ក្រោយការបញ្ចប់សង្គ្រាមត្រជាក់ មនុស្សជាច្រើនធ្លាប់ជឿថា ពិភពលោកបានវិវត្តិចូលទៅក្នុងសម័យសន្តិភាព កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងជាទីបរមសុខសម្រាប់មនុស្សជាតិក្នុងសតវត្សរ៍ថ្មី។ ក៏ប៉ុន្តែការវិវត្តន៍នៃស្ថានការណ៍អន្តរជាតិប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់បានបង្ហាញថា អ្វីដែលធ្លាប់ជាការរំពឹងទុកទាំងឡាយពីមុនមក មិនអាចបន្តឈរជើងបានយូរទៀតទេ។ ដ្បិតប្រព័ន្ធអន្តរជាតិបច្ចុប្បន្ន កំពុងផ្លាស់ប្តូរពីរចនាសម្ព័ន្ធពីឯកប៉ូល ទៅរកទម្រង់ពហុប៉ូល ដែលធ្វើឱ្យការប្រកួតប្រជែងរវាងមហាអំណាចកើតឡើងវិញយ៉ាងច្បាស់ក្រែឡត។

សង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងនៅមជ្ឈិមបូព៌ា ជាពិសេសរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្ហាញយ៉ាងច្បាស់ថា ការប្រកួតប្រជែងរវាងមហាអំណាចកំពុងត្រឡប់មកវិញក្នុងទម្រង់ថ្មី។

ក្នុងបរិបទនេះ គេមើលឃើញថាសហរដ្ឋអាមេរិកកំពុងប្រើយុទ្ធសាស្ត្រចម្រុះ ដោយភ្ជាប់អំណាចសមុទ្រ (Sea Power) ទ្រឹស្តីរីមលែន (Rimland) និងយុទ្ធសាស្ត្រទប់ស្កាត់ (Containment) ដើម្បីរក្សាអំណាច និងតុល្យភាពក្នុងប្រព័ន្ធអន្តរជាតិ។

១- យុទ្ធសាស្ត្រកងនាវាចរអាមេរិក (U.S. Naval Strategy)

ក្នុងនាមជាមហាអំណាចយោធា និងជាតួអង្គកណ្តាលមួយនៃនយោបាយពិភពលោក សហរដ្ឋអាមេរិកបានកសាងប្រព័ន្ធសន្តិសុខសកលមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើវត្តមានយោធានៅក្រៅប្រទេស និងលើអំណាចសមុទ្រ។ កងនាវាទី៥ ប្រចាំមជ្ឈិមបូព៌ា កងនាវាទី៦ ប្រចាំមេឌីទែរ៉ាណេ និងអឺរ៉ុប និងកងនាវាទី៧ ប្រចាំឥណ្ឌូប៉ាស៊ីភិច (Indo-Pacific) គឺជាឧបករណ៍សំខាន់សម្រាប់ការបង្ហាញអំណាចយោធារបស់អាមេរិក។ ចំណែកកងនាវាទី១០ វិញ ផ្តោតលើវិស័យសង្គ្រាមបច្ចេកវិទ្យា និងសាយប័រ ដូចមានក្នុងរូបភាពទី១និងទី២ខាងក្រោមបង្ហាញពីទីតាំងនៃកងនាវាអាម៉េរិកក្នុងពិភពលោក។

