មួយផ្នែកសំខាន់នៃគ្រឹះសេដ្ឋកិច្ចដែលបានជួយឱ្យសហរដ្ឋអាម៉េរិកពង្រឹង និងពង្រីកឥទ្ធិពលរបស់ខ្លួនដល់កម្រិតបច្ចុប្បន្ន គឺពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយតំបន់មជ្ឈឹមបូព៌ា។ ប្រសិនបើយើងត្រឡប់ទៅពិនិត្យអតីតកាល នោះយើងនឹងឃើញថា ប្រទេសដែលមានធនធានប្រេងសម្បូរបែបនៅតំបន់នេះ បានដើរតួនាទីសំខាន់ក្នុងការរក្សាជំហរអាម៉េរិកលើឆាកអន្តរជាតិ។

ជាក់ស្តែងក្នុងអំឡុងសង្គ្រាមត្រជាក់នៅទសវត្សរ៍ ១៩៧០ បន្ទាប់ពីអាម៉េរិកគាំទ្រអ៊ីស្រាអែល ប្រទេសនៅតំបន់ឈូងសមុទ្របានប្រើប្រាស់ប្រេងជាឧបករណ៍នយោបាយ ដែលបានបង្កើតវិបត្តិតម្លៃប្រេង និងប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិក និងអឺរ៉ុបយ៉ាងច្រើន។ បន្ទាប់មក នៅចុងសង្គ្រាមត្រជាក់ ប្រទេសនៅមជ្ឈឹមបូព៌ាក៏ត្រូវបានចាត់ទុកថាជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀត ដែលមានឥទ្ធិពលលើសេដ្ឋកិច្ចសហភាពសូវៀត តាមរយៈការប្រែប្រួលតម្លៃប្រេង ដែលបានបង្កើនសម្ពាធលើប្រព័ន្ធសេដ្ឋកិច្ចរបស់សហភាពសូវៀត។

ក្នុងបរិបទនៃការប្រែប្រួលប្រព័ន្ធនយោបាយពិភពលោកនោះ ប្រទេស      អ៊ីរ៉ាក់ក្រោមការដឹកនាំរបស់លោក សាដាំ ហ៊ូសេន បានវាយលុកកាន់កាប់ប្រទេសគុយវ៉ែត ដោយចោទប្រកាន់ថា មានការរំលោភលើធនធានប្រេង។ ការគណនានយោបាយរបស់សាដាំក្នុងពេលនោះ ត្រូវបានអ្នកវិភាគជាច្រើនយល់ថា ជាការមិនត្រឹមត្រូវឡើយ ហើយផ្ទុយទៅវិញ វាបានបើកផ្លូវឱ្យសហរដ្ឋអាម៉េរិកពង្រឹងវត្តមានយោធា និងឥទ្ធិពលរបស់ខ្លួននៅមជ្ឈឹមបូព៌ាឱ្យកាន់តែរឹងមាំ។

ជាក់ស្តែង បើទោះបីសាដាំហ៊ូសេនបានសន្និដ្ឋានថា អាម៉េរិកអាចនឹងមិនចូលរួមដោយផ្ទាល់ក្នុងជម្លោះនេះក៏ដោយ ក៏ស្ថានការណ៍បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សហរដ្ឋអាម៉េរិកមិនត្រឹមតែចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដឹកនាំសម្ព័ន្ធមិត្តអន្តរជាតិ ដើម្បីបណ្តេញកងទ័ពអ៊ីរ៉ាក់ចេញពីគុយវ៉ែត។ ជាលទ្ធផល អាម៉េរិកបានបង្កើតវត្តមានយោធាយូរអង្វែងនៅតំបន់ឈូងសមុទ្រ និងត្រូវបានប្រទេសក្នុងតំបន់យកអាម៉េរិកធ្វើជាអ្នកធានាសន្តិសុខសំខាន់។

ប៉ុន្តែនៅឆ្នាំ ២០២៦ សំណួរសំខាន់មួយដែលត្រូវបានលើកឡើងដោយអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិចោទសួរគឺថា ៖ តើឥទ្ធិពលអាម៉េរិកនៅមជ្ឈឹមបូព៌ាកំពុងស្រុតចុះ ឬកំពុងផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រ?

