តើមជ្ឈឹមបូព៌ាធ្លាប់មានសង្គ្រាមប៉ុន្មានដងហើយ?

ពេលនិយាយអំពីតំបន់មជ្ឈឹមបូព៌ា មនុស្សជាច្រើនតែងតែគិតដល់តំបន់ដែលមានធនធានប្រេង និងឧស្ម័នធម្មជាតិដ៏សម្បូរបែប និងជាមជ្ឈមណ្ឌលថាមពលសំខាន់បំផុតមួយរបស់ពិភពលោក។ តំបន់នេះក៏ត្រូវបានគេចាត់ទុកថា ជាតំបន់ដែលមានប្រជាជនភាគច្រើនជាមូស្លីម និងជាទឹកដីនៃប្រទេសអារ៉ាប់ជាច្រើនផងដែរ។ ប៉ុន្តែបន្ថែមពីលើសារៈសំខាន់ផ្នែកថាមពល មជ្ឈឹមបូព៌ាក៏ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានជម្លោះ និងវិបត្តិនយោបាយយូរអង្វែងជាច្រើនទសវត្សរ៍។

ពីជ្រុងនៃទិដ្ឋភាពភូមិសាស្ត្រ មជ្ឈឹមបូព៌ាគឺជាតំបន់ប្រសព្វរវាងទ្វីបបី គឺ អាស៊ី អឺរ៉ុប និងអាហ្វ្រិក។ ទីតាំងយុទ្ធសាស្ត្រនេះបានធ្វើឱ្យតំបន់នេះក្លាយជាចំណុចសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក ព្រោះផ្លូវដឹកជញ្ជូន  សមុទ្រសំខាន់ៗជាច្រើនត្រូវឆ្លងកាត់តំបន់នេះ ដើម្បីភ្ជាប់ទីផ្សាររវាងទ្វីបនានា។ រាល់ថ្ងៃ នាវាដឹកទំនិញ និងនាវាដឹកប្រេងរាប់សិបគ្រឿងបានធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវសមុទ្រនៅតំបន់នេះ ដែលធ្វើឱ្យមជ្ឈឹមបូព៌ាមាន សារៈសំខាន់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោក។

សក្តានុពលភូមិសាស្ត្រ និងធនធានថាមពលដ៏សម្បូរបែបនេះ បានធ្វើឱ្យតំបន់មជ្ឈឹមបូព៌ាក្លាយជាដែនដីដ៏ទាក់ទាញសម្រាប់អំណាចនយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោក។ ក៏ប៉ុន្តែភាពទាក់ទាញនេះ ក៏បាននាំមកនូវបញ្ហាស្មុគស្មាញ និងជម្លោះជាច្រើនផងដែរ។ នៅពេលនិយាយអំពីវិបត្តិនៅមជ្ឈឹមបូព៌ា មនុស្សជាច្រើនអាចនឹងនឹកឃើញ        សង្គ្រាម និងព្រឹត្តិការណ៍សំខាន់ៗ ដូចជា សង្គ្រាមអារ៉ាប់–អ៊ីស្រាអែល    សង្គ្រាម Yom Kippur សង្គ្រាមអ៊ីរ៉ាក់–អ៊ីរ៉ង់ សង្គ្រាមឈូងសមុទ្រពែក្ស ការកើនឡើងនៃក្រុមអាយស៊ីស (ISIS) និងចលនាបដិវត្តអារ៉ាប់ស្ព្រីង (Arab Spring)ជាដើម។

ដោយសារតែហេតុនេះ សំណួរមួយដែលតែងតែត្រូវបានលើកឡើងគឺ៖ តើមជ្ឈឹមបូព៌ាធ្លាប់មានសង្គ្រាមធំៗអ្វីខ្លះក្នុងប្រវត្តិសាស្ត្រ? ឬមួយជម្លោះធំៗទើបតែកើតឡើងក្នុងបរិបទនៃភាពតានតឹងថ្មីៗ រវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០២៦នេះ?

