តើជារឿងចៃដន្យ ឬ ជាការរៀបចំ? ពីជ្រុងភូមិសាស្ត្រនយោបាយ

នាដើមឆ្នាំ២០២៦ស្របពេល ដែលមនុស្សម្នាកំពង់សាទរនិងអំណរឆ្នាំថ្មី  លោកត្រាំបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលលោកបានបញ្ជាឱ្យកងយោធាអាម៉េរិក បើកប្រតបត្តិការពិសេស វាយប្រហារលើប្រទេស វេនេស៊ូអេឡានិងបានចាប់ខ្លួន លោកប្រធានាធិបតី នីគូឡាស ម៉ាឌូរ៉ូ និងភិយាគាត់មកកាត់ទោសនៅទឹកដីសហរដ្ឋអាម៉េរិក ក្រោមហេតុផល ឧក្រិដ្ឋកម្មគ្រឿងញៀន។

ប្រតិបត្តិការយោធាររបស់អាម៉េរិកលើកនេះ ហាក់បានបង្ហាញឱ្យឃើញការវិវត្តថ្មី នៃសណ្តាប់ធ្នាប់ពិភពលោកស្ថិតនៅក្នុងភាពរញ៉េរញៃ និងបាត់បង់នូវវិន័យជាខ្លាំង ពោលគឺនៅពេលដែលមហាអំណាចហាក់ប្រើប្រាស់ច្បាប់ព្រៃ ដោយបំភ្លិចចោលនូវតួរនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ និងស្ថាប័នអន្តរជាតិផ្សេងទៀត។

បរិការណ៍នេះ បានញ៉ាំងឱ្យបញ្ហាពិភលោកកាន់តែច្របូកច្របល់បន្ថែមទៀត ពីលើបញ្ហាដែលកំពុងមានស្រាប់ដូចជា      សង្គ្រាមឈ្លានពានរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលកំពុងកើតឡើងនៅអឺរ៉ុប , វិបត្តអ៊ីស្រាអ៊ែលនិងកាសា ,បញ្ហាអ៊ីរ៉ងដែលកំពុងក្តៅនៅតំបន់មជ្ឈឹមបូព៌ា,បញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃនៅអាស៊ាន និងបញ្ហាញាំញីនៅបណ្តាររដ្ឋមួយចំនួននៅទឹកដីទ្វីបអាហ្វរិកជាច្រើនផ្សេងទៀត។ ទិដ្ឋភាពនៅតាមតំបន់ទាំងនេះ ហាក់បង្ហាញពីការធ្លាក់ចុះខ្លាំងនៃសណ្តាប់ធ្នាប់អន្តរជាតិ និងបានវិលទៅរកប្រព័ន្ធគ្រប់គ្រងអន្តរជាតិតាមសម័យបុព្វកាល គឺមានន័យថា ជាសណ្តាប់ធ្នាប់ដែលស្របតាមទម្រង់ធម្មជាតិ គឺ ត្រីធំស៊ីត្រីតូចដូច្នោះដែរ។

ទន្ទឹមនឹងស្ថានភាពដ៏វិវត្តថ្មីនេះ មានការជជែកគ្នាជាច្រើនជុំវិញប្រតិបត្តិការយោធាររបស់អាម៉េរិកកក្នុងទឹកដី វេនេស៊ូអេឡា អំពី ភាពត្រឹមត្រូវកម្រិតណានៃទិដ្ឋភាពច្បាប់ និងថាតើអ្វីទៅជាហេតុផលពិតប្រាកដ ដែលនៅពីក្រោយខ្នងនៃប្រតិបត្តិការយោធារនេះ? តើពិតជាដើម្បីបម្រើផលប្រយោជន៍មនុស្សជាតិ កំទេចមេគ្រឿងញៀនពិភពលោក ឬគ្រឿងញៀននេះគ្រាន់តែជាឡេសរបស់អាម៉េរិក? តើអនាគតនៃពិភពលោក ទៅជាយ៉ាងណា នៅពេលប្រទេសដទៃទៀតនឹងយកគម្រូអាម៉េរិក ក្នុងការធ្វើសង្គ្រាម ដើម្បីគម្រាមប្រទេសទន់ខ្សោយ ឬរដ្ឋតូចជាងខ្លួន ដែរឬយ៉ាងណា?

ជាការពិតណាស់ មុនពេលឆ្លើយសំនួរខាងលើនេះ យើងនឹងស្វែងយល់ពីជ្រុងមួយចំនួន ដើម្បីជាមូលដ្ឋាននៃការវិភាគដូចជា : ទី១.ទិដ្ឋភាពភូមិសាស្ត្រនយោបាយប្រទេសវេនេស៊ូអេឡា,    ទី២.ទិដ្ឋភាពភូមិសាស្ត្រនយោបាយតំបន់អាម៉េរិកខាងត្បូង និងតំបន់សមុទ្រការ៉ាអ៊ីប, ព្រមទាំងទី៣. ទិដ្ឋភាពត្រីកោណទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក វេនេស៊ូអេឡា និងមហាអំណាចខាងមកពីខាងក្រៅតំបន់ ហើយទិដ្ឋភាពទី៤.ទិដ្ឋភាពច្បាប់អន្តរជាតិ។

១.ទិដ្ឋភាពភូមិសាស្ត្រនយោបាយប្រទេសវេនេស៊ូអេឡា

វេនេស៊ូអេឡា គឺជាប្រទេសមួយដែលមានភូមិសាស្ត្រចម្រុះ និងមានតម្លៃយុទ្ធសាស្ត្រខ្ពស់ដែលនៅភាគខាងជើងនៃទ្វីបអាមេរិកខាងត្បូង។ ទីតាំងភូមិសាស្ត្រ ឆ្នេរសមុទ្រវែង ធនធានធម្មជាតិសម្បូរបែប និងរចនាសម្ព័ន្ធដីធ្លីស្មុគស្មាញ បានធ្វើឱ្យប្រទេសវេនេស៊ូអេឡា ក្លាយជាប្រទេសសំខាន់ ទាំងផ្នែកសេដ្ឋកិច្ច ថាមពលនិងភូមិសាស្ត្រនយោបាយ។ ភូមិសាស្ត្រវេនេស៊ូអេឡា ស្ថិតនៅភាគខាងជើងនៃទ្វីបអាមេរិកខាងត្បូង មានទីតាំងយុទ្ធសាស្ត្រសំខាន់ខ្លាំងណាស់ ដោយខាងជើងជាប់នឹងសមុទ្រការរ៉ាអ៊ីប ឬការ៉ាប៊ីន (Caribbean), ខាងកើតជាប់ មហាសមុទ្រ Atlantic និង Guyana, ចំណែកឯខាងត្បូងជាប់ប្រទេស Brazil ហើយខាងលិចជាប់ប្រទេស Colombia។[1]   បន្ថែមពីនេះ ទីតាំងដ៏ល្អនិងមានហ៊ុងស៊ុយនេះ ធ្វើឱ្យវេនេស៊ូអេឡាក្លាយជាច្រកតភ្ជាប់រវាងអាមេរិកឡាទីននិងតំបន់ Caribbean ដែលមានតម្លៃយុទ្ធសាស្ត្រខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម សន្តិសុខសមុទ្រ និងថាមពល។

ចំពោះតំបន់ឆ្នេរវិញ វេនេស៊ូអេឡា មានឆ្នេរសមុទ្រវែងជាង 2,800គីឡូម៉ែត្រ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ពាណិជ្ជកម្ម កំពង់ផែ និងការនាំចេញប្រេង។ តំបន់ឆ្នេរនេះ ជាចំណុចសំខាន់បំផុតក្នុងការតភ្ជាប់ប្រទេសទៅទីផ្សារអន្តរជាតិ។[2]

ចំពោះធនធានធម្មជាតិ ពោលគឺធនធានប្រេងនិងឧស្ម័ន វេនេស៊ូអេឡា មានប្រេងបម្រុងធំបំផុតនៅលើពិភពលោក ដែលភាគច្រើនស្ថិតនៅតំបន់ Orinoco Belt និងតំបន់ឆ្នេរសមុទ្រ។ ភូមិសាស្ត្រនេះ អនុញ្ញាតឱ្យការផលិតនិងនាំចេញប្រេងធ្វើបានងាយស្រួលតាមច្រកសមុទ្រ។ សក្តានុពលនៃ ទីតាំងភូមិសាស្ត្រ បូកផ្សំនឹងធនធានប្រេង បានបង្កើតតម្លៃយុទ្ធសាស្ត្រខ្ពស់សម្រាប់វេនេស៊ូអេឡា ព្រមទាំងបានទាក់ទាញការចាប់អារម្មណ៍ច្រើនពីមហាអំណាចមកពីក្រៅតំបន់។[3]

ក្នុងន័យនេះ បើតាមទស្សនៈភូមិសាស្ត្រនយោបាយ ទីតាំងជិតអឌ្ឍគោលខាងលិច និងជិតសហរដ្ឋអាម៉េរិក បានធ្វើឱ្យវេនេស៊ូអេឡា ក្លាយជាប្រទេសមួយដែលមានតម្លៃយុទ្ធសាស្ត្រខ្ពស់សម្រាប់មហាអំណាចក្រៅតំបន់ចូលមកចែចង់។

ក្នុងលក្ខខណ្ឌភូមិសាស្ត្រនយោបាយ ដែលចម្ងាយពីទីក្រុង Miamiនៅទឹកដីអាម៉េរិក  ទៅកាន់ទីក្រុង Caracas របស់វេនេស៊ូអេឡា គឺមានម្ងាយប្រហែល 2,200 ([4]) គីឡូម៉ែត្រតែប៉ុណ្ណោះ។ ការណ៍នេះ ត្រូវបានគេចាត់ទុកថា “ជិតនឹងទឹកដីអាម៉េរិកណាស់” បើប្រៀបធៀបនឹងចម្ងាយរវាងអាម៉េរិកនិងមជ្ឈិមបូព៌ា ឬទៅកាន់អឺរ៉ុបខាងកើត។ ភាពជិតគ្នានេះធ្វើឱ្យវេនេស៊ូអេឡា ស្ថិតនៅក្នុងស្ថានភាពជាតំបន់ទ្រនាប់([5]) ផ្ទាល់នៃសន្តិសុខអាម៉េរិក។ ត្រង់នេះបើតាមទ្រឹស្តីប្រាកដនិយម (Realism)បានកំណត់ថា ការគំរាមកំហែងសន្តិសុខ គឺមិនត្រូវបានវាស់វែងតែទៅលើសមត្ថភាពយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏វាស់វែអតាម ភាពជិតគ្នានៃភូមិសាស្ត្រ ផងដែរ។ ជាពិសេស ប្រទេសដែលស្ថិតនៅជិតខ្លួនដែលមានគោលជំហរអនុត្ត​រភាពនិយម([6]) ប៉ុន្តែប្រទេសនោះមានអាកប្បកិរិយាប្រឆាំងអនុត្ត​រភាពនិយមផងនោះ នឹងត្រូវបានគេចាត់ទុកថា ជាគ្រោះថ្នាក់ខ្ពស់ជាងប្រទេសដែលនៅឆ្ងាយខ្លាំងណាស់។ [7]

