តែង បានធ្វើឱ្យភាពតានតឹងងាយនឹងកើនឡើងវិញ បន្ទាប់ពីវិបត្តិមួយត្រូវបានដោះស្រាយជាបណ្តោះអាសន្ន ។ ការខ្វះខាតនូវវិធានការកសាងទំនុកចិត្ត ឬ confidence-building measures (CBMs) និងយន្តការទំនាក់ទំនងយោធាដែលអាចដំណើរការបានជាបន្តបន្ទាប់ បានបង្កើនហានិភ័យនៃការយល់ច្រឡំ និងការវិភាគវាយតម្លៃសភាពការខុស។
លើសពីនេះ border geopolitics ក៏បង្ហាញពីភាពមិនសមមូលគ្នារវាង ច្បាប់ និងការអនុវត្ត។ ពិតហើយ បើទោះបីមានសាលក្រម ICJ និងការបកស្រាយឆ្នាំ២០១៣ ដែលផ្តល់ភាពច្បាស់លាស់ផ្លូវច្បាប់ក៏ដោយ ក៏ការគ្រប់គ្រងជាក់ស្តែងនៅតំបន់ព្រំដែន នៅតែពឹងផ្អែកលើសមត្ថភាពរដ្ឋក្នុងការអនុវត្ត និងការយល់ព្រមនយោបាយក្នុងផ្ទៃក្នុងដដែល។ នៅពេលដែលយន្តការគ្រប់គ្រងជម្លោះ មិនអាចភ្ជាប់ច្បាប់ជាមួយការអនុវត្តបាន នោះព្រំដែននឹងបន្តជាកន្លែងតានតឹង (contested space)។
ពីមុំនៃទស្សនៈប្រៀបធៀប ករណីជម្លោះព្រំដែនជាច្រើននៅតំបន់ផ្សេងៗ បង្ហាញថា ការគ្រប់គ្រងជម្លោះប្រកបដោយប្រសិទ្ធភាព ត្រូវការការបង្កើត កិច្ចសហប្រតិបត្តិការជាប្រចាំ (routine cooperation) ជាជាងការឆ្លើយតបជាបណ្តោះអាសន្ន ពេលមានវិបត្តិ។ ការចែករំលែកព័ត៌មាន ការធ្វើលំហាត់រួមតូចៗ ការគ្រប់គ្រងតំបន់គ្មានយោធា (demilitarized or buffer zones) និងការចូលរួមរបស់ភាគីទីបី ត្រូវបានបង្ហាញថាអាចកាត់បន្ថយភាពតានតឹង និងហានិភ័យនៃការផ្ទុះជម្លោះ។[51]
សរុបមក border geopolitics បង្ហាញថា ព្រំដែន គឺជាទីតាំងរស់ (living space) ដែលត្រូវការការគ្រប់គ្រងជាបន្តបន្ទាប់ មិនមែនត្រឹមតែការកំណត់ផ្លូវច្បាប់នោះទេ។ ករណីកម្ពុជា–ថៃ បញ្ជាក់ថា ការខ្វះយន្តការគ្រប់គ្រងជម្លោះប្រកបដោយប្រសិទ្ធភាព បានធ្វើឱ្យភាពតានតឹងងាយនឹងត្រឡប់មកវិញ ទោះបីជាមានការដោះស្រាយផ្លូវច្បាប់ក៏ដោយ។ ការយល់ដឹងអំពីភូមិសាស្ត្រនយោបាយព្រំដែន ដូច្នេះ គឺជាគន្លឹះសំខាន់ សម្រាប់ការរចនាយុទ្ធសាស្ត្រសន្តិភាព និងការគ្រប់គ្រងវិបត្តិ នៅអនាគត។
៤.៣. ក្របខ័ណ្ឌវិភាគជម្លោះចុងឆ្នាំ២០២៥ : ព្រំដែន–យោធា–ព័ត៌មាន