រូបភាពទី១: ទីតាំងនៃកងនាវាអាម៉េរិកក្នុងពិភពលោក

រូបភាពទី២: ទីតាំងនៃកងនាវាអាម៉េរិកក្នុងពិភពលោក

គេមើលឃើញថា វត្តមានយោធាទាំងនេះអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រ ការពារផ្លូវពាណិជ្ជកម្មសមុទ្រ និងបញ្ជូនកម្លាំងយោធាទៅកាន់តំបន់ជម្លោះបានយ៉ាងឆាប់រហ័ស។ គំនិតនេះស្របតាមទ្រឹស្តី អំណាចសមុទ្រ (Sea Power) របស់លោក       អាល់ហ្វ្រេដ ថាយ័រ ម៉ាហាន (Alfred Thayer Mahan) ដែលបានលើកឡើងថា ប្រទេសណាអាចគ្រប់គ្រងសមុទ្រ និងច្រកសមុទ្រយុទ្ធសាស្ត្រ ប្រទេសនោះ ក៏អាចគ្រប់គ្រងពាណិជ្ជកម្ម និងឥទ្ធិពលសកលបានផងដែរ។[1] ក្នុងន័យនេះ អំណាចសមុទ្ររបស់អាមេរិកមិនមែនមានន័យត្រឹមតែការពារទឹកដីរបស់ខ្លួនទេ ប៉ុន្តែជាការគ្រប់គ្រងបណ្តាញសេដ្ឋកិច្ច និងសន្តិសុខសកលទាំងមូលតែម្តង។

១.១- តួនាទីកងនាវាទី៥នៅមជ្ឈិមបូព៌ា

កងនាវាទី៥ (United States Fifth Fleet) ដែលមានមូលដ្ឋាននៅបារ៉ែន មានតួនាទីសំខាន់ក្នុងការថែរក្សាសន្តិសុខផ្លូវសមុទ្រ ការពារផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័ន និងទប់ស្កាត់ការគំរាមកំហែងនៅឈូងសមុទ្រពែក្ស សមុទ្រក្រហម និងសមុទ្រអារ៉ាប់។ មជ្ឈិមបូព៌ាគឺជាតំបន់ប្រសព្វរវាងអាស៊ី អឺរ៉ុប និងអាហ្វ្រិក ហើយជាចំណុចសំខាន់សម្រាប់ការដឹកជញ្ជូនថាមពល និងពាណិជ្ជកម្មពិភពលោក។ ដោយសារហេតុនេះ សហរដ្ឋអាមេរិកបានចាត់ទុកតំបន់នេះថាជាចំណុចយុទ្ធសាស្ត្រដែលត្រូវមានវត្តមានយោធាជាបន្តបន្ទាប់។

ឧបករណ៍សំខាន់មួយនៃយុទ្ធសាស្ត្រនេះ គឺ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ (Carrier Strike Group – CSG)។ ក្រុម CSG មានតួនាទីទាំងជាកម្លាំងវាយប្រហារ និងជាឧបករណ៍នៃអំណាចទប់ស្កាត់ ដូចមានរូបភាពទី៣បង្ហាញខាងក្រោម។ នៅមជ្ឈិមបូព៌ា វាត្រូវបានប្រើដើម្បីគាំទ្របេសកកម្មរបស់កងនាវាទី៥ ការពារផ្លូវដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ ហ័រម៉ូស ( Strait of Hormuz) និងធានាសេរីភាពនាវាចរណ៍ (freedom of navigation)។

បន្ថែមលើសពីនេះទៅទៀត វត្តមានរបស់ CSG ក៏ជាការបញ្ជូនសារនយោបាយទៅកាន់គូប្រជែង និងសម្ព័ន្ធមិត្តផងដែរថា សហរដ្ឋអាមេរិកនៅតែមានសមត្ថភាពឆ្លើយតប និងគ្រប់គ្រងស្ថានការណ៍ក្នុងតំបន់។ ដូច្នេះ អំណាចសមុទ្រមិនត្រឹមតែជាកម្លាំងយោធាទេ ប៉ុន្តែជាឧបករណ៍សំខាន់ក្នុងការគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រ ផ្លូវពាណិជ្ជកម្ម និងតុល្យភាពអំណាចនៅតំបន់សំខាន់ៗនៃពិភពលោក។

រូបភាពទី៣ ៖ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ (Carrier Strike Group – CSG)

រួបភាពទី៤៖ ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ (Carrier Strike Group – CSG)