លើសពីនេះទៅទៀត លំហរសមុទ្រការ៉ាប៊ីន (Caribbean Sea) គឺជាតំបន់សមុទ្រសំខាន់សម្រាប់សន្តិសុខ និងពាណិជ្ជកម្មរបស់អាម៉េរិក។ វាជាផ្លូវដឹកជញ្ជូនសំខាន់សម្រាប់ថាមពល ការដឹកជញ្ជូនយោធា និងពាណិជ្ជកម្មអន្តរជាតិ។ វេនេស៊ូអេឡា មានឆ្នេរសមុទ្រវែង និងកំពង់ផែស្ថិតនៅជិតCaribbean ដែលអាចផ្តល់ ឱកាសឱ្យមហាអំណាចមកពីក្រៅតំបន់ អាចយកទីតាំងនេះឈរជើងដើម្បីប្រឆាំងនឹងអាម៉េរិក។[8]

ជារួមមក ទិដ្ឋភាពភូមិសាស្ត្ររបស់វេនេស៊ូអេឡា បង្ហាញថា ភូមិសាស្ត្រមិនមែនត្រឹមជាផ្ទៃដីមួយកន្លែង សម្រាប់សំគាល់ទីតាំងនោះទេ ប៉ុន្តែភូមិសាស្ត្រ គឺជាមូលដ្ឋាននៃអំណាច សេដ្ឋកិច្ច និងនយោបាយថែមទៀតផង។ ពិតមែនហើយ ទីតាំងយុទ្ធសាស្ត្រ ធនធានធម្មជាតិសម្បូរបែប និងរចនាសម្ព័ន្ធដីធ្លីចម្រុះបានធ្វើឱ្យវេនេស៊ូអេឡាក្លាយទៅជាប្រទេសសំខាន់មួយ នៅក្នុងភូមិសាស្ត្រនយោបាយអាមេរិកឡាទីន និងនៅក្នុងប្រព័ន្ធនយោបាយ អន្តរជាតិទូលំទូលាយ។

ម្យ៉ាងចម្ងាយពីសហរដ្ឋអាម៉េរិកទៅវេនេស៊ូអេឡា មិនមែនជាតួរលេខភូមិសាស្ត្រសាមញ្ញទេ ប៉ុន្តែជាអថេរយុទ្ធសាស្ត្រដែលអាចបម្លែងទៅជាស្ថានភាពគ្រោះថ្នាក់ដល់សន្តិសុខ និងប៉ះពាល់អំណាច ព្រមទាំងឥទ្ធិពលទៀតផង។ ភាពជិតគ្នាខាងភូមិសាស្ត្រ រួមជាមួយធនធានថាមពល និងនយោបាយប្រឆាំងអនុត្តរភាពនិយម បានធ្វើឱ្យវេនេស៊ូអេឡា ក្លាយជាករណីសំខាន់មួយក្នុងការយល់អំពីភូមិសាស្ត្រនយោបាយ នៅអឌ្ឍគោលខាងលិច និងតួនាទីរបស់អាម៉េរិកក្នុងការការពារអំណាចរបស់ខ្លួននៅក្នុងតំបន់។

២.ទិដ្ឋភាពភូមិសាស្ត្រនយោបាយតំបន់ការរ៉ាអ៊ីប (Caribbean) និងអាម៉េរិកខាងត្បូង

បើយើងនិយាយ ពីវិបត្តិរវាង សហរដ្ឋអាម៉េរិក និងវេនេស៊ូអេឡា គឺមិនអាចមើលឃើញហើយងាយយល់បានយ៉ាងរហ័សដោយនឹងភ្នែក ឬ ស្តាប់គេនិយាយតែមួយជ្រុងនោះឡើយ ។ ច្បាស់ណាស់ថា វិបត្តិនេះ មិនមែនផ្តើមចេញពីកត្តានយោបាយផ្ទៃក្នុង ឬ មនោគមន៍វិជ្ជានយោបាយតែប៉ុណ្ណោះទេ។ ជាក់ស្តែង វិបត្តិនេះមានឫសគល់ជ្រៅក្នុងទិដ្ឋភាព ភូមិសាស្ត្រនយោបាយតំបន់ការីប៊ីននិងអាមេរិកខាងត្បូងទាំងមូល ដែលជាតំបន់អាទិភាពសន្តិសុខ និងអំណាចរបស់អាមេរិកតាំងពីសតវត្សទី១៩មក។

1-  តំបន់ការីប៊ីនជា “សមុទ្រខាងក្នុង” នៃខែលការពារនៃសន្តិសុខអាម៉េរិក

ក្នុងទស្សនៈភូមិសាស្ត្រនយោបាយ អាម៉េរិកមើលឃើញថា Caribbean Sea មិនមែនជាលំហរសមុទ្របើកចំហទូទៅនោះទេ ប៉ុន្តែវាជាសមុទ្រខាងក្នុង (inner sea) ដែលមានតួនាទីជាខ្សែការពារសន្តិសុខជាតិ។ ហេតុផលនេះហើយ ចាប់តាំងពីសតវត្សទី១៩មក Caribbean ត្រូវបានគេចាត់ទុកថា ជាតំបន់ទ្រនាប់ (buffer zone) រវាងអាម៉េរិក និងមហាអំណាចមកពីខាងក្រៅតំបន់។[9] ដូចបានរៀបរាប់ខាងលើ តំបន់នេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការដឹកជញ្ជូនយោធា ជាផ្លូវសម្រាប់ធ្វើពាណិជ្ជកម្ម និងការនាំចេញថាមពល។ ដោយហេតុផលនេះ ប្រទេសណាមួយដែលមានឥទ្ធិពលនយោបាយ ឬយោធាខ្លាំងនៅ Caribbean តែងតែត្រូវបានអាម៉េរិកមើលឃើញថា ជាកត្តាគំរាមកំហែងសន្តិសុខផ្ទាល់។[10] ទិដ្ឋភាពនេះ ដែលពួកប្រាកដនិយមបែបថ្មី (Neorealism) ([11]) យល់ថា ជាទ្វេរគ្រោះសន្តិសុខ (Security Dilemma) ។

2- វេនេស៊ូអេឡា ជាចំណុចប្រសព្វនៃយុទ្ធភូមិសាស្ត្រ

វេនេស៊ូអេឡា មានទីតាំងភូមិសាស្ត្រពិសេស ព្រោះវាជាប្រទេសអាមេរិកខាងត្បូង ប៉ុន្តែមានឆ្នេរសមុទ្រធំជាប់ Caribbean។ លក្ខណៈនេះធ្វើឱ្យវេនេស៊ូអេឡា ក្លាយជាប្រទេសប្រភេទច្រកចេញយ៉ាងសំខាន់ (gateway state) ដែលភ្ជាប់រវាងសមុទ្រ Caribbean Basin និងអាម៉េរិកខាងត្បូង។[12]

ពីជ្រុងខាងភូមិសាស្ត្រនយោបាយ ប្រទេសដែលស្ថិតនៅចំណុចប្រទាក់តំបន់ (pivot state) មានតម្លៃយុទ្ធសាស្ត្រខ្ពស់ជាងប្រទេសនៅខាងក្នុងទ្វីបទៅទៀត។ ដូច្នេះ វេនេស៊ូអេឡា មិនត្រូវបានអាម៉េរិកមើលឃើញថា វាជាប្រទេសធម្មតាដូចប្រទេសអាមេរិកខាងត្បូងផ្សេងៗទេ ប៉ុន្តែជាប្រទេសមួយដែលអាចប៉ះពាល់ផ្ទាល់ដល់សន្តិសុខ Caribbeanទាំងមូល។

3-   តំបន់ Caribbean និងលទ្ធិម៉ុនរ៉ូ ( Monroe Doctrine)

Monroe Doctrine គឺជាគោលនយោបាយការបរទេសសំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក ដែលបានបង្កើតគោលការណ៍សម្រាប់ការគ្រប់គ្រង និងការពារអំណាច តំបន់នៅអឌ្ឍគោលខាងលិច (Western Hemisphere)។ បើយោងតាមសេចក្តីប្រកាសនៅឆ្នាំ 1823 ដោយលោកប្រធានា ធិបតី James Monroe គោលនយោបាយនេះ ត្រូវបានចាត់ទុកថា ជាមូលដ្ឋានគ្រឹះនៃអនុត្តរភាពក្នុងតំបន់របស់អាមេរិក និងជាឧបករណ៍ភូមិសាស្ត្រនយោបាយ ដែលបន្តមានឥទ្ធិពលរហូតដល់សព្វថ្ងៃនេះ។[13]

បើយើងមើលឱ្យឆ្ងាយបន្តិច ពោលគឺនៅដើមសតវត្សទី១៩ បន្ទាប់ពីសង្គ្រាមណាប៉ូឡេអុងចប់មក ប្រទេសជាច្រើននៅអាមេរិកឡាទីនទើបតែទទួលបានឯករាជ្យ ពីអាណានិគមអឺរ៉ុប។ សហរដ្ឋអាម៉េរិកកាលនោះ មានការព្រួយបារម្ភថា មហាអំណាចអឺរ៉ុបអាចព្យាយាមត្រឡប់មកគ្រប់គ្រងតំបន់នេះវិញ។ ក្នុងបរិបទនោះ Monroe Doctrine ត្រូវបានប្រកាសឡើងក្នុងពិធីសារស្តីពី ស្ថានភាពជាតិ (State of the Union Address) នៅឆ្នាំ 1823 ដើម្បីព្រមានអឺរ៉ុប មិនឱ្យមកជ្រៀតជ្រែកក្នុងតំបន់អាមេរិកឡាទីនឡើយ។[14]

Monroe Doctrine អាចសង្ខេបជាគោលការណ៍សំខាន់បីយ៉ាង រួមមាន : ទីមួយ អឺរ៉ុបមិនត្រូវបង្កើតអាណានិគមថ្មីនៅអឌ្ឍគោលខាងលិចឡើយ (no new colonization)។ ទីពីរ មហាអំណាចអឺរ៉ុបមិនត្រូវមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃបណ្តារ រដ្ឋនៅអាមេរិកឡាទីន (non-interference)។ ឯទីបី សហរដ្ឋអាម៉េរិកនឹងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអឺរ៉ុបទេ (US neutrality in Europe)។[15]

ក្នុងន័យត្រង់បើយើងមើលទៅ Monroe Doctrine បង្ហាញពីការពារនិងការគោរពអធិបតេយ្យភាព ប៉ុន្តែក្នុងន័យបង្កប់វិញជាក់ស្តែង វាបានបង្កប់ឥទ្ធិពលនៅខាងក្រោយខ្នង គឺបានបង្កើតគោលការណ៍ថា អឌ្ឍគោលខាងលិច គឺជាតំបន់ស្ថិតក្រោមឥទ្ធិពលពិសេសរបស់សហរដ្ឋអាម៉េរិកផ្តាច់មុខតែឯង។

