កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាល​មូស្គូ (Moscow) បាន​ប្រកាស​ចាត់វិធានការ​ប្រឆាំង​ភេរវកម្មដោយបានហាមមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីផ្ទះឡើយ ក្រោយពេល ក្រុមទាហានស៊ីឈ្នួល ​វ៉ាក់ណែ (Wagner) បានលើកទ័ពចេញពីទឹកដីអ៊ុយក្រែន រួចបែរចុងកាណុងតម្រង់ឆ្ពោះទៅកាន់ទីក្រុង Moscow។ ([1]) ការណ៍នេះ នាំឱ្យពិភពលោក ពិសេសអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិហាក់មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងមានការចោទសួរយ៉ាងខ្លាំងពីសំណាក់សាធារណជន អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ ក៏ដូចជាក្នុងស្រទាប់អ្នកសិក្សាស្រាវជ្រាវ ព្រោះថាក្រុម​ទាហាន​ស៊ីឈ្នួល​Wagner​ គឺជា​ដៃគូប្រយុទ្ធ​ដ៏សំខាន់​របស់​កងទ័ពរុស្ស៊ីនៅក្នុង​សមរភូមិ​អ៊ុយក្រែននេះ ហើយជាពិសេសនៅតំបន់ភាគខាងកើតអ៊ុយក្រែនតែម្តង។

ម្យ៉ាងវិញទៀត ក្រុមទាហានស៊ីឈ្នួលWagner ​ក៏បានទទួល​អាវុធ​ពីកងទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធ​នៅអ៊ុយក្រែនថែមទៀតផង។ ([2]) ផ្ទុយទៅវិញ នៅដំណាក់កាលចុងក្រោយនេះ ស្ថានការណ៍បានឈានទៅដល់បរិបទថ្មី ព្រោះគេពិតជាមិននឹកស្មានដល់​ថា ក្រុមទាហាន​ស៊ីឈ្នួលរុស្ស៊ី Wagner ​អាចងាកមកចាក់ពីក្រោយខ្នងរុស្ស៊ីវិញនោះឡើយ។

ដូច្នេះ តើក្រុម Wagner និងរុស្ស៊ីមានទំនាក់ទំនងគ្នាស្អិតរមួត និងល្អូកល្អឿននឹងគ្នាដល់កម្រិតណា? ហើយតើមានដើមចមអ្វីខ្លះទើបធ្វើឱ្យ Wagner និងរុស្ស៊ីឈានដល់ដំណាក់កាលចែកផ្លូវគ្នាយ៉ាងនេះ? ឬមួយសភាពការណ៍នេះ គ្រាន់តែជាសេណារីយោមួយដែលគេរៀបចំឡើង ដើម្បីបំភាន់ភ្នែកពិភពលោក? ឬមួយតើវាជាការបង្កើតព្រឹត្តិការណ៍ដើម្បីលុបលើព្រឹត្តិការណ៍ឬ?

រូបភាពពីhttps://rb.gy/or47k     

មុននឹងឈានដល់ចម្លើយនៃសំណួរទាំងអស់នេះ យើងត្រូវសម្លឹងមើលពីជ្រុងផ្សេងៗជាមុនសិន ឬយើងអាចនិយាយតាមបែបផ្សេងថា សម្លឹងមើលឱ្យបានច្រើនជ្រុងជាមុនសិន រួចចាំទាញសេចក្តីសន្និដ្ឋានតាមក្រោយ ដោយយើងពិនិត្យមើលជ្រុងចំនួន៥ ដូចខាងក្រោម៖

ជ្រុងទី១. អំពីក្រុមទាហានស៊ីឈ្នួល Wagner  

បង្កើតឡើងដំបូងក្នុងឆ្នាំ២០១៤ ក្រុមWagner (ហៅជាផ្លូវការថា PMC Wagner) ដែលពេលនោះក្រុម Wagner គាំទ្រកងកម្លាំងបំបែកខ្លួន (ក្រុមផ្តាច់ទឹកដីចេញពីអ៊ុយក្រែន) ដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ នៅដំណាក់កាលនោះ Wagner មានអ្នកប្រយុទ្ធត្រឹមតែ     ៥000នាក់([3]) ប៉ុណ្ណោះ ដែលភាគច្រើនជាអតីតយុទ្ធជននៃកងវរសេនាធំវរជន និងកងកម្លាំងពិសេសរបស់រុស្ស៊ី។ នៅដំណាក់កាលបន្តបន្ទាប់ក្រុម Wagner បានវិវត្តខ្លួនទៅជាអង្គការសម្ងាត់មួយដែលប្រតិបត្តិការក្នុងប្រទេសនានាមួយចំនួន រួមមានអ៊ុយក្រែន ស៊ីរី លីប៊ី សាធារណរដ្ឋអាហ្វ្រ៊ិកកណ្តាល ស៊ូដង់ ម៉ាលី និងម៉ូសំប៊ិក។

នៅក្នុងសង្គមរុស្ស៊ី ការបង្កើតក្រុមកងទ័ពស៊ីឈ្នួល គឺជារឿងខុសច្បាប់ ប៉ុន្តែនៅឆ្នាំ២០២២កន្លងទៅថ្មីៗនេះក្រុម Wagner បានចុះបញ្ជីជាក្រុមហ៊ុន និងបានបើកការិយា ល័យកណ្តាលថ្មីនៅទីក្រុង  St Petersburg។([4])  នៅក្នុងឆ្នាំ២០២៣នេះ Wagner ដឹកនាំដោយលោក ព្រីកូស៊ីន (Prigozin) ដែលមានកងទ័ពស៊ីឈ្នួលសរុបចំនួន២៥០០០ ហើយទ័ពដែលប្រយុទ្ធនៅអ៊ុយក្រែន៨០%ជាអ្នកទោស។ ([5])