ដើម្បីឆ្លើយតបនឹងសំណួរនេះ អត្ថបទនេះនឹងវិភាគវិវត្តន៍នៃវិបត្តិនៅមជ្ឈឹមបូព៌ាតាមបីដំណាក់កាលសំខាន់ៗ ដែលក្នុងនោះរួមមាន៖

  • មជ្ឈឹមបូព៌ាក្នុងសម័យសង្គ្រាមត្រជាក់
  • មជ្ឈឹមបូព៌ាក្នុងសម័យឯកប៉ូលក្រោយសង្គ្រាមត្រជាក់
  • មជ្ឈឹមបូព៌ាក្នុងយុគសម័យពហុប៉ូលនៃភូមិសាស្ត្រនយោបាយសតវត្សទី២១។

១- មជ្ឈឹមបូព៌ាក្នុងសម័យសង្គ្រាមត្រជាក់

បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបិតបញ្ចប់ ពិភពលោកបានចូលទៅក្នុងយុគសម័យសង្គ្រាមត្រជាក់ ដែលជាការប្រកួតប្រជែងអំណាចរវាង សហរដ្ឋអាម៉េរិក និងសហភាពសូវៀត។ ក្នុងបរិបទនេះ តំបន់មជ្ឈឹមបូព៌ាបានក្លាយជាវាលប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏សំខាន់មួយសម្រាប់មហាអំណាចទាំងពីរ។[1] មូលហេតុសំខាន់ដែលធ្វើឱ្យតំបន់នេះមានសារៈសំខាន់គឺ ធនធានប្រេងដ៏សម្បូរបែប និងទីតាំងយុទ្ធសាស្ត្រនៃផ្លូវពាណិជ្ជកម្មសមុទ្រ។ សម្រាប់សហរដ្ឋអាម៉េរិក ការរក្សាស្ថិរភាពនៃតំបន់នេះមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីធានាថាការផ្គត់ផ្គង់ថាមពលទៅកាន់ប្រទេសឧស្សាហកម្មនៅលោកខាងលិចមិនត្រូវបានរំខាន ឬរារាំងនោះឡើយ។ ខណៈពេលដូចគ្នា សហភាពសូវៀតក៏បានព្យាយាមពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួនក្នុងតំបន់នេះ ដើម្បីប្រកួតប្រជែងជាមួយឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក។[2]

ក្នុងអំឡុងសម័យសង្គ្រាមត្រជាក់នោះ ប្រទេសជាច្រើននៅមជ្ឈឹមបូព៌ាបានក្លាយជាសម្ព័ន្ធមិត្តរបស់មហាអំណាចផ្សេងៗគ្នា។ ឧទាហរណ៍ សហរដ្ឋអាម៉េរិកបានគាំទ្រប្រទេសដូចជា អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ក្នុងសម័យស្តេច Shah។ ផ្ទុយពីអាម៉េរិក សហភាពសូវៀតឯណោះវិញ បានគាំទ្រប្រទេសអារ៉ាប់មួយចំនួន ដូចជា អេហ្ស៊ីប ស៊ីរី និង អ៊ីរ៉ាក់ ដោយផ្តល់ជំនួយយោធា និងការគាំទ្រនយោបាយ។[3]

ការប្រកួតប្រជែងនេះបានធ្វើឱ្យជម្លោះក្នុងតំបន់មជ្ឈឹមបូព៌ាមានលក្ខណៈលើសពីជម្លោះក្នុងតំបន់ធម្មតា ព្រោះវាត្រូវបានភ្ជាប់ជាមួយនឹងការប្រកួតប្រជែងអំណាចនៅកម្រិតពិភពលោក។ ឧទាហរណ៍ សង្គ្រាមអារ៉ាប់–អ៊ីស្រាអែល មិនត្រឹមតែជាជម្លោះរវាងប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានក្លាយជាកន្លែងដែលមហាអំណាចទាំងពីរបង្ហាញឥទ្ធិពលរបស់ខ្លួនផងដែរ។[4]