ទន្ទឹមនឹងនេះ ការដាក់កម្លាំងសមុទ្ររបស់អាមេរិកនៅមជ្ឈិមបូព៌ា អឺរ៉ុប និង Indo-Pacific ក៏អាចពន្យល់តាមទ្រឹស្តី រីមលែន (Rimland) របស់លោក នីកូឡាស ជេ. ស្ពីកមែន (Nicholas J. Spykman) ផងដែរ។ ទ្រឹស្តី   រីមលែនបានលើកឡើងថា តំបន់ឆ្នេររបស់អាស៊ី និងអឺរ៉ុប គឺជាចំណុចសំខាន់សម្រាប់ការគ្រប់គ្រងពិភពលោក។[2] ដូច្នេះ វត្តមានយោធាសមុទ្ររបស់អាមេរិកនៅតំបន់ទាំងនេះ មិនមែនមានគោលបំណងការពារផ្លូវពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការទប់ស្កាត់មហាអំណាចដីគោកដូចជា រុស្ស៊ី និងចិនផងដែរ ដែលគេយល់ថាជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ។

ស្របពេលជាមួយគ្នានេះ ទ្រឹស្តីប្រាកដនិយម (Realism) និងគោលការណ៍តុល្យភាពអំណាច  (Balance of Power) ក៏ពន្យល់ផងដែរថា រដ្ឋទាំងអស់ត្រូវប្រកួតប្រជែងសម្រាប់សន្តិសុខ និងអំណាច ហើយការរក្សាតុល្យភាពអំណាច គឺជាវិធីសាស្ត្រសំខាន់ក្នុងការទប់ស្កាត់មិនឱ្យរដ្ឋណាមួយក្លាយជាអំណាចអនុត្តភាពក្នុងតំបន់។[3]

 

២- អ៊ីរ៉ង់ និងយុទ្ធសាស្ត្រអសមាមាត្រ

ដូចដែលយើងបានដឹងរួចមកហើយថា ពីចុងខែកុម្ភៈមកទល់នឹងពាក់កណ្តាល ខែមីនា ឆ្នាំ២០២៦នេះ ភាពតានតឹងរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្ហាញឱ្យឃើញពីស្ថានភាពនៃសមរភូមិប្រយុទ្ធដែលកំពុងបន្តឡើងកំដៅនិងពិបាករកច្រកចេញ ដោយអ៊ីរ៉ង់កំពុងពឹងផ្អែកលើ យុទ្ធសាស្ត្រអសមាមាត្រ (asymmetric warfare) ដើម្បីទប់ទល់នឹងគូប្រជែងដែលមានអំណាចយោធាលើសខ្លួន។ ជំនួសឱ្យការប្រឈមដោយផ្ទាល់ក្នុងទម្រង់សង្គ្រាមបែបប្រពៃណី ដែលអ៊ីរ៉ង់ដឹងថាមិនអាចប្រកួតស្មើជាមួយសហរដ្ឋអាមេរិកបាននោះ អ៊ីរ៉ង់បានជ្រើសរើសវិធី     សាស្ត្រដែលចំណាយទាប ប៉ុន្តែអាចបង្កសម្ពាធយុទ្ធសាស្ត្រខ្ពស់។

វិធីសាស្ត្រនេះរួមមានការប្រើដ្រូន និងមីស៊ីល ការប្រើបណ្តាញប្រូកស៊ីនៅលីបង់ អ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន និងការរំខានផ្លូវសមុទ្រ។ ចំណុចស្នូលនៃយុទ្ធសាស្ត្រនេះ គឺការបង្ខំឱ្យគូប្រជែងត្រូវបែងចែកធនធាន និងឆ្លើយតបនៅច្រើនសមរភូមិ។ ត្រង់យុទ្ធសាស្ត្រនេះ អ្នកតាមដានស្ថានការអន្តរជាតិហាក់យល់ថា អ៊ីរ៉ង់មិនចាំបាច់ត្រូវឈ្នះអាមេរិកក្នុងសង្គ្រាមទូលំទូលាយទេ វាត្រូវការតែបង្កថ្លៃដើមនយោបាយ សេដ្ឋកិច្ច និងយោធាឱ្យខ្ពស់ឡើង ដល់កម្រិតដែលគូប្រជែងត្រូវគិតឡើងវិញអំពីការបន្តសម្ពាធ។