មុនពេលចូលប្រយុទ្ធក្នុងសង្គ្រាម ឈ្លានពានអ៊ុយក្រែន ក្រុម Wagner បានបង់ប្រាក់ឱ្យអ្នកប្រយុទ្ធរបស់ខ្លួនក្នុងមួយខែមានត្រឹម £៤,៤០០  ឬស្មើនឹង ៥,៥៥៣.៤៩ $ប៉ុណ្ណោះ  ក៏ប៉ុន្តែចំនួនទឹកប្រាក់ឈ្នួលនេះបានបង្កើនជិតពីរដង ក្រោយពេលក្រុមWagner ចូលប្រយុទ្ធនៅសមរភូមិអ៊ុយក្រែនដោយផ្តល់ប្រាក់ចំនួន £៨,០០០ ឬស្មើនឹង ១០,០៩៧.៥១$ ក្នុងមួយខែ។([6]) ខណៈពេលដែលប្រាក់ឈ្នួលប្រចាំខែកើនឡើងយ៉ាងដូច្នេះ គុណភាពទាហានបានធ្លាក់ចុះ  គឺថាពីមុន Wagner ជ្រើសរើសតែមនុស្សដែលមានបទពិសោធច្រើនក្នុងវិស័យយោធាប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីសង្រ្គាមអ៊ុយក្រែនបានចាប់ផ្តើមមក Wagner ជ្រើសរើសយកអ្នកមិនសូវមានបទពិសោធ សំខាន់ឱ្យតែហ៊ានប្រយុទ្ធ ហ៊ានពលីក្នុងសមរភូមិ។

 រីឯគ្រឿងសព្វាវុធវិញ  ក្រុមWagner មានអាវុធធុនធ្ងន់ អាវុធការពារដែនអាកាស និងរថយន្តប្រយុទ្ធ    SA-22sជាដើម។ ក្រៅពីនោះក្រុមWagner ក៏មានយន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយខ្លីផងដែរ ដែលរុស្ស៊ីជាអ្នកផ្គត់ផ្គង់ឱ្យ។ បន្ថែមពីលើនេះ ក្រុមWagner ក៏មានរថក្រោះ និងរថយន្តយោធាផ្សេងទៀត ជាច្រើនដែលពួកគេអាចប្រើប្រាស់ និងមានអានុភាពខ្លាំងក្នុងការប្រយុទ្ធ។

រូបភាពពីhttps://rb.gy/1opqy    

 

ចំពោះទ្រព្យសម្បត្តិរបស់ក្រុម Wagner  ពិសេសរបស់លោក Yevgeny Prigozhin មេដឹកនាំក្រុម Wagner មានទ្រព្យសម្បត្តិច្រើនជាង ៨០០ លានផោន ឬប្រហែលនឹង ១ពាន់លានដុល្លារ។([7])  ប្រភពចំណូលនេះ បានមកពីប្រតិបត្តិការធនធានធម្មជាតិ ដូចជាការទាញយកប្រេង ឧស្ម័ន ពេជ្រ និងមាស។ ដើម្បីងាកចេញពីការដាក់ទណ្ឌកម្ម ឬការបង្កកទ្រព្យសម្បត្តិពីលោកខាងលិច  ក្រុម Wagner បានជ្រើសរើសការទូទាត់ដោយមិនប្រើជាលុយនោះទេ គឺទូទាត់ជាលោហធាតុ ដូចជារ៉ែ ត្បូង ពេជ្រ មាស ព្រោះវាពិបាកក្នុងការតាមដាន។ កាលពីខ្លួនធ្វើប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី ក្រុមWagner បានទូទាត់ជាប្រេងនិងឧស្ម័ន។

ដូចនេះ តើក្រុមទាហានស៊ីឈ្នួល Wagner មានទំនាក់ជាមួយថ្នាក់ដឹកនាំរុស្ស៊ីកម្រិតណា ទើប Wagner អាច ឈរជើងបាននៅក្នុងសង្គមរុស្ស៊ី ហើយបើកការិយាល័យក្រុមហ៊ុនកណ្តាលនៅរុស្ស៊ីបាន?

ជ្រុងទី២. អំពីទំនាក់ទំនងរវាងថ្នាក់ដឹកនាំរុស្ស៊ីនិងក្រុម Wagner

មេដឹកនាំក្រុមWagner លោកPrigozhin  និងលោកពូទីនប្រធានាធិបតីរុស្ស៊ី គឺជាមនុស្សដែលមានទំនាក់ទំនងជិតស្និទនឹងគ្នា។  អ្នកទាំងពីរមានដើមកំណើតនៅទីក្រុងឡេនីនក្រាតដូចគ្នា ដែលបច្ចុប្បន្ននេះមានឈ្មោះថា ទក្រុង St. Petersburg។  កើតនៅឆ្នាំ ១៩៦១ លោក Prigozhin បានចូលរៀននៅសាលាកីឡា ដោយជ្រើសរើសប្រភេទជាអ្នកជិះស្គីឆ្លងប្រទេស។ ក្នុងវ័យជំទង់ លោកPrigozhin ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយជាប់ចោទពីបទល្មើសជាច្រើន រួមទាំងចោរកម្មផង។ នៅក្នុងឆ្នាំ១៩៨១  តុលាការព្រហ្មទណ្ឌទីក្រុង Leningrad បានកាត់ទោសគាត់ឱ្យជាប់គុកសម្រាប់ឧក្រិដ្ឋកម្មផ្សេងៗ ដូចជាពីបទប្លន់ស្ត្រីម្នាក់ដោយកាំបិត និងពីបទចោរគាស់ផ្ទះនិងពីបទចោទជាច្រើនករណីផ្សេងទៀត។ ([8]) លោក Prigozhin ត្រូវបានដោះលែងនៅឆ្នាំ១៩៩០ ពោលគឺមួយឆ្នាំមុនពេលការដួលរលំនៃសហភាពសូវៀត។ មិនយូរប៉ុន្មាន នាពេលក្រោយមកគាត់បានបើកកន្លែងលក់hotdogនិងបន្តបើកភោជនីយដ្ឋានជាបន្តបន្ទាប់។  