ជាមួយគ្នានេះ បើយើងមើលតាមទស្សនៈពួកប្រាកដនិយមវិញ Monroe Doctrine អាចត្រូវបានយល់ថា ជាយុទ្ធសាស្ត្រការពារសន្តិសុខអនុត្តរភាពមួយ ដែលមិនអនុញ្ញាតឱ្យមានមហាអំណាចណាមួយមកខាងក្រៅ អាចមកប្រកួតប្រជែងនៅជិតព្រំដែនរបស់ខ្លួនឡើយ។ ភូមិសាស្ត្ររបស់អាមេរិកឡាទីនដែលនៅជិតសហរដ្ឋអាម៉េរិក បានធ្វើឱ្យតំបន់នេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគ្រប់គ្រងសន្តិសុខជាតិរបស់អាម៉េរិក។[16] ចំណែកឯពីជ្រុងនៃទស្សនៈភូមិសាស្ត្រនយោបាយបុរាណវិញ Monroe Doctrine បានបម្លែងភូមិសាស្ត្រ (geography) ទៅជាអំណាចនយោបាយ ដោយប្រើទីតាំងភូមិសាស្ត្រជាឧបករណ៍ការពារ និងការពង្រីកឥទ្ធិពលខ្លួន។

លុះក្រោយមកលទ្ធិនេះ ក៏បានវិវត្តបន្ថែម ពោលគឺនៅសម័យកាលក្រោយ គឺនៅដើមសតវត្សទី២០ Monroe Doctrine ត្រូវបានបកស្រាយថ្មីតាមរយៈលោកប្រធានាធិបតី Roosevelt Corollary នៅឆ្នាំ 1904  ដែលប្រកាសដោយប្រធានាធិបតី Theodore Roosevelt។ លោកCorollaryបានលើកឡើងថា សហរដ្ឋអាម៉េរិកមានសិទ្ធិចូលជ្រៀតជ្រែកប្រទេសអាមេរិកឡាទីន ប្រសិនបើប្រទេសទាំងនោះមានអស្ថិរភាពនយោបាយ ឬ      អស្ថិរភាពសេដ្ឋកិច្ច។[17]

ការបកស្រាយនេះបានបម្លែង Monroe Doctrine ពីគោលនយោបាយការពារ ទៅជាគោលនយោបាយអន្តរាគមន៍និយម ដែលអនុញ្ញាតឱ្យអាមេរិកចូលជ្រៀតជ្រែកដោយផ្ទាល់នៅក្នុងតំបន់នេះ។ ក្រោយមកនៅក្នុងសម័យសង្គ្រាមត្រជាក់ Monroe Doctrine ត្រូវបានបកស្រាយសារជាថ្មីថា ជាឧបករណ៍ប្រឆាំងកុម្មុយនិស្ត។

ក្រោមលំអានទស្សន Monroe Doctrine សម័យថ្មី អាម៉េរិកបានចូលធ្វើអន្តរាគមន៍នៅតាមប្រទេសនានាក្នុងតំបន់ដូចជា៖

  • ករណី ប្រទេស គុយបា ([18])
  • 1898 – សង្គ្រាម Spanish–American War (អាម៉េរិកចូលលុបបំបាត់អំណាចអេស្ប៉ាញ)
  • 1906–1909 – ការគ្រប់គ្រងយោធាអាម៉េរិក (Second Occupation)
  • 1912–អន្តរាគមន៍យោធា ដើម្បីបង្ក្រាបភាពអស្ថិរភាព
  • 1917–1922 – ចូលអន្តរាគមន៍យោធាជាបន្តបន្ទាប់
  • 1962-បង្កឱ្យមានវិបត្តិមីស៊ីលកើតមានឡើងជាមួយសហភាពសូវៀត
  • ប្រទេស ហៃទី  ([19] )
  • 1915–1934 – ជាអំឡុងពេលនៃការកាន់កាប់ដោយយោធាអាម៉េរិក។ កាលនោះ អាម៉េរិក បង្កើតឡេសចូលមកប្រទេសនេះ ដោយអះអាងថា ខ្លួនចូលមកដើម្បីស្តារស្ថិរភាព និងការពារបំណុលអន្តរជាតិ។
  • ប្រទេសសាធារណរដ្ឋដូមីនីក ([20])
  • 1905 – អាម៉េរិកបានគ្រប់គ្រងប្រាក់ចំណូលគយ របស់សាធារណរដ្ឋដូមីនីក
  • 1916–1924 – អាម៉េរិកចូលកាន់កាប់ដោយយោធា
  • 1965 – អាម៉េរិកអន្តរាគមន៍យោធា ដើម្បីទប់ស្កាត់អ្វីដែលអាម៉េរិកមើលថា ជាការប្រឆាំងនឹងលទ្ធិកុម្មុយនិស្ត។
  • ប្រទេស នីការ៉ាហ្គា ([21])
  • 1909–1910 – អាម៉េរិកគាំទ្រការផ្លាស់ប្តូររដ្ឋាភិបាល
  • 1912–1933 – អាម៉េរិកកាន់កាប់យោធា និងវត្តមានយោធាយូរអង្វែង
  • 1980s – អាម៉េរិកគាំទ្រកងកម្លាំងចលនាContraប្រឆាំងនឹងរដ្ឋាភិបាល Sandinista។
  • ប្រទេសហុងឌូរ៉ាស ( [22])
  • 1903, 1907, 1911, 1912, 1924, 1925 – អាម៉េរិកចូលអន្តរាគមន៍យោធាជាបន្តបន្ទាប់។ កាលនោះ ហុងឌូរ៉ាសត្រូវបានគេហៅថា ជាសាធារណរដ្ឋផ្លែចេក “banana republic” ដោយសារការជ្រៀតជ្រែករបស់អាម៉េរិក ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខតំបន់។ សាធារណរដ្ឋផ្លែចេក សំដៅដល់ប្រទេសមួយដែល សេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើទំនិញតែមួយ (mono-export economy) ជាពិសេសកសិផលដូចជា ចេក ហើយ អំណាចនយោបាយត្រូវបានគ្រប់គ្រង ឬប៉ះពាល់យ៉ាងខ្លាំងដោយក្រុមហ៊ុនបរទេស និងអំណាចក្រៅប្រទេស
  • ប្រទេសប៉ាណាម៉ា
  • នៅថ្ងៃទី 20 ខែធ្នូ ឆ្នាំ 1989 សហរដ្ឋអាម៉េរិក បានដឹកនាំប្រតិបត្តិការយោធាដែលមានឈ្មោះថា « ប្រតិ បត្តិការមូលហេតុត្រឹមត្រូវ» Operation Just Cause ដើម្បីចូលអន្តរាគមន៍នៅ ប៉ាណាម៉ា។ គោលដៅចម្បងនាពេលនោះ គឺ ដកចេញនិងចាប់ខ្លួនមេដឹកនាំយោធាគឺលោក Manuel Noriega ដែលជាមនុស្សមានឥទ្ធិពលខ្លាំងលើអំណាចរដ្ឋ និងត្រូវបានអាម៉េរិកចោទប្រកាន់ថា មានពាក់ព័ន្ធនឹងករណីគ្រឿងញៀន ព្រមទាំងបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ។[23] តែបើយើងស្វែងយល់អំពីភូមិសាស្ត្រវិញឃើញថា ករណី ប៉ាណាម៉ា គឺជាប្រទេសតូច មួយ ប៉ុន្តែប៉ាណាម៉ា មានតម្លៃយុទ្ធសាស្ត្រខ្ពស់បំផុតមួយនៅពិភពលោក ព្រោះវាគ្រប់គ្រងព្រែកជីកប៉ាណាម៉ា ( Panama Canal) ដែលភ្ជាប់មហាសមុទ្រ Atlantic និង Pacific។ បើយោងតាមទស្សនៈ ពួកប្រាកដនិយម ការត្រួតត្រាច្រកយុទ្ធសាស្ត្រ (chokepoint) = អំណាច។  ក្នុងន័យនេះ សម្រាប់អាម៉េរិក ព្រែកប៉ាណាម៉ា គឺជាគន្លឹះសម្រាប់ការផ្លាស់ទីកងទ័ពរវាងមហាសមុទ្រ, ពាណិជ្ជកម្មអន្តរជាតិ, សន្តិសុខសមុទ្រ ។ អស្ថិរភាពនៅប៉ាណាម៉ា ដូច្នេះ ត្រូវបានមើលឃើញថាជា គ្រោះថ្នាក់ផ្ទាល់ដល់សន្តិសុខអាម៉េរិក។[24]ប៉ុន្តែពីជ្រុងនៃទស្សនៈភូមិសាស្ត្រនយោបាយវិញ ករណីនេះ គឺមិនមែនជាបញ្ហាបុគ្គល Noriega តែប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធយ៉ាងជ្រៅនឹង តួនាទីយុទ្ធសាស្ត្ររបស់ប៉ាណាម៉ា និងព្រែកប៉ាណាម៉ា (Panama Canal)។

សរុបមក Monroe Doctrine មិនមែនជាគោលនយោបាយប្រវត្តិសាស្ត្រ ដែលបញ្ចប់តួនាទីរបស់ខ្លួនហើយទេ ប៉ុន្តែជាគោលការណ៍ភូមិសាស្ត្រនយោបាយ ដែលបានបង្កើតលំនាំអំណាច និងការយល់ឃើញរបស់សហរដ្ឋអាម៉េរិក ចំពោះអឌ្ឍគោលខាងលិច។ Monroe Doctrine បង្ហាញថា ភូមិសាស្ត្រ អាចត្រូវបានបម្លែងទៅជាឧបករណ៍អំណាច និងជាគន្លឹះសម្រាប់យល់អំពី អាកប្បកិរិយារដ្ឋមហាអំណាចក្នុងប្រព័ន្ធនយោបាយអន្តរជាតិ។ គឺនៅក្នុងបរិបទនេះហើយ ការភ្ជាប់ខ្លួនរបស់ប្រទេសវេនេស៊ូអេឡា ជាមួយមហាអំណាចក្រៅតំបន់ ដូចជា រុស្ស៊ី និងចិន ត្រូវបានអាម៉េរិកយល់ឃើញថា ជាការបំពានលើតុល្យភាពតំបន់ និងជាការប្រឈមខ្លាំងក្នុង Monroe Doctrine ទោះបីជាគោលនយោបាយនេះ មិនត្រូវបានប្រកាសជាផ្លូវការនៅសម័យទំនើបនេះក៏ដោយ។