ជម្លោះជាច្រើននៅមជ្ឈឹមបូព៌ាមិនមែនជាសង្គ្រាមក្នុងតំបន់តែប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតប្រជែងអំណាចរបស់មហាអំណាចដែលកើតឡើងនៅលើដែនដីរបស់ប្រទេសតូចៗ។ នេះគឺជាមូលដ្ឋាននៃទ្រឹស្តី Proxy War ក្នុងភូមិសាស្ត្រនយោបាយ។ ជាក់ស្តែងក្នុងអំឡុងសង្គ្រាមត្រជាក់ មជ្ឈឹមបូព៌ាបានជួបប្រទះសង្គ្រាម និងវិបត្តិជាច្រើនដែលបានប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ។ មួយក្នុងចំណោមជម្លោះសំខាន់បំផុតគឺ សង្គ្រាមអារ៉ាប់–អ៊ីស្រាអែល ដែលបានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ១៩៤៨។[5] សង្គ្រាមទាំងនេះ រួមមានសង្គ្រាមឆ្នាំ ១៩៤៨ សង្គ្រាមឆ្នាំ ១៩៦៧ និងសង្គ្រាម Yom Kippur ឆ្នាំ ១៩៧៣ បានបង្កើតការប្រឈមមុខគ្នារវាងប្រទេសអារ៉ាប់ និងអ៊ីស្រាអែល ហើយក៏បានទាក់ទាញការចូលរួមផ្នែកនយោបាយ និងយោធាពីមហាអំណាចផងដែរ។

ជាពិសេស សង្គ្រាម Yom Kippur ឆ្នាំ១៩៧៣ ហាក់បានបង្ហាញយ៉ាងច្បាស់ពីការចូលរួមរបស់មហាអំណាចក្នុងវិបត្តិនៅមជ្ឈឹមបូព៌ា។ ក្នុងពេលដែលប្រទេសអារ៉ាប់ទទួលបានការគាំទ្រពីសហភាពសូវៀត សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយយោធាយ៉ាងសំខាន់ដល់អ៊ីស្រាអែល។ ជម្លោះនេះបានធ្វើឱ្យស្ថានការណ៍សន្តិសុខពិភពលោកកើនឡើងដល់កម្រិតគ្រោះថ្នាក់ និងបង្ហាញពីការភ្ជាប់រវាងជម្លោះក្នុងតំបន់ និងការប្រកួតប្រជែងអំណាចកម្រិតពិភពលោក។[6]

លើសពីនេះ សង្គ្រាមអ៊ីរ៉ាក់–អ៊ីរ៉ង់ (1980–1988) ក៏ត្រូវបានគេចាត់ទុកថាជាជម្លោះដែលមានការចូលរួមដោយអំណាចក្រៅតំបន់ផងដែរ។ ប្រទេសមហាអំណាច និងប្រទេសនៅក្នុងតំបន់ជាច្រើនបានផ្តល់ការគាំទ្រដល់ភាគីផ្សេងៗ ដើម្បីរក្សាតុល្យភាពអំណាច និងការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន។ សង្គ្រាមនេះបានកើតឡើងបន្ទាប់ពីបដិវត្តអ៊ីស្លាមនៅអ៊ីរ៉ង់ក្នុងឆ្នាំ១៩៧៩ ដែលបានផ្លាស់ប្តូររបបនយោបាយរបស់ប្រទេសនេះ និងបង្កើតភាពតានតឹងជាមួយប្រទេសជិតខាង។ វាបានបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពនៃការដឹកជញ្ជូនប្រេងនៅឈូងសមុទ្រពែក្ស ដែលជាចំណុចសំខាន់សម្រាប់ថាមពលពិភពលោក។[7]

សរុបមក ក្នុងសម័យសង្គ្រាមត្រជាក់ តំបន់មជ្ឈឹមបូព៌ាបានក្លាយជាវាលប្រកួតប្រជែងយុទ្ធសាស្ត្ររវាង សហរដ្ឋអាម៉េរិក និងសហភាពសូវៀត។ ជម្លោះក្នុងតំបន់ជាច្រើនមិនអាចយល់បានពេញលេញឡើយ ប្រសិនបើយើងមិនបានស្វែងយល់ពីតួនាទី និងឥទ្ធិពលរបស់មហាអំណាចទាំងពីរនៅពីក្រោយឆាកនយោបាយទេនោះ។

