ប្រទេស​ក្រីក្រ​ជាច្រើន រួម​ទាំង​ប្រទេស​កម្ពុជា​ផង សុទ្ធតែ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម ឬ EBA ដើម្បី​នាំ​ផលិតផល​ស្ទើរ​គ្រប់មុខ ទៅ​លក់​នៅ​ផ្សារ​សហភាព​អឺរ៉ុប ដោយ​មិន​ចាំបាច់​បង់ពន្ធ​។ ការ​មិន​ចាំបាច់​បង់ពន្ធ​នេះ ជួយ​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា។ ប៉ុន្តែ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ មាន​ភ្ជាប់​លក្ខខណ្ឌ​តឹងរ៉ឹង ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​នីមួយៗ ត្រូវ​គោរព។ ដោយ​ហេតុថា​កម្ពុជា ខកខាន​មិនបាន បំពេញ​តាម​លក្ខខណ្ឌ​ទាំង​នោះ​ទេ សហភាព​អឺរ៉ុប ត្រូវ​ចាប់ផ្ដើម​នីតិវិធី​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។ [1]

the_commissioners_2017_homepage.jpg

ការដក ឬ​ព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ​​របស់​សហភាព​អឺរ៉ុប ខុសពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​មាន​ដំណើរការ​​នីតិវិធី​ដ៏​ស្មុគស្មាញ ដោយ​ត្រូវ​ឆ្លងកាត់​សេចក្តីសម្រេច​របស់គណៈកម្មការ​អឺរ៉ុប​ផង សភា​អឺរ៉ុប​ផង និង​ជាពិសេស គឺ​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ដោយ​សំឡេង​ឯកច្ឆន្ទ​ក្នុង​​​​ក្រុមប្រឹក្សា​អឺរ៉ុប ដែល​មាន​តំណាង​មក​ពី​ប្រទេស​សមាជិក​ទាំង ២៨​ប្រទេស (​ក្រោយ Brexit នៅសល់ ២៧ប្រទេស)។ការដក ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធវិញ ត្រូវ​ឆ្លងកាត់​តែ​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​មួយ​តែ​ប៉ុណ្ណោះ ដោយសារ​តែ​តាមរយៈ​ច្បាប់​​ស្តីពី​ប្រព័ន្ធ​អនុគ្រោះពន្ធ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ប្រគល់​អំណាច​ដល់​​​គណៈកម្មការ ក្នុងការ​ចេញសេចក្តីសម្រេច​ (Règlement délégué/Delegated Regulation) ទាក់ទង​នឹង​ការ​ផ្តល់ ដក ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ [2]

 

យោងតាម​ច្បាប់​ឆ្នាំ២០១២​នេះ ការដក​ប្រព័​ន្ធ​អនុគ្រោះពន្ធ​អាច​ត្រូវ​ធ្វើឡើង​ចំពោះ​ប្រទេស​ណា ដែល​មាន​ការ​រីកចម្រើន​ទៅមុខ ហើយ​លែង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ (ឬប្រទេស​មានការ​អភិវឌ្ឍតិចតួច)។ រីឯ​ប្រទេស​ណា​ ដែល​នៅតែ​ជា​ប្រទេស​ក្រីក្រ ក៏ប៉ុន្តែ មិនបាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​ រួមមាន​ដូចជា ការ​គោរព​សិទ្ធិកម្មករ ប្រជាធិបតេយ្យ ឬ​គោលការណ៍​ជា​មូលដ្ឋាន​ផ្សេងទៀត ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​អន្តរជាតិ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អាច​នឹង​ត្រូវ​ព្យួរ​ជា​បណ្តោះអាសន្ន (Temporary withdrawal)។ នីតិវិធី​ព្យួរ​ជា​បណ្តោះអាសន្ន​នេះហើយ ដែល​សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ធ្វើ នៅ​ក្នុង​ករណី​ប្រទេស​កម្ពុជា ហើយ​នីតិវិធី​នេះ​មាន នៅ​ក្នុង​ច្បាប់​ស្តីពី​​ប្រព័ន្ធ​អនុគ្រោះពន្ធ ចុះថ្ងៃទី២៥ តុលា ២០១២ (ជំពូក៥) ព្រមទាំង​កំណត់​យ៉ាង​លម្អិត​នៅ​ក្នុង​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប តាមរយៈ​សេចក្តីសម្រេច​ចុះថ្ងៃ​ទី២៨ សីហា ២០១៣[3]

