«វិញ្ញាសាកូវីដ ១៩»

1.jpg

បច្ចុប្បន្នវិទ្យាសាស្ត្រមានការរីកចម្រើនណាស់ គេអាចឡើងទៅហួសឋានព្រះចន្ទ, អាចមុជដល់បាតមហាសមុទ្រ, អាចចូលដល់ស្នូលផែនដី, អាចឆ្លុះមើលដល់អង្គធាតុតូចៗបំផុត ជាងនេះទៅទៀតវិទ្យាសាស្ត្រអាចផលិតអាវុធប្រល័យលោកបានថែមទៀតផង។

ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅមិនទាន់ខ្លាំងដល់កូវីដ១៩នៅឡើយទេ ព្រោះថាគិតមកដល់ត្រឹមព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ អ្នកវិទ្យាសាស្ត្រនៅលើលោក មិនទាន់អាចមានលទ្ធភាពយកឈ្នះកូវីដ១៩បាននោះទេ។

ក្រោយពេលបង្ហាញវត្តមានរបស់ខ្លួននៅលើផែនដី កូវីដ១៩ បានធ្វើឱ្យមនុស្សពេញពិភពលោកមានការខ្លាចរអារ និងតក់ស្លុតជាពន់ពេក។ តក់ស្លុតដោយហេតុថា ត្រឹមរយៈពេលជាង៤ខែសោះ ពោលគឺពីខែធ្នូ ឆ្នាំ២០១៩ មកទល់ដើមខែមេសា ឆ្នាំ២០២០នេះ កូវីដ១៩ បានធ្វើឱ្យមនុស្សឆ្លងចំនួន ១,២០២,៤៣៣ នាក់, ស្លាប់ចំនួន ៦៤,៧២៩ នាក់, ខណៈចំនួនអ្នកជាសះស្បើយមានចំនួន ២៤៦, ៦៣៨ នាក់។

កូវីដ១៩  ក៏បានបើកស្បៃឱ្យពិភពលោកបានឃើញនូវធាតុពិតជាក់ស្តែងមួយចំនួនផងដែរ ពីទំនាក់ទំនងរវាងប្រទេសមួយទៅប្រទេសមួយទៀតនៅក្នុងសហគមន៍ ក៏ដូចជារបៀបនៃការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសក្នុងលោក។ ត្រង់នេះបើយើងមើលតែក្នុងបរិបថអាស៊ាន យើងច្បាស់ជាឃើញនូវអ្វីដែលស្ថិតនៅពីក្រោយនៃអ្វីដែលគេនាំគ្នាហៅកាលពីឆ្នាំ២០១៥មកថា «សហគមន៍ មួយជោគវាសនាតែមួយ» ពាក្យនេះហាក់មានតែនៅលើក្រដាស់ជាជាងការអនុវត្ត ព្រោះថាបើយើងសង្កេតអំឡុងដើមឆ្នាំ២០២០ ស្របពេលដែលកូវីដ១៩ ចូលមកទឹកដីអាស៊ាន សហគមន៍មួយនេះ ហាក់បង្ហាញផ្ទុយពីខ្លឹមសារខាងលើ។ យើងអាចមើលពីទល្ហីករមួយចំនួនដូចជា ការបិទព្រំដែនដោយមិនបានប្រាប់មុនរបស់វៀតណាម ជាមួយកម្ពុជា, ការមិនឱ្យនាវាទេសចរណ៍កម្ពុជាចូលក្នុងទឹកដីវៀតណាម។

ទន្ទឹមនឹងនេះ ក៏មានដែរការចេញលទ្ធផលផ្ទុយគ្នារវាងកម្ពុជា និងម៉ាឡេស៊ីជំុវិញការធ្វើតេស្តរកកូវីដ១៩ ទៅលើស្ត្រីជនជាតិអាម៉េរិកម្នាក់អាយុ៨៣ឆ្នាំដែលបានចេញពីនាវា វ៉េស្ទើដាំ( Westerdam) ពីកម្ពុជារកមិនឃើញ តែអាជ្ញាធរ​និង​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី បាន​រក​ឃើញ​ថា អ្នក​ដំណើរ​ម្នាក់​តាម​នាវា​ MS Westerdam ដែល​បាន​ចុះចត​នៅ​កម្ពុជា​ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស Covid-១៩បន្ទាប់​ពី​ស្រ្តីវ័យ ៨៣ឆ្នាំ​រូប​នេះ បាន​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី តែក្រោយមកក៏ថាឆ្លើយថាគ្មានផ្ទុកកូវីដ១៩ទៅវិញ។ មួយវិញទៀត នាពេលថ្មីៗនេះ ខ្មែរអ៊ីស្លាមចំនួន៤០នាក់ត្រូវបានគេរកឃើញថា មានផ្ទុកកូវីដ១៩ ក្រោយពេលពួកគាត់មកពីចូលរួមកម្មវិធីសាសនានៅប្រទេសម៉ាឡេស៊ី ហើយមនុស្សជាច្រើនទៀតដែលបានមកជាមួយត្រូវបានគេដាក់នៅដោយឡែក។