នៅដើមឆ្នាំ ២០០០ ជាពេលដែលលោកប្រធានាធិប តីវ័យក្មេង Vladimir Putin បានឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី លោកបានជ្រើសរើសភោជនីយដ្ឋានរបស់លោកPrigzhinនេះ សម្រាប់ទទួលភៀវឥស្សរជនបរទេសល្បីៗ ដូចជាលោកប្រធានាធិបតីបារាំង  Jacques Chirac ជាដើម។ ([9])  បន្តិចម្តងៗទំនាក់ទំនងយ៉ាងស្អិតរមួត រវាងលោកពូទីននិងលោក Prigozhin នេះត្រូវបានស្តែងឡើងជាបន្តបន្ទាប់ តាមរយៈការងារផ្សេងៗជាច្រើនដោយរួមទាំងការផ្តល់ជូនលោក Prigozhin នូវកិច្ចសន្យារ៉ាប់រងក្នុងការផ្គត់ផ្គង់អាហារសម្រាប់សាលារដ្ឋនៅទីក្រុង Moscowទាំងមូលមុខជំនួញផ្សេងទៀត និងឈានដល់វិស័យយោធា។

ជាងនេះទៅទៀតក្នុងឆ្នាំ២០១០ លោកពូទីនបានជួយបើករោងចក្ររបស់ Prigozhin ដែលត្រូវបានសាងសង់ឡើង ដោយប្រាក់កម្ចីដោយធនាគាររដ្ឋថែមទៀតផង។ នៅទីក្រុងមូស្គូ ក្រុមហ៊ុនរបស់Prigzhin បានទទួលប្រាក់ចំណេញរាប់លានដុល្លារ ក្នុងកិច្ចសន្យាផ្តល់អាហារនៅសាលារដ្ឋ។ Prigozhin ក៏បានទទួលសិទ្ធក្នុងការរៀបចំម្ហូបអាហារសម្រាប់ព្រឹត្តិការណ៍វិមានក្រឹមឡាំង អស់រយៈពេលជាច្រើនឆ្នាំដោយធ្វើឱ្យគាត់ទទួលបានរហស្សនាមថា «ចុង ភៅពូទីន»([10]) និងបានផ្តល់ឱ្យក្រុមហ៊ុនលោកPrigozhin ក្នុងការផ្តល់សេវាកម្មម្ហូបអាហារ និងឧបករណ៍ប្រើប្រាស់ដល់យោធារុស្ស៊ី។

រូបភាពពីhttps://rb.gy/1opqy    

ជារួម ទំនាក់ទំនងរវាងលោក ពូទីន និងលោក Prigozhin ហាក់មានភាពល្អូកល្អើននឹងគ្នាខ្លាំងណាស់ ជាដៃគូសហការរកស៊ីជាមួយគ្នាយ៉ាងជិតស្និទ្ធ តាំងពីមុនគាត់បង្កើតក្រុមWganerទៅទៀត  ហើយគេជឿជាក់ថា ក្រុមទាហានស៊ីឈ្នួលនេះ បើគ្មានលោក ពូទីន នៅខាងក្រោយទេ គឺគាត់មិនអាចឈរជើងបានរឹងមាំយ៉ាងនេះទេ។  បើជិតស្និទ្ធយ៉ាងនេះ ចុះហេតុអ្វីបានជានាំឱ្យលោកPrigozhin សម្រេចចិត្តដើរដល់ផ្លូវបំបែករវាងមិត្តភាពអ្នកទាំងពីរ?

ជ្រុងទី៣. មូលហេតុដែលធ្វើឱ្យក្រុមWagnerបែរ  កាណុងចូលMoscow

ចំណងមិត្តភាពរវាងMoscow  និង ក្រុមទាហានស៊ីឈ្នួលWagner បានឈានដល់ស្ថានការណ៍ដែលមើលមុខគ្នាមិនចំយ៉ាងនេះ បង្កឡើងដោយហេតុផលចំនួន៥ ដែលលោក Prigozhin តែងបង្ហាញសារមិនពេញចិត្តរបៀបនេះតាមប្រព័ន្ធវីដេអូជារឿយៗ។