ដើម្បី​ចាប់ផ្តើម​ជាផ្លូវការ​នូវ​ដំណើរការ​នីតិវិធី​ក្នុងការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​នេះ គណៈកម្មការ​អឺរ៉ុប​​ត្រូវ​ចេញ​សេចក្តីសម្រេច​មួយ រួចហើយ​ត្រូវ​ជូន​ដំណឹង​អំពី​ការ​ចាប់ផ្តើម​នីតិវិធី​នេះ ទៅកាន់​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប ព្រមទាំង​ទៅកាន់​ប្រទេស​ដែល​គេ​ចង់​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ​នេះ (ក្នុងករណី​នេះ គឺ​កម្ពុជា)។ ដំណើរការ​នីតិវិធី​នេះ​ត្រូវ​ចំណាយ​ពេល​សរុប ១២ខែ ដោយ​ត្រូវ​​ចែកចេញ​ជា​ពីរ​ដំណាក់កាល។

rexfeatures_8858760q.jpg

ដំណាក់កាល​ទី១ គឺ​នៅ​ក្នុងរយៈពេល ៦ខែ រាប់ចាប់តាំង​ពី​ថ្ងៃ​ដែល​សេចក្តីសម្រេច​ចាប់ផ្តើម​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ត្រូវ​បាន​ចុះផ្សាយ​នៅ​ក្នុង​រដ្ឋកិច្ច​អឺរ៉ុប (Official Journal of the European Union) គណៈកម្មការ​អឺរ៉ុប​ត្រូវ​ធ្វើការ​តាមដាន ពិនិត្យ​ ប្រមែរប្រមូល​នូវ​រាល់​ព័ត៌មាន​ចាំបាច់​ ក្នុង​ការ​ចេញសេចក្តីសម្រេច​ថា​តើ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ នៅ​ក្នុង​អំឡុង​ពេលនេះ គណៈកម្មការ​អឺរ៉ុប​មាន​កាតព្វកិច្ចត្រូវ​តែ​បើក​ទ្វា​ចំហ​ក្នុងការ​ជជែក​ជាមួយ​នឹង​ប្រទេស​ដែល​ជា​កម្មវត្ថុ​នៃ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ។

ដំណាក់កាល​ទី២ ដែល​មាន​រយៈពេល ៦ខែ​ដែរ គឺ​ជា​ដំណាក់​កាល​នៃ​ការ​ចេញ​របាយការណ៍ និង​សេចក្តីសន្និដ្ឋាន ដើម្បី​ឈាន​ទៅ​ចេញ​សេចក្តីសម្រេច​ចុងក្រោយ។ ​នៅ​ក្នុង​ដំណាក់កាល​នេះគណៈកម្មការ​អឺរ៉ុប​ត្រូវ​រៀបចំ​ធ្វើ​របាយការណ៍​មួយ អំពី​អ្វី​ដែល​ខ្លួន​បាន​រកឃើញ នៅ​ក្នុង​រយៈពេល ៦ខែមុន។[4] របាយការណ៍​នេះ​ត្រូវ​បញ្ជូន​​ទៅ​ឲ្យ​ប្រទេសដែល​ជា​កម្មវត្ថុ​នៃ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ នៅ​ក្នុង​រយៈពេល​យ៉ាងយូរ ៣ខែ រាប់ចាប់តាំង​ពីថ្ងៃ​ផុតកំណត់​នៃ​ដំណាក់កាល​ទី១ ដើម្បី​ឲ្យ​ប្រទេស​នេះ​អាច​ធ្វើការសិក្សា​​លើ​របាយការណ៍ ហើយ​មាន​សិទ្ធិឆ្លើយតប​ទៅកាន់​គណៈកម្មការ​អឺរ៉ុបវិញ ដោយ​ការ​ឆ្លើយតប​នេះ​ត្រូវ​ធ្វើឡើង នៅ​ក្នុង​រយៈពេល​យ៉ាងយូរ ១ខែ។

បន្ទាប់មក គណៈកម្មការ​អឺរ៉ុប​ត្រូវ​ចេញ​សេចក្តីសម្រេច​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ ហើយ​សេចក្តីសម្រេច​នេះ​ត្រូវ​ធ្វើឡើង​​ដោយ​សំឡេង​ភាគច្រើន ក្នុង​ចំណោម​សមាជិក​ទាំង ២៧ នៃ​គណៈកម្មការអឺរ៉ុប។     ប្រសិនបើ​គណៈកម្មការ​សម្រេច​មិនព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធទេនោះ នីតិវិធី​ត្រូវ​បិទបញ្ចប់​ត្រឹមនេះ។ ប្រសិនបើ​គណៈកម្មការ​សម្រេច​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ សេចក្តីសម្រេច​នេះ​​ក៏​នៅ​មិនទាន់​អាច​ចូល​ជា​ធរមាន​បាន​ភ្លាមៗ​នោះដែរ ពីព្រោះ​ថា យោងតាម​មាត្រា ២៩០ នៃ​សន្ធិសញ្ញា​សហភាព​អឺរ៉ុប (សន្ធិសញ្ញា​ក្រុង​លីសបោន) សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ធ្វើឡើង​តាម​នីតិវិធី​ប្រតិភូកម្មអំណាច (Règlement délégué/Delegated regulation) អាច​ចូល​ជា​ធរមាន​បាន លុះត្រាតែ​គ្មាន​ការ​ជំទាស់​ពី​សំណាក់​សភា ឬ​ក្រុមប្រឹក្សា​អឺរ៉ុប។[5]