4-  អាមេរិកខាងត្បូង : តំបន់សារៈសំខាន់មិនស្មើគ្នា

នៅក្នុងភូមិសាស្ត្រនយោបាយអាម៉េរិក តំបន់អាមេរិកខាងត្បូងមិនមានសារៈសំខាន់ស្មើគ្នាទាំងមូលនោះទេ។ ភាគខាងជើងនៃអាមេរិកខាងត្បូង ជាពិសេសប្រទេសជិត Caribbean និង Panama Canal ត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្ពស់ជាងតំបន់ខាងត្បូងឆ្ងាយៗ។[25] វេនេស៊ូអេឡា ស្ថិតនៅក្នុង អនុតំបន់សំខាន់ ដែលភ្ជាប់សន្តិសុខ Caribbean និងស្ថិរភាពអាមេរិកខាងត្បូង។ ទិដ្ឋភាពនេះបានពន្យល់ច្បាស់ណាសថា ហេតុអ្វី បានជាវេនេស៊ូអេឡា ទទួលការចាប់អារម្មណ៍ និងរងការដាក់សម្ពាធខ្លាំងជាង បណ្តារប្រទេសអាមេរិកខាងត្បូងជាច្រើនផ្សេងទៀត។

5-  សន្តិសុខសមុទ្រ និងការប្រកួតប្រជែងមហាអំណាច

ចំពោះអាម៉េរិក Caribbean Sea ជាសមុទ្រសំខាន់សម្រាប់សន្តិសុខសមុទ្រ និងសេដ្ឋកិច្ចអាម៉េរិក។ វត្តមាន ឬឥទ្ធិពលយោធារបស់មហាអំណាចប្រឆាំងអាម៉េរិក នៅជិតតំបន់នេះ ត្រូវបានសហរដ្ឋអាម៉េរិក យល់ថា ជាកន្លែងគ្រោះថ្នាក់កើតឡើងក្បែររបងផ្ទះខ្លួន (hostile presence close to home)។  ពិតមែនហើយ គឺដូចករណីគុយបា នៅក្នុងសម័យសង្គ្រាមត្រជាក់    អញ្ចឹងដែរ ហើយករណីវេនេស៊ូអេឡា គឺជាចំណុចក្តៅថ្មីនៅសម័យទំនើប។ ភស្តុតាងទាំងនេះ បានបង្ហាញថា Caribbean ជាតំបន់ដែលអាម៉េរិកមិនការអត់ធ្មត់ទេ បើសិនជាមានមហាអំណាចខាងក្រៅណាមួយមកបង្ហាញឥទ្ធិពលនៅតំបន់នេះ។[26] យើងអាចហៅបែបផ្សេងថា ទីនេះ គឺជាដែនដីផ្តាច់មុខតែឯងរបស់សហរដ្ឋអាម៉រិក មិនអាចមហាអំណាចមកពីក្រៅតំបន់ មកអុកឡុកទីនេះបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

សរុបសេចក្តីមក ការយល់អំពីវិបត្តិអាម៉េរិក–វេនេស៊ូអេឡា តម្រូវឱ្យយល់អំពីភូមិសាស្ត្រនយោបាយតំបន់ការីប៊ីន និងអាមេរិកខាងត្បូងជាមូលដ្ឋាន។ វេនេស៊ូអេឡា មិនមែនមានតម្លៃត្រឹមជាប្រទេសអាមេរិកខាងត្បូងធម្មតាទេ ប៉ុន្តែជាប្រទេសចំណុចប្រទាក់ក្រឡាដែលភ្ជាប់សន្តិសុខ Caribbean និងតុល្យភាពអំណាចតំបន់។

ច្បាស់ហើយថា ក្នុងទស្សនៈភូមិសាស្ត្រនយោបាយ វិបត្តិនេះ គឺជាការប្រឈមរវាងអនុត្តរភាព និងរដ្ឋជិតខាងដែលមានទីតាំងយុទ្ធសាស្ត្រ និងបានភ្ជាប់ខ្លួនជាមួយមហាអំណាចប្រកួតប្រជែងមកពីខាងក្រៅ។

 

 

 

 

៣.ទិដ្ឋភាពត្រីកោណទំនាក់ទំនងរវាង សហរដ្ឋអាម៉េរិក វេនេស៊ូអេឡា និងមហាអំណាចមកពីខាងក្រៅតំបន់

ភាពស្មុគ្រស្មាញនៃភូមិសាស្ត្រនយោបាយ ជារឿងមួយដែលយើងពិបាកនឹងឃើញងាយងាយបានណស់ អ្វីគ្រប់យ៉ាងគឺមានចេត្តនាធំនៅពីក្រោយ ដែលប្រទេសមហាអំណាចតែងលាក់គ្នា និងចិញ្ចឹមចិត្ត រៀបចំយុទ្ធសាស្ត្រដើម្បីចូលកកៀក ឬចូលប្រឡុកដោយផ្ទាល់នៅក្នុងទីតាំង ឬតំបន់ណាមួយដើម្បីផលប្រយោជន៍របស់ខ្លួន។ យ៉ាងណាមិញ វិបត្តិនយោបាយ និងសេដ្ឋកិច្ចនៅ វេនេស៊ូអេឡា មិនអាចយល់ស៊ីជម្រៅបានឡើយ ប្រសិនបើយើងពិនិត្យតែត្រឹមទំនាក់ទំនងទ្វេភាគី រវាងវេនេស៊ូអេឡាជាមួយសហរដ្ឋអាម៉េរិកនោះ។ ជាក់ស្តែង វេនេស៊ូអេឡា ស្ថិតនៅក្នុង ទិដ្ឋភាពត្រីកោណទំនាក់ទំនង (geopolitical triangle) ដែលភ្ជាប់រវាង អនុត្តរភាព តំបន់ និងមហាអំណាចមកពីខាងក្រៅតំបន់ ដូចជា រុស្ស៊ី, ចិន, និង អ៊ីរ៉ង់ជាដើម។ ទិដ្ឋភាពត្រីកោណទំនាក់ទំនងនេះ បានបម្លែងស្ថានភាពវេនេស៊ូអេឡា ពីជាបញ្ហាទ្វេភាគី ទៅជាផ្នែកមួយនៃការប្រកួតប្រជែងអំណាចពហុមហាអំណាចក្នុងប្រព័ន្ធអន្តរជាតិ។[27]

1-   ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងវេនេស៊ូអេឡា ៖ អនុត្តរភាព តំបន់ និងសន្តិសុខ

ពិតណាស់ សហរដ្ឋអាម៉េរិក ត្រូវបានចាត់ទុកថាជាប្រទេស អនុត្តរភាព តំបន់ (regional hegemon) នៅអឌ្ឍគោលខាងលិច តាំងពីសតវត្សទី១៩មក ស្តែងឡើងតាមរយៈ Monroe Doctrine និងការសម្រួលបន្ថែមដោយលោក Roosevelt Corollary។ បើយោងតាមទស្សនៈពួកប្រាកដនិយម ប្រទេសអនុត្តរភាពមិនអនុញ្ញាតឱ្យមានមហាអំណាចមកពីខាងក្រៅ មកប្រកួតប្រជែងនៅជិតព្រំដែនរបស់ខ្លួនបានឡើយ ព្រោះភាពជិតភូមិសាស្ត្រនេះមានន័យថា ជាគ្រោះថ្នាក់សន្តិសុខដោយផ្ទាល់។[28]

ក្នុងន័យនេះ វេនេស៊ូអេឡា មានទីតាំងជិត Caribbean Sea មានធនធានប្រេងធំបំផុតលើពិភពលោក និងមានរដ្ឋាភិបាលប្រឆាំងអាម៉េរិក។ ច្បាស់ហើយនៅក្នុងក្រសែភ្នែកអាម៉េរិក កត្តាទាំងនេះបង្កើតឱ្យមានការយល់ឃើញថា វេនេស៊ូអេឡា ជាប្រទេសមួយ ដែលស្ថានភាពជាអ្នកជិតខាងមួយដ៏គ្រោះថ្នាក់ (dangerous proximity state) ដែលប្រទេសនេះ អាចក្លាយជាចំណុចយុទ្ធសាស្ត្រសម្រាប់ឱ្យមហាអំណាចពីខាងក្រៅ ចូលខ្លួនមកប្រឆាំងនឹងឥទ្ធិពលអាម៉េរិក។ ដូច្នេះ ការដាក់ទណ្ឌកម្ម ការដាក់សម្ពាធការទូត និងការបង្ហាញអំណាចយោធា គឺជាវិធានការការពារអំណាចតំបន់ដែលមានប្រសិទ្ធភាពខ្ពស់។

បើយើងងាកទៅមើល ទំនាក់ទំនងរវាង សហរដ្ឋអាម៉េរិក និង វេនេស៊ូអេឡា ក្នុងសម័យប្រធានាធិបតី Barack Obama មានលក្ខណៈជា នយោបាយអមិត្ត (hostile relations) ប៉ុន្តែមិនបានឈានដល់ការប្រឈមយោធាដោយផ្ទាល់ ដូចក្នុងសម័យលោកប្រធានាធិបតីត្រាំ នាដើមឆ្នាំ២០២៦នេះឡើយ។ ជម្លោះនេះមិនមែនកើតឡើងដោយចៃដន្យ ឬដោយអារម្មណ៍នយោបាយទេ ប៉ុន្តែជាលទ្ធផលនៃការប្រសព្វគ្នារវាងភូមិសាស្ត្រ អំណាចតំបន់ និងការប្រកួតប្រជែងមហាអំណាច។ ពោលគឺនៅពេលលោកអូបាម៉ា ឡើងកាន់អំណាចឆ្នាំ 2009 ទំនាក់ទំនងអាម៉េរិក–វេនេស៊ូអេឡា ស្ថិតក្នុងសភាពតានតឹងរួចជាស្រេច គឺតរមកពីសម័យរដ្ឋាភិបាលវេនេស៊ូអេឡាដែលដឹកនាំដោយលោក Hugo Chávez។      រដ្ឋាភិបាល Chávez បានប្រកាន់យកនយោបាយប្រឆាំងអាម៉េរិកយ៉ាងច្បាស់លាស់ ដោយប្រើប្រាស់អត្ថន័យប្រឆាំងអាណានិគម និងប្រើប្រេងជាឧបករណ៍នយោបាយ។[29]

ដូច្នេះ សម័យអូបាម៉ា មិនមែនជាចំណុចចាប់ផ្តើមថ្មីនៃភាពអមិត្តទេ ប៉ុន្តែជាដំណាក់កាលនៃការប្រឆាំងនេះ ត្រូវបានរៀបចំឡើងវិញជាប្រព័ន្ធ និងមានលក្ខណៈច្បាប់ច្បាស់លាស់ជាងមុន។ នយោបាយអមិត្តរវាងអាម៉េរិក និងវេនេស៊ូអេឡា ក្នុងសម័យអូបាម៉ា មានលក្ខណៈសំខាន់បីយ៉ាងគឺ៖