អ៊ីរ៉ង់ក៏បានប្រើសមុទ្រជាសមរភូមិយុទ្ធសាស្ត្រផងដែរ។ Strait of Hormuz គឺជាច្រកសមុទ្រសំខាន់បំផុតមួយសម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក។ ដោយប្រើមីនសមុទ្រ នាវាលឿន និងមីស៊ីលប្រឆាំងនាវា អ៊ីរ៉ង់អាចរំខានដល់ការដឹកជញ្ជូនថាមពល និងបង្កសម្ពាធលើសេដ្ឋកិច្ចពិភពលោក។ លើសពីនេះ យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ក៏បានពង្រីកទៅកាន់វិស័យសាយប័រ និងសង្គ្រាមអេឡិចត្រូនិក ដែលបង្ហាញថា សង្គ្រាមសម័យថ្មីមានលក្ខណៈពហុវិស័យ និងពឹងផ្អែកលើភាពបត់បែនជាងជាងកម្លាំងតាមបែបប្រពៃណី។

សរុបមក សកម្មភាពរបស់អ៊ីរ៉ង់បានបង្ហាញថា កម្លាំងតូចជាងអាចប្រឆាំងនឹងអំណាចធំបាន ប្រសិនបើវាអាចបំលែងភាពទន់ខ្សោយរបស់ខ្លួនទៅជាប្រយោជន៍យុទ្ធសាស្ត្រ។ នេះជាចំណុចស្នូលនៃ asymmetric warfare ក្នុងសម័យទំនើប។

រួបភាពទី៥៖ ច្រកសមុទ្រសំខាន់ទាំងបីនៅមជ្ឈិមបូព៌ា ច្រកសមុទ្រហ័រម៉ូស, ច្រកបាប់ អាល់មែនដិប និងច្រកព្រែកជីកស៊ុយអេ

៣. សង្គ្រាមអ៊ុយក្រែន និង ការត្រឡប់នៃការប្រកួតប្រជែងរបស់មហាអំណាច

សង្គ្រាមនៅអ៊ុយក្រែន គឺជាភស្តុតាងសំខាន់មួយដែលបង្ហាញថា ពិភពលោកបានចាកចេញពីសម័យសន្តិភាពក្រោយសង្គ្រាមត្រជាក់ ហើយកំពុងវិលត្រឡប់ទៅរកសម័យនៃ ការប្រកួតប្រជែងរបស់មហាអំណាច (Great Power Competition) ម្តងទៀត។ ជម្លោះនេះបានបង្ហាញការត្រឡប់នៃ សង្គ្រាមបែបប្រពៃណី (conventional warfare) ដែលមានការប្រើប្រាស់កងទ័ពធំៗ អាវុធធុនធ្ងន់ និងការប្រយុទ្ធលើដីយ៉ាងទូលំទូលាយ។ ទោះបីជាមានការបញ្ចូលបច្ចេកវិទ្យាទំនើបដូចជា drone និង cyber warfare ក៏ដោយ សង្គ្រាមនេះនៅតែបង្ហាញថា កម្លាំងយោធាប្រពៃណីនៅតែមានសារៈសំខាន់ក្នុងការប្រកួតប្រជែងអំណាចរដ្ឋ។

លើសពីនេះ សង្គ្រាមអ៊ុយក្រែនក៏បង្ហាញពីតួនាទីសំខាន់នៃ      សម្ព័ន្ធមិត្ត (Alliance politics)។ អ៊ុយក្រែនបានទទួលការគាំទ្រយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តលោកខាងលិច ដូចជា NATO និងសហភាពអឺរ៉ុប ខណៈរុស្ស៊ីក៏ព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។ សង្គ្រាមនេះក៏អាចពន្យល់តាមគំនិតនៃទ្រឹស្តីទ្វេគ្រោះសន្តិសុខ (Security dilemma) ផងដែរ ព្រោះការពង្រីករបស់ NATO ទៅទិសខាងកើត ត្រូវបានរុស្ស៊ីមើលឃើញថា ជាសកម្មភាពគំរាមកំហែអដល់សន្តិសុខរបស់ខ្លួន    ខណៈពេលដែលភាគីម្ខាងទៀតមើលថា វាជាការការពារខ្លួនពីការគំរាមរបស់រុស្ស៊ី។ ទិដ្ឋភាពនេះប្រៀបបីដូចជាមនុស្ស២នាក់ដណ្តើមគ្នាដេកកណ្តាលអញ្ចឹង។