ជម្លោះព្រំដែនកម្ពុជា–ថៃ នៅចុងឆ្នាំ២០២៥នេះ បង្ហាញឱ្យយើងឃើញនូវសណ្ឋានថ្មីដែលជាលក្ខណៈនៃ ជម្លោះសម័យថ្មី ។ យើងអាចទាញបានពីជម្លោះនោះ គឺមានភាពខ្លាំងខ្លាជាងជម្លោះមុនៗ និងហាក់លើសពីជម្លោះយោធា។ មានទិដ្ឋភាពជ្រុងចំនួនបី ដែលយើងអាចយកមកធ្វើជាមូលដ្ឋាននាំជួយឱ្យយើងវិភាគ ព្រមទាំងអាចយកមកឆ្លុះបញ្ចាំងបាន ក្នុងនោះមាន ទី១.ទិដ្ឋភាពភូមិសាស្ត្រព្រំដែន ទី២. ទិដ្ឋភាពនៃសមត្ថភាពនិងការគណនាយោធា និងទិដ្ឋភាពទី៣. សង្គ្រាមព័ត៌មាននិងជាតិនិយមឌីជីថល ។ តាមរយៈការរួមការបញ្ចូល ទិដ្ឋភាពទាំងបីនេះ អនុញ្ញាតឲ្យយល់ដឹងអំពី របៀបដែលជម្លោះតូចៗ អាចកើនឡើងយ៉ាងលឿន និងពិបាកគ្រប់គ្រង នៅសតវត្សទី២១នេះ រវាងកម្ពុជា-ថៃ។
- ទី១ ទិដ្ឋភាពភូមិសាស្ត្រព្រំដែន ជ្រុងទីមួយ គឺ ភូមិសាស្ត្រព្រំដែន ដែលបន្តជាបញ្ហាស្នូលនៃជម្លោះរវាងប្រទេសទាំងពីរ។ ម្យ៉ាងតំបន់ជួរភ្នំដងរែក និងក្រវាញ ព្រមទាំងតំបន់ជុំវិញប្រាសាទព្រះវិហារ មានលក្ខណៈជាទីតាំងយុទ្ធសាស្ត្រខ្ពស់ដែលបង្កើតបានជាអ្វីដែលយើងហៅថា security dilemma ជាបន្តបន្ទាប់។ ភូមិសាស្ត្រខ្ពស់ ផ្លូវចូលចេញសំខាន់ និងការលំបាកក្នុងការគ្រប់គ្រង ជាមូលហេតុជំរុញឲ្យភាគីទាំងពីរ ត្រូវត្រៀមកម្លាំងយោធា ដើម្បីការពារអធិបតេយ្យភាព។ ក្នុងន័យនេះ ភូមិសាស្ត្រ មិនមែនជាផ្ទៃខាង ក្រោយនៃជម្លោះ ដែលយើងមើលរំលងបាននោះទេ ប៉ុន្តែគឺភូមិសាស្ត្រព្រំដែននេះហើយ ដែលជាធាតុសកម្ម ដែលហាក់បានជំរុញឱ្យបង្ខំជម្រើសយុទ្ធសាស្ត្រនិងតាក់ទិចននយោបាយ។[52]
- ជ្រុងទីពីរ គឺទិដ្ឋភាព សមត្ថភាពយោធា។ នៅពាក់កណ្តាលឆ្នាំ ២០២៥ ភាគីទាំងពីរ បានបង្កើនការដាក់កម្លាំង ការបំពាក់អាវុធ និងការធ្វើលំហាត់យោធា នៅតំបន់ព្រំដែន ក្នុងគោលបំណងបង្ហាញភាពរឹងមាំ និងសមត្ថភាពការពារ។ ទោះបីជាសកម្មភាពទាំងនេះ ត្រូវបានភាគីម្ខាងបកស្រាយបង្ហាញថា ជាការការពារខ្លួនក៏ដោយ ក៏ដោយវាត្រូវបានភាគីម្ខាងទៀត បកស្រាយថា សកម្មភាពបង្កើនយោធាឬសកម្មភាពលំហាត់សមទាំងនោះ គឺជាការគំរាមកំហែងមកលើអធិបតេយ្យខ្លួន។ ជាលទ្ធផល គឺការកើនឡើងនៃ security dilemma និងការគណនាយុទ្ធសាស្ត្រ ក្នុងក្របខណ្ឌនៃ សង្គ្រាមកំណត់ ដែលគោលដៅរបស់វា គឺការបង្ហាញអំណាច ដោយជៀសវាងសង្គ្រាមពេញលេញ។[53]ពិតមែនហើយជម្លោះព្រំដែនរវាងកម្ពុជា និងថៃក្នុងឆ្នាំ២០២៥នេះ បានក្លាយជាប្រធានបទសំខាន់មួយក្នុងភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍។ ទោះបីជាប្រទេសទាំងពីរ មិនស្ថិតក្នុងស្ថានភាពសង្គ្រាមពេញលេញក៏ដោយ ការប្រៀបធៀបសមត្ថភាពយោធា (military balance) នៅតែមានសារៈសំខាន់ សម្រាប់ការយល់ដឹងអំពីអំណាច ការទប់ស្កាត់ (deterrence) និងការគ្រប់គ្រងជម្លោះតាមមធ្យោបាយសន្តិភាព។[54]ក្នុងន័យនេះបើយោងតាមទ្រឹស្តី ប្រាកដនិយម (Realism) កម្លាំងយោធា