 ទី១. អមិត្តដោយគ្មានសង្គ្រាម (Hostility without War) សម័យអូបាម៉ា មិនបានប្រើកម្លាំងយោធាដោយផ្ទាល់ប្រឆាំងវេនេស៊ូអេឡាទេ។ ផ្ទុយទៅវិញ អាម៉េរិកបានប្រើការទូតបង្ខិតបង្ខំ (coercive diplomacy ) តាមរយៈទណ្ឌកម្មសេដ្ឋកិច្ច ការរឹតបន្តឹងទ្រព្យសម្បត្តិ និងសម្ពាធការទូត។ ការណ៍នេះ គឺស្របនឹង ទស្សនពួកប្រាកដនិយមសម័យទំនើប ដែលមើលឃើញថា ទណ្ឌកម្មអាចជំនួសសង្គ្រាម ក្នុងការការពារអំណាចបាន។[30]

ទី២.អមិត្តតាមស្ថាប័ន (Institutionalized Hostility) : ភាពអមិត្តក្នុងសម័យអូបាម៉ា មិនអាស្រ័យលើ វោហារសាសជាតិនិយមរឹងមាំរបស់មេដឹកនាំដូចសម័យមុនៗទេ ប៉ុន្តែត្រូវបានបង្កើតឡើងតាមរយៈ បទបញ្ជាប្រតិបត្តិ ច្បាប់ និងយន្តការស្ថាប័ន។ ទាំងអស់នេះធ្វើឱ្យការប្រឆាំងវេនេស៊ូអេឡា ក្លាយជាគោលនយោបាយរដ្ឋ ដែលអាចបន្តពីរដ្ឋបាលមួយទៅរដ្ឋបាលមួយទៀត។

ទី៣. អមិត្តក្នុងបរិបទ Monroe Doctrine សម័យថ្មី : សម័យអូបាម៉ា ក៏ជាសម័យដែល ចិន និង រុស្ស៊ី ពង្រីកឥទ្ធិពលនៅអាមេរិកឡាទីនផងដែរ។ ក្នុងក្រសែភ្នែកអាម៉េរិក វេនេស៊ូអេឡាមិនត្រឹមតែមាន បញ្ហាប្រជាធិបតេយ្យឬសិទ្ធិមនុស្សទេ ប៉ុន្តែជាបញ្ហាសន្តិសុខតំបន់ទាំងមូល ដែលស្របទៅនឹង Monroe Doctrine ក្នុងទម្រង់ថ្មី។[31]

ជាក់ស្តែងនៅក្នុងឆ្នាំ 2015 ជាចំណុចបត់សំខាន់បំផុតក្នុងសម័យអូបាម៉ា។ ប្រធានាធិបតីអូបាម៉ា បានចេញក្រមមួយ ( Executive Order 13692 ) ដែលប្រកាសថា វេនេស៊ូអេឡា ជាការគំរាមកំហែងមិនធម្មតា និងមិនធម្មតាចំពោះសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ។ ការប្រកាសនេះ មានន័យថា ជាជម្លោះបញ្ហាភូមិសាស្ត្រនយោបាយយ៉ាងជ្រាលជ្រៅបំផុត ព្រោះវាបានបម្លែងវេនេស៊ូអេឡា ពីបញ្ហាការទូត ទៅជាបញ្ហាសន្តិសុខ ហើយផ្តល់មូលដ្ឋានច្បាប់សម្រាប់ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ តាមពួកប្រាកដនិយម នេះជាវិធីបង្កើត នូវការទប់ស្កាត់ភាពស្របច្បាប់ ឬ legalized deterrence ដោយគ្មានសង្គ្រាម។[32]

ក. ការផ្លាស់ប្តូរអំណាចនៅវេនេស៊ូអេឡា និងការឆ្លើយតបរបស់អាម៉េរិក

បន្ទាប់ពីមរណភាពរបស់ Hugo Chávez ឆ្នាំ 2013 លោកប្រធានាធិបតី នីកូឡាស ម៉ឌុយរ៉ូ (Nicolás Maduro) បានឡើងកាន់អំណាច។ ក្នុងក្រសែភ្នែកអាម៉េរិក រដ្ឋាភិបាលរបស់លោក Maduro ត្រូវបានមើលឃើញថា មានលក្ខណៈអធិបតេយ្យនិយមខ្លាំងជាងមុន ការបង្រួមអំណាច និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យជាខ្លាំង។ ការណ៍នេះ បានធ្វើឱ្យអាម៉េរិកយល់ឃើញថា វេនេស៊ូអេឡា ជារដ្ឋផ្តាច់ការ (authoritarian liability) ដែលកៀកនឹងច្រមុះរបស់អាម៉េរិក។[33]

ពិតមែនហើយ កាលពីក្នុងសម័យអូបាម៉ា វេនេស៊ូអេឡា បានពង្រឹងទំនាក់ទំនងជាមួយ ចិន និង រុស្ស៊ី។ របៀបចិនមកវេនេស៊ូអេឡា គឺផ្តោតលើឥណទាន និងថាមពល ខណៈដែលរុស្ស៊ីផ្តោតលើការលក់អាវុធ និងវត្តមានយោធា។ ក្នុងទ្រឹស្តីប្រាកដនិយម សកម្មភាពនេះ ត្រូវបានអាម៉េរិកយល់ថា ជាការអនុញ្ញាតឱ្យមានការបើកផ្លូវប្រកួតប្រជែងចូលទៅក្នុងដែនដី នៃតំបន់អនុត្តរភាពរបស់អាម៉េរិក។[34]

ជារួម នយោបាយអមិត្តរវាង អាម៉េរិក និង វេនេស៊ូអេឡា ក្នុងសម័យប្រធានាធិបតីអូបាម៉ា មិនមែនជានយោបាយប្រឆាំងដោយអារម្មណ៍ ឬ វោហាសាស្ត្រ ប៉ុណ្ណោះទេ ប៉ុន្តែជានយោបាយអមិត្ត ដែលមានគោលបំណងច្បាស់លាស់ក្នុងការការពារ អនុត្តរភាពក្នុងតំបន់ , ទប់ស្កាត់ ឥទ្ធិពលគូប្រជែង និងគ្រប់គ្រងវិបត្តិដោយគ្មានសង្គ្រាម។ សម័យអូបាម៉ា ដូច្នេះ ក្លាយជាចំណុចសំខាន់ក្នុងការបម្លែងជម្លោះអាម៉េរិក–វេនេស៊ូអេឡា ទៅជាជម្លោះរយៈពេលវែងក្នុងភូមិសាស្ត្រនយោបាយអឌ្ឍគោលខាងលិច។

2-   វេនេស៊ូអេឡា :  រដ្ឋទ្រនាប់ (Pivot State) និងយុទ្ធសាស្ត្រតុល្យភាពអំណាច

នៅក្នុងទិដ្ឋភាពត្រីកោណ វេនេស៊ូអេឡា មានតួនាទីជា pivot statebuffer state រវាង អនុត្តរភាព និងការប្រកួតប្រជែងឥទ្ធិពល។ បើតាមទ្រឹស្តីពួកប្រាកដនិយមដដែល រដ្ឋមធ្យមឬរដ្ឋខ្សោយដែលស្ថិតនៅជិតនឹងប្រទេសអនុត្តរភាព គេតែងតែប្រើយុទ្ធសាស្ត្រតុល្យភាព (balancing strategy) ដើម្បីរក្សាអធិបតេយ្យភាព និងការរស់រានរបស់រដ្ឋនោះ។[35] ស្របតាមស្ថានភាពនិងទស្សននេះ រដ្ឋាភិបាលវេនេស៊ូអេឡា បានប្រើប្រាស់ធនធានប្រេងជាឧបករណ៍នយោបាយ និងស្វែងរកការគាំទ្រពីមហាអំណាចខាងក្រៅ ដើម្បីឱ្យមានតុល្យភាពអំណាចជាមួយអាម៉េរិក។ យុទ្ធសាស្ត្រនេះ មិនមែនជាការបង្ហាញអារម្មណ៍ប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លើយតបសន្តិសុខធម្មតា នៅក្នុងប្រព័ន្ធអន្តរជាតិអនាធិបតេយ្យ។

3-  វត្តមានរបស់មហាអំណាចមកពីខាងក្រៅតំបន់ ​

មហាអំណាចមកពីខាងក្រៅតំបន់ បានចូលរួមក្នុងទិដ្ឋភាពត្រីកោណនេះ ដោយមានគោលបំណងនិងវិធីសាស្ត្រខុសៗគ្នាដោយក្នុងនោះ ៖

  • រុស្ស៊ី បានប្រើវេនេស៊ូអេឡា ជាឧបករណ៍នយោបាយយុទ្ធសាស្ត្រ ដើម្បីបង្ហាញថា ខ្លួនអាចចូលទៅក្នុងខាងក្រោងផ្ទះ “backyard” របស់អាម៉េរិក ដូចដែល NATO បានពង្រីកឥទ្ធិពលនៅអឺរ៉ុបខាងកើតអញ្ចឹងដែរ។ ការលក់អាវុធ និងវត្តមានយោធា (symbolic military presence) មានតួនាទីសំខាន់ក្នុងការបញ្ជូនសារក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ។[36]
  • ចិន ផ្តោតលើឥទ្ធិពលសេដ្ឋកិច្ចជាចម្បង តាមរយៈឥណទានប្រេង–ប្រាក់និងការវិនិយោគថាមពល។ ចិន ជៀសវាងការចូលរួមយោធាផ្ទាល់ ប៉ុន្តែប្រើវេនេស៊ូអេឡា ជាផ្នែកមួយនៃយុទ្ធសាស្ត្រកាត់បន្ថយឥទ្ធិពលអាម៉េរិកនៅពិភពខាងត្បូង (Global South)។ [37]
  • អ៊ីរ៉ង់ បានបង្កើតទំនាក់ទំនងជាមួយវេនេស៊ូអេឡា ក្នុងបរិបទនៃ ជាសាមគ្គីភាពរដ្ឋដែលត្រូវរងទណ្ឌកម្ម “sanctioned states solidarity”ដូចគ្នា។ ការសហការនេះមានតម្លៃនយោបាយសញ្ញាខ្លាំងជាងតម្លៃយោធាពិតប្រាកដ ប៉ុន្តែវាបន្ថែមកម្រិតការព្រួយបារម្ភសន្តិសុខរបស់អាម៉េរិក។

4-   ទ្វេរគ្រោះសន្តិសុខ(Security Dilemma) ក្នុងទិដ្ឋភាពត្រីកោណ

អន្តរកម្មរវាងភាគីទាំងបី បានបង្កើតបាននូវទ្វេរគ្រោះសន្តិសុខនៃត្រីកោណទំនាក់ទំនង(security dilemma triangle) ៖

  • អាម៉េរិក ដាក់សម្ពាធដល់វេនេស៊ូអេឡា ដើម្បីការពារសន្តិសុខ
  • វេនេស៊ូអេឡា មានអារម្មណ៍គំរាម ក៏ស្វែងរកការគាំទ្រពីការប្រកួតប្រជែងឥទ្ធិពឡអំណាច (rival powers)
  • អំណាចប្រកួតប្រជែង (Rival powers) ចូលតាមច្រកវេនេស៊ូអេឡានេហ នាំឱ្យអាម៉េរិកមើលឃើញថាវាជាគ្រោះថ្នាក់កាន់តែខ្ពស់ដល់សន្តិសុខខ្លួន។