ដើម្បីឆ្លើយសំណួរនេះ អាចពិនិត្យតាមនិន្នាការសំខាន់ៗមួយចំនួន៖

  1. ស្ថានការណ៍ជម្លោះដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ បង្ហាញពីភាពស្មុគស្មាញខ្ពស់ និងមិនទាន់មានលទ្ធផលនយោបាយច្បាស់លាស់។ អ៊ីរ៉ង់នៅតែអាចប្រើប្រាស់ទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន ដូចជា ច្រកសមុទ្រហ័រមូស ជាឧបករណ៍សម្រាប់ចរចានយោបាយ។
  2. បើប្រៀបធៀបទៅនឹងសង្គ្រាមអតីតកាល ដែលអាម៉េរិកអាចសម្រេចជ័យជម្នះយ៉ាងឆាប់រហ័ស ស្ថានការណ៍បច្ចុប្បន្នបង្ហាញថា ការប្រើអំណាចយោធាមិនតែងតែអាចបំលែងទៅជាលទ្ធផលនយោបាយយូរអង្វែងបានទៀតឡើយ។
  3. ការប្រឆាំងរបស់អ៊ីរ៉ង់ក៏បានបង្កើនភាពទាក់ទាញ និងឥទ្ធិពលមួយកម្រិតនៅក្នុងតំបន់ ដែលបង្ហាញពីការកើនឡើងនៃការប្រកួតប្រជែងអំណាច។
  4. ប្រទេសនៅតំបន់ឈូងសមុទ្រមួយចំនួន បង្ហាញនិន្នាការប្រុងប្រយ័ត្ន និងពង្រីកជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន ជាពិសេសក្នុងការកាត់បន្ថយការពឹងផ្អែកលើអាម៉េរិកតែមួយ។
  5. សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនក៏បង្ហាញភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការគាំទ្រយុទ្ធសាស្ត្រអាម៉េរិក ដែលបង្ហាញពីភាពខុសគ្នានៃអាទិភាពនយោបាយ។
  6. ការចំណាយយោធាយ៉ាងច្រើន និងការចូលពាក់ព័ន្ធយូរអង្វែង អាចបង្កសម្ពាធលើសេដ្ឋកិច្ច និងសមត្ថភាពយុទ្ធសាស្ត្ររបស់អាម៉េរិក ខណៈដែលអំណាចផ្សេងៗកំពុងកើនឡើង។
  7. កត្តានយោបាយក្នុងស្រុក និងការផ្លាស់ប្តូរនៃមតិសាធារណៈ ក៏មានឥទ្ធិពលលើការសម្រេចចិត្តនយោបាយក្រៅប្រទេសរបស់អាម៉េរិកផងដែរ។
  8. សម្ព័ន្ធមិត្តអាម៉េរិកទាំងមូលក៏បង្ហាញនិន្នាការប្រុងប្រយ័ត្នខ្ពស់ជាងមុន ក្នុងការកំណត់ទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអាម៉េរិក។

សរុបសេចក្តីមក អាចនិយាយបានថា ឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកនៅ   មជ្ឈឹមបូព៌ា អាចមាននិន្នាការស្រុតចុះនូវទិដ្ឋភាពខ្លះៗ ប៉ុន្តែមិនមែនមានន័យថាបាត់បង់ទាំងស្រុងនោះទេ។ អាម៉េរិកនៅតែមានឧត្តមភាពលើឆាកអន្តរជាតិ ប៉ុន្តែបញ្ហាសំខាន់នោះគឺថា ការផ្លាស់ប្តូរនៃទំនុកចិត្ត និងបរិបទយុទ្ធសាស្ត្រ ដែលអាចក្លាយជាកត្តាសំខាន់បំផុត ក្នុងការកំណត់ឥទ្ធិពលរបស់អាម៉េរិកនៅមជ្ឈឹមបូព៌ានាពេលអនាគត។

ក្នុងន័យនេះ បញ្ហាមិនមែនស្ថិតនៅលើថា អាម៉េរិកកំពុងចាញ់ ឬឈ្នះនោះទេ ប៉ុន្តែស្ថិតនៅលើរបៀបដែលអំណាចរបស់ខ្លួនកំពុងត្រូវបានកំណត់ឡើងវិញក្នុងបរិបទពិភពលោកថ្មី