គឺជាឧបករណ៍សំខាន់បំផុតនៃអធិបតេយ្យភាពរដ្ឋ។[55] ទោះយ៉ាងណា អំណាចយោធាមិនត្រឹមតែជាចំនួនទ័ព ឬអាវុធទេ ប៉ុន្តែរួមបញ្ចូលទាំង បច្ចេកវិទ្យា, ភូមិសាស្ត្រ, សមត្ថភាពគ្រប់គ្រង និងការដឹកជញ្ជូន និងភាពស្របច្បាប់អន្តរជាតិ។ ការវិភាគអំពីតុល្យភាពយោធាកម្ពុជា-ថៃ យើងត្រូវមើលជាប្រព័ន្ធ (systemic analysis) មិនមែនជាការប្រៀបធៀបត្រឹមជាតួរលេខសាមញ្ញប៉ុណ្ណោះឡើយ។[56]
- កម្លាំងយោធារបស់កម្ពុជា : ពិតណាស់កងយោធពលខេមរភូមិន្ទ (RCAF) ហាក់មានទំហំមធ្យមនិងផ្តោតលើកងទ័ពជើងគោកជាចម្បង។ កម្ពុជាហាក់មានបទពិសោធន៍យូរអង្វែង ក្នុងការការពារទឹកដី និងការប្រយុទ្ធក្នុងបរិបទព្រំដែនភ្នំ–ព្រៃ ដែលជាអត្ថប្រយោជន៍យុទ្ធសាស្ត្រសម្រាប់ ជាសង្គ្រាមការពារ ។[57] ទោះយ៉ាងណា កម្ពុជាគេមើលឃើញថា ហាក់ ខ្វះសមត្ថភាពអាកាស និងជើងទឹក ដោយគ្មានយន្តហោះប្រយុទ្ធ និងមានតែសមត្ថភាពត្រួតពិនិត្យឆ្នេរតូចៗ។ នេះធ្វើឱ្យសមត្ថភាពធ្វើសង្គ្រាមរយៈពេលវែង ឬសង្គ្រាមទំនើប ហាក់នៅមានកម្រិតទាបនៅឡយើ។[58]
- កម្លាំងយោធារបស់ថៃ : ថៃត្រូវបានចាត់ទុក ថា ជា មហាអំណាចយោធាកម្រិតមធ្យម ក្នុងអាស៊ីអាគ្នេយ៍។ថៃមានកងទ័ពគ្រប់ សណ្ឋានទាំង ដែនទឹកគោក និងអាកាស (land–air–sea) និងសមត្ថភាពអាកាសខ្លាំង ជាមួយយន្តហោះ F-16 និង Gripen។[59] បន្ថែមពីនេះ ថៃមានបទពិសោធន៍ហ្វឹកហាត់រួមជា មួយសហរដ្ឋអាមេរិក និងដៃគូ NATO ដែលជួយលើកកម្ពស់អន្តរប្រតិបត្តិការ និង ប្រព័ន្ធបញ្ជា និងការត្រួតពិនិត្យ (interoperability និង command-and-control system)។[60]
- កត្តាភូមិសាស្ត្រ និងព្រំដែន : ភូមិសាស្ត្រតំបន់ព្រំដែនកម្ពុជា–ថៃមានលក្ខណៈភ្នំនិងព្រៃដែល ស្ថាបភាពនេះ កាត់បន្ថយអត្ថប្រយោជន៍អាវុធធ្ងន់ និងអាកាស។ នេះមានន័យថា ក្នុងជម្លោះតូចតាមព្រំដែន កម្លាំងធំរបស់ថៃ មិនអាចប្រើបានពេញលេញ ខណៈដែលកម្ពុជា អាចប្រើយុទ្ធសាស្ត្រការពារតំបន់ (area denial) បានប្រសើរ។[61]
– ការវិភាគតុល្យភាពយោធា :
- ជម្លោះកម្រិតទាប ឬរយៈពេលខ្លី កម្ពុជា អាចទប់ស្កាត់បាន ដោយអាស្រ័យលើភូមិសាស្ត្រ និងកម្លាំងក្នុងតំបន់។
- ជម្លោះកម្រិតខ្ពស់ឬយូរអង្វែង ថៃមានអត្ថប្រយោជន៍ច្បាស់លាស់ ដោយសារអាកាស បច្ចេកវិទ្យា និងថវិកា។[62]
បើផ្អែកលើទស្សនៈពួកប្រាកដនិយមវិញ ការប្រៀបធៀបកម្លាំងយោធានេះ បង្ហាញថា កម្ពុជា មិនអាចប្រកួតអំណាចយោធាផ្ទាល់បានទេ ប៉ុន្តែអាចប្រើយន្តការ ច្បាប់អន្តរជាតិ និងការទូត ជាយុទ្ធសាស្ត្រជំនួស។ [63]