២- មជ្ឈឹមបូព៌ាក្នុងសម័យឯកប៉ូល

ការដួលរលំរបស់សហភាពសូវៀតនៅឆ្នាំ១៩៩១ បានបញ្ចប់   សង្គ្រាមត្រជាក់ និងនាំឱ្យប្រព័ន្ធអន្តរជាតិផ្លាស់ប្តូរទៅជាប្រព័ន្ធ ឯកប៉ូល (Unipolar System) ដែលសហរដ្ឋអាម៉េរិកក្លាយជាមហាអំណាចដឹកនាំតែមួយនៅលើឆាកពិភពលោក។ ក្នុងបរិបទនេះ តំបន់មជ្ឈឹមបូព៌ានៅតែបន្តមានសារៈសំខាន់ខ្លាំងសម្រាប់យុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ដូចបារៀបរាប់ខាងលើ តំបន់នេះមានទាំងធនធានថាមពលដ៏សម្បូរបែប និងទីតាំងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្ម និងសន្តិសុខពិភពលោក។[8]

វិបត្តិធំដំបូងដែលបង្ហាញពីតួនាទីដឹកនាំរបស់សហរដ្ឋអាម៉េរិកក្នុងតំបន់នេះគឺ សង្គ្រាមឈូងសមុទ្រពែក្ស (Gulf War) ឆ្នាំ១៩៩១។      សង្គ្រាមនេះបានកើតឡើងបន្ទាប់ពីអ៊ីរ៉ាក់ក្រោមការដឹកនាំរបស់សាដាម ហ៊ូសេន បានលុកលុយប្រទេសគុយវែតក្នុងឆ្នាំ១៩៩០។ ដើម្បីការពារអធិបតេយ្យភាពរបស់គុយវែត និងធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ប្រេងពីតំបន់ឈូងសមុទ្រពែក្ស សហរដ្ឋអាម៉េរិកបានដឹកនាំកងកម្លាំងអន្តរជាតិមួយ ដើម្បីវាយប្រហារបណ្តេញកងទ័ពអ៊ីរ៉ាក់ចេញពីគុយវែត។ សង្គ្រាមនេះបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពយោធា និងឥទ្ធិពលនយោបាយរបស់សហរដ្ឋអាម៉េរិកក្នុងសម័យឯកប៉ូល។[9]

បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ សហរដ្ឋអាម៉េរិកបានចាប់ផ្តើមយុទ្ធនាការសង្គ្រាមប្រឆាំងភេរវកម្ម ឬ  “War on Terror” ដែលបានបង្កើតការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងភូមិសាស្ត្រនយោបាយនៃតំបន់មជ្ឈឹមបូព៌ា។ ក្នុងឆ្នាំ២០០១ សហរដ្ឋអាម៉េរិកបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបំបាត់បណ្តាញភេរវកម្ម Al-Qaeda និងបណ្តេញរដ្ឋាភិបាលតាលីបង់។[10]

បន្តមកទៀត នៅឆ្នាំ២០០៣ សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តបានវាយប្រហារប្រទេសអ៊ីរ៉ាក់ ដោយអះអាងថារដ្ឋាភិបាលរបស់សាដាម ហ៊ូសេន កំពុងអភិវឌ្ឍអាវុធប្រល័យលោក (Weapons of Mass Destruction) និងគាំទ្រក្រុមភេរវកម្មអន្តរជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ការលុកលុយនេះបានបង្កើតភាពអស្ថិរភាពយូរអង្វែងក្នុងប្រទេសអ៊ីរ៉ាក់ និងបានបើកផ្លូវឱ្យមានការកើនឡើងនៃក្រុមប្រដាប់អាវុធនិងអង្គការភេរវកម្មថ្មីៗ។[11]

គេយល់ថា មួយក្នុងចំណោមបាតុភូតសំខាន់ៗដែលកើតឡើងក្រោយសង្គ្រាមអ៊ីរ៉ាក់ នោះគឺការកើនឡើងនៃអង្គការភេរវកម្ម ISIS (Islamic State) ដែលបានគ្រប់គ្រងដែនដីធំមួយនៅក្នុងអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ២០១៤។ ការកើនឡើងនៃក្រុមនេះបានបង្ហាញពីភាពផុយស្រួយនៃស្ថិរភាពនយោបាយក្នុងតំបន់ និងបានធ្វើឱ្យសហគមន៍អន្តរជាតិបង្កើត សម្ព័ន្ធមិត្តយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមនេះ។[12]