ដោយសារតែកាយល់ឃើញផ្សេងគ្នាទាំងនេះ តាមរយៈសង្គ្រាមអ៊ុយក្រែនក៏ហាក់បានបង្រៀននិងបានបញ្ជាក់ប្រាប់យើងថា ការប្រកួតប្រជែងរវាងមហាអំណាចក្នុងសម័យថ្មីនេះ គឺមិនត្រឹមតែមាននៅក្នុង          វិស័យនយោបាយ ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញក្នុងទម្រង់យោធាផងដែរ។[4]

រួបភាពទី៦ : ដែនដីអ៊ុយក្រែនដែលកាន់កាប់ដោយកម្លាំងរុស្ស៊ី

រួបភាពទី៧ : ការពង្រីកក្សសម្ព័ន្ធណាតូ

៤- អ៊ុយក្រែន និង អ៊ីរ៉ង់ក្នុងបរិបទនៃការប្រកួតប្រជែងរបស់មហាអំណាច

ពិតមែនហើយបើទោះបីសង្គ្រាមអ៊ុយក្រែន និងវិបត្តិអ៊ីរ៉ង់មានលក្ខណៈខុសគ្នាមែនពិត ក៏សារធាតុនៃសង្គ្រាមទាំងពីរនេះបានបង្ហាញឱ្យយើងឃើញច្បាស់ពីការវិលត្រឡប់មកវិញនៃការប្រកួតប្រជែងរបស់មហាអំណាច (Great Power Competition) ដូចគ្នា។ ដោយសង្គ្រាមអ៊ុយក្រែនគឺជាគំរូនៃ conventional warfare ដែលមានការប្រឈមផ្ទាល់រវាងកងទ័ពធំៗ និងការប្រើអាវុធធុនធ្ងន់។

ផ្ទុយទៅវិញ វិបត្តិអ៊ីរ៉ង់បង្ហាញពីទម្រង់នៃ asymmetric warfare ដែលផ្អែកលើដ្រូន មីស៊ីល ប្រូកស៊ី និងការរំខានផ្លូវសមុទ្រ។ ភាពផ្ទុយគ្នានេះបង្ហាញថា ការប្រកួតប្រជែងរបស់មហាអំណាចសម័យទំនើបហាក់មានដំណើរការក្នុងពេលដំណាលគ្នា។

ចំណុចរួមរបស់ជម្លោះទាំងពីរ គឺការប្រកួតប្រជែងសម្រាប់អំណាច សន្តិសុខ និងឥទ្ធិពលក្នុងតំបន់។ នៅអ៊ុយក្រែន អាមេរិកបាន  គាំទ្រតាមរយៈសម្ព័ន្ធមិត្ត និងជំនួយយោធា ខណៈដែលនៅមជ្ឈិមបូព៌ា អាមេរិកបានប្រើកម្លាំងយោធាសមុទ្រ ដូចជា CSG និងកងនាវាទី៥ ដើម្បីបង្ហាញអំណាច និងទប់ស្កាត់អ៊ីរ៉ង់។ ការណ៍នេះបង្ហាញថា Great Power Competition សម័យថ្មី មិនមានទម្រង់តែមួយទេ ប៉ុន្តែអាចបង្ហាញខ្លួនក្នុងទម្រង់ផ្សេងៗទៅតាមបរិបទនៃតំបន់។

៥- ការភ្ជាប់រវាងអំណាចសមុទ្រ និង ការប្រកួតប្រជែងមហាអំណាច

ការដាក់កម្លាំងយោធាសមុទ្ររបស់សហរដ្ឋអាមេរិកនៅតាមតំបន់សំខាន់ៗដូចជា មជ្ឈិមបូព៌ា អឺរ៉ុប ឡាទីន និង Indo-Pacific មិនមែនជាការបែងចែកកម្លាំងយោធាទូទៅ ឬសម្រាប់តាំងបង្ហាញទេ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដែលមានលក្ខណៈប្រព័ន្ធ។ វាបង្ហាញពីការភ្ជាប់គ្នារវាង Sea Power, Rimland និង Containment