ជារួម ការប្រៀបធៀបកម្លាំងយោធា រវាងកម្ពុជា និងថៃ បង្ហាញថា សង្គ្រាមមិនមែនជាជម្រើសមានហេតុផល សម្រាប់ភាគីណាមួយឡើយ។ ខណៈដែលថៃមានអំណាចយោធាសរុប គឺលើសលប់លើកម្ពុជា ។ កម្ពុជាអាចមានប្រៀបលើយន្តការប្រយោជន៍ការពារ និងស្របច្បាប់អន្តរជាតិ។ ដូច្នេះ ការប្រើប្រាស់ ការទូត ច្បាប់អន្តរជាតិ និងយន្តការអាស៊ាន គឺជាវិធីសាស្ត្រដែលមានស្ថិរភាព និងចំណេញយូរអង្វែងបំផុតសម្រាប់សន្តិភាពតំបន់។[64]
- ទិដ្ឋភាពទី៣ ជ្រុងអំណាចព័ត៌មាន និងជាតិនិយមឌីជីថល: ជ្រុងនេះមានសារៈសំខាន់ជាងមុននៅឆ្នាំ២០២៥ គឺ សង្គ្រាមព័ត៌មាន និងជាតិនិយមឌីជីថល។ នៅតាមបណ្ដាញសង្គម និងវេទិកាឌីជីថលនានា បានក្លាយជាទីតាំងប្រកួតប្រជែងនយោបាយ ដែលរូបភាព វីដេអូ ព័ត៌មានមិនផ្ទៀងផ្ទាត់ និងសារដុតរោលចលនាជាតិនិយម អាចរាលដាលយ៉ាងលឿន។ ជ្រុងនេះ បានបង្កើនល្បឿននៃការកើនឡើងវិបត្តិ ដោយបំលែងព្រឹត្តិការណ៍តូចៗនៅព្រំដែន ទៅជាវិបត្តិជាតិនិយម និងបានដាក់សម្ពាធនយោបាយក្នុងស្រុក។ ការប្រយុទ្ធក្នុងអំណាចសារព័ត៌មាន ដូច្នេះ មិនត្រឹមតែជាបញ្ហាទំនាក់ទំនងសាធារណៈទេ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្លោះសម័យថ្មីផងដែរ។[65]
- ការរួមបញ្ចូលនៃទិដ្ឋភាពទាំងបីចូលគ្នា : ពិតណាស់ ការវិភាគជម្លោះចុងឆ្នាំ២០២៥ បង្ហាញថា ជ្រុងនៃទិដ្ឋភាពទាំងបី គឺ ព្រំដែន យោធា និងព័ត៌មាន មិនដំណើរការដោយដាច់ដោយឡែក ពីគ្នាឡើយ។ វាជាវដ្តនៃព្រឹត្តិការណ៍ រុញបន្តបន្ទាប់គ្នា ដែលបញ្ហាភូមិសាស្ត្របង្កើតជាលក្ខ ខណ្ឌយុទ្ធសាស្ត្រ យោធាបង្ហាញអំណាច និងព័ត៌មានបំលែងជាអត្ថន័យនយោបាយ។ ការរួមបញ្ចូលវិមាត្រទាំងនេះ បង្កើតបានជាអ្វីដែលយើងហៅថា ជា រង្វិលជុំមតិប្រតិកម្ម (feedback loop) ដែលធ្វើឱ្យជម្លោះងាយនឹងកើនឡើង និងពិបាកគ្រប់គ្រង។ នេះជាមូលហេតុដែលជម្លោះសម័យថ្មី ដែលយើងមិនអាចវិភាគតាមទស្សនៈយោធាប៉ុណ្ណោះបានទេ ប៉ុន្តែត្រូវការក្របខណ្ឌចម្រុះ ដែលភ្ជាប់ភូមិសាស្ត្រ សន្តិសុខ នយោ បាយ និងព័ត៌មានជាមួយគ្នា។
សរុបសេចក្តីមក ក្របខណ្ឌមូកដ្ឋានគ្រឹះនៃការវិភាគឆ្នាំ២០២៥ផ្តល់ នូវឱ្យយើងស្វែងយល់នូវមូលដ្ឋាននៃឧបករណ៍គំនិតសំខាន់មួយ សម្រាប់យល់អំពីការកើនឡើង និងការគ្រប់គ្រងជម្លោះព្រំដែនកម្ពុជា–ថៃ នៅសតវត្សទី២១។ វាបង្ហាញថា សន្តិភាពប្រកបដោយនិរន្តរភាព ត្រូវការការឆ្លើយតបលើទិដ្ឋភាពច្រើនជ្រុងក្នុងពេលតែមួយ ពោលគឺមិនត្រឹមតែការគ្រប់គ្រងយោធា ប៉ុន្តែថែមទាំងការគ្រប់គ្រងព័ត៌មាន ស្មារតីសតិអារម្មណ៍ និងចលនាជាតិនិយម។