ហេតុផលទី១. លោក Pringozhin ខឹងសម្បាយ៉ាងខ្លាំងនឹងថ្នាក់ដឹកនាំយោធារុស្ស៊ី ដោយបានរិះគន់មិនសំចៃមាត់ និយាយប្រមាថ​ទាំង​មេបញ្ជាការកងទ័ពរុស្ស៊ី ទាំង​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី ថា អសមត្ថភាព([11]) គ្មាន​យុទ្ធសាស្រ្ត​ប្រយុទ្ធ​នៅ​ក្នុងសមរភូមិ​អ៊ុយក្រែន ហើយគោលដៅរបស់គាត់ទៅកាន់ក្រុងMoscow មិនមែនដើម្បីផ្តួលរលំលោកពូទីននោះឡើយ គឺចង់ទៅរកមេទ័ពរុស្ស៊ី។
ហេតុផលទី២. បើទោះបីជា ក្រុមWagnerនិងMoscow មានសត្រូវរួមគ្នាក៏ពិតមែនតែ នាពេលនេះ លោក Pringozhin បែរជាខឹងនឹងថ្នាក់ដឹកនាំកងទ័ពរុស្ស៊ី ដែលតែងកេងចំណេញយកក្រេឌីតពីលើក្រុមខ្លួនលើជ័យជម្នះនៅអ៊ុយក្រែន។ ([12])  
ហេតុផលទី៣. លោក Prigozhin ​នៅបាន​ចោទប្រកាន់​រដ្ឋមន្រ្តីការពារ​ជាតិ​រុស្ស៊ី​ថា មានចេតនា​មិនផ្តល់អាវុធ​ឱ្យទាហានស៊ីឈ្នួលរបស់ខ្លួន និងបានប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង។
ហេតុផលទី៤. មេក្រុមទាហានស៊ីឈ្នួល Wagner លោក Prigozhin ខឹងនឹងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីដែលបានទម្លាក់គ្រាប់បែក និងវាយឆ្មក់លើទាហានស៊ីឈ្នួលWagner ។ ការវាយប្រហារមកលើគ្នាឯងនេះ បណ្តាលឱ្យក្រុមទាហានស៊ីឈ្នួល Wagner បាត់បង់អាយុជីវិតអស់ជាច្រើននាក់។
ចំណែកហេតុផលទី៥. គឺលោកPrigozin ចង់បានយុត្តិធម៌ពីសម្រាប់ក្រុមទាហានរបស់ខ្លួន។ ការលើកទ័ពទៅMoscowនេះ​មិន​មែន​ជា​រដ្ឋ​ប្រហារ​យោធា​ទេ ប៉ុន្តែ​ជា​ការ​ស្វែងរក​យុត្តិធម៌ប៉ុណ្ណោះ។ ([13]) 
 
រូបភាពពីhttps://rb.gy/t8kdi   
ជ្រុងទី៤.  ស្ថានភាពប្រយុទ្ធនៅសមរភូមិអ៊ុយក្រែន 

សមរភូមិប្រយុទ្ធនៅលើទឹកដីអ៊ុយក្រែន បានអូសបន្លាយពេលជាងពីរឆ្នាំមកហើយ រាប់ចាប់តាំងពីការចូលឈ្លានពានទឹកដីអ៊ុយក្រែនដំបូងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ដែលកាលនោះមានសេចក្តីរាយការណ៍ថា ដើមហេតុដំបូងគឺក្រុមទាហានស៊ីឈ្នួល Wagner បានបន្លំខ្លួនធ្វើជាទាហានអ៊ុនក្រែន ([14])  បើកការវាយប្រហារមកលើ រុស្ស៊ី ហើយរុស្ស៊ីយកលេសនេះ ដើម្បីវាយសម្រុកចូលទឹកដីអ៊ុយក្រែនតែម្តង។

មែនទែនទៅ មានភ្លើងច្បាស់ជាមានផ្សែង ហើយការលើកទ័ពចូលឈ្លានពានអ៊ុយក្រែន គឺមានហេតុផលធំនៅពីក្រោយ។  គេនៅចាំបានថា មុនឈានដល់ការចូលឈ្លានពានអ៊ុយក្រែន ពោលគឺ នៅថ្ងៃទី១៧  ខែធ្នូ   ឆ្នាំ២០២១ ([15])        រុស្ស៊ីបានដាក់ សំណើដែលបញ្ជាក់ពីការទាមទាររបស់ខ្លួនទៅកាន់អង្គការណាតូ និងសហរដ្ឋអាម៉េរិក។ ដោយរុស្ស៊ីបានស្នើមិនឱ្យអ៊ុយក្រែន ចូលក្នុងអង្គការណាតូទេ តែណាតូ និងសហរដ្ឋអាម៉េរិកហាក់មិនសូវអើពើ ហើយអ្វី​ដែល​វិមាន​ក្រឹមឡាំង​ព្រួយ​បារម្ភ​នោះ​គឺ​ថា ​អាម៉េរិក​នឹង​ដាក់​ពង្រាយ​កាំជ្រួច ឬ​ខែលការពារ​មីស៊ីល​នៅ​លើ​ដី​អ៊ុយក្រែន។ ម្យ៉ាងវិញទៀត ទីក្រុងMoscow បានសើ្នឱ្យណាតូ បញ្ឈប់រាល់ការដាក់ពង្រាយមីស៊ីលផ្លោង រយៈចម្ងាយមធ្យមនៅក្នុងទ្វីបអឺរ៉ុប និងការកំណត់ការធ្វើសមយុទ្ធយោធានៅជិតព្រំដែនរុស្ស៊ី។ រុស្ស៊ីចាត់ទុកសកម្មភាពទាំងអស់នោះ គឺជាការ គំរាមកំហែងដល់សន្តិសុខរុស្ស៊ី។ បើគិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ ស្ថានភាពប្រយុទ្ធនៅបន្តមានភាពក្តៅគគុកនៅឡើយ ហើយក៏មិនទាន់មានសញ្ញាណថមថយនៅឡើយទេ ត្បិតបច្ចិមប្រទេសបង្កើនការផ្តល់ជំនួយយោធាបន្ថែមមកអ៊ុយក្រែន ហើយរុស្ស៊ី ក៏នៅបង្កើនការវាយប្រហារដដែល។ ពេលនេះ រុស្ស៊ីដណ្តើមបានតំបន់អ៊ុយក្រែនមួយចំនួនមកក្រោមការកាន់កាប់របស់ខ្លួនដែលមាន ដូចជាតំបន់LUHANSK, Bakhmut, Donetsk, Marinka, Mariupol,ZAPORIZHZHIA ជាដើម។ ([16])  

