គណៈកម្មាធិការអឺរ៉ុបបានរៀបចំបង្កើតនូវកម្មវិធីអនុគ្រោះពន្ធលើ «ទំនិញគ្រប់មុខ លើកលែងតែគ្រឿងសព្វាវុធ» Everything But Arms ឬហៅកាត់ថា EBA នេះជាផ្នែកមួយ នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់សហភាពអឺរ៉ុប ដែលផ្ដល់ឱ្យតែប្រទេសក្រីក្រប៉ុណ្ណោះ។

EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។ អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។ [1]
EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។ ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។
គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ (សូមមើលឧបសម្ព័ន្ធ១) ។ នៅតំបន់អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១០ មានប្រទេសតែបីប៉ុណ្ណោះ ដែលចាត់ទុក ថាជាប្រទេសក្រីក្រ រួមមានប្រទេសកម្ពុជា ឡាវ និង ភូមា (ឬមីយ៉ាន់ម៉ា) ដែលសុទ្ធតែទទួលបានការអនុគ្រោះពន្ធនេះ។
ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។ ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ការនាំចេញអាចប្រព្រឹត្តទៅ បាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹម តែ៣០ភាគរយប៉ុណ្ណោះ។
សហគមន៍អឺរ៉ុបគឺជាទីផ្សរដ៏ធំមួយដែលទំនិញនាំចេញរបស់ម្ពុជាចំនួន៤០%ត្រូវបាននាំទៅអឺរ៉ុប។ យើងអាចនិយាយបានថា អឺរ៉ុបជាទីផ្សារមួយយ៉ាងសំខាន់សម្រាប់កម្ពុជាដែលផលិតផលកាន់ដេកម្ពុជាចំនួន៤៦%ត្រូវបានលក់នៅទីផ្សារអឺរ៉ុប ចំណែកទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកចំនួន២៤% និង១៦%ទៅកាន់ទីផ្សារជប៉ុន ខណៈពេលដែល៩%ផ្សេងទៀតនាំទៅកាន់ប្រទេសកាណា។ [2] នៅចន្លោះ៦ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ការនាំចេញផលិតផលវាយណភណ្ឌកម្ពុជាមានការកើនខ្ពស់រហូត២២៧%។ [3] EBA បានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាដល់សេដ្ឋកិច្ចកម្ពុជា និយាយជារួម និងបានផ្តល់ឱកាសការងារច្រើនចំពោះប្រជាជនកម្ពុជានិយាយដោយឡែក។ ក្នុងឆ្នាំ២០១៩នេះ វិស័យកាត់ដេរបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាច្រើនជាង ៨០០, ០០០នាក់។ [4] ឱកាសការងារនេះបានរួមចំណែកក្នុងការជំរុញកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានភាពធូរធារបានមួយកម្រិតទៀត ។ ផលទុនរុបក្នុងស្រុក (GDP) កម្ពុជា ចំនួន៤០% បានមកពីវិស័យឧស្សាហកម្មកាត់ដេរនេះ។