[1] John Agnew, Geopolitics: Re-Visioning World Politics (London: Routledge, 1998), 45–47
[2] Thongchai Winichakul, Siam Mapped (Honolulu: University of Hawai‘i Press, 1994), 16–20
[3] O. W. Wolters, History, Culture, and Region in Southeast Asian Perspectives (Ithaca, NY: Cornell University Press, 1999), 27–40.
[4] David Chandler, A History of Cambodia, 4th ed. (Boulder, CO: Westview Press, 2008), 41–45.
[5] Victor Lieberman, Strange Parallels: Southeast Asia in Global Context, c. 800–1830, vol. 1 (Cambridge: Cambridge University Press, 2003), 207–215.
[6] Anthony Reid, Southeast Asia in the Age of Commerce, 1450–1680, vol. 1 (New Haven: Yale University Press, 1988), 120–123.
[7] Thongchai Winichakul, Siam Mapped: A History of the Geo-Body of a Nation (Honolulu: University of Hawai‘i Press, 1994), 72–78.
[8] John R. V. Prescott, Political Frontiers and Boundaries (London: Allen & Unwin, 1987), 3–6.
[9] Treaty between France and Siam, 13 February 1904; Treaty between France and Siam, 23 March 1907.
[10] John Agnew, Geopolitics: Re-Visioning World Politics (London: Routledge, 1998), 53–55.
[11] Thongchai Winichakul, Siam Mapped: A History of the Geo-Body of a Nation (Honolulu: University of Hawai‘i Press, 1994), 129–134.
[12] John R. V. Prescott, Political Frontiers and Boundaries (London: Allen & Unwin, 1987), 103–110
[13] Halford J. Mackinder, “The Geographical Pivot of History,” The Geographical Journal 23, no. 4 (1904): 421–437.
[14] J. B. Harley, “Maps, Knowledge, and Power,” Cartographica 26, no. 2 (1989): 1–20.
[15] International Court of Justice, Case Concerning the Temple of Preah Vihear (Cambodia v. Thailand), Judgment of 15 June 1962.
[16] Thongchai Winichakul, Siam Mapped: A History of the Geo-Body of a Nation (Honolulu: University of Hawai‘i Press, 1994), 129–134.