លើសពីនេះ ការផ្ទុះឡើងនៃចលនាបដិវត្តអារ៉ាប់ ឬ Arab Spring ក្នុងឆ្នាំ២០១១ ក៏បានផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅមជ្ឈឹមបូព៌ាយ៉ាងខ្លាំងផងដែរ។ ចលនាបាតុកម្មប្រជាពលរដ្ឋនៅក្នុងប្រទេសជាច្រើន ដូចជា ទុយនេស៊ី អេហ្ស៊ីប លីប៊ី និងស៊ីរី បានបណ្តាលឱ្យមានការផ្លាស់ប្តូររបបនយោបាយ និងជម្លោះស៊ីវិលជាច្រើន។ ចលនាបដិវត្តអារ៉ាប់បានបង្ហាញថា បញ្ហានយោបាយក្នុងតំបន់មិនត្រឹមតែបណ្តាលមកពីការប្រកួតប្រជែងរបស់មហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងកត្តាសង្គម សេដ្ឋកិច្ច និងការគ្រប់គ្រងនយោបាយក្នុងប្រទេសផងដែរ។[13]

ដូច្នេះ ក្នុងសម័យឯកប៉ូល មជ្ឈឹមបូព៌ាបានក្លាយជាកន្លែងដែលសហរដ្ឋអាម៉េរិកប្រើប្រាស់ឥទ្ធិពលយោធា និងនយោបាយយ៉ាងសកម្ម ដើម្បីរក្សាស្ថិរភាពនយោបាយ និងការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន។ ទោះជាយ៉ាងណា ការចូលរួមយោធាជាបន្តបន្ទាប់ក៏បានបង្កើតបញ្ហាថ្មីៗ និងការប្រែប្រួលយ៉ាងស្មុគស្មាញក្នុងភូមិសាស្ត្រនយោបាយនៃតំបន់នេះផងដែរ។

៣- មជ្ឈឹមបូព៌ាក្នុងយុគសម័យពហុប៉ូល

ចាប់តាំងពីដើមសតវត្សទី២១ ប្រព័ន្ធអន្តរជាតិបានចាប់ផ្តើមផ្លាស់ប្តូរពីរចនាសម្ព័ន្ធឯកប៉ូលទៅរក យុគសម័យពហុប៉ូល (multipolar order) ដែលមហាអំណាចជាច្រើនកំពុងប្រកួតប្រជែងគ្នាដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់យុទ្ធសាស្ត្រផ្សេងៗ។ ក្នុងបរិបទនេះ មជ្ឈឹមបូព៌ាបានក្លាយជាតំបន់មួយដែលបង្ហាញយ៉ាងច្បាស់ពីការប្រកួតប្រជែងរវាងមហាអំណាច ដូចជា សហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន។[14]

គេមើលឃើញថា បន្ទាប់ពីការចូលរួមយោធារបស់រុស្ស៊ីនៅក្នុងសង្គ្រាមស៊ីរីក្នុងឆ្នាំ២០១៥ តំបន់មជ្ឈឹមបូព៌ាបានឃើញការត្រឡប់មកវិញនៃឥទ្ធិពលរបស់រុស្ស៊ីក្នុងកម្រិតខ្ពស់។ ការចូលរួមនេះបានអនុញ្ញាតឱ្យ     រុស្ស៊ីបង្កើនវត្តមានយោធា និងការចូលរួមនយោបាយក្នុងតំបន់ ខណៈពេលដែលសហរដ្ឋអាម៉េរិកកំពុងព្យាយាមកាត់បន្ថយការចូលរួមយោធារបស់ខ្លួននៅក្នុងសង្គ្រាមយូរអង្វែងក្នុងតំបន់។[15]

ទន្ទឹមនឹងនេះ ប្រទេសចិនក៏បានបង្កើនឥទ្ធិពលសេដ្ឋកិច្ច និងការទូតក្នុងតំបន់មជ្ឈឹមបូព៌ា ដោយផ្តោតលើការធានាសុវត្ថិភាពថាមពល និងការពង្រីកគម្រោងខ្សែក្រវាត់និងផ្លូវ ឬ Belt and Road Initiative (BRI)។ ការចូលរួមរបស់ចិនបានបង្ហាញថា មជ្ឈឹមបូព៌ាមិនមែនជាដែនដីប្រកួតប្រជែងរបស់សហរដ្ឋអាម៉េរិកតែមួយទៀតទេ ប៉ុន្តែទីនេះហាក់កំពុងក្លាយជាតំបន់ដែលមានផលប្រយោជន៍យុទ្ធសាស្ត្រដល់មហាអំណាចជាច្រើន។[16]