រូបភាពពីhttps://rb.gy/39lx5  

ពិតណាស់ ពីដំបូងឡើយបញ្ហាអ៊ុយក្រែននិងរុស្ស៊ីគឺជារឿងទ្វេភាគី តែមកដល់ពេលនេះ សភាពការណ៍កាន់តែឡើងកម្ដៅ ព្រោះវាបានចូលដល់ការប្រយុទ្ធដោយប្រយោល រវាងរុស្ស៊ីនិងបក្សសម្ព័ន្ធណាតូ តាមរយៈការផ្តល់សព្វាវុធដល់អ៊ុយក្រែន។ ការណ៍នេះ នាំឱ្យប្រទេសលោកខាងលិចចំណេញ ព្រោះខ្លួនអាចមានលេស ស្នើសុំបង្កើនកញ្ចប់ថវិការបស់ខ្លួនទៅកាន់សភា ក្រោមរូបភាពផ្តល់ជំនួយដល់អ៊ុយក្រែន ជ្រុងម្ខាងទៀតចំណេញ ព្រោះពួកគេអាចសាកអាវុធដែលពួកគេទើបផលិតថ្មីៗ ថាតើវាមានប្រសិទ្ធភាពកម្រិតណា ឬត្រូវការបង្កើនបច្ចេកទេសផ្នែកណាទៀត។

 ម្យ៉ាងវិញទៀត ការបញ្ជូនសព្វាវុធទាំងអស់នោះ ក៏ជាការផ្សព្វផ្សាយនូវសក្តានុពលអាវុធរបស់ពួកគេ ដើម្បីស្វែងរកទីផ្សារផងដែរ។ រីឯជ្រុងទី៣ ពួកគេអាចធ្វើឱ្យ      រុស្ស៊ីចំណាយលុយក្នុងសង្គ្រាមនេះ ឱ្យកាន់តែច្រើនមានចេតនារាំងខ្ទប់សេដ្ឋកិច្ចរុស្ស៊ី ក្រោយរុស្ស៊ីសំងំលក់ភោគផលធម្មជាតិនិងឧស្ម័នបានយ៉ាងច្រើននាពេលកន្លងមក។

ពិតណាស់សង្គ្រាមនេះ អ្នកដែលរងទុក្ខវេទនានោះ គឺប្រជាជនស្លូតត្រង់ទាំង ប្រជាជនអ៊ុយក្រែននិងប្រជាជនរុស្ស៊ី ហើយវីរភាពមានតែលោកពូទីន និងលោកហ្សេលេនស្គី (ប្រធាថាធិបតីអ៊ុយក្រែន) ប៉ុណ្ណោះ។

ជ្រុងទី៥.  ស្ថានភាពសង្គម និងសេដ្ឋកិច្ចរុស្ស៊ី

ដើម្បីឆ្លើយតបទៅនឹង សកម្មភាពឈ្លានពានរបស់  រុស្ស៊ីនៅអ៊ុយក្រែន បច្ចិមប្រទេសបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងដំណំមកលើរដ្ឋាភិបាលលោកពូទីន ដោយផ្តាច់រាល់ការរកស៊ីជាមួយក្រុមហ៊ុនរុស្ស៊ី និងបានដាក់ឱ្យរុស្ស៊ីនៅឯកោតែឯង។ ការណ៍នេះ ទំនងជាធ្វើឱ្យផលប៉ះពាល់ដល់សេដ្ឋកិច្ច  រុស្ស៊ីចៀសមិនផុត។ ម្យ៉ាងវិញទៀត វិបត្តិសង្គមក៏ជាបញ្ហាប្រឈមខ្លាំងណាស់ដែរ ដូចជាតម្លៃទំនិញឡើងថ្លៃ,អតិផរណានិងភាពអត់ការងារធ្វើរបស់យុវជន,បញ្ហាជនភៀសខ្លួនដែលគេចពីសង្គ្រាមនៅតាមព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន សុទ្ធសឹងជាវិញ្ញាសាមួយដែលមិនមានភាពងាយស្រួលប៉ុន្មានទេដល់រដ្ឋាភិបាលក្រុងMoscow។   

បើយោងតាម តាមការចុះផ្សាយ របស់គេហទំព័រ Economics Observatory បានបង្ហាញថា នៅដើមឆ្នាំ២០២៣ GDP រុស្ស៊ីធ្លាក់ចុះ ចន្លោះចាប់ពី៧ទៅ១០%([17]) រីឯការចំណាយប្រចាំឆ្នាំរបស់រុស្ស៊ី ក៏មានការប្រែប្រួលផងដែរ។ ប្រភពដដែលនេះ ក៏បានបង្ហាញផងដែរថា កញ្ចប់ថវិកាជាតិរុស្ស៊ីក្នុងឆ្នាំ២០២៣ បានចំណាយខ្លាំងលើ     សន្តិសុខជាតិចំនួន៥០% បើធៀបទៅនឹងឆ្នាំ២០២២ បានកាត់បន្ថយការចំណាយលើវិស័យសុខាភិបាលមានចំនួន ៩%, បន្ថយ២% លើវិស័យអប់រំ, បន្ថយ២៤%  វិស័យហេដ្ឋារចនាសម្ព័ន្ធនិងបន្ថយ១៩%([18]) នៅក្នុងវិស័យឧស្សាហ      កម្ម។ ទាំងអស់នេះ គឺស្ថិតនៅក្នុងបរិបទនៃឱនភាពថវិកាដែលកើនឡើងយ៉ាងខ្លាំង។  ដូច្នេះ  ស្ថានភាពសង្គមរុស្ស៊ីទំនងស្ថិតនៅក្នុងដំណាក់កាលមួយដែលអួអាប់ ហើយស្ថានភាពនេះវាក៏បានជះឥទ្ធិពលអវិជ្ជមានដល់ការដឹកនាំរបស់លោកពូទីន និងប្រជាប្រិយភាពរបស់លោកផងដែរ។