[17] John R. V. Prescott, Political Frontiers and Boundaries (London: Allen & Unwin, 1987), 103–110.
[18] David Chandler, A History of Cambodia, 4th ed. (Boulder, CO: Westview Press, 2008), 41–45.
[19] Robert D. Kaplan, The Revenge of Geography: What the Map Tells Us About Coming Conflicts and the Battle Against Fate (New York: Random House, 2009), 5–12.
[20] Martin Stuart-Fox, A Short History of China and Southeast Asia (Crows Nest: Allen & Unwin, 2003), 214–218.
[21] Robert Sack, Human Territoriality: Its Theory and History (Cambridge: Cambridge University Press, 1986), 1–5.
[22] International Court of Justice, Case Concerning the Temple of Preah Vihear (Cambodia v. Thailand), Judgment of 15 June 1962; Request for Interpretation of the Judgment of 15 June 1962, Judgment of 11 November 2013.
[23] Thongchai Winichakul, Siam Mapped: A History of the Geo-Body of a Nation (Honolulu: University of Hawai‘i Press, 1994), 129–134.
[24] Benedict Anderson, Imagined Communities: Reflections on the Origin and Spread of Nationalism, rev. ed. (London: Verso, 2006), 163–185.
[25] International Court of Justice, Case Concerning the Temple of Preah Vihear (Cambodia v. Thailand), Judgment of 15 June 1962.
[26] Malcolm N. Shaw, International Law, 8th ed. (Cambridge: Cambridge University Press, 2017), 364–370.
[27] J. B. Harley, “Maps, Knowledge, and Power,” Cartographica 26, no. 2 (1989): 1–20.
[28] Surya P. Subedi, “The ICJ Judgment on the Temple of Preah Vihear,” Chinese Journal of International Law 11, no. 1 (2012): 1–28.
[29] International Court of Justice, Request for Interpretation of the Judgment of 15 June 1962 in the Case Concerning the Temple of Preah Vihear (Cambodia v. Thailand), Judgment of 11 November 2013.
[30] Thongchai Winichakul, Siam Mapped: A History of the Geo-Body of a Nation (Honolulu: University of Hawai‘i Press, 1994), 129–134.
[31] Malcolm N. Shaw, International Law, 8th ed. (Cambridge: Cambridge University Press, 2017), 378–382.
[32] Benedict Anderson, Imagined Communities: Reflections on the Origin and Spread of Nationalism, rev. ed. (London: Verso, 2006), 163–185.
[33] Hedley Bull, The Anarchical Society: A Study of Order in World Politics, 4th ed. (Basingstoke: Palgrave Macmillan, 2012), 51–53.
[34] Hedley Bull, The Anarchical Society: A Study of Order in World Politics, 4th ed. (Basingstoke: Palgrave Macmillan, 2012), 51–53.
[35] Robert Jervis, “Cooperation under the Security Dilemma,” World Politics 30, no. 2 (1978): 167–214.
[36] Stephen D. Krasner, Sovereignty: Organized Hypocrisy (Princeton: Princeton University Press, 1999), 3–9.
[37] Thongchai Winichakul, Siam Mapped: A History of the Geo-Body of a Nation (Honolulu: University of Hawai‘i Press, 1994), 129–134.
[38] Duncan McCargo, Tearing Apart the Land: Islam and Legitimacy in Southern Thailand (Ithaca, NY: Cornell University Press, 2008), 23–27.
[39] David Chandler, A History of Cambodia, 4th ed. (Boulder, CO: Westview Press, 2008), 1–8, 286–289.
[40] Alexander L. Vuving, “Nationalism and State Legitimation in Cambodia,” Journal of Southeast Asian Studies 44, no. 2 (2013): 199–223.
[41] Robert D. Putnam, “Diplomacy and Domestic Politics: The Logic of Two-Level Games,” International Organization 42, no. 3 (1988): 427–460.
[42] Jack S. Levy, “The Diversionary Theory of War: A Critique,” Handbook of War Studies (Boston: Unwin Hyman, 1989), 259–288.
