រលកកំដៅនយោបាយ និងភាពតានតឹងរវាងកម្ពុជា-ថៃ បាន់ឡើងកំដៅថែមមួយកម្រិតទៀត គឺក្រោយពេលដែល សារសន្ទនាថ្នាក់ដឹកនាំបានបែកធ្លាយដោយមានការចែកចាយ បន្តបន្ទាប់គ្នាជាច្រើន។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥ដោយមានការចែកចាយសំឡេងសន្ទនាឯកជនរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ ផែថងថាន នាយករដ្ឋមន្រ្តីថៃ។ [1]ភ្លាមៗក្រោយបែកធ្លាយសំឡេងសន្ទនាន សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសំឡេងសន្ទនាពេញជាមួយលោកជំទាវនាយករដ្ឋមន្រ្តីថៃ ដោយសម្តេចតេជោបានអះអាងថា ជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនត្រូវបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសំឡេងទុក និងដើម្បីតម្លាភាពផ្ទៃក្នុងរបស់កម្ពុជា។ ទន្ទឹមនឹងហេតុការណ៍នេះជាការឆ្លើយតបមកវិញ ក្នុងថ្ងៃទី១៨ មិថុនាដដែលនោះ នាយករដ្ឋមន្រ្តីថៃលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ បានចេញមកប្រតិកម្មតបដោយបានរិះគន់អតីតនាយករដ្ឋមន្រ្តីកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ថា «…ជាការប៉ុនប៉ងពន្យុះឲ្យមានការបែកបាក់ រវាងរដ្ឋាភិបាលលោកស្រីនិងក្រុមយោធាថៃ….»។[2] ដោយលោកជំទាវនាយករដ្ឋមន្រ្តីថៃ ក៏បានចោទសម្តេចតេជោ ហ៊ុន សែនថា « …បានកំពុងស្វះស្វែងរកប្រជាប្រិយភាព ជូនរដ្ឋាភិបាលកម្ពុជារបស់កូនប្រុសលោក គឺសម្តេចធិបតី ហ៊ុន ម៉ាណែត….» [3]។ បន្ថែមពីប្រតិកម្មរបស់នាយករដ្ឋមន្ត្រី ពោលគឺមួយថ្ងៃក្រោយមក នៅថ្ងៃទី១៩ មិថុនា ក្រសួងការបរទេសថៃ ក៏បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដោយ បានចាត់ទុកការបញ្ចេញសារសន្ទនាឯកជននេះថា មិនអាចទទួលយកបាន។ មិនអាចទទួលយកបាន ក៏ព្រោះតែវាបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងទំនុកចិត្តជាអន្តរជាតិ។
ករណី ការបែកធ្លាយសារសន្ទនាថ្នាក់ដឹកនាំកម្ពុជា–ថៃ ក្នុងឆ្នាំ២០២៥ បានបង្ហាញពីជ្រុងមួយនៃ នយោបាយពត៌មាន (information politics) នៅក្នុងជម្លោះព្រំដែនសម័យថ្មី។ ពិតហើយ ករណីនេះ មិនពាក់ព័ន្ធដោយផ្ទាល់នឹងការប្រើកម្លាំងយោធាទេ ប៉ុន្តែវាហាក់មានឥទ្ធិពលយ៉ាងខ្លាំងលើ ការគណនាយុទ្ធសាស្ត្រ ការគ្រប់គ្រងវិបត្តិ និងការកើនឡើងនៃភាពតានតឹង រវាងរដ្ឋទាំងពីរ។ ជួនកាលអំណាចពត៌មានក៏បានបង្ហាញថា ក្នុងសង្គ្រាមកំណត់ (border-limited war) ព័ត៌មាននិងការបែកធ្លាយ អាចមានអំណាចស្មើ ឬលើសការប៉ះទង្គិចយោធាខ្លះៗផងដែរ។
ជាមួយគ្នានេះ ការបែកធ្លាយសារសន្ទនានេះ មានផលប៉ះពាល់ខ្លាំងជាពិសេសលើ នយោបាយក្នុងស្រុកថៃ។ វាបានបង្កើតនូវព្យុះនយោបាយ៖
- ការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រឆាំង និងមេដឹកនាំយោធា
- ការចោទប្រកាន់ថា ថ្នាក់ដឹកនាំខ្វះភាពរឹងមាំក្នុងការការពារជាតិ
- សម្ពាធឲ្យរដ្ឋាភិបាលបង្ហាញភាពរឹងមាំតាមព្រំដែន
ព្រឹត្តិការណ៍នេះ បើយើងឆ្លុអបញ្ចាំងតាមរយៈទ្រឹស្តី two-level game របស់លោក Robert Putnam បង្ហាញថា ព័ត៌មានបែកធ្លាយអាចបង្រួម “win-set” នៃនយោបាយក្នុស្រុក ធ្វើឱ្យការសម្របសម្រួលអន្តរជាតិ កាន់តែពិបាក។[4]