ជារួម បើផ្អែកលើជ្រុងទាំង៥ ដូចដែលបានរៀប រាប់ខាងលើ យើងអាចមើលឃើញនូវសេណារិយោចំនួន៤ ជុំវិញរដ្ឋប្រហារជាទម្រង់កូនកាត់នៅរុស្ស៊ី កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

សេណារីយោទី១. វាជានយោបាយស្រោចគល់ឬនយោបាយកាំបិតចិតដងឯង ព្រោះលោក Prigozin គឺជាមិត្តល្អនឹងរដ្ឋាភិបាលមូស្គូ តែបែរជាទៅវាយបកខ្លួនឯងទៅ វិញ។ ករណីបែបនេះ ក៏ធ្លាប់មានម្តងរួចមកហើយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក គឺអាល់កៃដាជាក្រុមមួយដែលអាម៉េរិកជួយទំនុបបម្រុង ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងវត្តមានកងទ័ពសហភាពសូវៀត ដែលបានវាយចូលទឹកដីអាហ្វហ្កានីស្ថានកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែក្រោយមកក្រុមអាល់កៃដា ក៏បានងាកទៅវាយបកលើអាម៉េរិកវិញ ដោយបើកយន្តហោះបុកអគារពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១។ 
សេណារីយោទី២. ជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វប្រាំ។  
សត្វទី១. គឺលើកព័ទនេះ ចូលទៅមូស្គូទំនងជាដើម្បីបង្វែរស្ថានការណ៍មហាជនរុស្ស៊ី ក៏ដូចជាដើម្បីយកលេសនេះចេញវិធានការតឹងរឹង ក្នុងការគ្រប់គ្រងសភាពការណ៍ដែលកំពុងមានភាពតានតឹង ក្រោយទណ្ឌកម្មសេដ្ឋកិច្ចរបស់បច្ចិមប្រទេស ព្រោះថាវាដូចនៅលើគោកពេក បើពិនិត្យមើលលើចម្ងាយផ្លូវដែលក្រុម Wagner ចេញពីតំបន់ Rostov-on-Don ទៅទីក្រុង Moscowគឺមានចម្ងាយឆ្ងាយណាស់រហូតដល់ទៅ៦៥១ម៉ាល៍ឬប្រហែលនឹង១ ០៣៨គ.ម ឯណោះ  សំណួរសួរថា រយៈចម្ងាយផ្លូវយ៉ាងនេះ ហេតុអីក៏ Wagner អាចវាយចូលបានស្រួលម្លេះ? ហេតុអ្វីកងទ័ពរុស្ស៊ីមិនមានការជូនដំណឹងមកMoscow អំពីសភាពការណ៍នេះ ព្រោះ Rostov-on-Don ជាទីតាំងបញ្ជាការធំសម្រាប់ប្រតិបត្តិការនៅអ៊ុយក្រែន។  ឬមួយកងទ័ពរុស្ស៊ីនិងប្រជាជនរុស្ស៊ីមិនពេញចិត្តនឹងការដឹកនាំរបស់លោកពូទីន ទើបបើកផ្លូវឱ្យWagner ចូល? ព្រោះថា Wagner banលើក ទ័ពចូលជិតដល់មូស្គូ ឆ្លងកាត់ក្រុងវ៉ារ៉ូញេស ហើយមិនមានការផ្ទុះអាវុធជាទ្រង់ទ្រាយធំទៀត តើនេះជាការព្រមព្រៀងគ្នា រៀបចំឆាកសំដែងរៀបចំឱ្យលើកទ័ពចូលឬមួយយ៉ាងណា?  
សត្វទីពីរ. គឺលោកពូទីនយកលេសនេះ ដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណជនជាតិនិងអន្តរជាតិ ក្នុងការដកកងទព័ដែលខ្លាំង និងទុកចិត្តរបស់ខ្លួនចេញពីអ៊ុយក្រែនទៅកាន់ប៊ែលឡារូស ដើម្បីការពារក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនដែលរុស្ស៊ីទើបតែកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។ 
សត្វទីបី. ជាយុទ្ធសាស្ត្រមួយដែលរុស្ស៊ីអាចនឹងប្រើប្រាស់ទីតាំងនេះ ទំនងដើម្បីប្តូតាក់ទិកប្រយុទ្ធវាយសម្រុកចូលកាន់ទីក្រុងកៀវរបស់ប្រទេសអ៊ុយក្រែន ហើយទីតាំងពីព្រំដែនប៊ែលឡារូសមក គឺវាកៀកនឹងទីក្រុងកៀវ ម្យ៉ាងទៀតរុស្ស៊ី ប្រហែលមិនចង់អូសបន្លាយសង្គ្រាមឈ្លានពាននេះយូរទៀតនោះទេ។ 
សត្វទីបួន. រុស្ស៊ីដាក់ទ័ពស៊ីឈ្នួលនៅប៊ែលឡារូស ទំនងជាចន្ទល់មួយសំខាន់ដែរ ក្នុងការពាររដ្ឋាភិបាលលោកប្រធានាធិបតីប៊ែលឡារូស លោកអាលិចសេនកូស ព្រោះថា បច្ចិមប្រទេសមិនអាចជាន់ដីប៊ែលឡារូសបានឡើយបើសិនជាលោកសេនកូសនៅបន្តកាន់តំណែង។ ប៊ែលឡារូសជាទឹកដីសំខាន់ ដែលបច្ចិមប្រទេសចូលទៅកៀកនឹងរុស្ស៊ីកាន់តែខ្លាំង។ 