ផ្ទុយមកវិញ ក្នុងករណីបាត់បង់ EBA មែននោះមានន័យថាការងាររបស់ពលរដ្ឋជាង៨០០, ០០០នាក់ ទោះតិចឬច្រើនមានការរង្គោះរង្គើរខ្លះដោយចៀសមិនផុត។ រង្គោះរង្គើរមកពីកត្តាមួយចំនួនរួមមាន៖ ទី១.ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបមានទំហំប្រមាណជា៦ ពាន់លានដុល្លារ បើកម្ពុជាជាប់កាតព្វកិច្ចត្រូវបង់ព័ន្ធនោះមានចំនួន១០% គឺស្មើនឹង៦០០ លានដុល្លារ(ជាលេខមូល) ។ [5] ទឹកប្រាក់នេះ អាចជាការខាតបង់របស់អ្នកវិនិយោគ ពេលនោះអ្នកវិនិយោគអាចកាត់បន្ថយការផលិត ឬមួយកាត់បន្ថយចំនួនកម្មករ។ កត្តាមួយទៀតនោះ ក្រុមអ្នកវិនិយោគអាចផ្តូរទិសដៅពីការវិនិយោគនៅកម្ពុជា ទៅរកប្រទេសដែលមាន ប្រាក់ឈ្នួលទាបជាកម្ពុជា ដូចជាមីយ៉ាន់ម៉ា (ភូមា) ឬបង់ក្លាដេសជាដើម ព្រោះថាថ្លៃឈ្នួលនៅប្រទេសបង់ក្លាដេសប្រាក់ឈ្នួលអប្បរមាក្រោម១០០ ដុល្លារ [6] ខណៈពេលកម្ពុជាបានទទួលបាន១៨២ ដុល្លារក្នុងមួយខែ ។ ចំណុចនេះជារឿងមួយដែលស្ថាប័នពាក់ព័ន្ធគួរចាប់អារម្មណ៍ខ្ពស់ យើងពិបាកននិងបដិសេធណាស់ថា តើបិបត្តិសង្គម(វិបត្តិគ្មានការងារធ្វើ)អាចកើតមានដែរឬយ៉ាង នៅពេលអ្នកវិនិយោគខ្លះអាចនឹងប្តូរទិសដៅការវិនិយោគនោះ?
ទោះជាយ៉ាងនេះក្តីក៏យើងគួរចាប់អារម្មណ៍ដែរថា នៅក្នុងប្រទេសផ្សេងទៀតនៅអាស៊ាន ពិសេសប្រទេសក្បែរខាងកម្ពុជា វៀតណាម ថៃ គេគ្មាន EBA ទេ ប៉ុន្តែគេនៅតែអាចបន្តដង្ហើមសេដ្ឋកិច្ចបានតើនេះមកពីហេតុអ្វី? ម្យ៉ាងវិញទៀត សេដ្ឋកិច្ចកម្ពុជាពុំមែនតែពឹងផ្អែកទាំងស្រុងតែទៅលើEBA មួយមុខនោះទេ នៅមានវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។ លើសពីនេះទៅទៀត បើយើងក្រឡេកទៅមើលគោលនយោបាយរបស់រដ្ឋភិបាលវិញបានកំណត់ថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយទៅជាប្រទេសអភិវឌ្ឍ។

នេះមានន័យថា ក្នុងរង្វង់ប៉ុន្មានឆ្នាំខាងមុខទៀតនេះកម្ពុជានឹងដើរផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច(LCD, Least Develop Country ) ពេលនោះEBA ក៏នឹងបាត់ទៅតាមនឹងដែរ ព្រោះថា EBAនេះគេផ្តល់តែចំពោះប្រទេសដែលមានការអភិវឌ្ឍតិចតួចប៉ុណ្ណោះ នេះមានន័យថា EBAមិនមែនកម្មវិធីអមតៈដែលរង់ចាំជួយកម្ពុជារហូតនោះដែរ ភាពរីកចម្រើនខាងសេដ្ឋកិច្ចរបស់កម្ពុជានាដំណាក់កាលចុំងក្រោយនេះ ជាតឹកតាងមួយយ៉ាងសំខាន់និងចាំបាច់បំផុតដែលយើងមិនអាចប្រកែកបានថា វត្តមានរបស់ EBAនឹងចាកចេញពីកម្ពុជានៅពេលដ៏ខ្លីខាងមុខនេះដោយស្វ័យប្រវ័ត្ត ពោលគឺកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ក៏ប៉ុន្តែការរក្សាបាននូវ EBA ក៏ជារឿងមួយល្អដែរសម្រាប់ស្ថានភាពកម្ពុជាមុនពេលឆ្នាំ២០៣០មកដល់់៕
ឯកសារពិគ្រោះ
[1] https://www.moc.gov.kh , accessed on February 24, 2019 at 12: 53 p.m.
[2] http://www.fashionatingworld.com, accessed on February 27, 2019 at 6: 54 a.m.
[3] ibid
[4] https://www.phnompenhpost.com, accessed on February 27, 2019 at 9: 54 a.m.
[5] ប្រសាសន៍ឯកឧត្តម សុខ សុភក្រ, រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី និតិវិធីនៃការព្យួរ EBA ពីកម្ពុជា រៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៩។
[6] https://waronwant.org/sweatshops-bangladesh, accessed on February 27, 2019 at 11: 30 a.m.