រីឯពីជ្រុងនៃ ទស្សនៈភូមិសាស្ត្រនយោបាយព័ត៌មាន (information geopolitics)វិញ ការបែកធ្លាយសន្ទនា គឺមិនមែនជាអំពើចៃដន្យទេ ប៉ុន្តែជារបៀបប្រើ នូវអំណាចព័ត៌មាន(information power)។ ករណីនេះ បង្ហាញថា៖
- ព័ត៌មានផ្ទាល់ខ្លួន អាចត្រូវបានបម្លែងទៅជាអាវុធនយោបាយ
- ការបែកធ្លាយ អាចបំផ្លាញទំនុកចិត្តការទូត និងបង្កើនអារម្មណ៍ជាតិនិយម
- ពេលខ្លះវា អាចជំរុញឱ្យការកើនឡើងលើសមរភូមិចិត្តសាស្ត្រ ឬមានប្រៀបលើសេនារីយោ ដោយមិនចាំបាច់បាញ់សូម្បីមួយគ្រាប់។
ត្រង់នេះ លោក P. W. Singer និងលោក Emerson Brooking បានអះអាងថា សង្គ្រាមសម័យថ្មី មិនបាច់ចាប់ផ្តើមតែដោយកាំភ្លើងទេ ប៉ុន្តែអំណាចពត៌មានក៏កាន់តែមានឥទ្ធិពលដែរ ដោយការគ្រប់គ្រងបាននូវតួនាទីព័ត៌មាន។[5] ក្នុងបរិបទឆ្នាំ ២០២៥ ការបែកធ្លាយសន្ទនានោះ ហាក់មានឥទ្ធិពលខ្លាំងខ្លះដែរ បើសិនជាយើងភ្ជាប់ព្រឹត្តិការណ៍មួយចំនួន ដែលបានកើតឡើងក្រោយការបែកធ្លាយសារសនន្ទនានោះ ដូចជា ៖
- បង្កើនសម្ពាធដល់នយោបាយផ្ទៃក្នុងភាគីថៃ
- បង្ហាញភាពរឹងមាំយោធា
- ភ្ជាប់ជាមួយការបិទព្រំដែន ការហាមទំនិញ និងវិធានសេដ្ឋកិច្ច
- បង្កើន security dilemma នៅតំបន់ព្រំដែន
ការបែកធ្លាយសារក៏បានបញ្ជាក់ថា ក្នុងទិដ្ឋភាព border-limited war ព័ត៌មានអាចជាជំហានសំខាន់ មុនការប្រើកម្លាំងយោធាជាក់ស្តែង។ តាមរយៈការបែកធ្លាយសារនេះ យើងអាចទាញបាន នូវមេរៀនទ្រឹស្តីចម្បងបី៖
- ការបែកធ្លាយសារសម្ងាត់ពេលខ្លះ គឺជាយុទ្ធសាស្ត្រ គឺមិនមែនបញ្ហាកំហុសបច្ចេកទេស ឬជារឿងចៃដន្យទេ។
- នយោបាយផ្ទៃក្នុង ឬក្នុងស្រុក អាចបំលែង បញ្ហាបែកធ្លាយសារទៅជាវិបត្តិអន្តរជាតិបាន ។
- ជម្លោះព្រំដែន ក្នុងសម័យថ្មី យើងគប្បីត្រូវវិភាគតាមទំនាក់ទំនងព័ត៌មានយោធា គឺមិនត្រឹមតែផ្តោតលើតែយោធានោះទេ។
សរុមកមក ការបែកធ្លាយសារសន្ទនាថ្នាក់ដឹកនាំកម្ពុជា–ថៃ ឆ្នាំ ២០២៥ បង្ហាញថា អំណាចព័ត៌មាន និងការគ្រប់គ្រង ព័ត៌មាន គឺជាផ្នែកមួយនៃអំណាច និងជម្លោះសម័យថ្មី។
[1] សឹម ចាន់សំណាង, “ប្រធានអាស៊ានបារម្ភចំពោះការបែកធ្លាយសំឡេងសន្ទនារវាងមេដឹកនាំកម្ពុជា-ថៃ,” Radio France Internationale (RFI), 20 June 2025, https://url-shortener.me/5DX5
[2] សឹម ចាន់សំណាង, “ប្រធានអាស៊ានបារម្ភចំពោះការបែកធ្លាយសំឡេងសន្ទនារវាងមេដឹកនាំកម្ពុជា-ថៃ,” Radio France Internationale (RFI), 20 June 2025, https://url-shortener.me/5DX5
[3] សឹម ចាន់សំណាង, “ប្រធានអាស៊ានបារម្ភចំពោះការបែកធ្លាយសំឡេងសន្ទនារវាងមេដឹកនាំកម្ពុជា-ថៃ,” Radio France Internationale (RFI), 20 June 2025, https://url-shortener.me/5DX5
[4] Robert D. Putnam, “Diplomacy and Domestic Politics: The Logic of Two-Level Games,” International Organization 42, no. 3 (1988): 427–460.
[5] P. W. Singer and Emerson T. Brooking, LikeWar: The Weaponization of Social Media (Boston: Houghton Mifflin Harcourt, 2018), 23–45.