សត្វទីប្រាំ. រុស្ស៊ីប្រើទាហានស៊ីឈ្នួលនេះ ក៏ទំនងដើម្បីបង្ការនិងទប់ទល់ប្រទេសប៉ូឡូញ ឬក្រុមបច្ចិមប្រទេសផងដែរ។ ជាការពិត ប៉ូឡូញជាបក្សសម្ព័ន្ធណាតូ ហើយបើរុស្ស៊ីប៉ះប៉ូឡូញក៏មិនមែនជារឿងស្រួលពេកទេ តែបើជាទាហានស៊ីឈ្នួលជាអ្នកប៉ះពាល់ ឬគំរាមកំហែងដល់ ប៉ូឡូញទំនងជាអាចរឿងផ្សេងពីកងទ័ពរុស្ស៊ីផ្ទាល់។
សេណារីយោទី៣. យុទ្ធសាស្ត្រយកពិសបង្រាបពិស ពិតណាស់រុស្ស៊ី ឈ្លានពានអ៊ុយក្រែនដោយជួលក្រុមទាហានស៊ីឈ្នួលនេះ។ ដូច្នេះ គេប្រើវិធីវាយបកយកក្រុមនេះ យកប្រយុទ្ធតទល់នឹងរុស្ស៊ីវិញ ព្រោះពាក្យថាស៊ីឈ្នួល មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមណាមួយឡើយ ឱ្យតែខាងណាផ្តល់ថ្លៃខ្ពស់ជាងហើយត្រូវរ៉ូវគ្នា គេនឹងធ្វើការឱ្យអ្នកនោះ។ ហេតុនេះ អាចជាក្រុមណាមួយប្រើវិធីនេះ ដើម្បីឱ្យ រុស្ស៊ីធ្វើសង្គ្រាមនឹងគ្នាឯង ពេលនោះសមត្ថភាពរុស៊្សីនឹងកាន់តែថមថយ ព្រោះចូលអន្ទាក់កាប់សម្លាប់គ្នាឯង។ 
 
សេណារីយោទី៤. រុស្ស៊ីនិងអាម៉េរិក ប្រហែលជាអាចមានការពិភាក្សាគ្នាដោយសម្ងាត់ណាមួយមុន ឬឯកភាពគ្នាមិនឱ្យអ៊ុយក្រែនចូលជាបក្សសម្ព័ន្ធណាតូ។  អញ្ចឹងដើម្បីទុកមុខឱ្យគ្នា រុស្ស៊ីបង្កើតព្រឹត្តិការណ៍នេះដើម្បីយកលេស ដកទ័ព និងបន្ថយការវាយប្រហារនៅអ៊ុយក្រែន ព្រោះខ្លួនបានផ្តល់មេរៀនឱ្យអ៊ុយក្រែន និងបានកាន់កាប់ទឹកដីអ៊ុយក្រែន ធ្វើជាតំបន់ទ្រនាប់រួចហើយ។  ហេតុការណ៍នេះ        ស្រដៀងគ្នានេះ ក៏ធ្លាប់កើតមានហើយ គឺមុនសង្គ្រាមលោកលើកទី២ បញ្ចប់មហាអំណាចពេលនោះមានអង់គ្លេស បារាំង អាម៉េរិក និងសូវៀត ជជែកគ្នាមុនដើម្បីបែងចែកទឹកដីអាល្លឺម៉ង់ដើម្បីគ្រប់គ្រង។
សេណារីយោទី៥. មនុស្សយល់ចិត្តធ្វើបាបចិត្ត ពិតណាស់ Prigozine ជាមនុស្សជំនិតនឹងលោកពូទីន ហើយធ្វើបែបនេះបានដោយសារកាលៈទេសៈបង្ខំ  ហើយនៅក្នុងពិភពលោកក៏មានដែរ ដែលមនុស្សជំនិតបំផុតងាកមកវាយបកមាន ដូចជាលោកប្រធានាធិបតីកូរ៉េខាងត្បូង Park Chung Hee ត្រូវបានសម្លាប់នៅឆ្នាំ១៩៧៩ ដោយមនុស្សជំនិតគាត់មានឋានៈប្រធានសន្តិសុខគាត់ផ្ទាល់តែម្តង។

សរុបសេចក្តីមក សេណារីយោទាំងនេះ អាចនឹងលេចចេញមួយណាច្បាស់ជាងគេ  គឺរង់ចាំពេលវេលាមកដល់ ព្រោះថាមានតែពេលវេលាទេដែលអាចបកស្រាយធាតុពិតបាន។