ក្នុងបរិបទការណ៍នេះ ភាពតានតឹងរវាង អ៊ីរ៉ង់ និងអ៊ីស្រាអែល បានក្លាយជាចំណុចសំខាន់មួយនៃភូមិសាស្ត្រនយោបាយក្នុងតំបន់។       អ៊ីរ៉ង់ត្រូវបានចាត់ទុកថាជាអំណាចតំបន់ដែលមានឥទ្ធិពលកើនឡើង តាមរយៈបណ្តាញសម្ព័ន្ធមិត្ត និងក្រុមប្រដាប់អាវុធនៅក្នុងប្រទេសជាច្រើន ដូចជា លីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន។ ខណៈពេលដូចគ្នា អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកបានចាត់ទុកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថា ជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។[17]

ភាពតានតឹងនេះបានកើនឡើងជាបន្តបន្ទាប់ និងបាននាំឱ្យមានការប្រឈមមុខគ្នាយោធាជាច្រើន។ នាចុងខែកុម្ភៈឆ្នាំ២០២៦ ស្ថានការណ៍បានឈានដល់កម្រិតថ្មីមួយ នៅពេលដែលការវាយប្រហាររវាងអ៊ីរ៉ង់ ទល់នឹងអ៊ីស្រាអែលនិងសហរដ្ឋអាម៉េរិក។ ជម្លោះនេះបានបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថិរភាពក្នុងតំបន់ និងអាចមានផលប៉ះពាល់ធំលើទីផ្សារថាមពល និងសន្តិសុខសេដ្ឋកិច្ចពិភពលោក។

ដូចដែលយើងបានបញ្ជាក់ខាងលើរួចមកហើយ តំបន់មជ្ឈឹមបូព៌ាគឺជាកន្លែងដែលមានផ្លូវដឹកជញ្ជូនប្រេងសំខាន់ៗ ដូចជា Strait of Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយក្នុងពិភពលោក។ ប្រសិនបើមានការរាំងស្ទះនៅក្នុងផ្លូវសមុទ្រនេះ វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ថាមពល និងសេដ្ឋកិច្ចពិភពលោក។[18]

សរុបមក ក្នុងយុគសម័យពហុប៉ូល មជ្ឈឹមបូព៌ាកំពុងក្លាយជាតំបន់ដែលមានការប្រកួតប្រជែងអំណាចកាន់តែស្មុគស្មាញ។ មិនត្រឹមតែមានជម្លោះក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្រកួតប្រជែងរវាងមហាអំណាចពិភពលោក ដែលធ្វើឱ្យវិបត្តិនៅក្នុងតំបន់នេះអាចមានផលប៉ះពាល់យ៉ាងធំលើសន្តិសុខ និងសេដ្ឋកិច្ចអន្តរជាតិ។

សេចក្តីសន្និដ្ឋាន

តាមរយៈការវិភាគវិវត្តន៍នៃវិបត្តិ និងសង្គ្រាមនៅក្នុងតំបន់មជ្ឈឹមបូព៌ា អាចមើលឃើញយ៉ាងច្បាស់ថា តំបន់នេះមិនមែនទើបតែប្រឈមនឹងសង្គ្រាមធំៗក្នុងសម័យបច្ចុប្បន្ននោះទេ។ ផ្ទុយទៅវិញ ផ្អែកតាមប្រវត្តិសាស្ត្ររយៈពេលជាច្រើនទសវត្សរ៍បានបង្ហាញថា មជ្ឈឹមបូព៌ាគឺជាតំបន់ដែលបានឆ្លងកាត់ជម្លោះ និងសង្គ្រាមជាបន្តបន្ទាប់ចាប់តាំងពីសម័យ   សង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្ន។ សង្គ្រាមអារ៉ាប់–អ៊ីស្រាអែល      សង្គ្រាមអ៊ីរ៉ាក់–អ៊ីរ៉ង់ សង្គ្រាមឈូងសមុទ្រពែក្ស ក៏ដូចជាសង្គ្រាមបន្ទាប់ពីឆ្នាំ២០០១ បានបង្ហាញថា វិបត្តិនៅក្នុងតំបន់នេះមិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកទេ ប៉ុន្តែជាផ្នែកមួយនៃដំណើរប្រកួតប្រជែងអំណាចយូរអង្វែងនៅលើឆាកអន្តរជាតិ។