ពិតណាស់ គឺវង់នេះហើយ ដែលធ្វើឱ្យវិបត្តិកាន់តែជ្រៅ និងហាក់បន្តអស្ថិរភាពក្នុងតំបន់នេះ។[38]

សរុបមក ទិដ្ឋភាពត្រីកោណទំនាក់ទំនងរវាង សហរដ្ឋអាម៉េរិក វេនេស៊ូអេឡា និងមហាអំណាចខាងក្រៅ បង្ហាញថាវិបត្តិនេះជាលទ្ធផលនៃ ការប្រកួតប្រជែងអំណាចក្នុងតំបន់ជិត និងអនុត្តរភាពរបស់អាម៉េរិក។ វេនេស៊ូអេឡា មិនមែនជាតួអង្គអកម្មទេ ប៉ុន្តែជារដ្ឋដែលប្រើយុទ្ធសាស្ត្រតុល្យភាព ដើម្បីរស់រានក្នុងបរិបទអន្តរជាតិដ៏តានតឹង។ ដូច្នេះ ការដោះស្រាយវិបត្តិនេះមិនអាចពឹងផ្អែកលើវិធានទ្វេភាគីបានទេ ប៉ុន្តែត្រូវយល់ និងដោះស្រាយក្នុងក្របខណ្ឌ ភូមិសាស្ត្រនយោបាយពហុអំណាច

៤. ទិដ្ឋភាព ច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោក

ការប្រើកម្លាំងឯកតោភាគីរបស់សហរដ្ឋអាម៉េរិក លើដែនដី វេនេស៊ូអេឡា ដើមឆ្នាំ ២០២៦ បានបង្កើតការជជែកវែកញែកខ្លាំងនៅកម្រិតអន្តរជាតិអំពី សុពលភាពច្បាប់ និង ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក។ យើងនឹងពិនិត្យសេណារីយ៉ូតាម UN Charter, ច្បាប់អំពី អធិបតេយ្យភាព, ការហាមប្រើកម្លាំង, សិទ្ធិការពារខ្លួន, និង អភ័យឯកសិទ្ធិមេដឹកនាំរដ្ឋ ដើម្បីបង្ហាញថា តើករណីបែបនេះអាចស្របច្បាប់កម្រិតណា។

៤. ១. ក្របខណ្ឌច្បាប់ស្នូល : ការហាមប្រើកម្លាំងក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ

យោងតាមមាត្រា Article 2(4) នៃ ធម្មនុញ្ញអង្គការសហប្រជាជតិ បានកំណត់យ៉ាងច្បាស់ថា រដ្ឋមួយមិនត្រូវប្រើកម្លាំង ឬគំរាមប្រើកម្លាំងលើអធិបតេយ្យភាព និងសុវត្ថិភាពដែនដីរបស់រដ្ឋផ្សេងបានឡើយ។[39] ដូច្នេះ សេណារីយ៉ូរបស់អាម៉េរិកចំពោះ «ការចូលធ្វើប្រតិបត្តិការយោធា» លើដែនដីវេនេស៊ូអេឡា ត្រូវបានគេសន្មតថា ខុសទិដ្ឋភាពច្បាប់ នៃធម្មនុញ្ញអង្គការសហប្រជាជតិ។  ក្របខ័ណ្ឌច្បាប់បានបើកច្រកឱ្យធ្វើសកម្មភាពថោធាណាមួយ លុះត្រាតែមានករណីលើកលែងតែមានចែងក្នុងលក្ខខណ្ឌលើកលែង តាមច្បាប់អន្តរជាតិ។

៤. ២. លក្ខខណ្ឌលើកលែងលើទិដ្ឋភាពច្បាប់អន្តរជាតិ

ជាទូទៅ មានករណីលើកលែងតាមទិដ្ឋភាពផ្លូវច្បាប់អន្តរជាតិ មានបីករណីសំខាន់ៗរួមមានដូចខាងក្រោម៖

  1. ការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC Authorization) : ការប្រើកម្លាំងអាចស្របច្បាប់ ប្រសិនបើមានសេចក្តីសម្រេច UNSC ក្រោម Chapter VII។ [40]  បើសិនជាមាន សេណារីយ៉ូនៃការធ្វើសកម្មភាពយោធា ដែល មិនមាន ការអនុញ្ញាតតាមលក្ខ័ណ្ឌនេះ  សកម្មភាពយោធាទាំងឡាយនោះ នឹងពិបាករកសុពលភាពច្បាប់បានណាស់ មានន័យថា ជាសកម្មភាពហាក់ផ្ទុយនឹងច្បាប់អន្តរជាតិ។
  2. ការយល់ព្រមពីរដ្ឋម្ចាស់ដែនដី (Host-State Consent) : ប្រសិនបើជារដ្ឋវេនេស៊ូអេឡាបើកភ្លើងខៀវ ជាទម្រង់អញ្ជើញ/យល់ព្រមជាផ្លូវការ ឱ្យមានការប្រើកម្លាំង នោះទើបសកម្មភាពយោធាអាចធ្វើបាន ហើយជាសកម្មភាពស្របច្បាប់។[41] ក្នុងករណី បើសិនជារដ្ឋនោះ ធ្វើឡើងដោយឯកតោភាគី ពោលគឺ គ្មានការយល់ព្រមពីរដ្ឋសមី គឺស្មើនឹងការរំលោភអធិបតេយ្យភាព ជាអំពើប្រាសចាកពីច្បាប់អន្តរជាតិ។
  3. សិទ្ធិការពារខ្លួន (Self-Defense) – Article 51 : សិទ្ធិការពារខ្លួនអាចកើតមានឡើង នៅពេលដែលប្រទេសមួយរងការវាយប្រហារដោយកម្លាំងប្រដាប់អាវុធ (armed attack) ដែលបានកើតឡើងពិតប្រាកដ ឬ ស្ថិតក្នុងស្ថានភាពហៀបនឹងកើតឡើង ច្បាប់បើសិទ្ធឱ្យប្រទេសសមីអាចប្រើប្រាស់កម្លាំងយោធារ តបតរក្នុងភាពចាំបាច់ ស្របតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។[42] ការអះអាងថា ការអនុវត្តច្បាប់ “law-enforcement” ឬ ការបទប្រកាន់ក្រោមបទចោទគ្រឿងញៀន គឺមិនមានទំងន់គ្រប់គ្រាន់ ដើម្បីបើកសិទ្ធិស្របច្បាប់ឱ្យប្រើកម្លាំងយោធារបានឡើយ នេះបើយើងតាមមាត្រា៥១ (Article 51)នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

៤. ៣. «ការអនុវត្តច្បាប់» ទល់នឹង «ការប្រើប្រាស់កម្លាំង» “Law-Enforcement” vs “Use of Force”

នៅពេលរដ្ឋមួយ អះអាងថា ប្រតិបត្តិការមានគោលបំណង ចាប់ខ្លួនជនត្រូវចោទ មិនអាចលុបបំបាត់ស្ថានភាពនៃការប្រើប្រាស់កម្លាំងយោធារ “use of force” បានទេ នៅពេលមាន កងយោធា/ការវាយប្រហារ លើដែនដីរដ្ឋផ្សេង។[43] បើតាមទិដ្ឋភាពនៃការអនុវត្តច្បាប់ឆ្លងដែន គឺត្រូវធ្វើតាម កិច្ចសហប្រតិបត្តិការច្បាប់អន្តរជាតិ (extradition, mutual legal assistance) មិនមែនមានន័យថា ខ្លួនអាចមានសិទ្ធិដោយការប្រើកម្លាំងយោធាជាឯកតោភាគីនោះឡើយ។

៤.៤. អភ័យឯកសិទ្ធិមេដឹកនាំរដ្ឋ (Head-of-State Immunity)

មេដឹកនាំរដ្ឋមួយ ដែលកំពុងកាន់មុខតំណែង គឺទទួលបាននូវអភ័យឯកសិទ្ធិស្របច្បាប់ (immunity ratione personae) ក្នុងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។[44] ការចាប់យកមេដឹកនាំរដ្ឋដោយគ្មានជ្រកក្រោមក្របខ័ណ្ឌ នៃអង្គការសហប្រជាជាតិ UN/ការយល់ព្រមពីរដ្ឋម្ចាស់ដែនដី ហាក់បង្កើតឱ្យមានអរយភាព ប៉ះទង្គិចធ្ងន់ធ្ងរនូវសណ្តាប់ធ្នាប់អន្តរជាតិ និងគោលការណ៍សមភាពអធិបតេយ្យនៃរដ្ឋ។

 

 

៤.៥. ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក  

1-   ហានិភ័យ នៃគម្រូអាក្រក់ : បើការប្រើកម្លាំងឯកតោភាគីត្រូវបានទទួលយក វាអាចបម្លែងប្រព័ន្ធអន្តរជាតិវិវត្តន៍ទៅជាលំដាប់ដោយផ្អែកលើអំណាច ឬ power-based order ដែលរដ្ឋខ្លាំងអនុវត្តច្បាប់ដោយខ្លួនឯង។[45]

2-  ស្ថាប័នអង្គការសហប្រជាជាតិ និងបញ្ហាការទទួលខុសត្រូវ : ការខ្វះអំណាចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC authorization) ធ្វើឱ្យ ការទទួលខុសត្រូវតាមស្ថាប័នពិបាក និងហាក់នាំទៅដល់បង្កើនការបែកបាក់នៃបទដ្ឋានអន្តរជាតិ។[46]

3-  ប្រតិកម្មបដិកម្ម (Backlash) ([47] ) : រដ្ឋផ្សេងៗអាចយកករណីនេះធ្វើជាអត្ថាធិប្បាយនិងលំនាំអនុវត្តបន្ត ដើម្បីពង្រឹងនូវភាពស្របច្បាប់ ដោយការអះអាងអធិបតេយ្យភាព និងប្រឆាំងការអន្តរាគមន៍និយម (interventionism) បន្ថែម។ [48]

៤.៦. បរិបទតំបន់ និងលទ្ធិម៉ុនរ៉ូ(Monroe Doctrine Mindse)

ក្នុងទស្សនៈនយោបាយ តំបន់អឌ្ឍគោលខាងលិចត្រូវបានយល់ថា ជាតំបន់នៅជាប់ចុងច្រមុះ ( near abroad) របស់អាម៉េរិកណាស់ ដែលអាម៉េរិកទាមទារក្សាសណ្តាប់ធ្នាប់ទីនេះឱ្យខាងតែបាន។ ទោះយ៉ាងណាក៏ ដោយ ស្ថេរភាពនៃនយោបាយតំបន់ មិនអាចលើស ពីគោលការណ៍ នីតិរដ្ឋ (rule of law) តាមធម្មនុញ្ញអង្គការសហប្រជាជាតិ (UN Charter) បានទេ។ ការបញ្ចូលទស្សនៈ តំបន់ជាមូលដ្ឋានច្បាប់ នឹងបំផ្លាញស្តង់ដារអន្តរជាតិ ដែលបានកសាងក្រោយឆ្នាំ ១៩៤៥ មកនោះ។[49]