ដើម្បី​អាច​ជំទាស់នឹង​សេចក្តីសម្រេច​របស់​គណៈកម្មការ​បាន សភា​ត្រូវការ​នូវ​សំឡេង​ភាគច្រើន​ដាច់ខាត ចំណែក​ក្រុមប្រឹក្សា​អឺរ៉ុបវិញ​ត្រូវការ​សំឡេង​ភាគច្រើន ដែល​គោរព​ទៅ​តាម​លក្ខខណ្ឌ​ចំនួន​ពីរ គឺ ៥៥% នៃ​ប្រទេស​ជា​សមាជិក​គាំទ្រ ហើយ​ប្រទេសដែល​គាំទ្រ​នេះ​ត្រូវ​មាន​ចំនួន​ប្រជាជន​បូក​បញ្ចូល​គ្នា​ស្មើនឹង ៦៥% នៃ​ចំនួន​ប្រជាជន​សរុប​របស់​សហភាព​អឺរ៉ុប​ទាំងមូល។

យោងតាម​នីតិវិធី ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​ការ​បង្កើត​ប្រព័ន្ធ​អនុគ្រោះពន្ធ ប្រសិនបើ​ សភា​អឺរ៉ុប ឬ​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រេច​មិនជំទាស់ ឬ​មិន​អាច​រក​សំឡេង​ភាគច្រើន​ ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​បានទេ ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នឹង​ត្រូវ​ចូល​ជាធរមាន ៦ខែ រាប់ចាប់​ពីថ្ងៃ​ដែល​​គណៈកម្មការ​អឺរ៉ុប​អនុម័ត​សេចក្តីសម្រេច​ព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

image

បើផ្អែកទៅលើយន្តការទាំងនេះ កម្ពុជានៅមានពេលវេលាច្រើនគួរសំសម្រាប់រៀបចំខ្លួនក្នុងការចរចារ ឬរិះរកមធ្យោបាយណាមួយដើម្បីជំរុញឱ្យការព្យួរ EBA នេះនៅទ្រឹងឬឈានទៅរកការដកទាំងស្រុងគឺត្រូវរងចាំមើលបន្តទៀតអំពីការវិវត្តថ្មីៗ ឬជំហររបស់រាជរដ្ឋាភិបាល។  ច្បាស់ណាស់ ក្នុងនាមជារដ្ឋាភិបាលមួយដែលកើតចេ្ពីការបោះឆ្នោតដែលមានប្រជាជនចូលរួមចំនួន៨៣.០២% កាលពីឆ្នាំ២០១៨កន្លងទៅនេះ នឹងមិនទុកឱ្យស្ថានការណ៍វិវត្តន៍ទៅរកភាពចម្រូងចម្រាស់នោះឡើយ ព្រោះថាប្រជាជនស្ទើរទូទាំងប្រទេសបានគាំទ្រយ៉ាងគំហុកមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះការក្សាបាននូវប្រជាប្រិយភាពសម្រាប់ពេលបច្ចុប្បន្ននិយាយជារួម និងសម្រាប់ខាងមុខពោលគឺក្នុងឆ្នាំ២០២៣និយាយដោយឡែក គឺជាចំណុចអាទិភាពមួយចាំបាច់សម្រាប់រដ្ឋាភិបាលនាអាណត្តិទី៦នេះ រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធអាចនឹងស្វែងរកផ្លូវកណ្តាលណាមួយដើម្បីសម្រួលស្ថានការណ៍នៅចមពោះមុខនេះ ឱ្យមានភាពធូស្រាលឡើងវិញជាក់ជាមិនខាន។

ឯកសារពិគ្រោះ

[1]  https://www.rfa.org/khmer, accessed on February 26, 2019 at 14: 54 p.m.

[2] http://km.rfi.fr, accessed on February 27, 2019 at 14: 40 p.m.

[3] ibid

[4] ibid

[5] ibid