មូលហេតុសំខាន់មួយដែលធ្វើឱ្យមជ្ឈឹមបូព៌ាក្លាយជាតំបន់មានជម្លោះជាញឹកញាប់ គឺទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ និងធនធានថាមពលដ៏សម្បូរបែប។ តំបន់នេះមិនត្រឹមតែជាមជ្ឈមណ្ឌលផលិតប្រេង និងឧស្ម័នធម្មជាតិសំខាន់បំផុតមួយរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចសំខាន់សម្រាប់ផ្លូវពាណិជ្ជកម្ម និងការដឹកជញ្ជូនថាមពលពិភពលោកផងដែរ។ ដោយសារហេតុនេះ មហាអំណាចពិភពលោកបានព្យាយាមបង្កើនឥទ្ធិពល និងការចូលរួមនយោបាយនៅក្នុងតំបន់នេះ ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន។

ក្នុងបរិបទនេះ ប្រទេសនៅមជ្ឈឹមបូព៌ាជាច្រើនត្រូវបានគេមើលឃើញថា បានក្លាយជាសមរភូមិប្រយុទ្ធនៃ សង្គ្រាមប្រូកស៊ី (Proxy Wars) របស់មហាអំណាច។ ចាប់តាំងពីសម័យសង្គ្រាមត្រជាក់ មហាអំណាចដូចជា សហរដ្ឋអាម៉េរិក និងសហភាពសូវៀត បានគាំទ្រភាគីផ្សេងៗក្នុងតំបន់ ដើម្បីពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួន។ បន្ទាប់ពី   សង្គ្រាមត្រជាក់ ទោះបីជាប្រព័ន្ធអន្តរជាតិបានផ្លាស់ប្តូរទៅជាសម័យឯកប៉ូលក៏ដោយ ក៏តំបន់មជ្ឈឹមបូព៌ានៅតែបន្តជាសមរភូមិប្រកួតប្រជែងយុទ្ធសាស្ត្ររបស់មហាអំណាច។

នៅក្នុងសតវត្សទី២១ ជាពិសេសនៅក្នុងបរិបទនៃយុគសម័យ    ពហុប៉ូល ការប្រកួតប្រជែងនេះកាន់តែស្មុគស្មាញ។ មិនត្រឹមតែមានការប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មានការកើនឡើងនៃឥទ្ធិពលរបស់ចិន និងអំណាចតំបន់ដូចជា អ៊ីរ៉ង់ តួកគី និងអារ៉ាប៊ីសាអូឌីតផងដែរ។ ស្ថានការណ៍នេះបានធ្វើឱ្យវិបត្តិនៅមជ្ឈឹមបូព៌ាមានលក្ខណៈភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសន្តិសុខ និងសេដ្ឋកិច្ចពិភពលោក។

ដូច្នេះ ប្រសិនបើយើងសង្កេតមើលពីទស្សនៈភូមិសាស្ត្រនយោបាយ អាចនិយាយបានថា មជ្ឈឹមបូព៌ាមិនត្រឹមតែជាតំបន់ដែលមានជម្លោះក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីលានប្រកួតប្រជែងអំណាចរបស់មហាអំណាចពិភពលោកផងដែរ។ សង្គ្រាម និងវិបត្តិដែលកើតឡើងនៅទីនេះជាច្រើនលើក បានបង្ហាញថា មជ្ឈឹមបូព៌ាគឺជាតំបន់ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ស្ថិរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់ពិភពលោក។

ក្នុងន័យនេះ មជ្ឈឹមបូព៌ាអាចត្រូវបានមើលឃើញថា ជាតំបន់ដែលសង្គ្រាមក្នុងតំបន់ជាច្រើនត្រូវបានបម្លែងទៅជាសង្គ្រាមប្រូកស៊ីរបស់មហាអំណាច ដែលបានបន្តពីសម័យសង្គ្រាមត្រជាក់ រហូតមកដល់យុគសម័យភូមិសាស្ត្រនយោបាយសតវត្សទី២១