សរុបសេចក្តីមក បើសិនមានការប្រើកម្លាំងឯកតោភាគីលើវេនេស៊ូអេឡា ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC authorization) , គ្មានការយល់ព្រមពីរដ្ឋម្ចាស់ផ្ទះ (host-state consent) , និង គ្មានការការពារខ្លួន (self-defense) ស្រប Article 51, នោះសេណារីយ៉ូនេះ មានហានិភ័យខ្ពស់ ដែលអាចចាត់ទុកថាខុសច្បាប់អន្តរជាតិ និងបង្កើតបាននូវលំនាំជាគម្រូអវិជ្ជមាន ដល់ការគ្រប់គ្រង និងសណ្តាប់ធ្នាប់អន្តរជាតិ (rule-based international order)។ ដូចនេះ រាល់ដំណោះស្រាយស្របច្បាប់ត្រូវផ្អែកលើ ស្ថាប័នអន្តរជាតិ, នីតិវិធីសហប្រតិបត្តិការច្បាប់, និង ការអនុវត្តតាមធម្មនុញ្ញអង្គការសហប្រជាជាតិ (UN Charter)។

សេចក្តីសន្និដ្ឋាន

ដោយយោងតាមទិដ្ឋភាពទាំង៤ ដូចបានរៀបរាប់ខាងលើយើងអាចវាយតម្លៃបានថា សកម្មភាពយោធាររបស់សហរដ្ឋអាម៉េរិកនៅវេនេស៊ូអេឡា ក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច សន្តិសុខជាតិអាម៉េរិក និងអនុត្តរភាពអាម៉េរិកតែប៉ុណ្ណោះ។ ចេតនាជាក់ស្តែង គឺបង្កប់ថា តំបន់នេះជារបស់អាម៉េរិកផ្តាច់មុខ មិនអាចឱ្យប្រទេសមហាអំណាចទាំង ក្នុងឬក្រៅតំបន់ណាមួយមក អុកឡុកនៅតំបន់ទ្វីបអាម៉េរិកដែលនៅកៀកនឹងរបងផ្ទះខ្លួនបានឡើយ ។ ក្នុងករណីណាមួយដែលប៉ះពាល់សន្តិសុខអាម៉េរិក អាម៉េរិកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់។ និយាយឱ្យខ្លី អាម៉េរិក មិនចង់ឱ្យមហាអំណាចពីខាងក្រៅដូចជារុស្ស៊ី ,ចិន អ៊ីរ៉ង់ យកទឹកដីនៅតំបន់ការ៉ាអ៊ីបជាត្រីបកនៃក្តាអុកយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយបានឡើយ។ មិនថានៅ វេនីស៊ូអេឡា ប៉ាណាម៉ា ឬ ប្រទេសណាមួយនៅតំបន់នេះទេ គឺ អាម៉េរិកមិនអាចបើកចន្លោះឱ្យប្រទេសណាមួយមានឱកាសណាមួយឡើយ សូម្បីតែម្តងក៏គ្មានដែរ។ ជាក់ស្តែងណាស់មហាអំណាចពិភពលោក តែងប្រើយុទ្ធសាស្ត្រត្រីបកសម្រាប់អុកគ្នាលើទិដ្ឋភាពភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក គេប្រើដើម្បីទប់ទល់គ្នាក្នុងសមរភូមិ នៃយុទ្ធភូមិសាស្ត្រនយោបាយ។ ដូចជា នៅអឺរ៉ុប គេខ្ចីដៃ អ៊ុយក្រែន ដើម្បីអុកឡុករុស្ស៊ី, នៅអាស៊ី គេប្រើតៃវ៉ាន់ដើម្បីដាក់សម្ពាធមកលើចិន, ហើយចិនប្រើប្រាស់កូរ៉េខាងជើងដើម្បីតតាំងសម្ព័ន្ធមិត្តអាម៉េរិកដូចជា កូរ៉េខាងត្បូងនិងជប៉ុន, ចំណែកនៅអាស៊ីខាងត្បូង គេប្រើប្រាស់ប៉ាគីស្ថាន លើវិបត្តិដែនដីកាស្មៀ ដើម្បីទប់ទល់ឥណ្ឌា,  ហើយនៅតំបន់មជ្ឈឹមបូព៌ាគេប្រើប្រាស់សង្គ្រាមប្រូកស៊ី ឬជាសង្គ្រាមខ្ចីដៃជាច្រើន ដើម្បីទប់ទល់និងពង្រីកឥទ្ធិពលរវាងគ្នា។

ម្យ៉ាងវិញទៀត សកម្មភាពអាម៉េរិកនៅវេនេស៊ូអេឡានេះគឺអាម៉េរិក ក៏ចង់ផ្ញើសារប្រាប់ពិភពលោកថា អាម៉េរិក គឺជាច្បាប់។បើរាប់អានជាមិត្តជាមួយអាម៉េរិកគឺបានប្រយោជទៅមក និងប្រទេសបានសុខសប្បាយ តែបើមានចេតនាផ្ទុយ គឺអាចនឹងរងគ្រោះនៅពេលវេលាណាមួយ ហើយប្រទេសណាក៏ដោយ បើមានបំណងចង់ធ្វើធ្វីមួយមិនល្អប៉ះពាល់ដល់សន្តិសុខអាម៉េរិក គឺត្រូវគិតឡើងវិញម្តងទៀត ព្រោះសូម្បីវេនេស៊ូអេឡាមានទ័ពច្រើន សព្វាវុធទំនើបៗ មានប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនានាដែលវេនេស៊ូអេឡាបានទិញមកប្រើ ក៏មិនអាចទប់ទល់នឹងអានុភាពនៃកម្លាំងយោធាអាម៉េរិកឡើយ។

ដូច្នេះពិភពលោកនេះ ជាដែនដីដែលមហាអំណាចទាំងបីមានអាម៉េរិក រុស្ស៊ី និងចិន ដណ្តើមគ្នាកាន់កាប់និងពង្រីកឥទ្ធិពល ក្នុងនោះ អាម៉េរិក គ្រប់គ្រងពិភពលោកនិយាយជារួម និងផ្តាច់មុខតំបន់នៅទ្វីបអាម៉េរិក,និងតំបន់ឈូងសមុទ្រការ៉ាអ៊ីប និយាយដោយឡែក, ចំណែករុស្ស៊ីគ្រប់គ្រងនៅអឺរ៉ុបនិងអាស៊ីកណ្តាល ខណៈចិនហាក់គ្រប់គ្រងទ្វីបអាស៊ី រីឯមជ្ឈឹមបូព៌ាពុះចែកគ្នាជាជម្រៀកៗ៕

គន្ថនិទ្ទេស

សៀវភៅ (BOOKS)

  1. Agnew, John. Geopolitics: Re-Visioning World Politics. London: Routledge, 1998.
  2. Blouet, Brian W., and Olwyn M. Blouet. Latin America and the Caribbean: A Systematic and Regional Survey. Hoboken, NJ: Wiley, 2017.
  3. Brautigam, Deborah. The Dragon’s Gift: The Real Story of China in Africa. Oxford: Oxford University Press, 2009.
  4. Brownlie, Ian. International Law and the Use of Force by States. Oxford: Clarendon Press, 1963.
  5. Cassese, Antonio. International Law. 2nd ed. Oxford: Oxford University Press, 2005.
  6. Corrales, Javier, and Michael Penfold. Dragon in the Tropics: Hugo Chávez and the Political Economy of Revolution in Venezuela. Washington, DC: Brookings Institution Press, 2015.
  7. Ellner, Steve. Rethinking Venezuelan Politics: Class, Conflict, and the Chávez Phenomenon. Boulder, CO: Lynne Rienner, 2008.
  8. Franck, Thomas M. The Power of Legitimacy. American Journal of International Law 84, no. 4 (1990): 705–759.
  9. Gaddis, John Lewis. Strategies of Containment. New York: Oxford University Press, 2005.
  10. Gleijeses, Piero. The Dominican Crisis: The 1965 Constitutionalist Revolt and American Intervention. Baltimore: Johns Hopkins University Press, 1978.
  11. Herring, George C. From Colony to Superpower: U.S. Foreign Relations since 1776. New York: Oxford University Press, 2008.
  12. Kaplan, Robert D. The Revenge of Geography. New York: Random House, 2012.
  13. Koskenniemi, Martti. From Apology to Utopia: The Structure of International Legal Argument. Cambridge: Cambridge University Press, 2005.
  14. LaFeber, Walter. The American Age: United States Foreign Policy at Home and Abroad. New York: W. W. Norton, 1994.
  15. ———. Inevitable Revolutions: The United States in Central America. New York: W. W. Norton, 1984.
  16. Mahan, Alfred Thayer. The Influence of Sea Power upon History. Boston: Little, Brown, 1890.
  17. May, Ernest R. The Making of the Monroe Doctrine. Cambridge, MA: Harvard University Press, 1975.
  18. McCormick, Thomas J. America’s Half-Century: United States Foreign Policy in the Cold War. Baltimore: Johns Hopkins University Press, 1989.
  19. Mearsheimer, John J. The Tragedy of Great Power Politics. New York: W. W. Norton, 2001.
  20. Pérez, Louis A., Jr. Cuba and the United States: Ties of Singular Intimacy. Athens: University of Georgia Press, 2003.
  21. Renda, Mary A. Taking Haiti: Military Occupation and the Culture of U.S. Imperialism, 1915–1940. Chapel Hill: University of North Carolina Press, 2001.
  22. Spykman, Nicholas J. America’s Strategy in World Politics. New York: Harcourt, Brace, 1942.
  23. Trenin, Dmitri. Russia and the West: The New Cold War? Cambridge: Polity Press, 2016.
  24. ———. What Is Russia Up to in Latin America? Cambridge: Polity Press, 2018.
  25. Walt, Stephen M. The Origins of Alliances. Ithaca, NY: Cornell University Press, 1987.
  26. Yergin, Daniel. The Prize: The Epic Quest for Oil, Money, and Power. New York: Free Press, 1991.

អត្ថបទទស្សនាវដ្តី (Journal Articles)

  1. Pape, Robert A. “Why Economic Sanctions Do Not Work.” International Security 22, no. 2 (1997): 90–136.
  2. Schmitt, Michael N. “Use of Force in International Law.” Journal of National Security Law & Policy 4 (2010): 367–372.
  3. Jervis, Robert. “Cooperation under the Security Dilemma.” World Politics 30, no. 2 (1978): 167–174.