[43] កិច្ចព្រមព្រៀងឈ្នះៗ គឺជាសំណុំនៃកិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ដែលអាចទទួលយកបាន (ត្រូវបានផ្តល់សច្ចាប័ន) ដោយតួអង្គនយោបាយក្នុងស្រុកនៅក្នុងប្រទេសមួយ។ ជារួម កិច្ចព្រមព្រៀងឈ្នះៗ កំណត់នូវអ្វីដែលរដ្ឋាភិបាលអាចយល់ព្រមលើឆាកអន្តរជាតិដោយមិនត្រូវបានបដិសេធនៅក្នុងប្រទេស។
[44] Helen V. Milner, Interests, Institutions, and Information: Domestic Politics and International Relations (Princeton: Princeton University Press, 1997), 3–12, 55–60.
[45] “Thailand-Cambodia Border Clashes Enter Second Day,” CNN, July 24, 2025, https://edition.cnn.com/2025/07/24/asia/thailand-cambodia-border-clashes-friday-intl-hnk.
[46] Security dilemma គឺជាភាពលំបាកដែលកើតឡើងនៅក្នុងប្រព័ន្ធអន្តរជាតិសហគមន៍ (international system) ដែល គ្មានអំពើធានាសន្តិសុខដែលកាន់តែជឿជាក់ ជាមួយនឹងអំណាចម្ដងឯង (anarchic system) — មានន័យថា គ្មានអង្គការសកលណាមួយដែលអាចធានាសន្តិសុខសម្រាប់រាល់រដ្ឋបាន។
នៅពេល រដ្ឋ A បង្កើនកងកម្លាំង ឬបង្កើតសមត្ថភាពថ្មីៗ ដើម្បី ស្វែងរកសន្តិសុខ, នោះអាចធ្វើឲ្យ រដ្ឋ B គួរឱ្យ ភ័យខ្លាចថា A កំពុងតែល្មមក្លាហាន, ហើយ រដ្ឋ B ក៏វិលទៅបង្កើនសមត្ថភាពរបស់ខ្លួនផងដែរ។បញ្ហាគឺ គ្មានយល់ច្បាស់ពីបំណងវិញ — ការ «ស្វែងរកសន្តិសុខ» របស់មួយអាចបង្កការមិនសុខសន្តិភាពសម្រាប់មួយផ្សេងទៀត។
[47] Robert Jervis, “Cooperation under the Security Dilemma,” World Politics 30, no. 2 (1978): 167–214.
[48] Thomas C. Schelling, Arms and Influence (New Haven, CT: Yale University Press, 1966), 3–34.
[49] Barry R. Posen, The Sources of Military Doctrine: France, Britain, and Germany between the World Wars (Ithaca, NY: Cornell University Press, 1984), 45–48.
[50] John Agnew, Geopolitics: Re-Visioning World Politics, 2nd ed. (London: Routledge, 2003), 53–59.
[51] Paul R. Hensel, “Contentious Issues and World Politics: The Management of Territorial Claims,” International Studies Quarterly 45, no. 1 (2001): 81–109.
[52] Robert D. Kaplan, The Revenge of Geography: What the Map Tells Us About Coming Conflicts and the Battle Against Fate (New York: Random House, 2009), 5–12.
[53] Thomas C. Schelling, Arms and Influence (New Haven, CT: Yale University Press, 1966), 3–34.
[54] Robert D. Kaplan, The Revenge of Geography (New York: Random House, 2009), 73–75.
[55] John J. Mearsheimer, The Tragedy of Great Power Politics (New York: Norton, 2001), 30–33.
[56] Colin S. Gray, Modern Strategy (Oxford: Oxford University Press, 1999), 17–19.
[57] Donald E. Weatherbee, International Relations in Southeast Asia (Lanham, MD: Rowman & Littlefield, 2019), 142–144.
[58] Ibid., 145.
[59] International Institute for Strategic Studies (IISS), The Military Balance 2024 (London: Routledge, 2024), Thailand section.
[60] Ibid.
[61] Geoffrey Parker, The Geography of War (Cambridge: Cambridge University Press, 2001), 211–214.
[62] Mearsheimer, Tragedy of Great Power Politics, 55–57.
[63] Weatherbee, International Relations in Southeast Asia, 150–152.
[64] Amitav Acharya, Constructing a Security Community in Southeast Asia (London: Routledge, 2014), 98–101.
[65] P. W. Singer and Emerson T. Brooking, LikeWar: The Weaponization of Social Media (Boston: Houghton Mifflin Harcourt, 2018), 23–45.