នៅមជ្ឈិមបូព៌ា អាមេរិកផ្តោតលើការគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្ត្រដូចជា Strait of Hormuz និង Bab el-Mandeb។ នៅអឺរ៉ុប វាភ្ជាប់ជាមួយការគាំទ្រសម្ព័ន្ធ NATO និងការទប់ស្កាត់រុស្ស៊ីនៅ Black Sea និង Mediterranean។ នៅ Indo-Pacific វាជាផ្នែកមួយនៃការទប់ស្កាត់ការកើនឡើងរបស់ចិន និងការពារសេរីភាពនាវាចរណ៍នៅ សមុទ្រចិនខាងត្បូង(South China Sea) និង ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait)។

ដូច្នេះ ការភ្ជាប់រវាង Sea Power, Rimland និង Containment មិនមែនជាទ្រឹស្តីដាច់ដោយឡែកទេ ប៉ុន្តែជាការបញ្ចូលគ្នានៃគំនិតពហុយុទ្ធសាស្ត្រដើម្បីបង្កើត និងរក្សាអំណាចសកល។ វាបង្ហាញថា សហរដ្ឋអាមេរិកកំពុងអនុវត្តយុទ្ធសាស្ត្រដែលអាចសម្របខ្លួនទៅតាមលក្ខណៈនៃ Great Power Competition ដែលកំពុងកើនឡើង។

 

៦- អនាគតនៃប្រព័ន្ធអន្តរជាតិ

ប្រព័ន្ធអន្តរជាតិកំពុងឆ្ពោះទៅរកការផ្លាស់ប្តូរពីរចនាសម្ព័ន្ធអំណាចបែបឯកប៉ូល ទៅកាន់ប្រព័ន្ធអំណាចចម្រុះឬជាពហុប៉ូល (multipolar system) ដែលមានមហាអំណាចច្រើនចូលរួមប្រកួតប្រជែងគ្នា។ ក្នុងប្រព័ន្ធថ្មីនេះ សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី កំពុងក្លាយជាតួអង្គសំខាន់ក្នុងការកំណត់ទិសដៅនយោបាយសន្តិសុខ និងសេដ្ឋកិច្ចពិភពលោក។

លក្ខណៈសំខាន់មួយនៃប្រព័ន្ធ multipolar គឺការកើនឡើងនៃការប្រកួតប្រជែង ដែលមិនមានត្រឹមតែវិស័យយោធាទេ ប៉ុន្តែរួមបញ្ចូលទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយផងដែរ។ ជាមួយគ្នានេះ វាក៏នាំមកនូវភាពអស្ថិរភាពខ្ពស់ជាងមុន ព្រោះការគ្រប់គ្រងតុល្យភាពអំណាចកាន់តែស្មុគស្មាញ ហើយអាចបង្កឱ្យមានការយល់ច្រឡំ ឬការប៉ះទង្គិចយោធាបានងាយ។ សង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងនៅមជ្ឈិមបូព៌ា គឺជាឧទាហរណ៍ច្បាស់នៃលក្ខណៈមិនស្ថិតស្ថេរនេះ។ ស្ថានការណ៍នេះ គឺថា អត្ថន័យនៃសន្តិភាពពិភពលោកហាក់កំពុងត្រូវរងករាគំរាមកំហែងដោយមហាអំណាចរុញដាក់មាត់ជ្រោះមរណៈ។

សរុបមក អនាគតនៃប្រព័ន្ធអន្តរជាតិមិនមែនជាពិភពលោកដែលមានសន្តិភាពថេរនោះទេ ប៉ុន្តែជាពិភពលោកដែលមានការប្រកួតប្រជែងខ្ពស់ ភាពអស្ថិរភាព និងការប្រឈមយុទ្ធសាស្ត្ររវាងមហាអំណាច។