ឯកសារបទដ្ឋាន (Official Documents)

  1. Obama, Barack. Executive Order 13692—Blocking Property and Suspending Entry of Certain Persons Contributing to the Situation in Venezuela. Washington, DC, 2015.
  2. United Nations. Charter of the United Nations.
    ———. Chapter VII.
    ———. Article 2(4).
    ———. Article 51.

គេហទំព័រ(Online Sources)

  1. GlobeFeed.com. “Distance between Venezuela and United States Countries.” Distance Calculator. 2025.
    https://distancecalculator.globefeed.com/Distance_Between_Countries_Result.asp?fromplace=Venezuela&toplace=US (accessed December 26, 2025).

[1] John Agnew, Geopolitics: Re-Visioning World Politics (London: Routledge, 1998), 3–6.

[2] Brian W. Blouet and Olwyn M. Blouet, Latin America and the Caribbean: A Systematic and Regional Survey (Hoboken: Wiley, 2017), 142–145.

[3] Daniel Yergin, The Prize: The Epic Quest for Oil, Money, and Power (New York: Free Press, 1991), 33–36.

[4] GlobeFeed.com, “Distance between Venezuela and United States Countries,” Distance Calculator, 2025, https://distancecalculator.globefeed.com/Distance_Between_Countries_Result.asp?fromplace=Venezuela&toplace=US (accessed 26 December 2025).

 

[5] រដ្ឋទ្រនាប់ឬតំបន់ទ្រនាប់ : ប្រទេសដែលស្ថិតនៅចន្លោះមហាអំណាចពីរឬច្រើនដែលប្រកួត ប្រជែងគ្នា ហើយមានតួនាទីរក្សានូវលំហអព្យាក្រឹតដើម្បីបង្ការការប៉ះ ទង្គិចរវាងមហាអំណាច និងមហាអំណាចខាងមនោគមវិជ្ជា នយោបាយ សេដ្ឋកិច្ច និងប្រដាប់អាវុធ។

[6] អនុត្ត​រភាពនិយម : ឧត្តមានុភាពខាងនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និង​កម្លាំង ទ័ព ដែលប្រទេសណាមួយគ្របសង្កត់ទៅលើ​ប្រទេស​ដទៃ។

[7] ohn J. Mearsheimer, The Tragedy of Great Power Politics (New York: Norton, 2001), 30–33.

[8] Nicholas J. Spykman, America’s Strategy in World Politics (New York: Harcourt, Brace, 1942), 41–44.

[9] Nicholas J. Spykman, America’s Strategy in World Politics (New York: Harcourt, Brace, 1942), 38–41.

[10] Alfred Thayer Mahan, The Influence of Sea Power upon History (Boston: Little, Brown, 1890), 25–28.

[11] ប្រាកដនិយមបែបថ្មី (Neorealism) : ទ្រឹស្តីដ៏សំខាន់មួយនៅក្នុងវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនង អន្តរជាតិដែលពន្យល់ពីអាកប្បកិរិយារបស់រដ្ឋតាមរយៈរចនាសម្ព័ន្ធនៃប្រព័ន្ធអន្តរជាតិ។ទ្រឹស្តីនេះ យល់ថាភាពអនា ធិបតេយ្យនៃប្រព័ន្ធអន្តរជាតិ (ការគ្មានអំណាចកណ្តាលមួយ) ជំរុញឱ្យរដ្ឋនានាផ្តល់អាទិភាពទៅលើភាព រស់រានមានជីវិតនិងសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ។ ខុសពីទ្រឹស្តី​ប្រាកដ​និយមក្លាស៊ិក ដែលយល់ថាជម្លោះកើតចេញពីធម្មជាតិរបស់មនុស្ស, ទ្រឹស្តីប្រាកដនិយមបែបថ្មី ឬទ្រឹស្តី​ប្រាកដនិយមបែបរចនាសម្ព័ន្ធ (structural realism) ផ្តោតលើរបៀបដែលរចនាសម្ព័ន្ធអនាធិបតេយ្យនេះ​បង្ខំឱ្យរដ្ឋ​ធ្វើសកម្មភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងគោលបំណង​បង្កើនអំណាច និងសន្តិសុខរបស់ពួកគេជានិច្ច។ នៅក្នុងវិទ្យាសាស្ត្រ​នយោបាយ ទ្រឹស្តីនេះបង្ហាញថា គោលនយោបាយក្នុងស្រុករបស់រដ្ឋមួយត្រូវ​បានកំណត់ដោយសម្ពាធពីបរិយាកាសអន្តរជាតិ។ ចំណែកឯនៅក្នុង​ទំនាក់ទំនង​អន្តរជាតិវិញ ទ្រឹស្តីនេះលើកឡើងថា កិច្ចសហប្រតិបត្តិការ​រវាងរដ្ឋនិងរដ្ឋមានការលំបាកនិងមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះរដ្ឋនានាតែងតែព្រួយបារម្ភអំពីផលចំណេញធៀប (relative gains) ដែលពួកគេទទួលបានប្រៀបធៀបទៅនឹងរដ្ឋដទៃទៀត និងលទ្ធភាពដែលគូ​ប្រជែងអាចទទួលបានអត្ថប្រយោជន៍នៅក្នុងល្បែងនយោបាយអន្តរជាតិដែលគ្មានផលចំណេញសម្រាប់ភាគីណាមួយ (zero-sum game)។

[12] Robert D. Kaplan, The Revenge of Geography (New York: Random House, 2012), 207–210.

[13] John Lewis Gaddis, Strategies of Containment (New York: Oxford University Press, 2005), 23–25.

[14] Ernest R. May, The Making of the Monroe Doctrine (Cambridge, MA: Harvard University Press, 1975), 89–92.

[15] Walter LaFeber, The American Age: United States Foreign Policy at Home and Abroad (New York: Norton, 1994), 34–36.

[16] Nicholas J. Spykman, America’s Strategy in World Politics (New York: Harcourt, Brace, 1942), 18–20.

[17] Theodore Roosevelt, “The Roosevelt Corollary,” Annual Message to Congress, 1904.

[18] Louis A. Pérez Jr., Cuba and the United States: Ties of Singular Intimacy (Athens: University of Georgia Press, 2003), 45–72.

[19] Mary A. Renda, Taking Haiti: Military Occupation and the Culture of U.S. Imperialism, 1915–1940 (Chapel Hill: University of North Carolina Press, 2001), 3–10.

[20] Piero Gleijeses, The Dominican Crisis: The 1965 Constitutionalist Revolt and American Intervention (Baltimore: Johns Hopkins University Press, 1978), 15–20.

[21] Walter LaFeber, Inevitable Revolutions: The United States in Central America (New York: Norton, 1984), 83–110.

[22] Thomas J. McCormick, America’s Half-Century: United States Foreign Policy in the Cold War (Baltimore: Johns Hopkins University Press, 1989), 12–15.

[23] George C. Herring, From Colony to Superpower: U.S. Foreign Relations since 1776 (New York: Oxford University Press, 2008), 671–673.

[24] Alfred Thayer Mahan, The Influence of Sea Power upon History (Boston: Little, Brown, 1890), 89–92.

[25] Walter LaFeber, The American Age (New York: Norton, 1994), 33–36.

[26] John Lewis Gaddis, Strategies of Containment (New York: Oxford University Press, 2005), 23–27.

[27] ohn Agnew, Geopolitics: Re-Visioning World Politics (London: Routledge, 1998), 7–10.

[28] John J. Mearsheimer, The Tragedy of Great Power Politics (New York: Norton, 2001), 40–44.

[29] Steve Ellner, Rethinking Venezuelan Politics: Class, Conflict, and the Chávez Phenomenon (Boulder: Lynne Rienner, 2008), 95–102.

[30] Robert A. Pape, “Why Economic Sanctions Do Not Work,” International Security 22, no. 2 (1997): 90–136.

[31] Jorge I. Domínguez and Ana Covarrubias, Routledge Handbook of Latin America in the World (London: Routledge, 2014), 56–59.

[32] Barack Obama, Executive Order 13692—Blocking Property and Suspending Entry of Certain Persons Contributing to the Situation in Venezuela (Washington, DC, 2015).

[33] Javier Corrales and Michael Penfold, Dragon in the Tropics: Hugo Chávez and the Political Economy of Revolution in Venezuela (Washington, DC: Brookings Institution Press, 2015), 201–205.

[34] Dmitri Trenin, What Is Russia Up to in Latin America? (Cambridge: Polity Press, 2018), 73–78.

[35] Stephen M. Walt, The Origins of Alliances (Ithaca: Cornell University Press, 1987), 21–26.

[36]   Dmitri Trenin, Russia and the West: The New Cold War? (Cambridge: Polity Press, 2016), 89–92.

[37]  Deborah Brautigam, The Dragon’s Gift: The Real Story of China in Africa (Oxford: Oxford University Press, 2009), 267–270.

[38] Robert Jervis, “Cooperation under the Security Dilemma,” World Politics 30, no. 2 (1978): 167–174.

[39] United Nations, Charter of the United Nations, Art. 2(4).

[40] Ibid., Chapter VII.

[41] Antonio Cassese, International Law, 2nd ed. (Oxford: Oxford University Press, 2005), 356–360.

[42] United Nations, Charter of the United Nations, Art. 51; Ian Brownlie, International Law and the Use of Force by States (Oxford: Clarendon Press, 1963), 279–286.

[43] Michael N. Schmitt, “Use of Force in International Law,” Journal of National Security Law & Policy 4 (2010): 367–372.

[44] Hazel Fox and Philippa Webb, The Law of State Immunity, 3rd ed. (Oxford: Oxford University Press, 2013), 429–437.

[45] Thomas M. Franck, “The Power of Legitimacy,” American Journal of International Law 84, no. 4 (1990): 705–759.

[46] Nico Krisch, Beyond Constitutionalism: The Pluralist Structure of Postnational Law (Oxford: Oxford University Press, 2010), 72–78.

[47] ប្រតិបដិកម្ម : ប្រតិកម្មដ៏ខ្លាំងរបស់ក្រុម ឬសហគមន៍ ចំពោះការផ្លាស់ប្តូរសង្គម  នយោបាយ ឬគោលនយោបាយណាមួយ ដែលត្រូវបានគេយល់ថា​ជាការគំរាមកំហែងចំពោះផលប្រយោជន៍ តម្លៃ ឬនិយាមរបស់ពួកគេ។ ប្រតិកម្មបែបនេះ អាចត្រូវបានធ្វើឡើងតាមរយៈការធ្វើ​បាតុកម្ម ការរិះគន់ជា​សាធារណៈ ឬការប្រមូលផ្តុំនយោបាយ ដែលមានបំណងប្រឆាំង ឬជំទាស់ទៅនឹងការផ្លាស់ប្តូរទាំងនោះ។

[48] Martti Koskenniemi, From Apology to Utopia (Cambridge: Cambridge University Press, 2005), 600–608.

[49] Ernest R. May, The Making of the Monroe Doctrine (Cambridge, MA: Harvard University Press, 1975), 245–247.