គន្ថនិទ្ទេស
  1. ALJAZEERA: Wagner boss calls off march on Moscow, agrees to exile in Belarus ,available in https://rb.gy/ilglz, aceessed on June 26 ,2023 at 11:30 am.
  2. Sky news: How does Wagner Group’s strength measure up to the Russian state military? ,available https://shorturl.at/pyR14, aceessed on June 26 ,2023 at 15:30 pm.
  3. BBC: What is Russia’s Wagner Group of mercenaries in Ukraine?,available https://rb.gy/p7mww, aceessed on June 26 ,2023 at 15:30 pm.
  4. ឈាង បុប្ផា : មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី​Wagner​បែរទិសចេញពីអ៊ុយក្រែនទៅតទល់នឹងអំណាចយោធា​នៅរុស្ស៊ី, RFI,ចេញផ្សាយថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣,available https://rb.gy/wlml1, aceessed on June 26 ,2023 at 11:30 am.
  5. mail onlline: How many soldiers do Wagner Group have against Russia? What weapons are at their disposal?,available in https://rb.gy/1opqy, aceessed on June 27 ,2023 at 16:30 pm.
  6. Time : What to Know About Notorious Mercenary Organization ‘The Wagner Group’ and Its Founder,available in https://rb.gy/ptgkf, aceessed on June 27 ,2023 at 19:30 pm.
  7. VOA : Wagner Group’s Prigozhin Has Long Ties to Putin,available in https://rb.gy/lp8xi, aceessed on June 27 ,2023 at 19:30 pm.
  8. INDEPENDENT : What is the Wagner mercenary group led by Yevgeny Prigozhin?,available in https://rb.gy/t8kdi, aceessed on June 27 ,2023 at 19:30 pm.
  9. ALJAZEERA Why Wagner mercenary force has moved against Russia’s military ,available in https://rb.gy/t8kdi, aceessed on June 27 ,2023 at 23:30 pm.
  10. ALJAZEERA: No, Russia will not invade Ukraine,available in https://rb.gy/fpt4f, aceessed on June 28 ,2023 at 19:30 pm.
  11. Wthe NEw York TIMES: Tracking the Russian Invasion of Ukraine ,available in https://rb.gy/39lx5, aceessed on June 28 ,2023 at 18:30 pm.
  12. Economics Observatory: What is the current state of the Russian economy under sanctions, available in https://rb.gy/84wby, aceessed on June 29 ,2023 at 15:30 pm.
  13. https://cisac.fsi.stanford.edu/mappingmilitants/profiles/al-qaeda
  14. https://www.britannica.com/biography/Park-Chung-Hee

[1]   ALJAZEERA: Wagner boss calls off march on Moscow, agrees to exile in Belarus ,available in https://rb.gy/ilglz, aceessed on June 26 ,2023 at 11:30 am.

[2]   Sky news: How does Wagner Group’s strength measure up to the Russian state military? ,available https://shorturl.at/pyR14, aceessed on June 26 ,2023 at 15:30 pm.

[3]   BBC: What is Russia’s Wagner Group of mercenaries in Ukraine?,available https://rb.gy/p7mww, aceessed on June 26 ,2023 at 15:30 pm.

[4]   BBC: What is Russia’s Wagner Group of mercenaries in Ukraine?,available https://rb.gy/p7mww, aceessed on June 26 ,2023 at 15:30 pm.

[5]   ឈាង បុប្ផា : មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី​Wagner​បែរទិសចេញពីអ៊ុយក្រែនទៅតទល់នឹងអំណាចយោធា​នៅរុស្ស៊ី, RFI,ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា  ឆ្នាំ ២០២៣,available https://rb.gy/wlml1, aceessed on June 26 ,2023 at 11:30 am.

[6]   Mail onlline: How many soldiers do Wagner Group have against Russia? What weapons are at their disposal?,available in https://rb.gy/1opqy, aceessed on June 27 ,2023 at 16:30 pm.

[7]   mail onlline: How many soldiers do Wagner Group have against Russia? What weapons are at their disposal?,available in https://rb.gy/1opqy, aceessed on June 27 ,2023 at 16:30 pm.

[8]   Time : What to Know About Notorious Mercenary Organization ‘The Wagner Group’ and Its Founder,available in https://rb.gy/ptgkf, aceessed on June 27 ,2023 at 19:30 pm.

[9]   VOA : Wagner Group’s Prigozhin Has Long Ties to Putin,available in https://rb.gy/lp8xi, aceessed on June 27 ,2023 at 19:30 pm.

[10]   VOA : Wagner Group’s Prigozhin Has Long Ties to Putin,available in https://rb.gy/lp8xi, aceessed on June 27 ,2023 at 19:30 pm.

[11]   ឈាង បុប្ផា : មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី​ Wagner ​បែរទិសចេញពីអ៊ុយក្រែនទៅតទល់នឹងអំណាចយោធា​នៅរុស្ស៊ី, RFI,ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា  ឆ្នាំ ២០២៣,available https://rb.gy/wlml1, aceessed on June 26 ,2023 at 11:30 am.

[12]   INDEPENDENT : What is the Wagner mercenary group led by Yevgeny Prigozhin?,available in https://rb.gy/t8kdi, aceessed on June 27 ,2023 at 19:30 pm.

[13]   ALJAZEERA Why Wagner mercenary force has moved against Russia’s military ,available in https://rb.gy/t8kdi, aceessed on June 27 ,2023 at 23:30 pm.

[14]   BBC: What is Russia’s Wagner Group of mercenaries in Ukraine?,available https://rb.gy/p7mww, aceessed on June 26 ,2023 at 15:30 pm.

[15]   ALJAZEERA: No, Russia will not invade Ukraine,available in https://rb.gy/fpt4f, aceessed on June 28 ,2023 at 19:30 pm.

[16]  Wthe NEw York TIMES: Tracking the Russian Invasion of Ukraine ,available in https://rb.gy/39lx5, aceessed on June 28 ,2023 at 18:30 pm.

[17]  Economics Observatory: What is the current state of the Russian economy under sanctions, available in https://rb.gy/84wby, aceessed on June 29 ,2023 at 15:30 pm.

[18]  Economics Observatory: What is the current state of the Russian economy under sanctions, available in https://rb.gy/84wby, aceessed on June 29 ,2023 at 15:30 pm.