 

៧- សេចក្តីសន្និដ្ឋាន

ជាសរុប ការវិភាគនេះបានបង្ហាញថា ប្រព័ន្ធអន្តរជាតិបច្ចុប្បន្នកំពុងផ្លាស់ប្តូរពីរចនាសម្ព័ន្ធអំណាចបែបឯកប៉ូល ទៅកាន់ប្រព័ន្ធពហុប៉ូល ដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។ ក្នុងបរិបទនេះ ទ្រឹស្តីបុរាណដូចជា Sea Power, Rimland និង Balance of Power មិនត្រឹមតែមានសារៈសំខាន់ក្នុងអតីតកាលទេ ប៉ុន្តែក៏ត្រូវបានអនុវត្តវិញយ៉ាងច្បាស់ក្នុងការពន្យល់ស្ថានការណ៍សម័យបច្ចុប្បន្ន។

មជ្ឈិមបូព៌ាបង្ហាញពីតួនាទីសំខាន់នៃអំណាចសមុទ្រ និងយុទ្ធសាស្ត្រអសមាមាត្ររបស់អ៊ីរ៉ង់ ខណៈសង្គ្រាមអ៊ុយក្រែនបញ្ជាក់ពីការត្រឡប់មកវិញនៃសង្គ្រាមបែបប្រពៃណី និងការប្រកួតប្រជែងរវាងមហាអំណាច។ ដូច្នេះ ពិភពលោកសម័យថ្មីមិនមែនជាពិភពនៃសន្តិភាពថេរទេ ប៉ុន្តែជាពិភពនៃការប្រកួតប្រជែងដែលត្រូវការការគ្រប់គ្រងយុទ្ធសាស្ត្រយ៉ាងប្រុងប្រយ័ត្ន។

ម្យ៉ាងសណ្តាប់ធ្នាប់ពិភពលោកនាពេលអនាគត ហាក់នឹងត្រូវបានបង្កើតឡើងដោយពិបាកនឹងចៀសផុតពីជម្លោះបានណាស់ ប៉ុន្តែស្ថានភាពនៃជម្លោះទាំងនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងការប្រកួតប្រជែងរវាងមហាអំណាចពិភពលោក។

លក្ខណៈពិសេស​នៃ​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​កំពុង​លេចចេញ​មិនមែន​ជា​សន្តិភាព​ទេ ប៉ុន្តែ​ជា​ការប្រកួតប្រជែង​ដែល​គ្រប់គ្រង​បាន​ក្នុងចំណោមនិងកម្រិត​មហាអំណាច។ ដូច្នេះ ការគ្រប់គ្រងការប្រកួតប្រជែង  មិនមែនលុបបំបាត់វាទេ តែមានន័យថា ជាការកំណត់ស្ថិរភាពសកលនៅក្នុងសតវត្សរ៍ទី ២១។

3

បញ្ជីឯកសារយោង

  1. Mahan, Alfred Thayer. The Influence of Sea Power upon History, 1660–1783. Boston: Little, Brown, 1890.
  2. Mearsheimer, John J. “Back to the Future: Instability in Europe After the Cold War.” International Security 15, no. 1 (1990): 5–56.
  3. Morgenthau, Hans J. Politics Among Nations: The Struggle for Power and Peace. New York: Alfred A. Knopf, 1948.
  4. Spykman, Nicholas J. America’s Strategy in World Politics: The United States and the Balance of Power. New York: Harcourt, Brace and Company, 1942.

[1] Alfred Thayer Mahan, The Influence of Sea Power upon History, 1660–1783 (Boston: Little, Brown, 1890).

[2] Nicholas J. Spykman, America’s Strategy in World Politics: The United States and the Balance of Power (New York: Harcourt, Brace and Company, 1942).

[3] Hans J. Morgenthau, Politics Among Nations: The Struggle for Power and Peace (New York: Alfred A. Knopf, 1948).

[4] John J. Mearsheimer, “Back to the Future: Instability in Europe After the Cold War,” International Security 15, no. 1 (1990): 5–56.