ជាងនេះទៅទៀត, ពលករដែលបានចាកចេញពីប្រទេសថៃ បានរកឃើញមានផ្ទុកកូវីដ១៩ ក្រោយពេលពួកគេបានទៅដល់ឡាវ និងជនជាតិឥណ្ឌូនេស៊ី២នាក់ដែលផ្ទុកកូវីដ១៩ បានចេញពីថៃមកកម្ពុជាជាដើម។ បើជាសហគមន៍តែមួយ ហេតុអ្វីបានជាអនុញ្ញាតឱ្យអ្នកដែលមានផ្ទុកកូវីដ១៩ ចូលមកប្រទេសដទៃទៀត។

បើយើងងាកឱ្យឆ្ងាយបន្តិច យើងឃើញថានៅចំពោះមុខស្ថានការណ៍នេះ នៅតំបន់អឺរ៉ុបហាក់មានសភាពដុនដាបខ្លាំង ព្រោះថាមេដឹកនាំប្រទេសទាំងនោះហាក់មានចំណាត់ការនៅខ្វះចន្លោះច្រើនដែលនាំឱ្យពលរដ្ឋខ្លួនស្លាប់យ៉ាងគំហុកតួរយ៉ាង អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ និងអាម៉េរិកជាដើម។ អ្វីដែលគេនឹកស្មានមិនដល់នោះ គឺអាម៉េរិក បានកញ្ឆក់យកម៉ាស់ពីបារាំង ដែលបារំាងបានបញ្ចាទិញពីចិន តែបែជាអាម៉េរិកឱ្យតម្លៃទ្វេរជាសាច់ប្រាក់សុត ហើយចិនព្រមលក់ម៉ាសទាំងអស់នោះឱ្យអាម៉េរិកទៅវិញ។ ត្រង់នេះ សរបញ្ជាក់ឱ្យឃើញថា តើតម្លៃនៃមនុស្សធម៌នៅឯណា? ឯណាទោកិច្ចព្រមព្រៀងច្បាប់ពាណិជ្ជកម្មដែលប្រទេសធំៗនិងជឿនលឿនទាំងនោះតែងតែលើកឡើង និងធ្លាប់បានណែនាំដល់ប្រទេសកំពុងអភិវឌ្ឍនោះ។

មួយវិញទៀតអឺរ៉ុប ក៏ធ្លាប់បានរិះគន់ចិនមិនតិចដែរ អំពីវិធានការណ៍នៃការបង្ឃាំងមនុស្សរបស់ចិននៅក្រុង អ៊ូហាន(Wuhan) តែមកដល់ពេលនេះ ប្រទេសដែលធ្លាប់រិះគន់ និងគិតពីបញ្ហាសិទ្ធិមនុស្សសុទ្ធតែនាំគ្នាដាក់បម្រាមបែបនេះ ដើម្បីទប់ស្កាត់នៃការរីករាលដាលកូវីដ១៩។

ជាមួយគ្នានេះដែរ, នយោបាយការទូតក៏ស្តែងឡើងជាច្រើនដែរ តាមរយៈសម្ភារៈពេទ្យ និងអ្នកឯកទេសដើម្បីជួយបណ្តាប្រទេសដៃគូរក្នុងពេលមានកូវីដ១៩ , ដូចជា ចិន រុស្ស៊ី និងគុយបាជាដើម ដែលបានបញ្ជូនគ្រូពេទ្យនិងសម្ភារៈពេទ្យរបស់ខ្លួនទៅកាន់បណ្តាប្រទេសជាច្រើនដូចជា អ៊ីតាលី, បារាំង, អេស្ប៉ាញ។

ជារួមមក យើងអាចនិយាយបានថា កូវីដ១៩ អង្រួនពិភពលោក ឱ្យរង្គើរ ដែលយើងគ្រប់គ្នាអាចមើលដឹងពីរបៀបគ្រប់គ្រង និងចរិកដឹកនាំរបស់មេដឹកនាំក្នុងលោកបាន។

អត្ថបទដោយ៖ ខែក វីរៈ

Latest Spread of COVID-19 is 'Worrying'

US denies French accusations of 'hijacking' China-made coronavirus ...

Vietnamese leader calls for stronger ties at Mekong-Japan, ASEAN ...

G20 Leaders Sign Bland Communique | The Bubble

Coronavirus live updates: Cases globally surpass 660,000

Scientists Working In The Lab by stockfactory | VideoHive