3

បញ្ជីឯកសារយោង

  1. Cleveland, William L., and Martin Bunton. A History of the Modern Middle East. 6th ed. Boulder: Westview Press, 2016.
  2. Freedman, Lawrence, and Efraim Karsh. The Gulf Conflict 1990–1991. Princeton: Princeton University Press, 1993.
  3. Fulton, Jonathan. China’s Relations with the Gulf Monarchies. London: Routledge, 2019.
  4. Gause, F. Gregory III. The International Relations of the Persian Gulf. Cambridge: Cambridge University Press, 2010.
  5. Gelvin, James L. The Modern Middle East: A History. New York: Oxford University Press, 2020.
  6. Gerges, Fawaz A. ISIS: A History. Princeton: Princeton University Press, 2016.
  7. Khalidi, Rashid. The Hundred Years’ War on Palestine. New York: Metropolitan Books, 2020.
  8. Lynch, Marc. The Arab Uprising: The Unfinished Revolutions of the New Middle East. New York: PublicAffairs, 2012.
  9. Lynch, Marc. The New Arab Wars: Uprisings and Anarchy in the Middle East. New York: PublicAffairs, 2016.
  10. Mearsheimer, John J. The Great Delusion: Liberal Dreams and International Realities. New Haven: Yale University Press, 2018.
  11. Shlaim, Avi. The Iron Wall: Israel and the Arab World. New York: W. W. Norton, 2014.
  12. Trenin, Dmitri. What Is Russia Up to in the Middle East? Cambridge: Polity Press, 2018.
  13. Tripp, Charles. A History of Iraq. Cambridge: Cambridge University Press, 2007.
  14. U.S. Energy Information Administration. World Oil Transit Chokepoints. Washington, DC, 2024.

3


[1] James L. Gelvin, The Modern Middle East: A History (New York: Oxford University Press, 2020), 95–100.

[2] F. Gregory Gause III, The International Relations of the Persian Gulf (Cambridge: Cambridge University Press, 2010), 45–50.

[3] William L. Cleveland and Martin Bunton, A History of the Modern Middle East, 6th ed. (Boulder: Westview Press, 2016), 320–330.

[4] Rashid Khalidi, The Hundred Years’ War on Palestine (New York: Metropolitan Books, 2020), 120–125.

[5] Avi Shlaim, The Iron Wall: Israel and the Arab World (New York: W. W. Norton, 2014), 270–275.

[6] Avi Shlaim, The Iron Wall: Israel and the Arab World (New York: W. W. Norton, 2014), 270–275.

[7] Charles Tripp, A History of Iraq (Cambridge: Cambridge University Press, 2007), 230–240.

[8] James L. Gelvin, The Modern Middle East: A History (Oxford: Oxford University Press, 2020), 150–155.

[9] Lawrence Freedman and Efraim Karsh, The Gulf Conflict 1990–1991 (Princeton: Princeton University Press, 1993), 25–40.

[10] Marc Lynch, The New Arab Wars: Uprisings and Anarchy in the Middle East (New York: PublicAffairs, 2016), 60–65.

[11] Charles Tripp, A History of Iraq (Cambridge: Cambridge University Press, 2007), 275–280.

[12] Fawaz A. Gerges, ISIS: A History (Princeton: Princeton University Press, 2016), 70–75.

[13] Marc Lynch, The Arab Uprising: The Unfinished Revolutions of the New Middle East (New York: PublicAffairs, 2012), 20–30.

[14] John J. Mearsheimer, The Great Delusion: Liberal Dreams and International Realities (New Haven: Yale University Press, 2018), 160–165.

[15] Dmitri Trenin, What Is Russia Up to in the Middle East? (Cambridge: Polity Press, 2018), 40–45.

[16] Jonathan Fulton, China’s Relations with the Gulf Monarchies (London: Routledge, 2019), 70–75.

[17] F. Gregory Gause III, The International Relations of the Persian Gulf (Cambridge: Cambridge University Press, 2010), 110–115.

[18] U.S. Energy Information Administration, World Oil Transit Chokepoints (Washington, DC, 2024).